ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយ នៅឆ្នាំ១៩៥១ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានម្តាយឈ្មោះ អេង ណយស្រ៊ឹម និងឪពុកឈ្មោះ ប៊ុន ណាល់ ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៧។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៩ចាស់។ ខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។ ក្រោយមកទៀត ខ្ញុំឈប់រៀន ដោយសារជីវភាពក្រីក្រ។ ខ្ញុំជួយឪពុកម្ដាយត្បាញក្រមាលក់ និងធ្វើកិច្ចការងារផ្ទះ។ នៅពេលដែលខ្ញុំត្បាញក្រមាបានប្រហែល២០ ឈ្មួញកណ្ដាលតែងតែចុះមកទិញយកទៅលក់បន្ត។
ខ្ញុំដឹងអំពីរដ្ឋប្រហារនៅខែមីនា ឆ្នាំ១៩៧០ តាមរយៈវិទ្យុ។ បន្ទាប់ពីរដ្ឋប្រហារកើតឡើងបាន១ខែ ខ្ញុំឃើញអ្នកភូមិជាច្រើនធ្វើបាតុកម្មដង្ហែតាមផ្លូវចេញពីភូមិឆ្ពោះទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំមិនបានចូលរួមធ្វើបាតុកម្មនោះទេ។ ខ្ញុំបន្តត្បាញក្រមាដូចធម្មតា។ ប៉ុន្មានថ្ងៃក្រោយមក បាតុករទាំងអស់បានដង្ហែរឆ្លងកាត់ភូមិម្ដងទៀតក្នុងទិសដៅមកកាន់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម បានចូលមកដល់ និងបានសុំអ្នកភូមិស្នាក់នៅ។ វត្តមានរបស់កងទ័ពរំដោះខ្មែរក្រហមនៅក្នុងភូមិគឺជាសញ្ញានៃការផ្ទុះឡើងការប្រយុទ្ធគ្នានាពេលខាងមុខ។
នៅចុងឆ្នាំ១៩៧១ ទាហាន លន់ នល់ ជាច្រើនត្រូវបានបញ្ជូនមកឈរជើងនៅបន្ទាយកោះរកា និងរកាគយ។ បន្ទាប់មកទាហាន លន់ នល់ បើកការវាយប្រហារទៅលើកងទ័ពរំដោះខ្មែរក្រហម។ ទាហាន លន់ នល់ បញ្ជូនកងទ័ពអាកាសទៅទម្លាក់គ្រាប់បែក និងបាញ់ប្រហារមកលើកងទ័ពរំដោះខ្មែរក្រហម។ ដើម្បីសុវត្ថិភាព ខ្ញុំ និងក្រុមគ្រួសាររត់ភៀសខ្លួនចេញពីផ្ទះទៅស្នាក់នៅបណ្តោះអាសន្នជាមួយពូនៅជីហ ដែលជាតំបន់រំដោះខ្មែរក្រហម ស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។
នៅឆ្នាំ១៩៧២ ខ្ញុំរៀបការប្ដីឈ្មោះ ឈិន ហុក ដែលធ្វើការនៅកងយុវជន។ នៅឆ្នាំ១៩៧៣ ខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅក្នុងឆ្នាំ១៩៧៣ដដែល ប្តីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ។ ខ្ញុំចិញ្ចឹមកូនតែម្នាក់ឯង។
គ្រួសារ និងខ្ញុំ បន្តស្នាក់នៅជីហែ រហូតដល់កងទ័ពរំដោះខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្ញុំបានដឹងដំណឹងនេះពីអ្នកភូមិថា កងទ័ពរំដោះខ្មែរក្រហមបានវាយយកទីក្រុងភ្នំពេញហើយ។ ខ្ញុំ និងគ្រួសារត្រឡប់មកភូមិវិញ។ ប៉ុន្មានខែក្រោយមក ប្រធានសហករណ៍ បង្កើតក្រុមសាមគ្គីដែលក្រោយមកបានប្តូរទៅជា “សហករណ៍”។ វេលានោះគឺជាការចាប់ផ្ដើមធ្វើការងារនៅក្នុងសហករណ៍។ កូនរបស់ខ្ញុំគឺនៅជាមួយម្ដាយរបស់ខ្ញុំមើលថែ។ នៅក្នុងភូមិ កងចល័តត្រូវបានបែងចែក គឺ ៖ ទី១) កងកុមារ គឺចាប់ពីអាយុ៦ឆ្នាំដល់១១ឆ្នាំ។ ទី២) កងចល័តយុវជន គឺចាប់ពីអាយុ១២ឆ្នាំ ដល់លើស២០ឆ្នាំ។ ទី៣) គឺ កង៣ សម្រាប់អ្នកដែលបានរៀបការរួចហើយ (ឬក្រុមមនុស្សវ័យកណ្ដាល)។ ទី៤) កងវ័យជរា គឺសម្រាប់អ្នកដែលមានវ័យចំណាស់ និងមិនអាចធ្វើការងារធ្ងន់បាន។ ខ្ញុំត្រូវបានចាត់តាំងធ្វើការនៅកងចល័ត គឺ «កង៣» ដែលមានសមាជិកប្រហែល៣០០នាក់។ សមមិត្ត វ៉ាត គឺជាប្រធានកង៣។ ខ្ញុំត្រូវបានចាត់ឲ្យគាស់គល់ឈើ និងជីកដីនៅ ទំនប់ល្ពាក, វាលទួលស្រែ និងទំនប់ត្រួយចេក។ ខ្ញុំធ្វើការពីព្រលឹមទល់ព្រលប់ជារៀងរាល់ថ្ងៃ និងទទួលបានរបបអាហារតិចតួចប៉ុណ្ណោះ។ ខ្ញុំគ្មានពេលមើលថែកូន និងឪពុកម្ដាយឡើយ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ការកាប់សម្លាប់បានចាប់ផ្តើមកើតឡើងនៅក្នុងភូមិ។ ដំណាក់កាលទី១ គឺ នៅខែកក្កដា ឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានមកដល់ភូមិ និងចាប់ផ្ដើមគ្រប់គ្រង។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចាប់ផ្តើមស្វែងរក និងចាប់ខ្លួនកម្មាភិបាលមូលដ្ឋានយកមកសម្លាប់។ ដំណាក់កាលទី២ គឺ នៅខែកញ្ញា ឆ្នាំ១៩៧៧ បន្ទាប់ពីសម្លាប់កម្មាភិបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធរួច កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបន្តដាក់គោលដៅកំណត់ និងចាប់ផ្ដើមចាប់ខ្លួនអ្នកភូមិ។ នៅក្នុងរយៈពេលនេះ ប្រជាជនខ្មែរឥស្លាមប្រហែល៥០គ្រួសារ ដែលកំពុងរស់នៅភូមិចំការសាមសិបត្រូវបានខ្មែរក្រហមចាប់ និងដឹកយកទៅសម្លាប់ទាំងគ្រួសារ។ ទីតាំងសម្លាប់នោះគឺនៅក្នុងឡថ្នាំជក់ និងនៅក្រោយភូមិ។
នៅចុងឆ្នាំ១៩៧៨ នៅពេលដែលខ្ញុំកំពុងធ្វើការនៅទំនប់ត្រួយចេក ខ្ញុំបានឮសំឡេងផ្លោងគ្រាប់បែក និងការបាញ់កាំភ្លើងនៅសមរភូមិ។ ខ្ញុំបានរត់ត្រឡប់មកផ្ទះវិញ។ នៅពេលដែលកងទ័ពវៀតណាមចូលមកជិតដល់ភូមិ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានប្រមូលអ្នកភូមិដើរទៅទំនប់ត្រួយចេក។ គោលបំណងនៃប្រមូលអ្នកភូមិយកទៅទីតាំងខាងលើនេះ គឺដើម្បីសម្លាប់ចោល។ ខ្ញុំ និងគ្រួសារ មិនបានទៅទេ និងបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅពេលដែលកងទ័ពវៀតណាមចូលមកនៅខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ខ្ញុំ និងគ្រួសារបានដាំបន្លែ និងត្បាញក្រមាលក់ដើម្បីរកចំណូលចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន។
អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម