សវនាការចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម

ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ខណៈ​ដែល​យើងចាប់ផ្តើមស្តាប់​សវនាការជាសាធារណៈ​ចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ធ្វើ​ឡើង​ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តី​ខ្មែរក្រហម យើង​ចាំបាច់​មិន​ត្រឹមតែ​​ពិចារណាទៅលើ​​កិច្ច​ការដ៏សំខាន់​របស់សាលាក្តី​ខ្មែរក្រហមប៉ុណ្ណោះទេ​ ប៉ុន្តែ​​ទៅលើ​ការងារដ៏​មានសារ​ប្រយោជន៍​ដទៃៗទៀត​ដែល​ស្ថិតនៅចំពោះមុខរបស់​យើងថែម​ទៀត​ផង។

វត្តមាន​របស់សាលាក្តីខ្មែរក្រហម​​ គឺដោយសារ​​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​។ ការទាមទាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យ​មាន​តុលាការ​ គឺ​ពិតជា​ចាំ​បាច់ក្នុង​​ការបង្កើតសាលាក្តី​ខ្មែរ​ក្រហម​នេះឡើង។ ថ្វី​ត្បិត​តែ​ការបង្កើតសាលាក្តីនេះ​ត្រូវ​ចំណាយពេល​អស់​ជាយូរ ហើយ​សាលាក្តី​ខ្មែរក្រហម​ ត្រូវ​ចំណាយ​ពេល​វេលារឹតតែយូរថែម​ទៀត​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែ​បន្ត​អត់ធ្មត់ ពី​ព្រោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ទាំង​អស់​ ពិតជាចង់ផ្តល់ឱកាស​ និង​ភាពស្របច្បាប់ដល់សាលាក្តី​ខ្មែរក្រហម រហូតដល់សវនាការចុងក្រោយរបស់​ខ្លួន​។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ធ្វើព្យុះហយាត្រាដើម្បីយុត្តិធម៌។ នៅលើបដា សរសេរថា៖ “អង្គជំនុំជម្រះវិសាមញ្ញ ជាឱសថរំងាប់ការចងពៀរ”។ រូបថតនេះ ទទួលបានពីកម្មវិធីផ្សព្វផ្សាយអប់រំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលកម្មវិធីនេះបាននាំយកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់ម៉ឺននាក់ ពីបណ្តាភូមិនានា មកទស្សនាស្តាប់សវនាការរបស់សាលាក្តីខ្មែរក្រហម ធ្វើទស្សនកិច្ចទៅកាន់ទីតាំងឧក្រិដ្ឋកម្មនិងស្តូបរំឭក និងជួបជាមួយថ្នាក់ដឹកនាំសហគមន៍អន្តរជាតិនានានៅរាជធានីភ្នំពេញ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អ្នករស់មានជីវិតពីរបបខ្មែរក្រហម ធ្វើព្យុះហយាត្រាដើម្បីយុត្តិធម៌នៅខេត្តសៀមរាប នៅឆ្នាំ១៩៧៩។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សាលាក្តីខ្មែរក្រហម សម្រេចបាន​ការ​ផ្តន្ទាទោស​លើអតីត​​ប្រធានមន្ទីរឃុំ​ឃាំង​ ស-២១ និងមេដឹកនាំជាន់ខ្ពស់ពីររូប​នៃ​របបខ្មែរក្រហម រួម​មាន​ នួន ជា និង ខៀវ សំផន។ ជាការពិតណាស់ ខណៈដែល​សាលាក្តី​ខ្មែរក្រហម នឹងត្រូវបាន​ចងចាំអំពីលទ្ធផល​នៃ​ការផ្តន្ទាទោស​ដែល​ខ្លួន​សម្រេចបាន សាលាក្តី​ខ្មែរក្រហម ក៏នឹងត្រូវបានសាធារណជន​ចងចាំអំពី​សាលក្រម​​នានា​ដែល​ខ្លួនមិន​ដែល​បាន​សម្រេចទាល់​តែសោះ​​។

ប៉ុន្តែ យើងអាចនឹងមាន​ភាព​ឆ្គាំឆ្គង ប្រសិន​បើ​យើង​វាយ​តម្លៃ​សារសំខាន់​នៃសាលាក្តី​ខ្មែរ​ក្រហម​ ដោយ​​ផ្អែក​ទៅលើ​តែ​ការ​ផ្តន្ទាទោស​ដែលសាលាក្តី​នេះ​សម្រេចបាន។ ក្នុង​កាលៈទេសៈ​ជា​ច្រើន សាលាក្តី​ខ្មែរក្រហម បានជួយស្រាយបំភ្លឺអំពីជំពូកដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្រ ហើយទោះបីជា​មិន​ដោយ​ផ្ទាល់​ក្តី សាលាក្តី​នេះបានជះឥទ្ធិពលទៅលើយុត្តិធម៌ជាច្រើន​សណ្ឋាន​ទៀត ដែលសង្គមកម្ពុជា​កំពុងតែទាមទារ។ សាលាក្តី​ខ្មែរក្រហម​ បាន​ផ្តល់ជូន​ដើមបណ្តឹងរដ្ឋប្បវេណី ក្នុង​នោះ​រួម​មាន​ជនរងគ្រោះនៃ​របប​ខ្មែរ​ក្រហម​ជាច្រើនរូប​ នូវ​ឱកាសក្នុងការនិយាយរៀបរាប់អំ​ពីបទពិសោធន៍ផ្ទាល់ខ្លួន និងបទពិសោធន៍របស់​​ក្រុមគ្រួសារខ្លួន​។ ទន្ទឹម​នឹង​នេះ សាលាក្តីខ្មែរក្រហម​​ បានបង្កើតជា​កំណត់ត្រាតាម​ផ្លូវ​​ច្បាប់យ៉ាងលម្អិតអំពីការ​ដែលអំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើឃោរឃៅជាច្រើនផ្សេង​ទៀតត្រូវ​បានប្រព្រឹត្ត​ឡើង។ ដោយ​គ្មាន​មន្ទិល​សង្ស័យ សាលាក្តីខ្មែរក្រហម​​ បានជួយឲ្យ​សង្គមកម្ពុជា មិនត្រឹមតែប្រឈមតទល់​នឹងប្រវត្តិសាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងក្រសោប​យក​ប្រវត្តិសាស្ត្រ​នេះ ធ្វើ​ជា​មេរៀនសោកនាដកម្ម​មួយ សម្រាប់​ប្រជាជនកម្ពុជា​ និង​ពិភពលោកទាំងមូល។

នៅក្នុងអំឡុង​របបខ្មែរក្រហម (ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ​១៩៧៩) ខ្មែរក្រហម ប៉ុន​ប៉ង​ធ្វើ​គ្រប់​សព្វ​បែបយ៉ាង​ដើម្បី​បំផ្លាញវប្បធម៌ សម្ព័ន្ធ​ភាព​គ្រួសារ និងសូម្បីតែការចងចាំរបស់​មនុស្ស​។ នៅទីបំផុត មនោគមវិជ្ជាជ្រុល​និយម​របស់ខ្មែរក្រហម បាន​បណ្តាល​ឲ្យប្រជាជនកម្ពុជាជាងពីរលាននាក់បាត់​បង់​ជីវិត​។ នៅពេលដែលសាលាក្តី​ខ្មែរក្រហមបិទ​បញ្ចប់ប្រតិបត្តិការ​ យើងមិនត្រូវបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការថែរក្សាការចងចាំ, ការសិក្សា និងការផ្សព្វផ្សាយនូវ​មេរៀន​អំពី​ប្រវត្តិសាស្ត្រនេះ ​នៅក្នុងប្រទេសកម្ពុជានិងទៅកាន់​ពិភពលោកនោះ​ឡើយ។

ជារឿយៗ មានការយល់ខុសថា «ប្រវត្តិសាស្ត្រត្រូវបានសរសេរឡើងដោយអ្នកឈ្នះ» ។ នេះមិនមែនជាការពិតនោះទេ ហើយប្រវតិ្តសាស្រ្តរបស់ប្រទេសកម្ពុជាគឺ​ជាការ​ស​បញ្ជាក់​ស្រាប់​។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺមិនមែនជាអ្នកឈ្នះនោះទេ ប៉ុន្តែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាវីរជន​។ ដូច្នេះ​យើងត្រូវតែចងក្រងប្រវត្តិសាស្ត្ររៀបរាប់ដោយ​​ផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែល​ជា​វីរជន​ទាំង​អស់នេះ​។ ប្រវត្តិសាស្ត្រភាគច្រើនកើតចេញ​មកពីប្រវត្តិសាស្ត្ររៀបរាប់ដោយ​​ផ្ទាល់មាត់។ យើង​ត្រូវ​តែ​ទទួលស្គាល់អំពីតួនាទី​ដ៏​មាន​សារសំខាន់នៃប្រវត្តិសាស្ត្ររៀប​រាប់​ដោយ​ផ្ទាល់មាត់ នៅ​ក្នុង​កិច្ចការប្រកប​ដោយ​សារប្រយោជន៍ ដែល​ស្ថិត​​នៅចំពោះមុខយើង។

ការបិទបញ្ចប់របស់សាលាក្តី​ខ្មែរក្រហមក្នុងពេលខាង​មុខ​នេះ គឺ​ត្រូវ​ទទួលស្គាល់ថា​ជា​ការចាប់ផ្តើមនៃជំពូកថ្មីមួយ​ ក្នុងការស្វែងរកយុត្តិធម៌របស់​ប្រទេសកម្ពុជា។ ជំពូកថ្មីសន្លាង​សម្រាប់ប្រជាជនកម្ពុជានេះ​ គឺត្រូវតែដាក់​ចេញជា​កិច្ច​ខិត​ខំ​ប្រឹងប្រែងថ្មីៗ ដែលសាលាក្តីខ្មែរក្រហម​ មិនអាចសម្រេច​បាន។ យើងត្រូវតែយកចិត្តទុកដាក់ថែទាំ​ចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែល​មានចំនួន​យ៉ាងហោចណាស់ ៥ លាននាក់ ដែលគឺ​​ជាក្រុម​​ប្រជាជនងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវតែបន្តពង្រឹង​ការ​​ចងក្រងប្រវត្តិសាស្ត្រ រួម​បញ្ចូល​នូវ​ការ​ប្រមែ​ប្រមូលប្រវត្តិសាស្រ្តរៀប​រាប់​ដោយ​ផ្ទាល់មាត់របស់​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយ​ប្រវត្តិសាស្ត្រ​នេះ​ផ្ទាល់ គឺជា​ដំណើរការនៃការធ្វើ​ឲ្យ​ជាសះ​ស្បើយ​និងការផ្សះផ្សា។ យើងត្រូវតែព្យាយាម​ប្រើប្រាស់​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នេះ ជា​មេរៀន​មួយ​​សម្រាប់យុវជន-យុវ​នារី​​ជំនាន់​ក្រោយ​របស់​កម្ពុជានិងពិភពលោក។

នៅចុង​បញ្ចប់ នាពេលដែលសាលាក្តី​ខ្មែរក្រហម​​បិទ​បញ្ចប់ប្រតិបត្តិការ​របស់​ខ្លួន​ ផ្ទុយ​ទៅវិញ​ការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយ​ទេ​។ យើងត្រូវតែខិតខំប្រឹងប្រែងបំពេញការ​ងារ​ដោយស្មោះអស់ពីចិត្ត ដើម្បីបង្កើត​បាន​ជា​សង្គមកម្ពុជាមួយ​ ដែល​ក្រសោប​យក​ប្រវត្តិសាស្ត្រ​នៃ​សោកនាដកម្ម​​របស់ខ្លួន ដែលមិនមែនក្នុងនាមជាជនរងគ្រោះ ប៉ុន្តែគឺ​ជាវីរជនដែលរស់រានមានជីវិតពី​របប​នេះ ដោយ​ប្តេជ្ញាសម្រេចឲ្យបាន​នូវ​អនាគត​មួយដែលសុខដុម ចម្រុង​ចម្រើន និងមាន​ការចូល​រួមពី​ប្រជាជនគ្រប់​រូប។

អត្ថបទផ្សេងទៀត៖