កងទ័ពជើងគោកចំនួន៩០រូប ទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារវិមានឈ្នះឈ្នះបានដឹកនាំសិក្ខាកាមដែលជាកងទ័ពជើងគោកចំនួន៩០រូបមកទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ។ ជាការចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានមានប្រសាសន៍ជម្រាបដល់សិក្ខាកាមថា មជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងលោក ឆាំង យុ នាយក មជ្ឈ​មណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកោះថ្មត្រូវបានដាក់ឲ្យដំណើរការប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងគោលបំណងដូចខាងក្រោម៖

១) ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។

២) ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ។ កម្មវិធីអប់រំនេះនឹងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមជនបទបានចូលរួមរៀនសូត្រ។

៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងការចែករំលែកអំពីរឿងរ៉ាវ ឬបទពិសោធន៍ផ្ទាល់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ។

៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ពីរបបខ្មែរក្រហម។

ជាកិច្ចបន្តលោក ឡុង ដានី បានដឹកនាំសិក្ខាកាមដើរទស្សនាពិព័រណ៍រូបថតដែលបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។ រូបថតទាំងនោះរួមមាន ៖ រូបថតបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដោយចាប់ផ្តើមចេញពីតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកស្នួល ខេត្តក្រចេះ។ រូបថតនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រមាណ២លាននាក់បានស្លាប់។ រូបថតភ័ស្តុតាងមួយចំនួនអំពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា។ រូបគំនូរបង្ហាញអំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងចុងក្រោយគឺរូបថតស្តីអំពីការផ្តួចផ្តើមបង្កើតគោលនយោបាយឈ្នះឈ្នះរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងការទទួលបានសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨។ កោះថ្ម គឺជាទីតាំងប្រវត្តិសាស្ត្រនៃដំណើរផ្សងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោអ៊ាន ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទៅ២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ដោយបានធ្វើដំណើរចាកចេញពីទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងយប់ឆ្ពោះទៅកាន់ស្រុកឡុកនិញ ខេត្តសុងប៊ែ (បច្ចុប្បន្នស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក) ប្រទេសវៀតណាម។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៃមជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានធ្វើបទបង្ហាញអំពីព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រសំខាន់ៗក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមក្នុងគោលបំណងទប់ស្កាត់កុំឲ្យមានអំពើឃោរឃៅកើតឡើងម្តងទៀតនៅប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅលើសកលលោក។

នៅចុងបញ្ចប់លោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងភាពយន្តឯកសារចំនួន២ដល់សិក្ខាកាមដែលជាកងទ័ពជើងគោកបានទស្សនា គឺខ្សែភាពយន្តឯកសារស្តីពីដំណើររបស់សមមិត្ត ហ៊ុន សែន ទៅប្រទេសវៀតណាម ដើម្បីប្រមែប្រមូលកងកម្លាំងវាយបកមកលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងភាពយន្តមួយទៀត គឺខ្សែភាពយន្តស្តីអំពីមរតក និងការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ លោក ផេង ពង្សរ៉ាស៊ី ក៏បានពន្យល់ណែនាំដល់សិក្ខាកាមដែលជាកងទ័ពជើងគោកទាំងអស់អំពីសារសំខាន់នៃការទប់ស្កាត់អំពើប្រល័យពួជសាសន៍ និងផលប៉ះពាល់នៃអំពើប្រល័យពូសាសន៍ជាលក្ខណៈបុគ្គលម្នាក់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

សិក្ខាកាមដែលជាកងទ័ពជើងគោកបានបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម៖

លោកជំទាវ ឧត្តមសេនីយ៍ត្រី ខឹម បូណា នាយិការងសេនាធិការកងទ័ពជើងគោក បានមានប្រសាសន៍ថា នាងខ្ញុំបានមកចូលរួមទស្សនកិច្ចសិក្សាជាប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ ដោយបានឃើញនូវភ័ស្តុតាងជាក់ស្តែង និង រូបថតប្រវត្តិសាស្ត្រនេះ ធ្វើឲ្យនាងខ្ញុំរំភើប និងក្តុកក្តួលនឹកដល់គុណបំណាច់សមេ្តចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិយើងឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាចុងក្រោយនាងខ្ញុំសូមគោរពជូនពរឲ្យសម្តេចតេជោមានសុខភាពល្អ ដឹកនាំប្រទេសឲ្យមានសន្តិភាពជារៀងរហូត។

អនុសេនីយ៍ទោ ជុន សុធី ធ្វើការនៅការរិយាល័យទី៥កងទ័ពជើងគោកបានមានប្រសាសន៍ថា ខ្ញុំមានការរំភើបរីករាយណាស់ដែលមកធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្មដែលជាទីតាំងប្រវត្តិសាស្ត្រយោធាមួយ ដែលសមេ្តចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀតធ្លាប់បានចាកចេញទៅប្រទេសវៀតណាម ដើម្បីប្រមែប្រមូលកម្លាំង និងរកជំនួយពីប្រទេសវៀតណាម ដើម្បីមករំដោះប្រទេសកម្ពុជាយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក អនុសេនីយ៍ទោ ជុន សុធី ក៏មានការរីរាយដែរដែលក្រុមការងារវិមានឈ្នះឈ្នះ និងមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំទទួលស្វាគមន៍ និងធ្វើបទបង្ហាញយ៉ាងច្បាស់អំពីបណ្តុំរូបថត និងដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ សុខ វណ្ណៈ​ និង ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖