វង្វេងបាត់ប្តីនៅថ្ងៃជម្លៀស ខែមេសា ឆ្នាំ១៩៧៥

ខ្ញុំឈ្មោះ កែវ សោភ័ណ្ឌ អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុក​ពាមរក៍ ខេត្តព្រៃវែង។ កាលពីសម័យសង្គមរាស្រ្ត​និយម ខ្ញុំ​គឺជាសិស្ស និង​រៀនបានត្រឹមថ្នាក់ទី៣ចាស់​នៅ​វិទ្យាល័យអង្គឌួង។ ក្រោយមក ខ្ញុំបានផ្លាស់មករៀនបន្តនៅ​ទីក្រុង​ភ្នំពេញ។ នៅមុនពេលព្រឹត្តិ​ការណ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់​សម្ដេចព្រះ នរោត្តម ​សីហនុ ចេញពីដំណែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍​ជាមួយបុរសម្នាក់ឈ្មោះ ជា ជន មានមុខរបរជាគ្រូបង្រៀន​នៅ​វិទ្យាល័យកៀនឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វា ក្រុងភ្នំពេញ។

កែវ សោភ័ណ្ឌ អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុកពាមរក៍ ខេត្តព្រៃវែង។ (មីន សាណាស់/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះលើរបប​សាធារណរដ្ឋខ្មែររបស់ លន់ នល់ ខ្ញុំទើបតែឆ្លងទន្លេកូនប្រុសបានរយៈពេលប្រហែលពីរខែតែប៉ុណ្ណោះ។ ខ្ញុំបានមកស្នាក់នៅផ្ទះបងថ្លៃរបស់ខ្ញុំនៅម្តុំទួលគោក។ ខ្ញុំព្រមទាំងសាច់ញាតិនិងក្មួយៗត្រូវយោធាខ្មែរក្រហមបង្ខំឲ្យចាកចេញពីផ្ទះ។ នៅពេលខ្ញុំដើរចេញមកខាងក្រៅ ខ្ញុំឃើញប្រជាជនដើរពេញដងផ្លូវ ដោយខ្លះ លី សែង និងដឹកអីវ៉ាន់។ ខ្ញុំនិងបងប្អូនដើរសំដៅទៅផ្ទះរបស់ខ្ញុំម្នាក់ទៀតនៅម្តុំបឹងត្របែក ព្រោះប្តីរបស់ខ្ញុំនៅចាំផ្ទះបងរបស់ខ្ញុំនៅទីនោះ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមដេញ​ឲ្យ​ចាកចេញ​ពី​ផ្ទះនៅបឹងត្របែក ក្នុងទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ស្រុកកំណើតជាបន្ទាន់។ ខ្ញុំ និងស្វាមីបីកូនអាយុ​ទើប​ពីរ​ខែ​ធ្វើដំណើរថ្មើរជើង​កាត់តាមពីមុខវិទ្យាល័យ​បឹងត្របែក ដោយគ្មានបានរៀបចំ​របស់​របរ​អ្វី​ទាំង​អស់ ក្នុងគោលបំណង​ឆ្លងទៅផ្លូវ​ជាតិ​លេខ​មួយ។ ខណៈនោះ យោធា​ខ្មែរក្រហមដែល​ឈរយាមនៅក្បាលស្ពាន​ព្រះមុនីវង្សត្រើយខាងលិច​បាន​​ឃាត់ក្រុមគ្រួសាររបស់ខ្ញុំ និង​បញ្ជាឲ្យគ្រួសាររបស់ខ្ញុំដើរវាង​ទៅ​កាន់​​​​ផ្លូ​វចាក់អង្រែ​ឆ្ពោះ​ទៅកាន់ទី​ក្រុងតាខ្មៅវិញ។ នៅតាមផ្លូវ​​ខ្ញុំឮសម្រែកយោធាខ្មែរក្រហម​បញ្ជា​ប្រជាជនឲ្យ​ដើរ​​​ទៅ​មុខឲ្យលឿន។ ខ្ញុំនិងប្តីរបស់ខ្ញុំត្រូវបាន​យោធា​ខ្មែរក្រហមឃាត់និងសួរនាំនៅតាមផ្លូវ។ បន្ទាប់ពីសួរនាំ​រួចហើយ មានយោធាខ្មែរក្រហម​ម្នាក់បញ្ជាឲ្យខ្ញុំដើរពីខាងមុខប្តីរបស់ខ្ញុំ ចំណែកប្តីរបស់ខ្ញុំដើរ​តាម​ក្រោយ ព្រោះមានកងយោធាខ្មែរក្រហមជាច្រើនឈរយាមនៅអមសងខាងផ្លូវ។ ខ្ញុំ​​​បានសុំយោធាខ្មែរក្រហមដើរទន្ទឹម​គ្នាជាមួយប្តីរបស់របស់ខ្ញុំ ប៉ុន្តែយោធាខ្មែរក្រហមនោះមិនអនុញ្ញាត។ ខ្ញុំដើរ​បណ្ដើរ ខំងាក​មើលប្តីរបស់ខ្ញុំដើរពីក្រោយបណ្តើរ។ ស្រាប់តែមួយរំពេចក្រោយមក ខ្ញុំងាកទៅក្រោយម្តងទៀត​ស្រាប់តែវង្វេងបាត់ប្តី។ នេះជាពេលវេលា​ចុង​​ក្រោយដែលខ្ញុំបានបែកពីប្តី។  ខ្ញុំខំប្រឹងបីកូនអាយុពីរខែ​ដើរ​ទៅ​មុខទៀត និងខំ​ប្រឹង​ទប់​ទឹកភ្នែក ព្រោះភ័យខ្លាចសម្រែកយោធាខ្មែរក្រហម​។

បន្ទាប់ពីធ្វើដំណើរដោយថ្មើរក្រោមកម្តៅថ្ងៃ និងភ្លៀងផ្គរ អស់រយៈ​ពេល​​ជាងដប់​ថ្ងៃខ្ញុំបានមក​ដល់ភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ពេលមកដល់ភូមិភ្លាម ​ប្រធាន​សហករណ៍ បានហៅខ្ញុំទៅសួរនាំថា តើកាលរស់នៅភ្នំពេញ ប្តីរបស់មិត្តនារីមានតួនាទីអ្វី? តើប្តីរបស់មិត្តធ្លាប់​ធ្វើជា​កង​​កុម្មង់ដូរដែរឬទេ? ប្រធានសហករណ៍សួរនាំខ្ញុំមិនមែនមួយដងទេ  ព្រម​​ទាំងលួចឆែកឆេររបស់របរនៅលើផ្ទះរបស់ខ្ញុំថែមទៀតផង។ រាល់ចម្លើយដែលខ្ញុំឆ្លើយប្រាប់​ប្រធានសហករណ៍នោះ គឺខ្ញុំមិនលាក់លៀមទេ។ ខ្ញុំបានឆ្លើយថា ប្តីរបស់ខ្ញុំគឺជាគ្រូ​បង្រៀន ហើយខ្ញុំគឺជាមេផ្ទះ។ ក្រោយពីសួរនាំអស់ចិត្តហើយ ប្រធាន​សហករណ៍​​បានឲ្យខ្ញុំយកកូនទៅឲ្យចាស់ៗមើលថែ។ ចំណែកខ្ញុំត្រូវចុះ​ទៅ​ស្ទូង​ស្រូវ និងធ្វើស្រែជូនអង្គការ ព្រម​ទាំងធ្វើការងារកសិកម្មផ្សេងៗទៀតនៅក្នុង​សហករណ៍​ស្រុកពាមរក៍។ ប្រធានកង​មិនបាន​គិត​​ថា​ខ្ញុំមានកូនខ្ចីឡើយ។ ពេលកូន​របស់ខ្ញុំមានអាយុមួយឆ្នាំ អង្គការចាប់ផ្ដើម​ចល័តខ្ញុំ​​ឲ្យទៅធ្វើ​ការរែកដី លើកទំនប់ និងជីកប្រឡាយនៅតំបន់ផ្សេងៗ។ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្នុង​កងស្រួចឲ្យកងទ័ពបដិវត្តន៍ដែរ។ ខ្ញុំខំធ្វើការជូនអង្គការអស់ពីកម្លាំងកាយចិត្ត ប៉ុន្តែពុំមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ។

ក្រោយមក ប្រធានសហករណ៍មានផែនការបញ្ជូនប្រជាជនមួយចំនួនឲ្យទៅរស់នៅតំបន់ដីខ្លាញ់ ដោយបានកោះហៅខ្ញុំនិងក្រុមគ្រួសារឲ្យមកជួបជុំគ្នា​ទាំង​យប់។ ប្រធានបទប្រជុំ​គឺ​​ប្រធានសហករណ៍​ប្រកាសឈ្មោះអ្នកដែលមាននៅក្នុងបញ្ជី ដែលសុទ្ធសឹងជាប្រជាជនថ្មី ឲ្យត្រៀមរៀបចំខ្លួនផ្លាស់​ប្ដូរ ទៅរស់នៅតំបន់ដីខ្លាញ់ ដែលសម្បូរ​របស់​ហូបចុក។ ខ្ញុំមិនអាច​​ប្រកែកបានទេ។ ខ្ញុំបានរៀបចំខោ​អាវ និងត្រៀមម្ហូបខ្លះទុក​ឲ្យកូនហូប​នៅ​តាម​ផ្លូវ។ នៅព្រឹក​ចេញដំណើរ ស្រាប់តែប្រជាជនក្នុងភូមិ​ជា​មួយគ្នា មកប្រាប់ខ្ញុំថាអង្គការ​លែង​ឲ្យចាកចេញ​ហើយ។ ខ្ញុំឮបែបនេះលួចត្រេកអរក្នុងចិត្ត និងគិតថា​​ខ្លួនខ្ញុំ​និង​កូន​អាច​មាន​ជីវិត​រស់រាន​តទៅ​មុខ​ទៀត​ជាមិនខាន។ មិនយូរប៉ុន្មានកងទ័ពវៀត​ណាម​ក៏ចូលមកដល់។

ក្រោយថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិបានសុខសន្តិភាព។ ខ្ញុំក៏ចូល​ធ្វើជា​គ្រូ​បង្រៀន​​នៅ​​វិទ្យាល័យអង្គឌួងផ្នែកគណិតវិទ្យា។ នៅពេលបង្រៀន ខ្ញុំតែងតែឆ្លៀតឱកាសបញ្ជ្រាប​សិស្សពីប្រវត្តិ​សាច់​រឿងរបស់ខ្ញុំដែលបានឆ្លងកាត់របបខ្មែរក្រហម និងការព្រាត់ប្រាស់គ្រួសារ។ សព្វថ្ងៃរស់​នៅ​ខ្ញុំរស់នៅក្នុង​ភូមិទី៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាមួយកូនប្រុសម្នាក់ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។

អត្ថបទ​ និង រូបថត ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖