មជ្ឈមណ្ឌលឯកសារកម្ពុជា រួមសហការជាមួយនឹងការិយាល័យប្រឹក្សាពិសេសនៃអង្គការសហ ប្រជាជាតិដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ មានមោទកភាពក្នុងការបិទបញ្ចប់ផ្នែកចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលបីជំហាន ស្តីអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅតាមរយៈការអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលារយៈពេលបីថ្ងៃនេះ គឺជាផ្នែកទីបីនៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ ដែលត្រូវបង្កើតឡើងក្នុងគោលបំណងបំពេញបន្ថែមនូវតម្រូវការក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ស្តីអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ ដល់បុគ្គលិកផ្នែកអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកគ្រូ-អ្នកគ្រូកម្រិតវិទ្យាល័យនិងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកអប់រំ ចំនួន២០រូប អញ្ជើញមកពីប្រទេសវៀតណាម, ប្រទេសថៃ និងប្រទេសកម្ពុជា ទទួលបានចំណេះដឹង និងបានចែករំលែកការយល់ឃើញផ្សេងៗ ស្តីពីវិធីសាស្ត្រក្នុងការដាក់បញ្ចូលការអប់រំស្តីពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងកម្មវិធីសិក្សានៅតាមបណ្តាប្រព័ន្ធអប់រំ ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនបែបសិស្សមជ្ឈមណ្ឌល។ បន្ថែមពីលើការទទួលបានការបណ្តុះបណ្តាលអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ បុគ្គលិកផ្នែកអប់រំទាំងអស់ខាងលើ ក៏ទទួលបានវិធីសាស្ត្របង្រៀន ព្រមទាំងអនុវត្តដោយផ្ទាល់លើរបៀបបង្រៀននិងបណ្តុះបណ្តាលដល់គ្រូដទៃទៀត។ នេះគឺជាគំរូនៃកម្មវិធីសិក្សាតាមបែបផែននៃការបណ្តុះបណ្តាលដើម្បីបណ្តុះបណ្តាលបន្ត។
ផ្នែកទីមួយនៃកម្មវិធីបណ្តុះបណ្តាលបីជំហាននេះ រួមបញ្ចូលនូវសិក្ខាសាលារយៈពេល៦ម៉ោងតាមប្រព័ន្ធអនឡាញ ដែលផ្តល់ជូនបុគ្គលិកអប់រំនូវសេចក្តីផ្តើមនៃនិយមន័យផ្លូវច្បាប់ដែលទទួលស្គាល់ជាអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មឃោរឃៅ និងកត្តាហានិភ័យពាក់ព័ន្ធជុំវិញឧក្រិដ្ឋកម្មទាំងនេះ ដូចដែលបានចែងនៅក្នុង «ក្របខណ្ឌនៃការវិភាគរបស់អង្គការសហប្រជាជាតិចំពោះឧក្រិដ្ឋកម្មឃោរឃៅ៖ ឧបករណ៍សម្រាប់ទប់ស្កាត់»។ ផ្នែកទីពីរនៃកម្មវិធី រួមបញ្ចូលសិក្ខាសាលាកូនកាត់រយៈពេលបីថ្ងៃ (ពាក់កណ្តាលអនឡាញនិងដោយផ្ទាល់) ដែលផ្តល់ជូនអ្នកចូលរួមនូវការយល់ដឹងជាសកលទូលំទូលាយជាងមុន អំពីឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាការបន្ស៊ាំខ្លួនទៅនឹងវិធីសាស្ត្របង្រៀន, មេរៀន និងសម្ភារឧបទេសបែបស៊ីជម្រៅ ពាក់ព័ន្ធនឹងការបង្រៀនប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មឃោរឃៅ ដោយផ្តោតទៅលើប្រវត្តិសាស្ត្ររបបខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ ផ្នែកទីបីនៃវគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៦ដល់១៨ ខែកញ្ញាកន្លងទៅ ដោយផ្តោតទៅលើការហ្វឹកហាត់ទៅលើលំហាត់គោល ដែលអ្នកចូលរួមត្រូវបានតម្រូវឲ្យបង្កើតនិងធ្វើបទបង្ហាញលើកិច្ចតែងការបង្រៀនអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅនានា ដែលអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំតាមបណ្តាសាលារៀនក្នុងប្រទេសរបស់ខ្លួន។ ប្រធានការិយាល័យប្រឹក្សាពិសេសនៃអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ លោកស្រី អាលីស វៃរីមូ អេនដេរីធូ (Alice Wairimu Nderitu) បានថ្លែងសុន្ទរកថាបើកសិក្ខាសិលាតាមប្រព័ន្ធអនឡាញ បន្ទាប់មកលោកស្រី ម៉ារៀ វេស្ទើហ្គ្រេន (Maria Westergren) អ្នកតំណាងការិយាល័យប្រឹក្សាពិសេសនៃអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលបានអញ្ជើញចូលរួមសិក្ខាសាលារយៈពេលបីថ្ងៃនេះដោយផ្ទាល់ បានថ្លែងសុន្ទរកថាបិទបញ្ចប់សិក្ខាសាលានេះ។
ការបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង ស្ថិតនៅចំពេលវេលាដ៏សំខាន់បំផុត ស្របពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបង្កើតឡើងរួមគ្នាដោយកម្ពុជានិងអង្គការសហប្រជាជាតិ ដែលត្រូវបានស្គាល់ថាជា សាលាក្តីខ្មែរក្រហម កំពុងរៀបចំប្រកាសសេចក្តីសម្រេចចុងក្រោយចំពោះបណ្តឹងសារទុករបស់ ខៀវ សំផន។ សេចក្តីសម្រេចនេះគឺជាការបិទបញ្ចប់ប្រកបដោយប្រសិទ្ធភាពលើការងាររបស់តុលាការនេះ។ អង្គការសហប្រជាជាតិមានប្រវត្តិសាវតារដ៏យូរលង់នៃការបំពេញការងារសំខាន់ៗជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ១៩៩៣ អង្គការសហប្រជាជាតិ បានស្រវាស្រទេញក្នុងការជំរុញឲ្យខ្មែរក្រហមចូលរួមនៅក្នុងការបោះឆ្នោតតាមបែបផែនប្រជាធិបតេយ្យ ដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាពចំពោះសង្គ្រាមរ៉ាំរ៉ៃជាងមួយទសវត្សរ៍។ ទោះបីជាយ៉ាងណាក្តី ខ្មែរក្រហមនៅតែរឹងទទឹងក្នុងការបង្កជាសង្គ្រាមតាមគ្រប់រូបភាព។ អង្គការសហប្រជាជាតិមិនធ្លាប់បោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការគាំពារដល់សន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ ហើយការប្តេជ្ញាចិត្តនេះ បានវិវដ្តទៅជាដំណើរស្វែងរកយុត្តិធម៌ ដែលប្រព្រឹត្តទៅតាមរយៈការងាររបស់សាលាក្តីខ្មែរក្រហម។ ខណៈពេលដែលសាលាក្តីខ្មែរក្រហមឈានមកដល់ទីបញ្ចប់ នៅក្នុងកាលៈទេសៈជាច្រើន ការបង្កើតជាកម្មវិធីអប់រំពីឧក្រិដ្ឋកម្មឃោរឃៅ គឺជាសក្ខីភាពនៃការវិវដ្តទៅមុខដ៏សមស្រប ឆ្លើយតបនិងលើកឡើងអំពីឧក្រិដ្ឋកម្មឃោរឃៅ តាមរយៈកិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលដៅទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនេះពីការកើតមានឡើងវិញ។
ចាប់តាំងពីការរៀបចំការបោះឆ្នោតស្ថិតក្រោមការគាំពារពី អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)និងការបង្កើតជាសាលាក្តីខ្មែរក្រហម អង្គការសហប្រជាជាតិ តែងតែជាដៃគូឈានមុខ និងជាភាគីពាក់ព័ន្ធដ៏សំខាន់របស់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងដំណើរពុះពារដ៏យូរអង្វែងប្រឈមទៅនឹងឥទ្ធិពលបន្សល់ទុកពីរបបខ្មែរក្រហម។ កម្មវិធីបណ្តុះបណ្តាលនេះ គឺជាសំអាងនៃជំហានបន្ទាប់ឈានទៅមុខដ៏វិសេសវិសាល នៅក្នុងកេរដំណែលរបស់អង្គការសហប្រជាជាតិ ចំពោះយុត្តិធម៌អន្តរកាលក្រោយជម្លោះនៅក្នុងតំបន់។ ការក្រេបយកចំណេះដឹងពីមេរៀនក្នុងរបបខ្មែរក្រហម និងការដាក់បញ្ចូលចំណេះដឹងទាំងនេះ ទៅក្នុងកម្មវិធីសិក្សាទូលំទូលាយជាងមុន ស្តីពីឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រ សបញ្ជាក់អំពីជំហានឆ្ពោះទៅមុខរបស់សហគមន៍អន្តរជាតិក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅទាំងនេះពីការកកើតឡើងវិញ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា