យុវជនចំនួន៣៥នាក់មកពីស្រុកបាធាយ ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។ ទស្សនកិច្ចសិក្សានេះប្រព្រឹត្តឡើងគឺដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) តាមរយៈការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ការទស្សនាពិព័រណ៍ ការចាក់បញ្ចាំងវីដេអូឯកសារ ការជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការចុះទស្សនកិច្ចទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍។
ជាកិច្ចចាប់ផ្ដើម ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍និងដឹកនាំយុវជនទស្សនាផ្ទាំងពិព័រណ៍ធំៗពីប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារនៅការរដ្ឋាន និងពិព័រណ៍រូបភាពអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីការដើរទស្សនាពិព័រណ៍ យុវជនទាំងអស់បានទៅមើលបន្ទប់ឯកសារខ្មែរក្រហមដែលផ្ទុកឯកសាររាប់សែនទំព័រ។ ជាកិច្ចបន្ត យុវជនត្រូវបាននាំទៅកាន់សាលពិព័រណ៍ដើម្បីទស្សនាវីដេអូរឯកសារដែលមានចំណងជើងថា «កុំស្មានបងភ្លេច» ដែលមានរយៈពេលជិត២ម៉ោង។ វីដេអូឯកសារនេះដែលឆ្លុះបញ្ចាំងអំពីតន្ត្រី វប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា។
បន្ទាប់ពីការចាក់បញ្ចាំងវីដេអូឯកសារនេះបានបញ្ចប់ សឹង ណាំ អតីតយុទ្ធជនខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រំឭកអំពីបទពិសោធន៍របស់ខ្លួនមុនពេល និងក្នុងរបបខ្មែរក្រហមទៅកាន់យុវជនដែលបានចូលរួម។ ណាំ បានរៀបរាប់ថា «នៅពេលដែលខ្ញុំឃើញក្មួយៗទាំងអស់គ្នាកំពុងអង្គុយនៅទីនេះ ខ្ញុំនឹកឃើញអំពីការរត់គេចពីសង្រ្គាមនៅដើមទសវត្សរ៍ទី៧០ និងការតាមចាប់ខ្លួននិងសម្លាប់ក្នុងរបបខ្មែរក្រហម។ យុវវ័យរបស់ខ្ញុំគឺស្ថិតនៅក្នុងពេលដែលប្រទេសជាតិកើតមានសង្រ្គាម។ ខ្ញុំពិតជាចង់រៀនសូត្រឲ្យបានខ្ពង់ខ្ពស់ណាស់ ប៉ុន្តែខ្ញុំមិនអាចទៀតឡើយ។ ខ្ញុំចាប់ផ្ដើមរត់ចេញពីផ្ទះ នៅពេលដែលសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង គឺបន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ជីវិតរបស់ខ្ញុំនៅពេលនោះគឺពោរពេញទៅដោយការរត់ភៀសខ្លួន ការចូលប្រយុទ្ធក្នុងសមរភូមិ ការតាមចាប់សម្លាប់របស់កងទ័ពខ្មែរក្រហមកពីភូមិភាគនិរតី និងការរស់នៅក្នុងភាពភ័យខ្លាច»។ បន្ទាប់ពី សឹង ណាំ បញ្ចប់ការចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម យុវជនបានចោទសួរសំណួរផ្ដោតទៅលើការរស់នៅ ការរៀបការ និងមូលហេតុនៃការតាមចាប់ខ្លួន នៅក្នុងរបបខ្មែរក្រហម។
កម្មវិធីបន្ត គឺដំណើរទស្សនកិច្ចសិក្សាទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ ដែលស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ តុង សុភា ដែលជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិប ដឹកនាំនិងបង្ហាញយុវជនទាំងអស់អំពីការរំឭកដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម នៅចេតិយរំឭកសម្រាប់សហគមន៍។ តុង សុភា បាននិយាយថា «នៅភូមិចំការសាមសិប ខ្មែរក្រហមបានសម្លាប់ប្រជាជននៅវាលស្រែ ឡដុតថ្នាំជក់ និងមន្ទីរសន្តិសុខគគរ ដែលស្ថិតនៅក្នុងវត្តគគរ»។ សុភា បានរំឭកអំពីការបាត់បង់ឪពុករបស់ខ្លួននៅពេលនោះដែរ។
ម៉ន ស្រីពេជ្រ កំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប យល់ថា «ការចូលរួមវេទិកាអន្តរជំនាន់ចុងសប្តាហ៍រៀបចំនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនេះបានធ្វើឲ្យខ្ញុំ និងមិត្តភ័ក្តិទទួលបានចំណេះដឹងបន្ថែមទាក់ទងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩)។ ខ្ញុំមើលវីដេអូឯកសារ និងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានឆ្លងកាត់ការលំបាកវេទនាយ៉ាងខ្លាំងនៅពេលនោះ»។
សុខ ម៉េងហ៊ាង កំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប បង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពេញចិត្តចំពោះដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ខ្ញុំយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរ នៅសម័យ ប៉ុល ពត ដែលប្រជាជនខ្មែរស្លូតត្រង់ទទួលរងការធ្វើទារុណកម្ម និងការកាប់សម្លាប់។ បន្ថែមលើនេះទៀត ខ្ញុំទទួលបានឱកាសស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាអាណិតអាសូរដល់គាត់»។
ពេញ អ៊ីណា កំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប លើកឡើងថា «វេទិកាអន្តរជំនាន់ចុងសប្តាហ៍គឺល្អសម្រាប់ខ្ញុំ និងមិត្តផ្សេងទៀតដែលរៀនថ្នាក់ទី១២ និងត្រៀមប្រឡង ពីព្រោះយើងទទួលបានចំណេះដឹងបន្ថែមពីរបបខ្មែរក្រហមនេះ»។
ឡី មករា កំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប បង្ហាញទស្សនយល់ឃើញថា «ការទស្សនាវីដេអូឯកសារ ការស្ដាប់សាច់រឿងរបស់អ៊ំៗដែលរួចផុតជីវិតពីរបបខ្មែរក្រហម និងការចុះទៅដល់ទីតាំងចេតិយរំឭកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម បានធ្វើឲ្យខ្ញុំយល់ដឹងអំពីសោកនាកម្មបន្សល់ទុកដោយរបបខ្មែរក្រហម និងសារសំខាន់នៃការដឹងអំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការចងចាំជនរងគ្រោះដែលបានស្លាប់នៅពេលនោះ»។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា