ម៉ម រិន៖ ខ្មែរក្រហមធ្វើឲ្យស្ថានភាពគ្រួសាររបស់ខ្ញុំផ្លាស់ប្ដូរទាំងស្រុង

ខ្ញុំឈ្មោះ ម៉ម រិន ភេទស្រី អាយុ៧៩ឆ្នាំ។ សព្វថ្ងៃខ្ញុំរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅសម័យសង្គមរាស្រ្តនិយមជីវភាពក្នុងគ្រួសាររបស់ខ្ញុំមានកាលំបាកខ្លាំង ដែលជាហេតុធ្វើឲ្យខ្ញុំមិនបានចូលសិក្សារៀនសូត្រដូចគេ។ នៅឆ្នាំ១៩៦៩ ខ្ញុំរៀបការជាមួយប្ដីរបស់ខ្ញុំឈ្មោះ ញៀន គុច ពាក់ស័ក្តិមួយ មានតួនាទីបើកប្រាក់ខែឲ្យកូនទាហាន។​ កាលនោះខ្ញុំទៅរស់នៅក្នុងទីរួមខេត្តស្វាយរៀង។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ បានរយៈពេលពីរខែ ស្ថានភាពនៅក្នុងទីរួមខេត្តស្វាយរៀងមានភាពចលាចល។ ប្ដីរបស់ខ្ញុំឲ្យខ្ញុំមករស់នៅជាមួយឪពុកម្ដាយនៅក្នុងស្រុកកំពង់ត្របែកមួយរយៈ ព្រោះនៅបន្ទាយកំពង់ចក ស្ថិតនៅខាងជើងទីរួមខេត្តស្វាយរៀង កងទ័ពវៀតណាមខាងជើងធ្វើការវាយប្រហារយ៉ាងខ្លាំង។ នៅឆ្នាំ១៩៧២ កងទ័ពវៀតណាមខាងជើង វាយយកបានបន្ទាយកំពង់ចកទាំងមូលហើយទាហាន លន់ នល់ ទាំងអស់រួមជាមួយប្ដីរបស់ខ្ញុំ បានផ្លាស់ប្ដូរបន្ទាយមកនៅវត្តព្រៃឆ្លាក់ ក្នុងក្រុងស្វាយរៀងវិញ។ ចំណែកខ្ញុំដែលរស់នៅស្រុកកំពង់ត្របែក គ្រប់គ្រងដោយខ្មែរក្រហម បានតាមមករកប្តីនៅបន្ទាយកំពង់ចក ក្រែងលោឃើញមានសាកសពប្ដីរបស់ខ្ញុំ ព្រោះនៅទីនោះមានទាហាន លន់ នល់ ស្លាប់ច្រើនណាស់ ប៉ុន្តែខ្ញុំរកមិនឃើញ។ ក្រោយមក ខ្ញុំបានស្នើសុំសំបុត្រធ្វើដំណើរពីខ្មែរក្រហមដើម្បីចូលមកខាង លន់ នល់ ដោយយកលេសថា មកយកប្ដីឲ្យទៅចុះចូល។ ខ្ញុំធ្វើដំណើរមកដល់វត្តព្រៃឆ្លាក់ ក៏ហែកសំបុត្រចោល បន្ទាប់មកបានចូល​ទៅក្នុង​បន្ទាយ​ដើម្បី​តាមរកប្ដីរបស់ខ្ញុំ។ ពេលនោះមានកូនទាហានម្នាក់បានរត់ទៅប្រាប់ប្ដីរបស់ខ្ញុំថា លោកស្រីទើបតែធ្វើដំណើរមកដល់។ នៅក្នុងបន្ទាយ ខ្ញុំឃើញមានឡាន១២គ្រឿងត្រៀមចេញដំណើរទៅវាយបន្ទាយខ្មែរក្រហមដើម្បីរំដោះខ្ញុំ និងប្រពន្ធទាហានផ្សេងទៀត ប៉ុន្តែពេលខ្ញុំទៅដល់ក៏អាក់ខានវិញ។

រិន និងប្តី ថតនៅឆ្នាំ១៩៧០ នៅខេត្តស្វាយរៀង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៣ ប្តីរបស់ខ្ញុំត្រូវបានថ្នាក់លើបញ្ជូនឲ្យទៅមើលការខុសត្រូវនៅខេត្តកំពង់ចាម ហើយខ្ញុំទៅជាមួយដែរ។ ពេលទៅដល់កំពង់ចាមមិនបានប៉ុន្មាន ប្ដីរបស់ខ្ញុំបានឲ្យខ្ញុំជិះយន្តហោះមករស់នៅទីក្រុងភ្នំពេញ ព្រោះប្ដីរបស់ខ្ញុំជាប់វាយជាមួយទាហាន​វៀតណាមខាងជើង។ ក្រោយមក ខ្ញុំស្នើអ៊ំរបស់ខ្ញុំឈ្មោះ កង សោម ដែលធ្វើការនៅបន្ទាយទាហាននៅពោធិ៍ចិនតុងសុំឧទ្ធម្ភាគចក្រស្លាបកាត់ ឲ្យជូនខ្ញុំទៅជួបប្ដីនៅកំពង់ចាម។ ខ្ញុំធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកចុះនៅភ្នំប្រុស-ភ្នំស្រី។ ពេលមកដល់ មានកូនទាហានម្នាក់យករ៉ឺម៉កមកដឹកខ្ញុំទៅបន្ទាយស៊ុបនៅជើងព្រៃ គឺជាកន្លែងដែលប្ដីរបស់ខ្ញុំប្រចាំការ។ ពេលទៅដល់ភ្លាម ប្ដីរបស់ខ្ញុំបានសួរខ្ញុំអំពីមធ្យោបាយធ្វើដំណើរ ហើយគាត់បានស្ដីបន្ទោសខ្ញុំ ព្រោះឧទ្ធម្ភាគចក្រនោះទាហានទុកធ្វើសង្គ្រាម។ ខ្ញុំរស់នៅជាមួយគ្រួសារប្អូនថ្លៃស្រីរបស់ខ្ញុំដែលកំពុងមានផ្ទៃពោះ ហើយក្រោយមកកើតបានកូនភ្លោះពីរនាក់។

នៅឆ្នាំ១៩៧៤ ដោយសារតែការប្រយុទ្ធគ្នានៅកំពង់ចាមកាន់តែខ្លាំង គ្រួសារប្អូនថ្លៃរបស់ខ្ញុំត្រូវបានផ្ទេរឲ្យទៅប្រចាំការនៅខេត្តកំពត ចំណែកខ្ញុំត្រូវបានបញ្ជូនឲ្យមករស់នៅក្នុងទីក្រុងភ្នំពេញវិញ។ មុនដំបូងខ្ញុំដណ្ដើមឡើងជិះឧទ្ធម្ភាគចក្រ ប៉ុន្តែត្រូវកូនទាហានចាប់ទាញជើងធ្លាក់មកដី ដូច្នេះខ្ញុំបានប្តូរមកជិះកប៉ាល់វិញ។ នៅតាមផ្លូវខ្មែរក្រហមបានបាញ់ជាច្រើនគ្រាប់សំដៅមកកប៉ាល់។ ដោយសារតែមានទាហានតិចតួច ដូច្នេះខ្ញុំបានចូលទៅជួយហុចគ្រាប់ផ្លោងឲ្យទាហានដើម្បីបាញ់តតាំងពីកប៉ាល់សំដៅទៅខ្មែរក្រហមវិញ។ ពេលមកដល់ភ្នំពេញខ្ញុំយកមាសទៅលក់យកលុយដើម្បីទិញផ្ទះនៅផ្សារកណ្ដាលស្នាក់នៅ។ ចំណែកប្តីរបស់ខ្ញុំបានជិះកប៉ាល់មកតាមក្រោយ។ យើងរស់នៅក្នុងទីក្រុងភ្នំពេញរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

រិន (ខាងស្តាំ) និងប្អូនស្រីរបស់នាងថតដោយពាក់ឯកសណ្ឋានយោធាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ឯកសណ្ឋាននោះមិនមែនជារបស់នាង រិន ទេ ហើយ រិន ក៏មិនធ្វើការក្នុងជួរកងទ័ពដែរ។ ដោយសារតែស្រឡាញ់ និងនឹកប្តីខ្លាំងពេក ទើប រិន ខ្ចីឯកសណ្ឋានយោធាមកថតរូប។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

យោធាខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ឲ្យចេញពីទីក្រុងភ្នំពេញ ដោយលើកហេតុផលថា សម្អាតទីក្រុង។ ប្ដីរបស់ខ្ញុំបានយករទេះដឹកទឹកកកដើម្បីដឹកអីវ៉ាន់ និងក្មួយភ្លោះពីរនាក់ចេញពីទីក្រុង ប៉ុន្តែពេលចេញពីផ្ទះបានបន្តិចយើងស្នើសុំខ្មែរក្រហមត្រឡប់មកផ្ទះវិញព្រោះភ្លេចមនុស្សម្នាក់។ គ្រាន់តែគ្រួសាររបស់ខ្ញុំហៀបនឹងបកក្រោយ ស្រាប់តែយោធាខ្មែរក្រហមម្នាក់ទាញ់កាំភ្លើងបម្រុងបាញ់ប្ដីរបស់ខ្ញុំ។ ឃើញដូច្នេះ ខ្ញុំទាញប្ដីរបស់ចេញ ហើយរត់ទៅចាប់កាណុងកាំភ្លើងរបស់យោធាខ្មែរក្រហមឡើងទៅលើ។ យោធាខ្មែរក្រហមបានបាញ់រះឡើងលើអស់គ្រាប់មួយបង់។ បន្ទាប់មក យោធាខ្មែរក្រហមម្នាក់ទៀត បានរុញខ្ញុំឲ្យដួល រួចស្ដីឲ្យខ្ញុំថា «ង៉ែងក៏ឆ្នាស់ម្ល៉េះ»។ ខ្ញុំឆ្លើយតបវិញថា «បើមិនឆ្នាស់ម៉េច បើអ្នកឯងទាញ់កាំភ្លើងមកបាញ់មនុស្សចឹង មិនស្លាប់អស់ហើយ» ហើយគ្រួសាររបស់ខ្ញុំក៏ធ្វើដំណើរបន្តទៅមុខទៀត។ នៅតាមផ្លូវទៅខេត្តកំពង់ចាម ខ្ញុំឃើញយោធាខ្មែរក្រហមបាញ់ប្រជាជនស្លាប់ជាច្រើននាក់ ដោយសារតែប្រជាជនប្រឆាំងមិនចង់ចេញពីផ្ទះ។ សាកសពខ្លះបានជះខ្លិនស្អុយ និងខ្លះទៀតទើបតែស្លាប់ថ្មីៗ។ ពេលនោះក្មួយភ្លោះរបស់ខ្ញុំយំយ៉ាងខ្លាំង ខ្ញុំបានយកក្មួយទៅឲ្យមើលមនុស្សប្រុសដែលអង្គុយក្នុងឡាន ហើយនិយាយបន្លាចក្មួយថា «បើយំប្រយ័ត្នតានៅក្នុងឡានវាយ» ប៉ុន្តែមនុស្សនៅក្នុងឡានមិនឆ្លើយតបទេ។ ពេលខ្ញុំមើលមនុស្សនៅក្នុងកាន់តែជិតទើបដឹងថា គាត់បានស្លាប់ហើយ ដោយកូនចៅរបស់គាត់បានទុកឡានចោល រួចធ្វើដំណើរទៅបាត់អស់។ គ្រួសាររបស់ខ្ញុំធ្វើដំណើរទៅដល់កំពង់ចាមរួចត្រឡប់មកព្រៃវែងវិញ។ គ្រួសារខ្ញុំធ្វើដំណើរកាត់តាមឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ឆ្លងមកស្រុកកំពង់ត្របែក។ ​នៅតាមផ្លូវ ខ្ញុំបានបបួលប្ដីរបស់ខ្ញុំទៅរស់នៅខេត្តស្វាយរៀង ព្រោះនៅជិតប្រទេសវៀតណាម។ ខ្ញុំគិតថាបើមានហេតុការណ៍កើតឡើង យើងអាចរត់ចូលទឹកដីវៀតណាមបានដោយងាយ ប៉ុន្តែប្ដីរបស់ខ្ញុំបដិសេធព្រោះគាត់ចង់មករស់នៅជាមួយម្ដាយរបស់ខ្ញុំ។ ប្តីរបស់ខ្ញុំជឿថា បដិវត្តន៍មិនមានសម្លាប់មនុស្សឡើយ។ គ្រួសាររបស់ខ្ញុំធ្វើដំណើររយៈពេល១ខែ ទើបមកដល់ស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំរស់នៅផ្ទះបានប្រហែលមួយសប្ដាហ៍ អង្គការបានស្នើយកប្ដីរបស់ខ្ញុំទៅរៀនសូត្រ។ បងប្អូននៅក្នុងភូមិបានមកប្រាប់ខ្ញុំថា ប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមយកទៅសម្លាប់ហើយ និងឲ្យខ្ញុំខិតខំធ្វើការក្រែងលោបានរស់ជីវិត។ ខ្មែរក្រហមដឹងថា ប្ដីរបស់ខ្ញុំគឺជាទាហាន លន់ នល់។ នៅក្នុងភូមិ ខ្មែរក្រហមបានប្រើខ្ញុំឲ្យហាលជីលេខមួយ (លាមកមនុស្ស) និងរែកដី។ រហូតដល់ខែវស្សា ទើបខ្មែរក្រហមបញ្ជូនខ្ញុំឲ្យទៅស្ទូងស្រូវ និងច្រូតស្រូវពេលរដូវស្រូវទុំ។​

ម៉ម រិន អាយុ៧៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៦ មានការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងយោធាខ្មែរក្រហមនៅតាមបណ្តោយព្រំដែន ហើយបានបណ្តាលឲ្យយោធាខ្មែរក្រហមស្លាប់អស់ជាច្រើន។ នៅពេលនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំជាមួយកងចល័តនារីទៅសែងសាកសពទាហាន និងអ្នករបួសមកព្យាបាលនៅមន្ទីរពេទ្យក្បាលថ្នល់។ អំឡុងឆ្នាំ១៩៧៦ ដដែល ខ្មែរក្រហមចាត់តាំងខ្ញុំទៅធ្វើដីសណ្ដរនៅព្រៃកណ្ដួចជាមួយកងចល័តនារីផ្សេងទៀត ព្រោះខ្ញុំមិនទាន់មានកូន។ នៅព្រៃក្ដួចប្រជាជនមូលដ្ឋានរើសអើងខ្ញុំខ្លាំងណាស់ ហើយប្រសិនបើមានការប្រជុំផ្សេងៗ ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនថ្មីចូលរួមប្រជុំទេ។ ខ្ញុំធ្លាប់បានលួចស្ដាប់ខ្មែរក្រហមប្រជុំម្ដង ដើម្បីចង់ដឹងថាខ្មែរក្រហមមានផែនការអ្វីខ្លះ។ ខ្ញុំស្ដាប់ឮកម្មាភិបាលខ្មែរក្រហមនិយាយប្រាប់ប្រជាជនមូលដ្ឋានកុំឲ្យមកស្និទ្ធស្នាលជាមួយប្រជាជនថ្មី។ នៅក្នុងស្រុកកំពង់ត្របែក ប្រជាជនមូលដ្ឋានមានការរើសអើងប្រជាជនថ្មីយ៉ាងខ្លាំង ព្រមទាំងចាត់តាំងប្រជាជនថ្មីឲ្យធ្វើការងារធ្ងន់ធ្ងរដែលជាធ្វើឲ្យប្រជាជនថ្មីមួយចំនួនលេបគ្រាប់ស្លែងសម្លាប់ខ្លួន។​

នៅឆ្នាំ១៩៧៧ ខ្ញុំត្រឡប់មកធ្វើការនៅក្នុងភូមិវិញ។ ខ្មែរក្រហមបានដាក់វេនឲ្យកងរបស់ខ្ញុំ ដាំបាយ និងបុកស្រូវ ប៉ុន្តែខ្ញុំមិនសូវបានធ្វើការក្នុងកងទេ ព្រោះអង្គការចាត់តាំងខ្ញុំនិងកងចល័តនារីមួយចំនួនទៅសែងអ្នករបួស និងអ្នកស្លាប់ ពីព្រំដែនវៀតណាមយកមកព្យាបាលនៅមន្ទីរពេទ្យ ស្ថិតនៅភូមិព្រៃម្លុង ឃុំព្រៃពោន ស្រុកកំពង់ត្របែក។ នៅក្នុងឆ្នាំ១៩៧៧ មានទាហានខ្មែរក្រហមជាច្រើននាក់បានស្លាប់ ព្រោះខ្មែរក្រហមបញ្ជាឲ្យយោធាជិះដើមចេកឆ្លងទឹកទៅវាយវៀតណាម ប៉ុន្តែដោយសារវៀតណាមស៊ើបដឹងមុនក៏ចាំបាញ់ស្ទាក់។ នៅពេលយប់ ប្រធានសហករណ៍ឈ្មោះ ជឹម ឃន បានបញ្ជាឲ្យកងនារីទាំងអស់នៅច្រូតស្រូវនៅភូមិក្រាំងលាវ ចំណែកពេលថ្ងៃយើងត្រូវច្រូតស្រូវនៅជិតៗភូមិ។ យើងទៅច្រូតស្រូវនៅភូមិក្រាំងលាវពេលយប់ដោយសារពេលថ្ងៃ កងទ័ពវៀតណាមចាំបាញ់ស្ទាក់នៅពេលឃើញមានមនុស្សទៅក្បែរព្រំដែន។ ដូច្នេះយើងត្រូវលួចចូលច្រូតស្ងាត់ៗមិនឲ្យវៀតណាមឃើញឡើយ។ នៅយប់មួយ ពេលដែលខ្ញុំកំពុងតែច្រូតស្រូវ កងទ័ពវៀតណាមបានបាញ់គ្រាប់ផ្លោងចូលមកធ្វើឲ្យកងចល័តនាំគ្នារត់ និងខ្លះទៀតបានស្លាប់ដោយសារត្រូវគ្រាប់។

ស្រ្តីជិះកង់នៅលើប្រឡាយក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនថ្មីទាំងអស់ឲ្យទៅរស់នៅខេត្តពោធិ៍សាត់។ ដំបូងប្រធានសហករណ៍ ឈ្មោះ ឃន មិនបញ្ជូនគ្រួសារខ្ញុំទៅខេត្តពោធិ៍សាត់ទេ ប៉ុន្តែដោយសារអ្នកភូមិទិតៀនច្រើនពេក ទើបប្រធានសហករណ៍បញ្ជូនគ្រួសាររបស់ខ្ញុំទៅជាមួយប្រជាជនផ្សេងទៀត។ ខ្ញុំនិងប្អូនថ្លៃរបស់ខ្ញុំ រួមជាមួយក្មួយភ្លោះពីរនាក់ទៀត បានដើរពីកំពង់ត្របែករហូតទៅដល់អ្នកលឿង ដើម្បីឡើងជិះកប៉ាល់ទៅក្រុងភ្នំពេញ។ នៅពេលដែលប្រជាជនឡើងលើកប៉ាល់ពេញ អ្នកបើកបរចាប់ផ្ដើមចេញដំណើរ។ ប៉ុន្តែពេលទៅដល់កណ្ដាលទន្លេស្រាប់តែយោធាខ្មែរក្រហមម្នាក់ពាក់អាវពោងរួចជាស្រេច បានទៅដកឆ្នុកកប៉ាល់ដើម្បីឲ្យទឹកហូរចូល។ ឃើញដូច្នេះ អ៊ំប្រុសម្នាក់ដែលនៅជិតខ្ញុំ បានស្រែកគំរាមថា បើមិនចុកឆ្នុកវិញ គាត់នឹងយកដករែកវាយ។ ឮដូច្នេះយោធានោះព្រមធ្វើតាម ហើយយើងធ្វើដំណើរដោយសុវត្ថិភាពរហូតដល់ទីក្រុងភ្នំពេញ។ ពេលទៅដល់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ទទួលរបបអាហារ ខោអាវថ្មី និងក្រមាថ្មី និងរង់ចាំជិះរថភ្លើងបន្តទៀត។ ប្រជាជនទាំងអស់ចាប់ផ្ដើមឡើងជិះលើរថភ្លើងដើម្បីធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ បន្ទាប់មកក៏មានឡានមកដឹកទៅដាក់នៅតាមការដ្ឋានរៀងៗខ្លួន។ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅនៅជិតវត្តកណ្ដាល ហើយនៅទីនោះខ្ញុំឃើញមានរណ្ដៅសាក​សពជាច្រើន ។ នៅកន្លែងស្នាក់នៅ មានអ៊ំម្នាក់និយាយប្រាប់ខ្ញុំថា ក្រុមរបស់ខ្ញុំសំណាងជាងគេ ព្រោះអង្គការមិនយកទៅសម្លាប់ដូចក្រុមមុនៗ។ ពេលឮដូច្នេះ ខ្ញុំកាន់តែខំប្រឹងធ្វើការបន្ថែមទៀត ព្រោះអ្នកដែលមិនធ្វើការ ឬធ្វើឲ្យខូចរបស់ប្រើប្រាស់ ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលភ្លាម។ ពេលល្ងាច ខ្មែរក្រហមហៅខ្ញុំទៅសួរអំពីប្រវត្តិការងារពីមុនមក  ព្រោះឃើញខ្ញុំចេះគ្រប់ការងារទាំងអស់ដែលខ្មែរក្រហមដាក់ឲ្យធ្វើ។ ខ្ញុំបានហូបបាយឆ្អែត ហូបស្ករ ហើយខ្ញុំអាចបេះផ្លែឈើព្រៃហូបបន្ថែមទៀត ព្រោះអង្គការឃើញខ្ញុំធ្វើការងារបាន​ល្អជាងគេ។

វាលស្រែក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមចាត់តាំងឲ្យខ្ញុំទៅដេរខោអាវចាស់ៗ ដែលសល់ពីអ្នកស្លាប់ យកមកចែកឲ្យប្រជាជននៅក្នុងតំបន់ដែលខ្ញុំរស់នៅ។ នៅពេលដែលខ្ញុំចែកខោអាវរួច ស្រាប់តែឃើញកងទ័ពវៀតណាមចូលមកដល់ ដូច្នេះខ្មែរក្រហមចាប់ផ្ដើមកៀរប្រជាជនចូលទៅក្នុងព្រៃ។ ចំណែកគ្រួសាររបស់ខ្ញុំបបួលគ្នាត្រឡប់ស្រុកវិញ។ ពេលនោះ យោធាខ្មែរក្រហមបានជិះសេះតាមពីក្រោយ ប៉ុន្តែពេលឃើញខ្ញុំមានកាំបិតបម្រុងតដៃក៏ត្រឡប់ទៅវិញបាត់។ នៅតាមផ្លូវយោធាខ្មែរក្រហមបានលួចស្ទាក់បាញ់គ្រួសារខ្ញុំនិងប្រជាជនផ្សេងទៀត។ ខ្ញុំបម្រុងចូលទីក្រុងភ្នំពេញ ប៉ុន្តែកងទ័ពវៀតណាមនិងកងទ័ពរណសិរ្សបានហាមឃាត់មិនឲ្យចូល ដូច្នេះខ្ញុំបន្តដំណើរមកព្រៃវែងតែម្ដង។ ខ្ញុំធ្វើដំណើរជាង១០ថ្ងៃបានមកដល់ស្រុកកំពង់ត្របែក។ ខ្ញុំបានជួបម្ដាយឪពុក បងប្អូន និងរស់នៅជាមួយគ្នារហូតមកដល់សព្វថ្ងៃ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំបាត់បង់ប្ដីជាទីស្រឡាញ់ និងប្អូនប្រុសរបស់ខ្ញុំម្នាក់ដែលផ្លាស់ទៅប្រចាំការនៅខេត្តកំពតនៅក្នុងសម័យ លន់ នល់។​

អត្ថបទ ៖ ភា រស្មី បុគ្គលិកការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖