ខ្ញុំឈ្មោះ ប្រ៉ិន ណយ កើតនៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ម៉ម ប្រ៉ិន និងម្ដាយឈ្មោះ ជា ណាន់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់។
កាលនៅវ័យកុមារ ខ្ញុំមិនបានសិក្សារៀនសូត្រជ្រៅជ្រះទេ គឺរៀនបានត្រឹមថ្នាក់ទី១១ពីសង្គមចាស់ប៉ុណ្ណោះ។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំនិងគ្រួសាររស់នៅមិនបានសុខស្រួលឡើយ។ យើងរត់ចូលពួនក្នុងត្រង់សេ (លេណដ្ឋាន) ជាញឹកញាប់ ហើយជួនកាលយើងចាកចេញពីភូមិរបស់យើងទៅរស់នៅភូមិផ្សេងទៀត ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក។
បន្ទាប់ពីកងទ័ពខ្មែរក្រហមទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំធ្វើការងារនៅក្នុងកងស្ទូង ប៉ុន្តែខ្ញុំមិនដែលទទួលបានរបបហូបចុកគ្រប់គ្រាន់ឡើយ។ ដោយសារតែការហូបចុកខ្វះខាត ម្តាយរបស់ខ្ញុំបានដាច់ចិត្តលួចបេះផ្លែននោងដែលដាំនៅជាប់សំយាបផ្ទះមកស្ងោរឲ្យខ្ញុំហូប។
នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងក្រុមគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិ និងឲ្យធ្វើដំណើរទៅកាន់ភូមិស្វាយកាប ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្រោយមក ខ្ញុំនិងគ្រួសារបានវិលត្រឡប់មករស់នៅភូមិកំណើតវិញ។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការរស់នៅរបស់ខ្ញុំនិងគ្រួសារនៅជួបការលំបាកខ្លះ ព្រោះសម្ភារគោក្របីសម្រាប់ប្រើប្រាស់ធ្វើស្រែចម្ការបានបាត់បង់អស់ដោយសាររបបខ្មែរក្រហម។ បន្ទាប់មកយើងចាប់ផ្តើមធ្វើស្រែប្រវាស់ដៃគ្នាទៅវិញទៅមកដើម្បីយកផលស្រូវមកចែកគ្នាហូប។
ចាប់តាំងពីឆ្នាំ១៩៨០មក ខ្ញុំបានចិញ្ចឹមសត្វ និងដាំដំណាំបន្ទាប់បន្សំ ទើបធ្វើឲ្យជីវភាព និងការហូបចុករបស់ខ្ញុំបានប្រសើរឡើង។ មកដល់ពេលនេះ ខ្ញុំមានជីវភាពសមរម្យ និងមិនលំបាកដូចកាលខ្ញុំរស់នៅក្នុងរបបខ្មែរក្រហមឡើយ។ ដោយសារតែខ្ញុំធ្លាប់រស់នៅឆ្លងកាត់ទុក្ខលំបាក ដូច្នេះខ្ញុំតែងតែយករឿងរ៉ាវរបស់ខ្ញុំនិទានឲ្យកូនចៅរបស់ខ្ញុំស្ដាប់ជាញឹកញាប់ ដើម្បីឲ្យកូននិងចៅរបស់ខ្ញុំបានដឹងពីប្រវត្តិសាស្ត្រកាលពីរបបខ្មែរក្រហម។ មានពេលខ្លះ ខ្ញុំក៏យល់សុបិនឃើញរឿងរ៉ាវលំបាកវេទនារបស់ខ្ញុំនៅក្នុងរបបខ្មែរក្រហមដែរ ធ្វើឲ្យខ្ញុំមានការភ័យរន្ធត់យ៉ាងខ្លាំង។
អត្ថបទ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង