ផ្កាយក្រពើ៖ ការចងចាំមួយពីថ្ងៃ១៧ មេសា

ក្រុមគ្រួសារ​របស់​ខ្ញុំ​ត្រូវ​ជម្លៀស​ដោយ​បង្ខំ​ចេញពីទីក្រុង​ភ្នំពេញ។ យើង​បាន​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ម្តាយ​របស់​យើង​ ដែល​ស្ថិត​នៅ​ឯខេត្ត​តាកែវ។ កាលនោះ គឺនៅ​ឆ្នាំ​១៩៧៥ ហើយមាន​ពាក្យ​ចចាមអារាម​បាន​លេចឡើង​ថា យើង​អាច​ត្រឡប់​មកផ្ទះនៅទីក្រុងភ្នំពេញវិញ។ ថ្ងៃមួយ ខ្មែរ​ក្រហមបាន​មក​ប្រាប់​យើង​ឲ្យ​រៀបចំ​បង្វេច និង​ចេញដំណើរ​។ យើង​សង្ឃឹម​ក្នុង​ចិត្ត​ថា​ នេះគឺជា​ការ​ធ្វើដំណើរ​វិល​ត្រឡប់​មក​ផ្ទះយើង​វិញហើយ។

ខ្មែរក្រហមបាន​បញ្ជា​យើង​ឲ្យ​ឡើង​រថភ្លើង​។ នៅលើ​រថភ្លើង​មាន​មនុស្ស​ម្នា​ជា​ច្រើន​ ដែល​យើង​មិន​អាចអង្គុយ​បាន។ បង​ស្រី​របស់​ខ្ញុំ​ម្នាក់​មាន​កូន​ស្រីមួយ​ ដែល​ទើបតែ​មានអាយុ​ពីរ-បីខែ​ប៉ុណ្ណោះ។ នាង​មាន​ឈ្មោះ​ថា តាន់ កែវ​កិតាណា។ យើង​គ្រប់​គ្នា​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ចំពោះ​រឿង​រ៉ាវ​ដែល​អាចកើត​ឡើង​បន្ទាប់។ នៅពេល​យប់​ ពូ​របស់​ខ្ញុំ​ឈ្មោះ​ កែវ ឈឿន បាន​ក្រឡេក​មើល​ទៅ​ផ្កាយឯលើមេឃ ហើយ​ដំណាល​ប្រាប់​យើង​អំពី​ផ្កាយ​ក្រពើ។

ផ្កាយ​ក្រពើ គឺជា​រឿង​និទាន​ដែល​យើង​បាន​រៀន​កាល​ពីក្មេង។ នេះ​គឺជារឿង​និទាន​ ស្តីអំពី​ក្រពើ​មួយ​ក្បាល​ ដែល​បាន​សាង​អំពើ​ល្អ ហើយ​បាន​ក្លាយ​ទៅជា​ផ្កាយ​នៅ​លើ​មេឃ។ ផ្កាយ​ក្រពើ​តំណាង​ឲ្យ​សេចក្តី​សង្ឃឹម ទិសដៅ និង​សេចក្តីល្អ។ គេអាច​សម្លឹង​​រកមើល​ផ្កាយ​ក្រពើ​នៅ​លើ​មេឃ ព្រោះ​ផ្កាយ​នេះ​អាច​ជួយចង្អុល​ប្រាប់​ទិស​ដៅដល់យើង​បាន​។

នៅពេល​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​នា​ពេល​រាត្រី ពូ​របស់​ខ្ញុំ​តែង​តែចង្អុល​ប្រាប់​ខ្ញុំ​អំពី​ផ្កាយ​ក្រពើ​នោះ។ គាត់​បាន​ប្រាប់​យើង​ទាំង​អស់​គ្នា​ថា យើង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំពេញ។ យើង​ទាំង​អស់​គ្នាសប្បាយចិត្តខ្លាំងណាស់ ដោយ​ដឹង​ថា​នឹង​បាន​ត្រឡប់​មក​ផ្ទះ​វិញ។ បើទោះ​បីជា យើង​ត្រូវ​ធ្វើ​ដំណើរ​ជា​ច្រើន​ថ្ងៃ និង​ឈប់​តាម​ផ្លូវ​ជាច្រើន​កន្លែងក៏ដោយ ក៏​យើង​មិន​ខ្វល់​ដែរ ឲ្យ​តែ​យើងធ្វើ​ដំណើរ​លើ​ទិស​ដៅ​ត្រូវមួយនេះ។ រំពេច​នោះ យើង​ក៏បាន​ដឹង​ការ​ពិត។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅដល់​​ខេត្ត​ពោធិ៍សាត់ ប្រជា​ជន​ជាច្រើន​ត្រូវ​បញ្ជា​ឲ្យ​ចុះពី​ទូរ​ថភ្លើង។ អ្នក​ដំណើរ​ផ្សេង​ទៀត​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅកាន់​ខេត្ត​បាត់​ដំបង នៅ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ។ ការធ្វើ​ដំណើរ​របស់​យើង​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយទេ ពោលគឺការធ្វើដំណើរ​របស់​យើង​ទើប​តែ​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។

សព្វ​ថ្ងៃនេះ ខ្ញុំ​នៅតែ​នឹក​ឃើញ​ដល់​ផ្កាយ​ក្រពើ។ ក្នុង​អំឡុង​ពេល​មួយ​នោះ ផ្កាយ​ក្រពើ​បាន​នាំ​មក​នូវ​ក្តី​សង្ឃឹម​ និង​ភាព​រីករាយ​ដល់​យើង បើទោះបីជា​វាហាក់​បី​ដូច​ជា​ការ​ស្រមើ​ស្រមៃ​យ៉ាងណាក៏ដោយ។ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ត្រូវ​បំបែក​ចេញពី​គ្នា​។ យើង​ចាប់​ផ្តើម​ជីវិត​ថ្មី​រៀងៗ​ខ្លួន ជាមួយ​នឹង​ ការអត់​ឃ្លាន ការ​ធ្វើការ​ធ្ងន់ និង​អំពើ​ប្រល័យ​ពូជសាសន៍។ ខ្ញុំ​យល់​ថា ខ្លួន​ខ្ញុំ​មាន​សំណាង ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​របប​ដ៏​ឃោរឃៅ ស្របពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ជា​ច្រើននាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ដូចជា កូនស្រី​របស់​បងស្រីខ្ញុំ និង​ពូរបស់​ខ្ញុំ​ជាដើម។ តាំងពី​ពេល​នោះ​មក ខ្ញុំ​បាន​ប្តូរ​ការ​យល់​ឃើញ​របស់​ខ្ញុំ​ចំពោះ​ផ្កាយ​ក្រពើ។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

អ្នកបើកបររថភ្លើងវ័យក្មេងដែលភាគច្រើនគឺជាក្មេងជំទង់បើកបរយកប្រជាជនកម្ពុជារាប់ម៉ឺននាក់ពីតាមបណ្តាទីតាំងនានាក្នុងផ្ទៃប្រទេសទៅកាន់ភូមិភាគពាយ័ព្យដែលមានខេត្តពោធិ៍សាត់ និងបាត់ដំបង នៅអំឡុងរបបខ្មែរក្រហម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖