វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ចុងសប្ដាហ៍នៅអន្លង់វែង

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ទៅកាន់សិស្សានុសិស្សចូលរួមចំនួន១៥នាក់មកពីវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ ស្រុកអន្លង់វែង។ វេទិកានេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)និងទ្រឹស្ដីមួយចំនួនទាក់ទងនឹងសន្ដិភាព និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ដំបូងក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានចែកជូនក្រដាសស្ទាបស្ទង់ចំណេះដឹងមុនវេទិកាចាប់ផ្ដើមចំនួន១៥ច្បាប់ទៅកាន់សិស្សានុសិស្ស ដើម្បីវាយតម្លៃចំណេះដឹងមូលដ្ឋានមុនពេលដែលសិស្សានុសិស្សចូលរួមក្នុងវេទិកាប្រវត្ដិសាស្រ្ដនេះ។ បន្ទាប់មក លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានពន្យល់លម្អិតអំពីនិយមន័យនៃអំពើប្រល័យពូជសាសន៍៖ «គឺជាអំពើទាំងឡាយណាដែលប្រព្រឹត្ដឡើងក្នុងចេតនាបំផ្លិចបំផ្លាញចោលទាំងស្រុង ឬដោយផ្នែកចំពោះក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ ឬ ក្រុមសាសនា» ហើយក្រុមទាំងបួនខាងនេះ ក៏ត្រូវបានពន្យល់ពីភាពខុសគ្នាយ៉ាងលម្អិតបន្ថែមទៀត ។

បន្ទាប់មកទៀតបទបង្ហាញអំពី«ផែនការបួនឆ្នាំ(១៩៧៧-១៩៨០)» តម្រូវឲ្យសិស្សានុសិស្សយកចិត្ដទុកដាក់ក្នុងការអានសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» តាមរយៈការបែងចែកក្រុមចំនួន៥ក្រុមផ្សេងៗពីគ្នា។ មេរៀននេះ មានគោលបំណងឲ្យសិស្សានុសិស្សនិយាយអំពីការយល់ឃើញផ្ទាល់ខ្លួនក្រោយអានខ្លឹមសារចប់។ ផែនការបួនឆ្នាំគឺបង្កើតឡើងដោយខ្មែរក្រហម និងមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជននានាទៅកាន់ទីជនបទដាច់ស្រយាល។ ផែនការនេះ មានបំណងប្រែក្លាយសង្គមកម្ពុជាឲ្យក្លាយទៅជាប្រទេសជឿនលឿនផ្នែកកសិកម្ម។ ខ្មែរក្រហមបង្ខំឲ្យប្រជាជនដាក់ទ្រព្យសម្បត្ដិឯកជនទៅជាទ្រព្យសម្បត្ដិរួម និងជ្រើសរើសការដាំដុះស្រូវជាអាទិភាពចម្បងសម្រាប់ជាតិចន្លោះឆ្នាំ១៩៧៧ ដល់ ១៩៨០។ ខ្មែរក្រហមបានកំណត់យកនូវទិន្នផលស្រូវជាមធ្យមចំនួន៣តោនក្នុង១ហិកតា ដែលជំរុញឲ្យមានការបង្ខំប្រជាជនធ្វើការងារហួសកម្លាំង និងគ្មានពេលសម្រាក។ គោលបំណងនេះមិនអាចសម្រេចបានទេ ដោយសារប្រជាជនមិនធ្លាប់ទទួលរងការបង្ខិតបង្ខំឲ្យធ្វើការងារបែបនេះពីមុនមក ការបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម និងកង្វះខាតឧបករណ៍ធ្វើកសិកម្ម។ ផែនការបួនឆ្នាំ មានរួមបញ្ចូលទាំងគម្រោងដាំបន្ថែបង្ការ ហើយខ្មែរក្រហមសង្ឃឹមថានឹងទាញយកអនុផលពីព្រៃឈើ ការនេសាទ ការចិញ្ចឹមសត្វនិងការដាំដើមឈើជាដើម។ មេដឹកនាំខ្មែរក្រហមរំពឹងថា ប្រទេសកម្ពុជានឹងមានឯករាជ្យភាពពេញបរិបូណ៍ទាំងវិស័យសេដ្ឋកិច្ច និងវិស័យនយោបាយ។ ដោយផ្អែកលើគម្រោងផែនការនេះ ប្រជាជនបានទទួលរងទុក្ខលំបាក តាមរយៈរបបអាហារ និងការធ្វើការងារហួសកម្លាំង។ ប្រជាជនភាគច្រើនហូបតែបបរលាយពោត លាយដើមចេក និងលាយគល់ល្ហុង ហើយទទួលបានរបបអង្ករតិចជាងកន្លះកំប៉ុងក្នុងមួយថ្ងៃ ផ្ទុយទៅនឹងកម្មាភិបាល និងកងទ័ពខ្មែរក្រហមប៉ុណ្ណោះ ដែលមានបាយហូបគ្រប់គ្រាន់។ សិស្សានុសិស្សបានយល់ឃើញថា «ផែនការបួនឆ្នាំ (១៩៧៧-១៩៨០)» បានជំរុញឲ្យប្រជាជនទទួលរងអំពើឃោរឃៅ និងលំបាកវេទនាយ៉ាងខ្លាំង តាមរយៈការបង្ខំឲ្យធ្វើការហួសកម្លាំង និងបាត់បង់ភាពឯកជន និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហមបន្សល់ទុកនូវភាពអយុត្ដិធម៌ដល់ប្រជាជនតាមរយៈការមិនខ្វាយខ្វល់ពីទុក្ខលំបាករបស់ប្រជាជន ការបំបែកបំបាក់ក្រុមគ្រួសារ និងគិតតែពីផែនការរបស់ខ្លួនតែប៉ុណ្ណោះ។ ខ្មែរក្រហមមិនបានប្រៀបធៀបការឈឺចាប់ និងសេចក្ដីស្រឡាញ់របស់ខ្លួន ប្រសិនជួបប្រទះនឹងការបែកបាក់ក្រុមគ្រួសារដូចប្រជាជននាសម័យនោះទេ។ សិស្សានុសិស្សអាចស្វែងយល់កាន់តែទូលំទូលាយអំពីរឿងរ៉ាវដែលសង្គមរបស់ខ្លួនធ្លាប់បានឆ្លងកាត់ និងយល់ដឹងកាន់តែជ្រៅទៅលើភាពសម្បូរបែបរបស់មនុស្សនៅក្នុងសង្គម ដែលពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិ ក្រមសីលធម៌ និងសុជីវធម៌នៅក្នុងសង្គម។ នៅក្រោយវេទិកាថ្នាក់រៀន សិស្សានុសិស្សទាំង១៥នាក់ កើនចំណេះដឹង និងយល់ឃើញថាការទប់ស្កាត់អំពើប្រល័យពូជសាសន៍គឺពិតជាមានសារសំខាន់សម្រាប់បុគ្គល សហគមន៍ និងសង្គមជាតិទោះបីក្នុងវិធីណាក៏ដោយ។ សិស្សានុសិស្ស១២នាក់ក្នុងចំណោម១៥នាក់ យល់ឃើញថា «ឧក្រិដ្ឋកម្មសង្រ្គាម» គឺអាចផ្ដល់ឧទាហរណ៍បានតាមរយៈ ក្រុមទាហានបានធ្វើទារុណកម្មអ្នកទោសសង្គ្រាមនៅពេលមានជម្លោះប្រដាប់អាវុធ។ បន្ទាប់ពីបានចូលរួមក្នុងវេទិកានេះ សិស្សានុសិស្សមានចំណាប់អារម្មណ៍ និងការយល់ឃើញដូចខាងក្រោម៖

រុំ សារុន ភេទស្រី អាយុ១៧ឆ្នាំ យល់ឃើញថា៖ « បន្ទាប់ពីបានចូលរួមក្នុងវេទិកានេះរួចមក ខ្ញុំបានរៀនសូត្រពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដូចជា៖ ការលុបបំបាត់សិទ្ធិសេរីភាពរបស់ប្រជាជនក្នុងរបបខ្មែរក្រហម, ប្រជាជនទទួលរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ និងទុក្ខលំបាកវេទនា តាមរយៈការងារកសិកម្ម និងបែកបាក់ក្រុមគ្រួសារ។ តាមការរៀនសូត្រពីប្រវត្ដិសាស្ដ្រខ្មែរក្រហម ខ្ញុំឃើញថា ខ្មែរក្រហមបានបំផ្លាញអាយុជីវិតមនុស្ស អ្នកមានចំណេះដឹង សេដ្ឋកិច្ច ប្រទេសជាតិគ្មានយុត្ដិធម៌ បំផ្លាញទឹកចិត្ដប្រជាជន ដោយធ្វើទារុណកម្ម បំផ្លាញវត្ដអារាម សាលារៀន គ្រឹះស្ថានផ្សេងៗ។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគត យើងត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ពីប្រវត្ដិសាស្រ្ដរបស់ខ្លួន និងសាមគ្គីគ្នាដើម្បីស្ដារ ឬលុបបំបាត់របបនោះ។ មួយវិញទៀត យើងត្រូវសិក្សារៀនសូត្រឲ្យមានចំណេះដឹង គិតគូឲ្យបានខ្ពស់ និងធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម»។

មឿន រក ភេទប្រុស អាយុ១៦ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ « ខ្ញុំបានយល់ដឹងពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដជាច្រើនដូចជា ការបោសសម្អាតទីក្រុង និងទីប្រជុំជននានា ការប្រមូលទ្រព្យសម្បត្ដិឯកជនរបស់ប្រជាពលរដ្ឋដាក់រួម ការបង្ខំឲ្យប្រជាជនផលិតស្រូវដែលមានកម្រិតច្រើនលើសកំណត់ ការធ្វើការងារហួសកម្លាំង។ ប្រសិនបើឧក្រិដ្ឋកម្មឃោរឃៅកើតឡើង នោះនឹងបំផ្លាញដល់ប្រទេសជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសនោះ ពីព្រោះសេដ្ឋកិច្ច គឺជាកត្ដាដ៏សំខាន់ដែលអាចឲ្យប្រទេសជាតិរីកចម្រើនបាន។ មួយវិញទៀត វាក៏អាចឲ្យប្រទេសជាតិមានសន្ដិសុខ គ្មានសណ្ដាប់ធ្នាប់ មានការកាប់សម្លាប់ និងប្រើអំពើហិង្សាដែលបណ្ដាលឲ្យមានការបាត់បង់ជីវិត។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់ការកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគត យើងមិនត្រូវរើសអើងជនជាតិ ពណ៌សម្បុរ, មានភាពទទួលខុសត្រូវខ្ពស់ ចូលរួមគ្រប់សកម្មភាពជួយទប់ស្កាត់ដល់ការកកើតឧក្រិដ្ឋកម្មឃោរឃៅ, ចេះដោះស្រាយបញ្ហាដោយសន្ដិវិធី, លុបបំបាត់អំពើហិង្សា និងរួមគ្នាប្រឆាំងអំពើឧក្រិដ្ឋកម្មឃោរឃៅ»។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារម្ពុជា

អត្ថបទផ្សេងទៀត៖