ស្វែងរកឪពុកម្ដាយនិងប្អូនៗ

នាងខ្ញុំឈ្មោះ សឹប ផាត ភេទស្រី អាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ សូមប្រកាសស្វែងរកក្រុមគ្រួសាររបស់ខ្ញុំដែលបែកគ្នានៅក្នុងឆ្នាំ១៩៧៥ រួមមាន ១) ឪពុកឈ្មោះ សឹប ខឿន មានអាយុប្រហែលជា៥០ឆ្នាំ (ក្នុងឆ្នាំ១៩៧៥) ២) ម្ដាយឈ្មោះ ស៊ុក ផេម មានអាយុបងឪពុករបស់ខ្ញុំមួយឆ្នាំ ៣) ប្អូនប្រុសឈ្មោះ ខឿន ភឿន អាយុប្រហែល៨ឆ្នាំ ៤) ប្អូនស្រីឈ្មោះ ខឿន សាវឿន អាយុ៣ឆ្នាំ ៥) ម្ដាយចុងឈ្មោះ ឈូក អាយុប្រហែលជា៥០ឆ្នាំ និង ៦) កូនប្រុសរបស់គាត់ឈ្មោះ  ខឿន ឃាង អាយុ៧ឆ្នាំ ។

សឹប ផាត អាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

យើងបានបែកគ្នានៅពេលដែលអង្គការចាប់ឪពុករបស់ខ្ញុំយកទៅដាក់នៅមន្ទីរឃុំឃាំង ខាងលិចត្រាចក្រោល ព្រោះឪពុករបស់ខ្ញុំធ្លាប់ធ្វើជាមេ៥០ខ្នង នៅក្នុងរបប លន់ នល់។ នៅក្នុងឆ្នាំ១៩៧៨ គណៈសហករណ៍ដែលស្រឡាញ់ចូលចិត្តខ្ញុំបានមកប្រាប់ខ្ញុំថា «មី ផាត អើយ ម្ដាយ មីផាត ឯង អង្គការឲ្យនៅមើលចៅនិងដាំបាយ, ម្ដាយចុងឯងនៅមន្ទីរឃុំឃាំង ចំណែកឪពុកឯងអង្គការចាត់តាំងឲ្យធ្វើរទេះ និងធ្វើកីតម្បាញនៅសហករណ៍អូរតាប្រុក។ នៅពេលរដូវច្រូតស្រូវ​ ខ្ញុំទៅយកឪពុក មីផាតឯង មកសហករណ៍យើងវិញ»។ ប៉ុន្តែមិនទាន់បានច្រូតផង កងទ័ពវៀតណាមបានវាយចូលមក ក៏បាត់ដំណឹងពួកគាត់រហូត។

នៅក្នុងឆ្នាំ១៩៨០ មានសំបុត្រមួយផ្ញើតាមឡានពីបារាយណ៍ទឹកថ្លា មកដាក់នៅឃុំអូរសណ្ដាន់។ ពេលនោះ សេនាជនឃុំអូរសណ្ដាន់បានយកសំបុត្រនោះមកបង្ហាញខ្ញុំដែលនៅខ្នងសំបុត្រ សរសេរភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ប៉ុន្តែបែរជាដាក់ចំណងជើងខុសថា «ពីម្តាយឈ្មោះ ភី  នឹករឭកកូន» ទៅវិញ ដែលឈ្មោះ ភី នេះត្រូវជាប្អូនស្រីរបស់ខ្ញុំ និងកំពុងរស់នៅជាមួយខ្ញុំ។ សេនាជននោះថែមទាំងបាននិយាយថា ទាល់តែឲ្យមាសគាត់មួយជីទើបគាត់ឲ្យហែកសំបុត្រនោះអាន។ ដោយសារតែខ្ញុំក្រមិនមានប្រាក់ឲ្យ ទើបសេនាជននោះផ្ញើសំបុត្រទៅម្ចាស់គេវិញ ហើយចាប់តាំងពីនោះមកខ្ញុំបាត់ដំណឹងក្រុមគ្រួសាររបស់ខ្ញុំរហូតមកដល់សព្វថ្ងៃ។

ខ្ញុំគិតថាសំបុត្រដែលផ្ញើមកនោះគឺឪពុករបស់ខ្ញុំគឺជាអ្នកសរសេរផ្ញើមក ប៉ុន្តែគាត់សរសេរច្រឡំឈ្មោះ​។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារចំណែកប្អូនៗស្រីរបស់ខ្ញុំឈ្មោះ ខឿន ភី និង ខឿន សើង បានស្លាប់កាលពី៥ឆ្នាំមុន។ ប្រសិនបើ បងប្អូនណាបានស្គាល់ឈ្មោះដូចខ្ញុំរៀបរាប់ខាងលើ សូមទាក់ទងមកនាងខ្ញុំតាមរយៈលេខទូរសព្ទ ០៦៧ ៣១៦ ៤១៣។ សូមអរគុណ!

អត្ថបទ ៖ ដារ៉ា រដ្ឋមេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទផ្សេងទៀត៖