នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយ ទូច វណ្ណេត, អេង វណ្ណីកា និង ស៊ាង ចិន្ដា ទទួលបានការអនុញ្ញាតឲ្យចូលជួបប្រជុំជាមួយ
លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការស្នើសុំកិច្ចសហការ និងការអនុញ្ញាតឲ្យអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចុះបំពេញកិច្ចការងារទៅលើគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៅតាមភូមិ និងឃុំនានាក្នុងស្រុកកំពង់សៀម។
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងអំណរគុណដល់លោកស្រីអភិបាលរងស្រុក ចំពោះការអនុញ្ញាតឲ្យក្រុមការងារចូលជួបប្រជុំ និងបង្ហាញអំពីគោលបំណងនៃគម្រោង ដែលរួមមាន៖ ទី១)ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតាមគោលដៅដែលបានកំណត់, ទី២) លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទី៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមសហគមន៍។
ដើម្បីសម្រេចបាននូវគោលបំណងនេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ស្នើសុំកិច្ចការអនុញ្ញាតពីលោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ក្នុងការចុះអនុវត្តសកម្មភាពការងារគម្រោងនៅក្នុងភូមិ និងឃុំនានាក្នុងស្រុកកំពង់សៀម និងកិច្ចសហការក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្តចេញពីមូលដ្ឋានភូមិ និងឃុំនានាក្នុងស្រុកកំពង់សៀមចំនួន ២០នាក់ដើម្បីចុះអនុវត្តកិច្ចការងារក្នុងពេលឆាប់ៗនេះ។
លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុក ថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមក្នុងការកំណត់យកស្រុកកំពង់សៀមជាគោលដៅអទិភាព និងសម្ដែងការពេញចិត្តចំពោះគម្រោងនេះដែលយកចិត្តទុកដាក់ទៅលើមិនត្រឹមតែបទពិសោធន៍ជីវិតនោះឡើយ ក៏ប៉ុន្តែថែមទាំងស្ថានសុខភាពបច្ចុប្បន្នរបស់អ្នករានមានជីវិតពីរបបខ្មែរក្រហម។ លោកស្រីអភិបាលរងស្រុក បន្ថែមទៀតថា «សន្តិភាពគឺពិតជាមានសារសំខាន់ណាស់ ដែលយើងគ្រប់គ្នាត្រូវតែចូលរួមការពារ។ ការស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចជួយលើកកម្ពស់ការអត់ឱន និងការយោគយល់គ្នាទៅវិញដើម្បីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ បន្ថែមលើនេះទៀត គម្រោងប្រវត្តិសាស្រ្តនិងសុខភាព នេះគឺល្អសម្រាប់យុវជន-យុវនារី ក៏ដូចជារូបខ្ញុំផ្ទាល់ ដែលកើតក្រោយរបបខ្មែរក្រហមអាចចុះជួបនិងស្ដាប់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិនិងឃុំរបស់ខ្លួន ដើម្បីយល់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមការការពារសន្តិភាព និងការអភិវឌ្ឍន៍»។
ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកស្រីអភិបាលរងស្រុក ផ្ដល់កិច្ចសហការក្នុងការជួយជ្រើសរើសយុវជន-យុវនារីស្ម័គ្រចិត្តក្នុងស្រុក ដើម្បីចូលរួមបំពេញកិច្ចការងារក្នុងការជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងភូមិសាស្រ្តស្រុកកំពង់សៀម។
អត្តបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា