វេទិកាប្រវត្តិសាស្រ្តគ្រួសារនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

បុគ្គលិក និងអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង កាលពីចុងសប្តាហ៍ទី៣និងដើមសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២២ បានចុះទៅកាន់ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៣នាក់ មកពីភូមិផ្សេងគ្នានៃឃុំព្រៃពោន។ លោកមេឃុំឈ្មោះ កែវ វន្ថា បានជួយសម្របសម្រួលកិច្ចការនេះតាំងពីដើមដល់ចប់។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបសាច់រឿង ឬបទពិសោធន៍របស់អ្នករស់រានមានជីវិតទាំង១៣នាក់។

ម៉ឹង ឈិន អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

១) ម៉ឹង ឈិន អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក។ ឈិន កើតនៅឆ្នាំ១៩៤៩ ក្នុងត្រកូលក្រីក្រមួយនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស្ថិតក្នុងអាណានិគមបារាំង ឈិន រស់នៅជាមួយឪពុកម្តាយ និងបងប្អូន៥នាក់យ៉ាងលំបាក។ ពេល ឈិន មានអាយុ១១ឆ្នាំ គាត់បានចូលរៀននៅក្នុងសាលាបឋមសិក្សា ព្រៃពោន និងមិនបានបន្តការសិក្សាបន្តទៀតទេ បន្ទាប់បានបញ្ចប់ការសិក្សានៅក្នុងសាលានេះ។ ឈិន បាននិយាយដូច្នេះថា «ប្អូន​ៗ​របស់ខ្ញុំបានបន្តការសិក្សានៅទីក្រុងភ្នំពេញទៀត។ ដោយសារតែខ្ញុំជាកូនច្បងក្នុងគ្រួសារ ខ្ញុំមិនបានបន្តការសិក្សានឹងគេទេ ព្រោះត្រូវនៅមើលថែឪពុកម្តាយចាស់ៗនៅស្រុកកំណើត និងជួយប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវភាព»។ បន្ទាប់ពីថ្ងៃ១៨ មីនា ១៩៧០ យុវជននៅក្នុងភូមិជាច្រើននាក់បានស្ម័គ្រចិត្តចូលរួមក្នុងចលនាបដិវត្តន៍របស់ខ្មែររំដោះ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ ឈិន ត្រូវបានអូសទាញដោយក្រុមយុវជនទាំងនោះ ប៉ុន្តែគាត់មិនបានសម្រេចចិត្តចូលរួមទេ ដោយសារតែឪពុកម្តាយចាស់ៗ និងត្រូវនៅមើលថែប្អូនៗផង។

ក្នុងអំឡុងឆ្នាំ១៩៧១ កងកម្លាំងធីវគី និងវៀតកុងមានវត្តមាននៅក្នុងទឹកដីភូមិព្រៃពោន ឃុំព្រៃពោន ហើយ កងកម្លាំងទាហាន លន់ នល់ ក៏បានបោះទីតាំងបន្ទាយរបស់ខ្លួននៅក្បែរបរិវេណវត្តព្រៃពោនដែរ។ វត្តមានរបស់កងកម្លាំងទាំងនេះ បានធ្វើឲ្យភូមិព្រៃពោនមានហេតុការណ៍ចម្លែកៗកើតឡើងជាហូរហែរ ដូចជាការប្រយុទ្ធគ្នា ការចាកចេញពីភូមិកំណើត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិ។ ជារឿយៗ ការប្រយុទ្ធគ្នាបានកើតមានឡើងរវាងកងកម្លាំងទាំងនោះ។ ឥទ្ធិពលនៃការប្រយុទ្ធគ្នានេះ បានធ្វើឲ្យប្រជាជននៅក្នុងភូមិខ្លាចរអាគ្រប់ៗគ្នា រហូតនាំគ្នាចាកចេញពីផ្ទះសម្បែងរបស់ខ្លួនដើម្បីស្វែងរកទីកន្លែងជ្រកកោនសុវត្ថិភាពនៅឆ្ងាយៗពីភូមិកំណើត។ ស្ថិតក្នុងអំឡុងពេលដែលប្រជាជនទាំងអស់មិនស្នាក់នៅក្នុងផ្ទះ កងកម្លាំងធីវគី បានចូលរុករើផ្ទះសម្បែង និងសម្លាប់សត្វពាហនៈនិងសត្វចិញ្ចឹមផ្សេងទៀតរបស់អ្នកភូមិដើម្បីធ្វើម្ហូប។ នៅពេលដែលសភាពការណ៍ប្រយុទ្ធគ្នាស្ងប់ស្ងាត់ទៅ ប្រជាជននាំគ្នាវិលត្រលប់មកកាន់ផ្ទះសម្បែងវិញ និងប្រកបរបរធ្វើស្រែបន្តិចបន្តួចដូចមុន ទោះជាស្ថានការមិនប្រក្រតីក៏ដោយ។ ព្រឹត្តិការណ៍នេះ បានជម្រុញឲ្យទឹកចិត្តយុវជនគិតគូរពីការចូលរួមចំណែកក្នុងការស្ថារប្រទេសជាតិ តាមរយៈការចូលរួមក្នុងកម្លាំងបដិវត្តន៍ដើម្បីនាំយកសម្តេចព្រះ នរោត្តម សីហនុ មកកាន់ប្រទេសកម្ពុជាដើម្បីគ្រប់គ្រងប្រទេសជាថ្មីឡើងវិញ។ យុវជនភាគច្រើនបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរបដិវត្តន៍។ យុវជនខ្លះទៀតមិនបានបង្ហាញឲ្យឃើញពីការចូលរួមដោយផ្ទាល់ទេ ប៉ុន្តែបានសម្តែងពីទឹកចិត្តស្នេហាជាតិតាមរយៈការចូលរួមសកម្មភាពនានាក្នុងភូមិកំណើត។ ឈិន មិនបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរបដិវត្តន៍ពិតមែន ប៉ុន្តែគាត់បានឆ្លៀតពេលវេលាក្នុងការចូលរួមប្រជុំផ្សេងៗដែលបានកើតឡើងក្នុងភូមិស្រុក ដូចជាប្រជុំសម្ងាត់ ប្រជុំនយោបាយ និងប្រជុំអប់រំមនោគមន៍វិជ្ជា។ ឈិន និយាយដូច្នេះថា៖ «នៅឆ្នាំ១៩៧១ ខ្ញុំធ្លាប់បានចូលរួមប្រជុំសម្ងាត់មួយជាមួយយុវជនប្រហែល២៥នាក់ទៀត ដែលធ្វើឡើងនៅពេលយប់ឯកណ្តាលវាលស្រែ ដើម្បីអប់រំមិនឲ្យយុវជនទាំងអស់ស្រែក «ជយោ! សម្តេចឪ»ទេ នៅពេលទទួលបានជ័យជំនះទាំងស្រុង។ ឈ្មោះ ប៉ោន និងឡោន ជាប្រធានយុវជនឃុំព្រៃពោន ជាអ្នកហៅខ្ញុំឲ្យមកប្រជុំ។ ប្រជុំរបៀបនេះ មានតែម្តងទេ ប៉ុន្តែមានប្រជុំជាច្រើនទៀតបានកើតឡើង ដែលនិយាយតែពីរឿងជ័យជំនះរបស់ខ្មែរក្រហម។ ខ្ញុំបានចូលរួមស្ទើរតែគ្រប់អង្គប្រជុំ»។

ចាប់ពីឆ្នាំ១៩៧២មក ស្របពេលដែលកងកម្លាំងវៀតណាមភាគច្រើន (ទាំងកងកម្លាំងធីវគី និងវៀតមិញ) ចាកចេញពីភូមិឃុំព្រៃពោន ការទម្លាក់គ្រាប់បែកក៏នៅតែបន្តកើតមានដដែល។ រីឯចលនាបដិវត្តន៍ ក៏រឹតតែរីកចម្រើនឡើងៗដែរ រហូតទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃ១៧ មេសា ១៩៧៥។ ពីឆ្នាំ១៩៧៥ដល់ថ្ងៃដែល ឈិន ត្រូវរៀបការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៧ គាត់ត្រូវកម្មាភិបាលខ្មែរក្រហមប្រើឲ្យធ្វើការនៅក្នុងកងចល័តស្រុកកំពង់ត្របែក ដែលតម្រូវឲ្យធ្វើការនៅទីកន្លែងឆ្ងាយៗពីភូមិកំណើត។ ឈិន បាននិយាយពីការរៀបការរបស់គាត់ប្រាប់ថា៖ «នៅថ្ងៃទី៧ ខែ៧ ឆ្នាំ១៩៧៧ ខ្ញុំរៀបការជាមួយប្រពន្ធខ្ញុំ។ ក្នុងថ្ងៃនោះ គូស្រករ១៣គូផ្សេងទៀតត្រូវអង្គការផ្សំផ្គុំដូចខ្ញុំដែរ នៅក្នុងសហករណ៍ព្រៃពោន។ មុនថ្ងៃរៀបការមួយថ្ងៃ នៅ ម៉ោងប្រហែល៧យប់ គេ (អង្គការ) ឲ្យយុវជនម្នាក់ទៅហៅខ្ញុំមកឲ្យមើលគ្រួសារ (ប្រពន្ធ) របស់ខ្ញុំដែលកំពុងអង្គុយនៅក្នុងសហករណ៍។ ខ្ញុំធ្លាប់ស្គាល់គាត់កាលពីយើងនៅក្នុងកងចល័តដូចគ្នា។ គាត់ស្លូតណាស់។ គេប្រាប់ថា មិត្តឯងត្រូវរៀបការនៅថ្ងៃស្អែកជាមួយនារីម្នាក់ហ្នឹង យល់ព្រមអត់?។ ខ្ញុំភ្ញាក់ខ្លួនព្រើត រួចខ្ញុំឆ្លើយថា យល់ព្រម។ ដល់អ៊ីចឹង គេសរសេរនៅលើក្រដាសតាមការយល់ព្រមរបស់ខ្ញុំ។ ខ្ញុំមិនដឹងថាគេសរសេរអ្វីខ្លះទេ។ អ្នកសរសេរគឺជាគ្រូបង្រៀននាពេលនោះ។ ស្អែកឡើង ខ្ញុំមករៀបការនៅក្នុងសហករណ៍ព្រៃពោន។ ប្រធានសហករណ៍ព្រៃពោន ជាអ្នកណែនាំក្នុងពិធីរៀបការ។ កន្លះខែបន្ទាប់ពីរៀបការរួច ខ្ញុំត្រូវបញ្ជូនទៅកាន់កន្លែងមួយចំនួនក្បែរៗស្រុកពាមជរ ដើម្បីធ្វើការងារដាំដំណាំនិងភ្ជួររាស់។ យូរៗខ្ញុំបានមកលេងផ្ទះម្តង។ រហូតដល់ឆ្នាំ១៩៧៩ ទើបខ្ញុំមានកូនប្រុសម្នាក់។» នៅឆ្នាំ១៩៧៨ ឈិន បានស្នើសុំអង្គការទៅកាន់ខេត្តពោធិ៍សាត់ជាមួយគ្រួសារបងស្រីរបស់ខ្លួន ប៉ុន្តែត្រូវអង្គការបដិសេធ។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ឈិន បានបាត់បង់បងថ្លៃប្រុសម្នាក់ និងក្មួយពីរនាក់។ ឈិន បានចូលធ្វើជាគ្រូបង្រៀន និងបានចូលនិវត្តន៍នៅឆ្នាំ២០១៥។ សព្វថ្ងៃ ឈិន ប្រកបរបរជាគ្រូពេទ្យប្រចាំភូមិ។

ម៉ឹង សាមួន អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

២) ម៉ឹង សាមួន អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុករបស់សាមួន មានឈ្មោះ ម៉ឹង គង់ ហើយម្ដាយឈ្មោះ ភោគ ប៊ិច និងមានបងប្អូន៨នាក់(ស្រី៣)។ ឪពុកម្ដាយររបស់សាមួន ស្លាប់តាំងពី សាមួននៅក្មេងដោយសារជំងឺចាស់ជរា។ សាមួនដែលជាកូនពៅនៅក្នុងគ្រួសារបានផ្លាស់ប្ដូរទីលំនៅទៅនៅវត្ត ដើម្បីបន្តការសិក្សារៀនសូត្រនៅបឋមសិក្សាព្រៃពោន រហូតដល់បញ្ចប់ថ្នាក់ទី៧។ ឆ្នាំ១៩៦៨ សាមួនបានបន្តការសិក្សារបស់ខ្លួននៅអនុវិទ្យាល័យព្រៃពោន ដោយចូលរៀនថ្នាក់ទី៦។ ឆ្នាំ១៩៧០ នៅក្នុងស្រុកចាប់ផ្ដើមមានសង្គ្រាម សាមួនបានផ្លាសប្ដូរការសិក្សាពីព្រៃពោនទៅវិទ្យាល័យកំពង់ត្របែក ប៉ុន្តែបានតែប៉ុន្មានខែក៏រត់ទៅរស់នៅទីក្រុងភ្នំពេញវិញ។ ព្រះចៅអធិការវត្តព្រះនាម ប៉ែន នួន ជាអ្នកនាំសាមួនឲ្យទៅរស់នៅក្នុងវត្តបទុម ដោយគង់ក្នុងកុដលេខ២៨ ក្រោមការគ្រប់គ្រងរបស់ ព្រះសង្ឃឈ្មោះ ម៉ៅ ខាន់។ ការរស់នៅក្នុងវត្តមានការលំបាកណាស់ សាមួនឆ្លៀតធាក់ស៊ីក្លូ ដើម្បីផ្គត់ផ្គង់ការសិក្សា និងម្ហូបអាហារប្រចាំថ្ងៃព្រោះព្រះសង្ឃដើរបិណ្ឌបាតមិនសូវបានដូចគ្នា។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានយកឈ្នះទៅលើទាហាន លន់ នល់ ទាំងស្រុង ហើយយោធាខ្មែរក្រហមជាច្រើននាក់បានរត់ចូលក្នុងទីក្រុងភ្នំពេញ រួមទាំងប្រកាសខ្លួនថាមិនមែនចូលមកចចារ។ សាមួន បានជួបបងប្រុសរបស់ខ្លួនម្នាក់ដែលមានឈ្មោះថា ម៊ឹង ព្រៃ ក្នុងឯកសណ្ឋានជាយោធាខ្មែរក្រហម។ បងរបស់សាមួន បានប្រាប់ឲ្យសាមួនត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ និងឲ្យសាមួន ទៅរៀនអំពីការរស់នៅរបស់ប្រជាជនក្នុងភូមិវិញ។ សាមួនបានធ្វើដំណើរអស់រយៈពេល១៩ថ្ងៃទើបមកដល់ ភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១។ ពេលទៅដល់ផ្ទះ បងប្អូនក្នុងភូមិបានណែនាំសាមួនអំពីរបៀបរស់នៅ និងប្រាប់ឲ្យគាត់ធ្វើជាមនុស្សល្ងង់។ ក្នុងឆ្នាំ៧៥ ដំបូងឡើយប្រជាជនធ្វើស្រែរួមគ្នា ប៉ុន្តែការហូបអាហារតាមផ្ទះរៀងខ្លួន ហើយប្រធានសហករណ៍ជាអ្នកចែកស្រូវឲ្យប្រជាជនក្នុង១នាក់៣ខាំស្រូវយកមកហូបក្នុងមួយថ្ងៃ។ ប្រជាជននៅក្នុងភូមិរួមទាំងសាមួន បានយកស្រូវទៅលីងហើយបុក រួចរែងយកតែអង្កាមចេញ សល់ប៉ុន្មានយកមកហូប។ នៅពេលមានភ្លៀងនៅតាមផ្លូវធ្វើដំណើរ និងកន្លែងបន្ទោរបង់ឃើញមានដានជើងរបស់មនុស្ស ប៉ុន្តែលាមកគឺដូចជាលាមកសត្វជ្រូកទៅវិញ។ បន្ទាប់ពីបែកហើយបានប្រមាណ១ឆ្នាំ នៅក្នុងភូមិព្រៃក្រសាំងចាប់ផ្ដើមបង្កើតជារោងបាយរួម ហូបរួម និងប្រមូលសត្វចិញ្ចឹម សម្ភារៈប្រើប្រាស់ទាំងអស់ដាក់ក្នុងសហករណ៍រួម។ ការហូបអាហារកាន់តែលំបាក គឺបានតែបរបរពីរពេលក្នុងមួយថ្ងៃ ហើយការធ្វើការងារកាន់តែធ្ងន់។ បន្ទាប់ពីបញ្ចប់ការធ្វើស្រែ ប្រជាជននៅក្នុងភូមិដែលមានកម្លាំងធ្វើការ អង្គការបញ្ជូនឲ្យះទៅជីកប្រឡាយ លើកប្រព័ន្ធផ្សេងៗ។ ពេលទៅធ្វើការក្រៅពីសហករណ៍ យើងអាចដើររកបន្លែដូចជាកំប្លោក ត្រកូន ព្រលិត និងសត្វល្អិតផ្សេងៗយកមកហូបបន្ថែមបាន។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សាមួនបានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួនម្នាក់ដែលមានឈ្មោះថា ម៊ឹង សាវ៉ុន និងបានរស់នៅជាមួយគ្នារហូតដល់បែកសម័យខ្មែរក្រហមក្នុងឆ្នាំ១៩៧៩។ ក្រោយមកបានប្រមាណ៥ឆ្នាំ សាមួនបានទៅប្រឡងជាប់ធ្វើជាគ្រូបង្រៀននៅវិទ្យាល័យកំពង់ត្របែក ហើយគាត់តែងតែយករឿងរ៉ាវដែលគាត់បានឆ្លងកាត់សម័យខ្មែរក្រហមប្រាប់ទៅសិស្សៗរបស់គាត់។ សាមួនបានបន្ថែមទៀតថា គាត់មានការអន់ចិត្ត និងខឹងយ៉ាងខ្លាំងនៅពេលដែលក្មេងៗជំនាន់ក្រោយនិយាយថា ប្រវត្តិសាស្រ្ដខ្មែរក្រហមគឺជាប្រវត្តិសាស្រ្ដដែលគេប្រឌិតឡើង ហើយឆ្អឹងសាកសពដែលនៅសល់ទាំងអស់គឺជាជ័រ។

ស៊ុម ហ៊ួន អាយុ៦៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៣) ស៊ុម ហ៊ួន អាយុ៦៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ហ៊ួន ជាមនុស្សម្នាក់ដែលស្រឡាញ់ខាងវិស័យសិល្បៈណាស់ គាត់បានទៅដាក់ពាក្យប្រឡងចម្រៀងទៀតផងនៅវត្តកស្សបៈក្រោយខ្មែរក្រហមដួលរលំ តែត្រូវប្រឡងធ្លាក់។ នៅឆ្នាំ១៩៧២ ហ៊ួន បានទៅរៀនច្រៀងចម្រៀងជាច្រើនបទ ដែលសុទ្ធតែជាចម្រៀងបដិវត្តន៍របស់ខ្មែរក្រហម។ គ្រូបង្រៀនចម្រៀងដែលរស់នៅក្នុងភូមិរបស់ ហ៊ួន បានបង្រៀនចម្រៀងជាច្រើនបទ ដល់ ហ៊ួន និងអ្នកឯទៀតសម្រាប់ច្រៀងឲ្យខ្មែរក្រហម ហើយបទដែល ហ៊ួន នៅតែចាំមិនភ្លេចនោះ គីបទ ឈាមក្រហមឆ្អៅ និង ដៃកាន់អាវុធ។ ងាកមកមើលជីវប្រវត្តិពីដើមរបស់ ហ៊ួន វិញ នៅឆ្នាំ១៩៦៨ ស៊ុម ហ៊ួន បានចូលរៀនដំបូងនៅសាលាវត្តបេងក្នុងអាយុ៨ឆ្នាំ ហើយបានផ្អាកការសិក្សាមួយរយៈ ត្រឹមថ្នាក់ទី១០។ មូលហេតុដែលគាត់មិនអាចបន្តការសិក្សាបាននោះ គីដោយសារតែស្រុកទេសមានភាពច្របូកច្របល់ មានសង្គ្រាមកើតឡើង មានបក្សពួកប្រយុទ្ធគ្នាយ៉ាងច្រើននៅពាសពេញទឹកដី បន្ទាប់ពី លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ មក។ សង្គ្រាមបានធ្វើឲ្យក្រុមគ្រួសាររបស់ ហ៊ួន និងអ្នកឯទៀតមានការលំបាកជាខ្លាំង ជាពិសេសត្រូវរត់ចាកឆ្ងាយពីផ្ទះសម្បែងឥតឈប់ឈរ ហើយអ្នកខ្លះក៏ត្រូវអស់ជីវិតទៀតដោយសារសង្គ្រាម។ ក្រោយសេនាប្រមុខ លន់ នល់ កាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុង សម្តេច នរោត្តម សីហនុ បានអំពាវនាវពីប៉េកាំងមក ឲ្យប្រជាជនរត់ចូលព្រៃម៉ាគីម៉ាគា ដើម្បីតស៊ូ និងបង្កើតជារណៈសិរ្យរំដោះជាតិកម្ពុជា ។ ប្រជាជនជាច្រើនរួមទាំង ហ៊ួន ដែរ ដែលបានចូលតាម ការអំពាវនាវរបស់សម្តេច ដើម្បីទាមទារអំណាចមកថ្វាយជូនព្រះអង្គវិញ។ ហើយការចូលរួមរបស់ ហ៊ួន នេះដែរត្រូវបានគេលើកឲ្យធ្វើជាកងឈ្លបនៅក្នុងឃុំព្រៃពោន។ នៅឆ្នាំ១៩៧៤(មិនចាំថ្ងៃខែ) ហ៊ួនត្រូវបានគេជ្រើសតាំងឲ្យចូលជាកងពល៨០៥ ចំណុះឲ្យមជ្ឈឹម ដែលមានតា សែម ជាប្រធាន នៅស្រុក អូរាំងឪ។ ការជ្រើសតាំងនេះតម្រូវឲ្យ ហ៊ួន ហាត់ រៀនច្បាប់ទាហាននៅទីរួមខេត្តព្រៃវែង ដោយការហាត់រៀននោះមានដូចជាការបង្ហាត់ឲ្យចេះដាក់មីន ដោះមីន បាញ់ស៊ីប លូន ក្រាប ជាដើម ក្នុងរយៈពេល៦ខែ។ នៅចុងឆ្នាំ១៩៧៨ ក្នុងសភាពការណ៍ វៀតណាម វាយចូលទឹកដីកម្ពុជាពេញទំហឹង ហ៊ួន បានចេញទៅច្បាំងនៅ ទួលអាក្លូត ច្រមុះជ្រូក ស្រុកព្រះស្តេច តាមព្រំដែន ដើម្បីការពារមិនឲ្យយួនវាយចូលមកបាន តែក៏ត្រូវបានវៀតណាម បាញ់កាំភ្លើងត្រូវ ចំភ្លៅខាងស្តាំចំនួន២គ្រាប់ ដែលបន្សល់ទុកនូវស្នាមគ្រាប់កាំភ្លើងរហូតមកដល់សព្វថ្ងៃ។ ទាហានខ្មែរក្រហមបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបឹងព្រលិត ហើយសម្រាកនៅទីនោះចំនួនមួយខែកន្លះ ទើបវិលចូលសមរភូមិវិញដើម្បីប្រយុទ្ធបន្តទៀត។ ហ៊ួន បាននិយាយថាខណៈពេលដែលគាត់កំពុងតែត្រូវគ្រាប់កាំភ្លើង គាត់មានការភិតភ័យ និងញ័រ យ៉ាងខ្លាំងនៅពេលដែលគាត់ឮស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងម្តងៗ។សង្គ្រាមខ្មែរក្រហមជាមួយវៀតណាមត្រូវបានបញ្ចប់ ខ្មែរក្រហមបានចាញ់ទៅលើសង្គ្រាមមួយនេះ ហ៊ួន បានបោះកាំភ្លើងចោល ហើយបានវិលមកកាន់ស្រុកំណើតវិញ ក្រោយថ្ងៃជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ ហើយបានប្រកបរបរធ្វើស្រែ រហូតមកដល់បច្ចុប្បន្ន។

ឃុត សោភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៤) ឃុត សោភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ម្តាយរបស់ សោភា ឈ្មោះ ឡាំ ផល ហើយឪពុកឈ្មោះ ឃុត ចិន។ សោភា មានបងប្អូនបួននាក់(ស្រីពីរនាក់)។ បងប្អូនរបស់ សោភា ចំនួនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងភូមិជីពាយដំបូង ក្មេងៗត្រូវបានអនុញ្ញាតិឲ្យរៀនសូត្រដល់ថ្នាក់ទី៥។ ក្មេងៗនៅក្នុងភូមិទាំងអស់រួមទាំងសោភាផង បានចូលរៀននៅក្នុងសាលាពេលព្រឹកហើយចំណែកពេលរសៀលគឺអង្គការប្រើឲ្យទៅប្រមូលអាចម៍គោ អាចម៍ក្របីនៅតាមផ្ទះអ្នកភូមិ។ បន្ថែមលើសពីនេះទៅទៀត ក្រុមរបស់សោភា ត្រូវបានប្រធានសហករណ៍ប្រើឲ្យទៅស្ទូងស្រូវ ជីកដីស្រះឬត្រពាំង និងច្រូតស្រូវតាមរដូវកាល។ នៅក្នុងឆ្នាំ១៩៧៨ សោភា បានរៀនត្រឹមតែថ្នាក់ទី៣ទេ ព្រោះអង្គការបានបញ្ជូនគ្រួសាររបស់គាត់ឲ្យទៅកាន់ខេត្តពោធិ៍សាត់។ គ្រួសាររបស់សោភា ចាប់ផ្ដើមចេញដំណើរពីភូមិដោយជិះរទេះគោរហូតទៅដល់អ្នកលឿង។ នៅយប់ដដែលគ្រួសាររបស់ សោភា និងប្រជាជនជាច្រើនគ្រួសារទៀត បានបន្តដំណើរដោយជិះកប៉ាល់ពីអ្នកលឿងរហូតទៅឈប់នៅច្បារអំពៅ។ ពេលទៅដល់ច្បារអំពៅ មានកម្មាភិបាលខ្មែរក្រហមចែកអាហារ សម្លៀកបំពាក់ និងក្រមារឲ្យមកប្រជាជនម្នាក់មួយ។ ក្រោយពីសម្រាកបានតែបន្តិច អង្គការបានឲ្យគ្រួសាររបស់ សោភា ឡើងលើរថភ្លើង ដើម្បីធ្វើដំណើរបន្តទៅមុខទៀត។ គ្រួសាររបស់ សោភា បានជិះរថភ្លើងទៅឈប់នៅវត្តពោធិ៍(ខេត្តពោធិ៍សាត់) ដើម្បីសម្រាកហូបអាហារនិងបែងចែកកម្លាំងដើម្បីធ្វើការនៅថ្ងៃស្អែក។ បងរបស់ សោភា ត្រូវបានអង្គការប្រើឲ្យទៅចាំដេញជ្រូកព្រៃកុំឲ្យចូលមកស៊ីស្រូវ។ ចំណែក សោភា និងប្អូនម្នាក់ទៀតដែលនៅតូច គឺតម្រូវឲ្យចាំដេញចាបនៅសហករណ៍អន្លង់វិល។ ចំពោះឪពុករបស់ សោភា វិញ ត្រូវកម្មាភិបាលខ្មែរក្រហមប្រើឲ្យដឹកអំបិល។ ចំណែកម្តាយវិញ ត្រូវអង្គការប្រើឲ្យត្បាញក្រមា។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមករំដោះប្រជាជននៅក្នុងសហករណ៍កូនងារ ដែលជាកន្លែង សោភា ធ្វើការ។ អំឡុងពេលដែលចលាចល គ្រួសាររបស់ សោភា បានរត់មកវត្តពោធិ៍វិញ ដើម្បីឲ្យកងទ័ពវៀតណាមជួយ។ នៅតាមផ្លូវមានទាហានចិត្តល្អម្នាក់ ប្រាប់ទៅក្រុមគ្រួសាររបស់ សោភា កុំឲ្យចូលទៅក្នុងវត្ត ព្រោះមានទាហានខ្មែរក្រហមចាំធ្វើបាបប្រជាជន។ គ្រួសាររបស់សោភាបានបន្តដំណើររហូតដល់ទីរួមខេត្តពោធិ៍សាត់ជាកន្លែងដែល សោភា ស្នាក់នៅអស់រយៈពេល១ខែកន្លងមកទៀត។ បន្ទាប់ពីឃើញសភាពការតាមផ្លូវស្រួលបួលហើយ និងមានកងទ័ពវៀតណាមចាំនាំផ្លូវផង ក្រុមគ្រួសាររបស់ សោភា អាចធ្វើដំណើរមកដល់អ្នកលឿង និងបានទៅដល់ស្រុកកំណើតនៅភូមិជីពាយ។ នៅឆ្នាំ១៩៩០សោភាបានរៀបការជាមួយកម្លោះក្នុងភូមិម្នាក់ដែលមានឈ្មោះជា ធឿន និងមានកូន៣នាក់ស្រីទាំងអស់។ រឿងរ៉ាវដែល សោភា បានឆ្លងកាត់ ហើយនៅតែចាំមិនភ្លេចគឺ នាងបានវង្វេងប្អូនប្រុសមា្នក់ធ្វើឲ្យនាង យំរហូតដើររកប្អូនឃើញវិញ។

សាន ផាន អាយុ៧០ឆ្នាំ រស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៥) សាន ផាន អាយុ៧០ឆ្នាំ រស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុករបស់ ផាន ឈ្មោះ នៅ ភឹម ហើយម្តាយឈ្មោះ សាយ ភឹម។ ផាន មានបងប្អូន១១នាក់(ប្រុស៥នាក់)។ នៅអាយុ១៥ឆ្នាំ ផានបានបញ្ចប់ថ្នាក់ទី៩ នៅសាលាបឋមសិក្សាបេងបុរី និងបានរៀនបន្តរហូតដល់បញ្ចប់ការសិក្សានៅថ្នាក់ទី៧ ក្នុងសាលាបឋមសិក្សាថ្នាក់ខណ្ឌ។ នៅឆ្នាំ១៩៧០ ផាន បានឈប់រៀន ព្រោះតែមានសង្គ្រាមប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់នៅក្នុងភូមិជីពាយ។ នៅអាយុ២០ឆ្នាំ សាន បានរៀបការជាមួយ ចាប សៀប។ នៅឆ្នាំ១៩៧៥ អង្គការបានប្រើឲ្យផានចូលរួមនៅក្នុងក្រុមផលិតនង្គ័ល រនាស់ ក្រឡូស បង្គី ចប កាំបិត ពូថៅ ចាន ស្លាបព្រា និងឆ្នាំង។ ក្រោយមកទៀត អង្គការបានបញ្ជូន ផាន ឲ្យទៅធ្វើការនៅក្នុងក្រុមដឹកជញ្ជូនប្រចាំភូមិជីពាយ។ រឿងមួយដែល ផាន នៅចាំមិនភ្លេច គឺភាពភ័យខ្លាចរបស់គាត់ចំពោះកំហុសដែលគាត់បានជួប្រទះ ហើយត្រូវកម្មាភិបាលខ្មែរក្រហមស្តីបន្ទោស។ គាត់បាននិយាយប្រាប់ថា នៅពេលដែលអង្គការប្រើគាត់ឲ្យទៅដឹកសត្វទា២០០ក្បាលពីឃុំជាងដែកមកឃុំព្រៃពោន គាត់បានធ្វើឲ្យសត្វទា២ក្បាលងាប់នៅតាមផ្លូវ។ កំហុសនេះ ត្រូវប្រធានសហរណ៍ជាងដែកឈ្មោះ វា វ៉ាន់ ស្តីបន្ទោសចំពោះការធ្វេសប្រហែសនេះ។ ផាន បានរំឭកថា គាត់ភ័យខ្លាចខ្លាំងបំផុត គឺភ័យខ្លាចក្រុមកងឈ្លបមកចាប់គាត់យកទៅសម្លាប់ចោល។ នៅចុងឆ្នាំ១៩៧៨ ផាន បានសុំអង្គការទៅលេងឪពុកនៅកអណ្ដើក ជាកន្លែងដែល ផាន បានឃើញអ្នកទោសជាច្រើននាក់ត្រូវបានអង្គការប្រើឲ្យធ្វើការងារធ្ងន់ៗ និងមិនមានអ្វីហូបទាំងអស់។ នៅដើមខែមករា ឆ្នាំ១៩៧៩ គ្រួសារបស់ ផាន ត្រូវបានជម្លៀសទៅខេត្តភាគខាងលិចរួមជាមួយប្រជាជនជាច្រើនទៀតនៅក្នុងភូមិ។ គ្រួសាររបស់ ផាន បានធ្វើដំណើររយៈ៣ថ្ងៃទៅដល់ស្រុកព្រះស្ដេច ក៏បានត្រឡប់មកវិញ ព្រោះមានកងទ័ពវៀតណាមចូលមកជួយ។ ពេលមកដល់ភូមិ ផាន បានចាប់ផ្ដើមប្រមូលរបស់របរធ្វើស្រែចំការ និងស្បៀងអាហារបន្តិចបន្ទួចពីរោងបាយ ដើម្បីចិញ្ចឹមជីវិតបន្តមកដល់សព្វថ្ងៃ។ ប្រពន្ធរបស់ ផាន បានស្លាប់ចោលគាត់នៅអាយុ៦៣ឆ្នាំ ហើយសព្វថ្ងៃ ផាន មានកូន៤នាក់(ប្រុស១) និងកំពុងរស់នៅជាមួយកូនស្រីពៅរបស់គាត់។

យស់ ហ៊ិន អាយុ៧៩ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ដល់ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៦) ខ្ញុំឈ្មោះ យស់ ហ៊ិន អាយុ៧៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ យស់ ជិន ស្លាប់តាំងពីខ្ញុំអាយុ១០ឆ្នាំ និងម្ដាយឈ្មោះ វ៉ា សោរ ស្លាប់តាំងពីខ្ញុំអាយុ៥ឆ្នាំ។ ខ្ញុំមានបងប្អូន៤នាក់(ប្រុស១នាក់) ហើយសព្វថ្ងៃស្លាប់អស់ហើយ។ បន្ទាប់ពីឪពុកម្ដាយរបស់ខ្ញុំស្លាប់ទៅ ខ្ញុំបានទៅរស់នៅជាមួយអ៊ំរបស់ខ្ញុំ និងជួយធ្វើស្រែចម្ការគាត់។ កាលនៅក្មេងខ្ញុំមិនបានចូលរៀនសូត្រអ្វីទេ គឺគ្រាន់តែបានរៀនអក្ខរកម្ម១ឬ២ខែពេលទំនេរពីការធ្វើស្រែចំការ ដែលជាហេតុធ្វើឲ្យខ្ញុំមិនចេះអក្សរ។ ឆ្នាំ១៩៦៩ ខ្ញុំបានរៀបការជាមួយបុរសម្នាក់ដែលមានឈ្មោះថា ម៉ៅ ភូ និងចាប់ផ្ដើមរកស៊ីធ្វើស្រែចំការចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ហើយនៅក្នុងភូមិបេងចាប់ផ្ដើមមានការប្រយុទ្ធគ្នា និងទម្លាក់គ្រាប់បែកជាច្រើនដូចជា គ្រាប់ណាប៉ាល និងគ្រាប់បូម។ ការទម្លាក់គ្រាប់បែក ធ្វើឲ្យភូមិបេងមានរណ្ដៅជម្រៅប្រមាណ១០ម៉ែត្រ និងមានបណ្ដោយ-ទទឹងប្រមាណ១០ទៅ១៥ម៉ែត្រ រួមជាមួយខ្ចេចផ្ទះប្រជាជន ខូចផលដំណាំ និងងាប់សត្វចិញ្ចឹមអស់ជាច្រើន។ ជាញឹកញាប់គ្រួសាររបស់ខ្ញុំបានជម្លៀសទៅឃុំកន្សោមអក ខាងជើងផ្លូវជាតិលេខ១ ឬក៏ទៅផ្ទះបងថ្លៃ ដើម្បីសុំកន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្ន។ រឿងមួយដែលខ្ញុំចាំមិនភ្លេចពេលជម្លៀស គឺខ្ញុំបានឈឺពោះឆ្លងទន្លេកូនដំបូងនៅផ្ទះបងថ្លៃរបស់ខ្ញុំ ហើយក៏មានទាហានធីវគី ចុះទៅឆែកឆេររកទាហានវៀតកុង។ ទាហានធីវគីពី៤ទៅ៥នាក់ ចូលក្នុងរោងស្រូវ ដែលជាកន្លែងខ្ញុំឆ្លងទន្លេ បម្រុងចាប់ប្ដីរបស់ខ្ញុំ ប៉ុន្តែពេលឃើញប្ដីរបស់ខ្ញុំកាន់កូនខ្ចីទើបតែកើតរួច វាក៏ដើរចេញទៅវិញ។ នៅយប់ដដែលនោះ ទាហានធីវគី បានបាញ់ប្លោងគ្រាប់ជាច្រើនចូលក្នុងភូមិ ដែលជាហេតុធ្វើឲ្យខ្ញុំមិនបានឆ្អើរភ្លើងនៅលើគ្រែ ហើយត្រូវរត់ចូលក្នុងត្រង់សេ។ លុះស្អែកឡើង គ្រួសាររបស់ខ្ញុំបានធ្វើដំណើរបន្តទៅមុខទៀត ដើម្បីសុំផ្ទះឪពុកក្មេករបស់ខ្ញុំស្នាក់នៅ និងគេចពីការធ្វើបាបរបស់ទាហានវៀតណាម។ គ្រួសាររបស់ខ្ញុំជម្លៀសពីមួយកន្លែងទៅមួយកន្លែងទៀត ដោយសុំផ្ទះអ្នកស្រុកស្នាក់នៅ និងជួយធ្វើការងារផ្សេងៗរបស់ម្ចាស់ផ្ទះដើម្បីបានអង្ករទុកហូបប្រចាំថ្ងៃ។ ខ្ញុំចេះធ្វើបាវអំពីស្លឹកត្នោត សម្រាប់ដាក់ស្រូវបានប្រមាណ១០តៅ ១៥តៅ ឬក៏២០តៅ តាមការចង់បានរបស់អ្នកស្រុកដើម្បីប្ដូរយកស្បៀងអាហារ។ ឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំ បានត្រឡប់មករស់នៅក្នុងភូមិបេងវិញ និងចាប់ផ្ដើមធ្វើស្រែជាក្រុមប្រវាសដៃគ្នា។ ក្រោយមកទៀត អង្គការបានប្រមូលរបស់របបទាំងអស់ដាក់ធ្វើជារបស់រួម និងចាប់ផ្ដើមធ្វើការរួមគ្នាទាំងអស់ដោយគ្រាន់តែចែកជាក្រុមៗតាមកង។ ក្នុងឆ្នាំ១៩៧៧ នៅពេលដែលខ្ញុំពរពោះកូនទី៣របស់ខ្ញុំបាន៥ខែ អង្គការនៅតែប្រើខ្ញុំឲ្យរែកដីបាតត្រពាំង១ថ្ងៃឲ្យបានមួយតោន យកមកដាក់ទុកធ្វើជីដាក់ស្រែ។ អំឡុងពេលនោះ ដោយសារតែខ្ញុំធ្វើការងារធ្ងន់ៗពេក ទើបធ្វើឲ្យខ្ញុំមានធ្លាក់ឈាមជាបន្តបន្ទាប់។ ឃើញស្ថានភាពដូច្នេះ ខ្ញុំដាច់ចិត្តស្នើសុំប្រធានសហករណ៍ឈប់ធ្វើការងារដើម្បីឲ្យបាត់ធ្លាក់ឈាមសិន។ ប្រធានសហករណ៍ឈ្មោះ ផុន បានប្ដូរការងារឲ្យខ្ញុំដើរប្រមូលស្លឹកឈើនៅក្នុងភូមិយកទៅដាក់ក្នុងរណ្ដៅជីវិញម្ដង ព្រោះជាការងារស្រាល។ នៅពេលដែលខ្ញុំពរពោះបានជិត៨ខែ ខ្ញុំធ្លាក់ឈាមកាន់តែខ្លាំងជាងមុន។ នៅយប់នោះ ដោយសារប្ដីរបស់ខ្ញុំមិននៅ គឺគាត់ត្រូវបានអង្គការប្រើឲ្យទៅធ្វើត្រីប្រហុកនៅកោទៃ (ស្រុកព្រះស្ដេច) ទើបខ្ញុំដាស់កូនរបស់ខ្ញុំឲ្យទៅហៅបងស្រីរបស់ខ្ញុំឈ្មោះ ជៀវ ដែលនៅផ្ទះជាប់គ្នា ឲ្យមកមើលខ្ញុំ។ ពេលបងរបស់ខ្ញុំមកដល់ គាត់មិនមានដំណោះស្រាយអ្វីទាំងអស់ គឺគាត់ឲ្យខ្ញុំទ្រាំនៅធ្លាក់ឈាមពេញមួយយប់។ រហូតដល់ស្អែកឡើងបានបងរបស់ខ្ញុំម្នាក់ទៀតមកពីខាងភូមិជីអក ប្រាប់ឲ្យខ្ញុំទៅសុំប្រធានសហករណ៍ទៅពេទ្យ។ ពេលទៅដល់ពេទ្យ ខ្ញុំធ្លាក់ឈាមកាន់តែខ្លាំង ហើយកូននៅក្នុងពោះសម្រុកចង់កើត ប៉ុន្តែសម្រុកឡើងមកលើឆ្អឹងជំនីខាងស្ដាំវិញ ដែលជាហេតុធ្វើឲ្យខ្ញុំឈឺពោះកាន់តែខ្លាំង។ ដោយមើលឃើញថាខ្ញុំឈឺខ្លាំងពេក បង ជៀវ បានទៅសុំប្រធានពេទ្យក្នុងវត្តបេងឈ្មោះ ហេង ទៅហៅយាយម៉បឈ្មោះ ទូច នៅក្នុងភូមិបេងឲ្យមកមើលខ្ញុំ។ ពេលដែលយាយម៉បមកដល់ គាត់បានយកដៃរុញកូនក្នុងពោះខ្ញុំឲ្យធ្លាក់ចុះមកក្រោម ទើបខ្ញុំបាត់ឈឺចុកចាប់ និងសម្រាលកូននៅថ្ងៃនោះតែម្ដង។ បន្ទាប់ពីកូនខ្ញុំកើតបាន១ថ្ងៃក៏ត្រូវស្លាប់ ព្រោះមិនមានថ្នាំព្យាបាលអ្វីត្រឹមត្រូវ ហើយខ្ញុំឈប់សម្រាកពីការងារបានតែ១០ថ្ងៃក៏ត្រូវបានអង្គការប្រើឲ្យដើរប្រមូលសំរាមនៅក្នុងភូមិបន្តទៀត។ ចាប់ពីចូលក្នុងសម័យខ្មែរក្រហម ខ្ញុំធ្វើការងារធ្ងន់ៗ ហើយមិនសូវហ៊ានសម្រាកប៉ុន្មានទេ ព្រោះចង់យកចិត្តអង្គការ ដើម្បីកុំឲ្យគេយកទៅសម្លាប់ចោល។ ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពី ប្រជាជនត្រឡប់មកពីជម្លៀសទៅភាគខាងលិច ប្រជាជននៅក្នុងភូមិបេង រួមទាំងឈ្មោះ សុខ វ៉ន កាន់កាំបិតទៅកាប់អតីតប្រធានសហករណ៍ឈ្មោះ ផុន ដាច់ក្បាលស្លាប់ ព្រោះគាត់បានយកប្ដី ឬក៏ប្រពន្ធរបស់អ្នកភូមិបេងដែលជាជនជាតិវៀតណាម ឬជនជាតិចិន ទៅសម្លាប់ចោលនៅទួលវែង។ ឈ្មោះ សុខ វ៉ន គាត់មានកំហឹងខ្លាំងជាងគេ ព្រោះប្រពន្ធរបស់គាត់ជាជនជាតិវៀតណាម ត្រូវបានឈ្មោះ ផុន យកទៅសម្លាប់ទាំងកំពុងពរពោះកូនរបស់គាត់។ ចំណែកប្រពន្ធរបស់ ផុន ឈ្មោះ មាឃ ហេត បន្ទាប់ពីឃើញគេកាប់ប្ដីខ្លួនស្លាប់នៅក្នុងផ្ទះដូច្នេះ ក៏រត់ទៅឡើងផ្ទះអ្នកជិតខាងចងកសម្លាប់ខ្លួនទៅជាមួយគ្នា។ ចំពោះខ្ញុំ បន្ទាប់ពីបែកខ្មែរក្រហម ខ្ញុំចាប់ផ្ដើមរកស៊ីធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិតបន្តរហូតមកដល់សព្វថ្ងៃ។

ប៉ុល ហន ហៅ សុត ហន អាយុ៧០ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ដល់ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ (ភា រស្មី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៧) ប៉ុល ហន ហៅ សុត ហន អាយុ៧០ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង «ស្រុកកំណើតរបស់ខ្ញុំនៅភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក។ ប៉ុន្តែខ្ញុំមករស់នៅជាមួយម្តាយចិញ្ចឹមឈ្មោះ ទី ក្នុងភូមិព្រែកសំរោង ឃុំព្រៃពោន ព្រោះម្តាយបង្កើតខ្ញុំគាត់រវល់ខ្លាំងមិនអាចមើលថែខ្ញុំបាន។ ម្តាយបង្កើតខ្ញុំឈ្មោះ វង ផាន់ គាត់ធ្វើការនៅក្នុងវាំង ធ្វើជាអ្នកបម្រើឲ្យសម្តេចព្រះមហាក្សត្រីយានី។ គាត់ចេះចាប់សរសៃរ។ ថ្ងៃមួយនៅពេលដែលសម្តេចព្រះមហាក្សត្រីយានីទ្រង់ព្រះប្រឈួន គេមកហៅម្តាយខ្ញុំឲ្យទៅចាប់សរសៃរឲ្យសម្តេចព្រះមហាក្សត្រីយានី។ ម្តាយខ្ញុំបានចាប់សរសៃរ និងអាចធ្វើឲ្យសម្តេចព្រះមហាក្សត្រីយានីជាសះស្បើយអាចយាងទៅណាមកណាបាន។ តាំងពីពេលនោះមក ម្តាយខ្ញុំត្រូវនៅបម្រើព្រះអង្គរហូត។ ខ្ញុំបានទៅរស់នៅជាមួយម្តាយខ្ញុំនៅផ្ទះខាងមុខវត្តបុទុមចំនួនបីឆ្នាំ ប៉ុន្តែគាត់មិនសូវបានមកផ្ទះទេ គឺស្នាក់នៅតែក្នុងវាំង ឬចេញទៅណាមកណាតែជាមួយព្រះអង្គរហូត។ ដោយសារតែម្តាយរវល់ច្រើននៅក្នុងវាំង ខ្ញុំភាគច្រើនរស់នៅតែជាមួយបងថ្លៃស្រីរបស់ខ្ញុំធ្វើការជាប៉ូលីសនៅក្នុងផ្ទះក្បែរវត្តបុទុមដដែល។ ក្រោយមក ខ្ញុំបានប្តូរទៅរស់នៅជាមួយបងបង្កើតរបស់ខ្ញុំនៅក្បែរពោធិ៍ចិនតុងវិញ មុនពេលដែលខ្ញុំត្រូវវិលត្រឡប់មកកាន់ស្រុកកំណើតខាងម្តាយចិញ្ចឹមខ្ញុំវិញ។ ខ្ញុំមានបងប្អូនប្រាំពីរនាក់។ ខ្ញុំជាកូនពៅក្នុងគ្រួសារ។ បងប្រុសច្បង ធ្វើប៉េអឹមពាក់សក្តិ៥។ បងប្រុសទី២ ធ្វើប៉េអឹមពាក់សក្តិ៤ និងបងទី៣ ពាក់សក្តិ៣។ ដោយសារតែខ្ញុំមានបងប្អូនធ្វើការនៅក្នុងជំនាន់សម្តេច និងជំនាន់ លន់ នល់ គេ(ខ្មែរក្រហម)ដាក់ខ្ញុំនៅក្នុងប្រភេទប្រជាជន១៧មេសា។

នៅឆ្នាំ១៩៧០ ម្តាយចិញ្ចឹមខ្ញុំបានលើកខ្ញុំឲ្យគេ។ កាលនោះខ្ញុំទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានប្រកែកមិនព្រមយកប្តីទេ ប៉ុន្តែម្តាយចិញ្ចឹមខ្ញុំវាយខ្ញុំ និងបង្ខំខ្ញុំរហូតទាល់តែខ្ញុំយល់ព្រម។ បន្ទាប់ពីបានរៀបការរួច ខ្ញុំបានមករស់នៅភូមិនេះ (ភូមិបេង) ជាភូមិកំណើតរបស់ប្តីខ្ញុំ។ ពួកយើងគ្មានធ្វើអ្វីក្រៅពីធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតឡើយ។ យើងធ្វើការនៅក្នុងស្រុកភូមិរហូតទាល់តែដល់ថ្ងៃជ័យជំនះ១៧ មេសា ១៩៧៥។ ក្នុងចំណោមកិច្ចការទាំងនោះ កិច្ចការដែលពិបាកជាងគេគឺសែងខ្មោចនិងអ្នករបួសចេញពីសមរភូមិ។ នៅឆ្នាំ១៩៧៤ ក្រៅពីធ្វើស្រែ ខ្ញុំនឹងក្រុមនារីខ្លះទៀតនៅក្នុងភូមិបេង បានទទួលបញ្ជាឲ្យសែងទាហានរបួស និងអ្នកស្លាប់នៅក្នុងសមរភូមិត្រពាំងព្រាមជិតព្រំប្រទល់វៀតណាម មកដាក់ក្នុងបរិវេណវត្តព្រៃពោន នៅកអណ្តើក និងនៅទួលម្រេញ។ ក្នុងពេលធ្វើកិច្ចការនេះ ខ្ញុំមានកំហឹងជាខ្លាំងជាមួយកម្មាភិបាលមូលដ្ឋាន ព្រោះបានប្រើខ្ញុំគ្មានពេលសម្រាក។ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ខ្ញុំមានកូនបីនាក់។ ពួកយើងរស់នៅ និងហូបចុកធម្មតា។ ប៉ុន្តែបងប្រុសស្រីរបស់ខ្ញុំដែលធ្លាប់ធ្វើជាប៉ូលីសក្នុងរបបមុនៗ ត្រូវពួកអាពតសម្លាប់ចោលគ្មានសល់ម្នាក់ទេ។ នៅថ្ងៃមួយ ខ្ញុំភ្លេចឆ្នាំ គេបានមកចាប់ខ្ញុំយកទៅដាក់គុកមួយយប់មួយថ្ងៃ ដោយសារតែកូនប្រុសរបស់ខ្ញុំបានធ្វើឲ្យបែកចានបាយមួយ។ អាផុន និងបងប្អូនខាងប្តីខ្ញុំដែលជាប្រធានសហករណ៍ឈ្មោះ អៀង និងភាព គឺជាអ្នកចាប់ខ្ញុំ និងបង្អត់បាយខ្ញុំមួយថ្ងៃមួយយប់។ ពួកហ្នឹងក៏ជាអ្នកដែលបានធ្វើឲ្យបងប្អូនខ្ញុំស្លាប់ដែរ។ ខ្ញុំខឹងខ្លាំងណាស់ ខឹងរហូតដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវជម្លៀសទៅកាន់ខេត្តពោធិ៍សាត់។ នៅទីនោះ ខ្ញុំវេទនាណាស់។ មិនដែលបានហូបឆ្អែតឡើយ។ ថ្ងៃមួយ ខ្ញុំដើរទៅដល់កន្លែងមួយឈ្មោះ ឫស្សី១០០គុម្ព ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីបេះអំពិលទឹកហូប។ ខ្ញុំបេះបានមួយបង្វិច ក៏ត្រឡប់មកវិញ។ ពេលត្រឡប់មកវិញ ខ្ញុំដើរផ្លូវផ្សេង ហើយក៏បានប្រទះឃើញសាកសពគរលើគ្នាយ៉ាងច្រើន មានទាំងចាស់ទាំងក្មេង។ ខ្ញុំឃើញដើមអំពិលទឹកធំមួយដែលខ្មែរក្រហមប្រើប្រាស់ជាកន្លែងបោកក្មេងតូចៗឲ្យស្លាប់។ ខ្ញុំបោះចោលផ្លែអំពិលទឹកដែលខ្ញុំបេះបានទាំងអស់ចោលវិញ ហើយខ្ញុំលែងហ៊ានបេះផ្លែឈើអ្វីទៀតហូបចាប់តាំងពីពេលនោះមក។ ក្រៅពីនេះ ខ្ញុំធ្លាប់បានឃើញជនជាតិចិនរាប់រយនាក់ មកប្រជុំនិងជប់លៀងនៅក្នុងឃុំអន្លង់វិល។ ខ្ញុំត្រូវអង្គការឲ្យនៅហាន់សាច់គោធ្វើម្ហូបសម្រាប់កម្មវិធីជប់លៀងពួកចិនៗទាំងនោះ ហើយត្រូវនៅចាំលាងចានក្រោយពេលពួកចិនៗទាំងនោះចាកចេញទៅ។ ខ្ញុំឃើញច្បាស់នឹងភ្នែកខ្ញុំ។ ពួកនោះនិយាយភាសាចិន មិនដឹងថានិយាយពីអ្វីទេ។ ក្រោយពីជប់លៀងរួច ពួកចិនៗទាំងនោះទៅវិញអស់។ ខ្ញុំមិនដឹងថា ពួកហ្នឹងទៅណាទេ គ្រាន់តែដឹងថាចេញពីឃុំអន្លង់វិលទៅដោយថ្មើជើង។ ដើមឆ្នាំ១៩៧៩ ខ្ញុំ ប្តីខ្ញុំ និងកូនខ្ញុំបីនាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ក្រោយពីមកដល់ស្រុកកំណើតឆ្នាំ១៩៧៩ភ្លាម ខ្ញុំស្នើសុំរដ្ឋអំណាចចូលធ្វើទាហាន ដើម្បីបានមកសងសឹកចំពោះអ្នកដែលបានចាប់ខ្ញុំយកទៅដាក់គុក និងបានសម្លាប់បងប្អូនរបស់ខ្ញុំ ប៉ុន្តែម្តាយខ្ញុំឃាត់មិនឲ្យទៅ។ អាផុន ត្រូវប្រជាជនបាញ់សម្លាប់ចោលនៅខាងជើងឃុំព្រៃពោន។ ចំណែកបងប្អូនខាងប្តីខ្ញុំ នៅរស់ដល់សព្វថ្ងៃ ហើយស្ថិតនៅក្នុងភូមិជាមួយគ្នាទៀត។ ខ្ញុំមិនអាចធ្វើអ្វីគេបានទេ។ ក្រោយមក ខ្ញុំមិនចាំឆ្នាំ ម្តាយបង្កើតរបស់ខ្ញុំបានស្លាប់ដោយសារចាស់ជរា។ ប្តី និងបងប្រុសរបស់ខ្ញុំម្នាក់ទៀត បានស្លាប់ដោយសារជំងឺក្នុងឆ្នាំតែមួយ។ ខ្ញុំត្រូវនៅមើលថែ និងរកស៊ីចិញ្ចឹមកូនបង្កើតទាំង៩នាក់តែម្នាក់ឯង។ ខ្ញុំបានដើរសុំទានគេដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ រហូតដល់ខ្ញុំអាចសន្សំបានប្រាក់ខ្លះៗដើម្បីធ្វើផ្ទះនៅនាពេលបច្ចុប្បន្ននេះ។ ខ្ញុំឧស្សាហ៍ឈឺណាស់ ហើយខ្ញុំចង់ទៅពិនិត្យសុខភាព ដើម្បីខ្ញុំបានដឹងថា តើខ្ញុំមានជំងឺអ្វីខ្លះ។»

មុំ ណាំ អាយុ៦៣ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៨) មុំ ណាំ អាយុ៦៣ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កើតក្នុងត្រកូលក្រីក្រមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ណាំ មិនដែលបានរៀនសូត្រឡើយ។ គាត់ស៊ីឈ្នួលដកសំណាប ស្ទូង និងច្រូតស្រូវឲ្យអ្នកភូមិជាមួយគ្នា ដើម្បីរកចំណូលខ្លះចិញ្ចឹមឪពុកម្តាយ។ ណាំ មានបងប្អូន៥នាក់។ បងប្រុសទាំង៤របស់ ណាំ បានស្ម័គ្រចិត្តចូលបម្រើក្នុងកងកម្លាំងបដិវត្តន៍ និងបានចាកចេញពីផ្ទះសម្បែងទៅរស់នៅជាមួយកងកម្លាំងនៅក្នុងព្រៃ។ ក្រោយថ្ងៃជ័យជំនះរបស់ខ្មែរក្រហមក្នុងខែមេសា ឆ្នាំ១៩៧៥ ណាំ ត្រូវកម្មាភិបាលខ្មែរក្រហមថ្នាក់ប្រធានកងពល នាំយកទៅកាន់ខេត្តស្ទឹងត្រែងដើម្បីដាំដំណាំ និងដាំកប្បាស។ នៅទីនោះបានប្រហែលមួយឆ្នាំ ណាំ ត្រូវអង្គការផ្លាស់ប្តូរឲ្យមកកាន់ខេត្តកំពង់ចាម។ ប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវបានចាត់តាំងឲ្យមកធ្វើជាកម្មករស្រែអំបិលនៅខេត្តកំពត ជាកន្លែងដែលគាត់ធ្វើការ និងស្នាក់នៅយូរជាងពេលមុនៗ និងជាកន្លែងចុងក្រោយដែលគាត់បានរត់ភៀសខ្លួនទៅកាន់ខេត្តកំពង់ស្ពី និងពោធិ៍សាត់ នៅចុងឆ្នាំ១៩៧៨។ ណាំ មានអនុស្សាវរីយ៍ជូរចត់ច្រើនក្នុងពេលដែលគាត់ធ្វើការនៅស្រែអំបិល រួមទាំងការធ្វើការហួសកម្លាំង ការស្នាក់នៅ ការបែកបាក់ក្រុមគ្រួសារ និងការបំបិទសិទ្ធិសេរីភាព។ ភ្លាមៗបន្ទាប់ការដួលរលំរបបខ្មែរក្រហម ណាំ និងកម្មករស្រែអំបិលដែលសុទ្ធតែស្រីៗឯទៀត បានរត់ភៀសខ្លួនតាមការនាំផ្លូវពីកម្មាភិបាលខ្មែរក្រហមដែលមានតួនាទីជា ប្រធាន «ឃ» ម្នាក់ កាត់តាមភ្នំច្រមុះជ្រូកនិងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពី រហូតដល់ខេត្តពោធិ៍សាត់។ ណាំ បានចំណាយពេលជាងពីរខែក្នុងការត់ភៀសខ្លួន និងការវិលត្រឡប់មកកាន់ស្រុកកំណើតវិញនៅដើមឆ្នាំ១៩៧៩។ មកដល់ស្រុកកំណើត ណាំ ត្រូវឪពុកម្តាយឲ្យរៀបការជាមួយបងប្អូនជីដូនមួយរបស់គាត់ ហើយបានរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។ ណាំ មិនមានកូនទេ។ គាត់រស់នៅជាមួយប្តីរបស់គាត់តែពីរនាក់ នៅក្នុងផ្ទះតូចល្មមមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្តីរបស់ ណាំ បានធ្លាក់ខ្លួនឈឺ និងថ្លង់រហូតដល់សព្វថ្ងៃ។ ការរស់នៅរបស់ ណាំ និងប្តី គឺត្រូវពឹងពាក់លើកម្លាំងផ្ទាល់ខ្លួន និងអំណោយពីបងប្អូននិងអ្នកជិតខាង។ សូមស្តាប់សម្តីរបស់ ណាំ ដូចខាងក្រោម៖ «ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ គឺស្លាប់ជំនាន់នេះទេ។ ម្តាយស្លាប់ដោយសារខ្យល់គរ ហើយឪពុកស្លាប់ដោយចាស់ជរា។ ខ្ញុំគ្មានកូននឹងគេទេ។ ខ្ញុំមានបងប្អូន៥នាក់។ បងប្រុសច្បង និងបងប្រុសបន្ទាប់របស់ខ្ញុំ ស្លាប់ក្នុងពេលប្រយុទ្ធគ្នានៅសមរភូមិត្រពាំងព្រាមកាលពីជំនាន់ប៉ុលពត។ បងប្រុសម្នាក់ទៀត ស្លាប់ក្នុងជំនាន់នេះទេ គឺកាលពី៩ឆ្នាំមុន។ ខ្ញុំមិនដែលបានរៀនសូត្រនឹងគេទេ។ នៅពីតូច ខ្ញុំដើរស៊ីឈ្នួលដកកណ្តាប់ និងស្ទូងឲ្យគេ។ នៅអាយុ១២ឆ្នាំ ផ្ទះរបស់ខ្ញុំត្រូវបំផ្លាញដោយការទម្លាក់គ្រាប់បែក។ យើងក្រណាស់ យើងស្នាក់នៅក្នុងកូនខ្ទមមួយប៉ុនរោងបាយខ្ញុំសព្វថ្ងៃនេះ។ នៅអាយុ១៥ឆ្នាំ គេមកយកខ្ញុំចេញពីផ្ទះទៅ។ ពេលនោះគឺបន្ទាប់ពីខែមេសា ១៩៧៥ ខ្ញុំត្រូវមេៗដែលជាកម្មាភិបាលពេទ្យ និងប្រធានកងពល មកស្នើសុំខ្ញុំយកទៅធ្វើការនៅស្ទឹងត្រែង។ ខ្ញុំដាំពោត សណ្តែក ធ្វើជី និងដាំកប្បាស។ ខ្ញុំបានហូបឆ្អែតៗរាល់ថ្ងៃ។ ខ្ញុំត្រូវកម្មាភិបាលធំៗឲ្យធ្វើប្រវត្តិរូប។ ខ្ញុំធ្វើប្រវត្តិរូបលើកទីមួយហើយសម្រាប់ជីវិតខ្ញុំ។ គេសួរខ្ញុំថាមានបងប្អូនប៉ុន្មាននាក់ និងធ្វើអ្វីខ្លះ? ខ្ញុំប្រាប់ថា បងប្អូនខ្ញុំប្រាំនាក់ធ្វើការក្នុងរបបនោះ (ខ្មែរក្រហម) ទាំងអស់។ បងគេបង្អស់ ធ្វើជាមេបញ្ជាការកងទ័ពខ្មែរក្រហម។ បងបន្ទាប់ ធ្វើជាប្រធាន «ឃ» ហើយបងទី៣ ធ្វើជាអនុប្រធាន «ឃ»។ ខ្ញុំនៅស្ទឹងត្រែងអស់រយៈពេលជាងមួយឆ្នាំ ទើបត្រូវអង្គការផ្លាស់ប្តូរឲ្យមកធ្វើការនៅកំពង់ចាម មុនពេលដែលខ្ញុំអង្គការផ្លាស់ប្តូរម្តងទៀត មកកាន់ភ្នំពេញ។ ខ្ញុំមកភ្នំពេញជាមួយនារីៗប្រហែល២០០នាក់។ មកដល់ភ្នំពេញភ្លាម អង្គការចាត់តាំងខ្ញុំឲ្យធ្វើពេទ្យនៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងវត្តភ្នំ។ នៅទីនោះ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ។ គាត់មានជំងឺគ្រុញចាញ់។ ខ្ញុំមិនមានការតក់ស្លុតអ្វីបន្តិចទេ ទោះបីជាដឹងថាបុរសម្នាក់នោះបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើប្រធានរបស់ខ្ញុំឈ្មោះ ដារ៉ា ដែលគាត់បានបណ្តោយឲ្យខ្ញុំចាក់ថ្នាំឲ្យបុរសម្នាក់នោះ។ ខ្ញុំនៅធ្វើការនៅក្នុងមន្ទីរពេទ្យនៅភ្នំពេញបានតែមួយខែទេ ក៏ត្រូវអង្គការបញ្ជូនខ្ញុំឲ្យមកធ្វើជាកម្មករស្រែអំបិលនៅខេត្តកំពតបន្តទៀត។ ខ្ញុំគិតថា ប្រហែលជាខ្ញុំបានប្រព្រឹត្តកំហុសហើយ បានជាអង្គការបញ្ជូនខ្ញុំមកឆ្ងាយយ៉ាងដូច្នេះ។ ខ្ញុំ និងយុវនារីជាច្រើននាក់ទៀត បានជិះរថភ្លើងចេញពីភ្នំពេញ ឆ្ពោះមកកាន់ខេត្តកំពត។ ទៅដល់ស្រែអំបិលខេត្តកំពត ខ្ញុំត្រូវគេ (អង្គការ) ឲ្យធ្វើប្រវត្តិរូបម្តងទៀត។ គេសួរសំណួរខ្ញុំដដែលដូចកាលពីនៅស្ទឹងត្រែងអ៊ីចឹង ហើយខ្ញុំនៅតែឆ្លើយប្រាប់អង្គការដូចដែលខ្ញុំបានប្រាប់កាលពីខ្ញុំនៅធ្វើការឯខេត្តស្ទឹងត្រែងដែរ។ កម្មករស្រែអំបិលទាំងអស់មានអាយុមិនដូចគ្នាទេ។ អ្នកខ្លះចាស់ជាងខ្ញុំ ខ្លះក្មេងជាងខ្ញុំ។ នៅទីនោះ យើងបានហូបចុកគ្រប់គ្រាន់ តែយើងពិបាករឿងធ្វើការហួសកម្លាំង។ ជារៀងរាល់ល្ងាច តែងតែមានការប្រជុំកើតឡើងដើម្បីទិតៀនគ្នាពីរឿងធ្វើការងារ។ ខ្ញុំត្រូវគេស្តីបន្ទោសរាល់ថ្ងៃ ព្រោះខ្ញុំតូចជាងគេ ហើយខ្ជិលថែមទៀត។ ក្រៅពីខ្ញុំ ក៏មានអ្នកផ្សេងទៀតដែរដែលត្រូវស្តីបន្ទោស។ ដោយសារតែការស្តីបន្ទោសនេះ នារីម្នាក់បានចងករសម្លាប់ខ្លួននៅក្នុងឃ្លាំងអំបិល។ ម្នាក់នោះមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ជារៀងរាល់ថ្ងៃ ខ្ញុំសង្កេតឃើញមានឡានធំៗចំនួនពីរគ្រឿង តែងតែចូលមកដឹកអំបិលចេញទៅ ប៉ុន្តែខ្ញុំមិនដឹងថាឡាននោះដឹកអំបិលចេញទៅណាឡើយ។ កម្មករស្រែអំបិលទាំងអស់សុទ្ធតែនារី។ នៅពេលបានឃើញអ្នកបើកឡានចូលមកដឹកអំបិលជាបុរស ពួកយើងនាំគ្នាឈរមើលគ្រប់គ្នា។ ខ្ញុំស្នាក់នៅជាមួយកម្មករម្នាក់ទៀតក្នុងបន្ទប់មួយ។ យើងគ្មានមុងភួយដណ្តប់ទេ។ ស្ទើរតែរាល់យប់ យើងតែងតែងើបពីម៉ោង១យប់ទៅចាប់ត្រីដើម្បីទុកធ្វើម្ហូបប្រចាំថ្ងៃ ហើយត្រឡប់មកដេកវិញនៅម៉ោងប្រហែលជិតបីទៀបភ្លឺ។ នៅម៉ោង៦ព្រឹក យើងងើបឡើងតាមសម្លេងជួង ទៅធ្វើការនៅក្នុងស្រែអំបិល រហូតដល់ម៉ោង១១កន្លះ ទើបសម្រាកហូបបាយ។ ម៉ោង១២ថ្ងៃត្រង់ យើងចាប់ផ្តើមការងារទៀតរហូតដល់៤រសៀលទើបឈប់សម្រាកអាហារពេលល្ងាច។ បន្ទាប់ពីបាយល្ងាចរួច យើងបានសម្រាកតែប្រមាណ២ម៉ោងប៉ុណ្ណោះ ក៏ត្រូវចេញទៅធ្វើការនៅពេលយប់ទៀត តាមសម្លេងជួងដែលបានបន្លឺឡើង។ នៅវេលាម៉ោង៨យប់ ទើបយើងទាំងអស់គ្នាបានឈប់សម្រាក។ តាំងពីខ្ញុំចូលធ្វើការនៅស្រែអំបិលមក ខ្ញុំមិនដែលឃើញនរណាមកទស្សនកិច្ចនៅក្នុងស្រែអំបិលឡើយ ហើយក៏មិនដែលឃើញមានការចាប់ខ្លួននារីស្រែអំបិលណាម្នាក់យកទៅកសាង ឬសម្លាប់ដែរ។ ខ្ញុំធ្វើការនៅស្រែអំបិល បានតែរយៈពេលជិតមួយឆ្នាំប៉ុណ្ណោះ ក៏ត្រូវរត់ភៀសខ្លួនទៅកាន់ខេត្តកំពង់ស្ពី និងខេត្តពោធិ៍សាត់ តាមការនាំផ្លូវរបស់កម្មាភិបាលខ្មែរក្រហមម្នាក់ដែលជាប្រធាន «ឃ»។ ដំបូងឡើង ខ្ញុំភៀសខ្លួនទៅកាន់ភ្នំច្រមុះជ្រូក រួចបន្តទៅភ្នំឱរ៉ាល់។ ការធ្វើដំណើររបស់ខ្ញុំ គឺចំណាយពេលអស់រយៈពេល១៥ថ្ងៃ។ ពូប្រធាន «ឃ» ម្នាក់មិនស្គាល់ឈ្មោះ បាននាំផ្លូវពួកយើងឡើងភ្នំ និងចុះភ្នំមកកាន់ស្រុកកំណើត។ គាត់មានត្រីវិស័យមួយដែលអាចមើលទិសដៅដឹង ហើយនាំពួកយើងមកផ្ទះ។ មកដល់ស្រុកកំណើត ខ្ញុំបានជួបជុំគ្រួសារ និងបានរៀបការជាមួយប្តីរបស់ខ្ញុំដែលត្រូវជាបងប្អូនសាច់ខាងម្តាយខ្ញុំ។ ពួកយើងបានរស់នៅជាមួយគ្នារហូតដល់សព្វថ្ងៃនេះ តែយើងគ្មានកូននឹងគេទេ។ សព្វថ្ងៃ យើងរស់នៅតាមកម្លាំងរបស់យើង និងមានបងប្អូននិងអ្នកជិតខាងជួយខ្លះៗ»។

អ៊ុយ អង អាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

៩) អ៊ុយ អង អាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឪពុកម្ដាយរបស់ អង ប្រកបរបបធ្វើស្រែចំការ និងធ្វើនំលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្នុងសម័យលន់ នល់ អង មិនបានចូលរៀនដូចបងប្រុសរបស់ខ្លួននោះទេ ដោយសារតែជីវភាពខ្វះខាត់ និងមានសង្គ្រាម។ នៅពេលដែលអាយុ១៥ឆ្នាំ អង ចាប់ផ្ដើមចូលរៀនជាមួយក្មេងៗផ្សេងទៀតនៅក្នុងភូមិ ក្រោមការគ្រប់គ្រងរបស់អង្គការ។ ក្មេងៗអាយុដំណាល អង ទាំងអស់តម្រូវឲ្យចូលរៀននៅពេលព្រឹក ហើយចំណែកពេលរសៀលតម្រូវឲ្យធ្វើការងារផ្សេងៗ ដូចជាស្ទូងដក ច្រូតកាត់ ប្រមូលជី រែកដីដំបូកឬក៏បាតស្រះ ទៅតាមរដូវកាល។ ក្រៅពីការសិក្សា និងធ្វើការ អង ត្រូវបានគ្រូបង្រៀនជ្រើសរើសឲ្យចូលក្នុងសិល្បៈកុមារ និងមានច្រៀងចម្រៀងបដិវត្តន៍។ ក្រុមរបស់ អង ដែលមានសមាជិក១០នាក់(ស្រី៥នាក់) ច្រៀងចម្រៀងបដិវត្តន៍ តាមការបង្ហាត់បង្ហាញពីឈ្មោះ ស៊ី នួន ដែលជាគ្រូបង្រៀនសិល្បៈរបស់ក្មេងៗ។ អង បានន្ថែមទៀតថា អ្នកគ្រូ ស៊ីនួន បង្រៀនចម្រៀងម្ដង១ ឬក៏២បទមកក្មេង បន្ទាប់ពីចេះច្រៀងទាំងអស់គ្នា ទើបលើកយកពីរបទមកទៀត។ នៅក្នុងភូមិបេង ប្រធានសិល្បៈឈ្មោះ ខែម និងអនុប្រធានឈ្មោះ ឃឿន គឺជាអ្នកមើលការខុសត្រូវ នឹងរៀបចំឲ្យមានការសម្ដែងម្ដងៗ។ នៅអាយុ១៦ឆ្នាំ អង្គការបានបញ្ជាឲ្យក្រុមរបស់ អង ចូលទៅធ្វើជាយោធានារីព្រំដែន ប៉ុន្តែ អង មិនបានទៅជាមួយគេទេ ដោយសារមូលហេតុម្ដាយឈឺ។ បន្ទាប់មកទៀត អង ត្រូវបានអង្គការបញ្ជូនឲ្យចូលទៅធ្វើការនៅក្នុងកងចល័តឃុំព្រៃពោន និងចេញធ្វើការឆ្ងាយៗពីក្នុងភូមិ។ ការងារនៅក្នុងក្រុមចល័តតែងតែផ្លាស់ប្ដូរពីមួយទៅមួយ គឺលើកទំនប់ ជីប្រឡាយ ប្រព័ន្ធភ្លឺស្រែ ជីកសណ្ដរផ្សេងៗ។ ចំណែកនៅរដូវវស្សា គឺធ្វើការងារដូចជា ស្ទូងដក ច្រូតស្រូវ និងមានការផ្លាស់ប្ដូរវេនគ្នាធ្វើចុងភៅ។ បន្ទាប់ពី អង ធ្វើការនៅក្នុងកងចល័តអស់រយៈពេល៣ឆ្នាំ ក៏មានកងទ័ពវៀតណាមចូលមកដេញខ្មែរក្រហមឲ្យចេញពីស្រុកកំពង់ត្របែក។ ក្នុងឆ្នាំ១៩៧៩ ខ្មែរក្រហមបានចាញ់សង្គ្រាម ហើយ អង ក៏បានត្រឡប់មករស់នៅជាមួយម្ដាយរបស់ខ្លួនវិញ និងបានរៀបការមានកូនរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្នចម្រៀងដែល អង នៅចាំជាងគេគឺមានពីរបទគឺ ឈាមក្រហមឆ្អៅ និងបទ គ្រាប់បែកៗផ្សែងពេញភូមិ ហើយជាញឹកញាប់ អង បានច្រៀងចម្រៀងទាំងពីរបទនេះឲ្យទៅចៅៗរបស់ខ្លួនស្ដាប់។

សូ ពោន អាយុ៨៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ភា រស្មី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

១០) សូ ពោន អាយុ៨៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូ ពោន បាននិយាយប្រាប់យើងពីអតីតកាលរបស់គាត់។ ពោន គឺជាអ្នកចេះដឹងមួយរូបនៅក្នុងភូមិ។ គាត់បានធ្វើជាមេស្វាយត្រាន គ្រប់គ្រងភូមិឃុំព្រៃពោនទាំងមូលនៅក្នុងស្រុកកំពង់ត្របែក។ ពោន បានបញ្ជាក់ទៀតដែរថា គាត់បានធ្វើកិច្ចការងារនេះរហូតដល់ថ្ងៃដែលសម្តេច នរោត្តម សីហុន ត្រូវបានសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទើបគាត់ឈប់ធ្វើ ហើយត្រឡប់មកធ្វើជាកសិករធ្វើស្រែធម្មតាវិញ។ ចូលមកដល់របបកម្ពុជាប្រជាធិបតេយ្យ ពោន បានរៀបរាប់ឲ្យដឹងថា ខ្មែរក្រហមបានប្រើឲ្យគាត់ និងមនុស្សជាច្រើននាក់ទៀត ធ្វើការទាំងថ្ងៃទាំងយប់ ហើយមិនមានបាយសម្រាប់ឲ្យគាត់និងអ្នកឯទៀតហូបទេ ពោលគឺហូបតែបបររាវទេជារៀងរាល់ថ្ងៃ។ រីឯដំណាំហូបផ្លែដែលគាត់បានដាំនៅផ្ទះរបស់គាត់ ក៏គាត់គ្មានសិទ្ធនឹងបេះយកមកហូបដែរ។ នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងដែលខ្មែរក្រហមបានប្រើឲ្យគាត់ធ្វើនោះ គីកាន់នង្គ័លចំនួន៣ សម្រាប់រាស់ដីធ្វើស្រែនៅបឹងក្រទឹប។ ក្រៅពីការងាររាស់ដី ខ្មែរក្រហមបានប្រើឲ្យ ពោន ស្ទួងស្រូវ មើលក្របី ជីក ប្រឡាយ និងធ្វើទំនប់។ មានថ្ងៃមួយខណៈពេលដែលកំពុងតែជីកទំនប់ ពោន បានឃើញនារីម្នាក់កំពុងតែសែងដី ស្រាប់តែរអិលជើងធ្លាក់ចុះមកក្រោម ហើយបានស្លាប់នៅទីនោះតែម្តង ដោយសារទំនប់ខ្ពស់ពេកឡើងពុំរួច។ ពោន បានបន្ថែមទៀតដែរថានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មនុស្សគ្រប់គ្នាត្រូវតែធ្វើការងារជារៀងរាល់ថ្ងៃមិនឲ្យនរណាទំនេរឡើយ (លើកលែងតែឈឺធ្វើការមិនកើត) បើមិនធ្វើការទេ គីនឹងត្រូវបង្អត់បាយហើយ ជាក់ស្តែងរូបរបស់ ពោន ផ្ទាល់ក៏ត្រូវបានខ្មែរក្រហមបង្អត់បាយមួយពេលដែរ ដោយសារតែគាត់មិនបានទៅធ្វើការនៅពេលព្រឹកដោយអាងថាខ្លួនបានធ្វើការពីល្ងាចរួចរាល់អស់ហើយនោះ។ នៅក្នុងរបបខ្មែរក្រហម ពោន ឧស្សាហ៍ ត្រូវបានគេទិទៀនណាស់ទៅលើរឿងការងារនិងរឿងហូបចុករបស់គាត់ ខុសទៅនឹងគោលការណ៍របស់ខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧៨ ក្រុមគ្រួសាររបស់ ពោន ត្រូវបានខ្មែរក្រហមជម្លៀសទៅខាងពោធិ៍សាត់។ កូនរបស់ ពោន ២នាក់ បានស្លាប់នៅទីនោះដោយសារកើតជំងឺកញ្ជ្រឹល ។ ក្នុងរយៈពេលដែលនៅពោធិ៍សាត់ ពោន ខិតខំធ្វើការងារណាស់ ដើម្បីឲ្យប្រធានសហករណ៍មើលឃើញថា ខ្លួនអាចធ្វើការងារបានយ៉ាងច្រើនតាមការបញ្ជារបស់ប្រធានសហករណ៍ហើយ នឹងមិនបញ្ជួនខ្លួននិងគ្រួសារ ឲ្យបន្តទៅមុខទៀតដើម្បីយកទៅសម្លាប់។ ពោន និងគ្រួសារបានត្រឡប់មកផ្ទះវិញ នៅពេលដែល កងទ័ពវៀតណាម បានចូលទៅដល់តំបន់ដែលគាត់ត្រូវបានគេជម្លៀសនោះ នៅខែមករា ឆ្នាំ១៩៧៩(មិនចាំថ្ងៃ)។ ក្រោយថ្ងៃខ្មែរក្រហមដួលរលំ នៅក្នុងភូមិឃុំរបស់ ពោន ក៏បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធ ភូមិឃុំឡើងវិញ ដោយផ្តល់អត្ថិភាព ឲ្យប្រជាជនមានសិទ្ធបោះឆ្នោតជ្រើសរើសតំណាង ដែលខ្លួនពេញចិត្ត ហើយ ពោន ក៏ត្រូវប្រជាជនបោះឆ្នោតឲ្យជាប់ធ្វើជាអនុប្រធានឃុំដែរនៅពេលនោះ។ ពោន បានធ្វើជាអនុប្រធានឃុំដល់ឆ្នាំ១៩៩៣ ទើបគាត់លាលែងពីការងារ ហើយមកធ្វើជាកសិករធ្វើស្រែតាំងពីពេលនោះមក ។ សព្វថ្ងៃ ពោន រស់នៅក្រោមការមើលថែយ៉ាងដិតដល់ពីកូនស្រីពៅរបស់គាត់។

ទិត្យ ហាក់ អាយុ៦៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

១១) ទិត្យ ហាក់ អាយុ៦៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលពីដើមឡើយ ទិត្យ ហាក់ រស់នៅភូមិជីពាយ។ គាត់បានផ្លាស់មករស់នៅ ភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅពេលដែលគាត់បានរៀបការជាមួយនឹងភរិយារបស់គាត់នៅថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ១៩៧៧។ សព្វថ្ងៃ ទិត្យ ហាក់ ពិការមួយចំហៀងខ្លួន។ មូលហេតុដែលធ្វើឲ្យគាត់ពិការមួយចំហៀងខ្លួន គឺដោយសារតែ កាលពី១០ឆ្នាំមុននោះ គាត់បានលើសឈាម ហើយខ្យល់គរ ទើបធ្វើឲ្យគាត់ស្ថិតនៅក្នុងសភាពយ៉ាប់យ៊ឺនបែបនេះ។ ជារៀងរាល់ថ្ងៃ ហាក់ ពិបាកក្នុងការដើរ និងធ្វើដំណើរណាស់ គាត់មានឈើច្រត់មួយសម្រាប់ទប់លំនឹងខ្លួនរបស់គាត់។ កាលនៅពីតូច ក្នុងចំណោមបងប្អូនទាំង៦នាក់របស់គាត់ទាំងអស់ ស្លាប់អស់ម្នាក់ ហាក់ គីជាកូនដែលរៀនបានខ្ពង់ខ្ពស់ជាងគេ។ ហាក់ បានចូលរៀនដំបូងនៅឆ្នាំ១៩៦៣ នៅអាយុ៦ឆ្នាំ នៅសាលាវត្តបេង ពីថ្នាក់ទី១២ ដល់ ថ្នាក់ទី៩ និង នៅសាលាវត្តព្រៃពោន ពីទី៨ ដល់ទី៧។ ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ មក ហាក់ ក៏លែងបានរៀនតទៅទៀតដោយសារស្រុកកើតមានសង្គ្រាម រីឯសាលាក៏ត្រូវបានបិទទាំងអស់ដែរ។ ស្ថិតនៅក្នុងសភាពពេលនោះ ហាក់ និងគ្រួសារ ព្រមទាំងអ្នកផ្សេងទៀតនាំគ្នាចាកចេញពីផ្ទះ គេចពីភ្លើងសង្គ្រាម និងគេចពីទាហាន ធីវគី ដើម្បីទៅរកកន្លែងតំបន់សុវត្ថិភាពនៅឃុំពាមន្ទារ និងទីកន្លែងសុវត្ថិភាពផ្សេងៗទៀត។ ដោយមានការលំបាកខ្លាំងពេក ណាមួយ ហាក់ ក៏នៅតែមានចិត្តចង់រៀនសូត្របន្តនោះ គាត់ក៏បានសម្រេចចិត្តរត់ទៅរស់នៅទីក្រុងភ្នំពេញមួយរយៈដើម្បីបានរៀនសូត្រ និងដើម្បីរត់ចេញពីភ្លើងសង្គ្រាមផងដែរ នៅឆ្នាំ១៩៧២។ ទៅដល់ភ្នំពេញ ហាក់ បាននិយាយថា នៅទីក្រុងភ្នំពេញគីមានសភាពស្ងប់ស្ងាត់គួរឲ្យចង់រស់នៅ មិនដូចជានៅស្រុកកំណើតឡើយ។ ហាក់ បានទៅស្នាក់នៅជាមួយអ៊ុំប្រុសរបស់គាត់ឈ្មោះ ញែម ឯក ដែលជាទួតបារាំង។ នៅយូរទៅ ដោយមិនចង់ក្លាយជាបន្ទុករបស់អ៊ុំប្រុសរបស់ខ្លួនតទៅទៀត មួយឆ្នាំក្រោយមក ហាក់ ក៏បានបែកគំនិតចេញរកស៊ីធាក់ស៊ីក្លូ ដើម្បីយកប្រាក់មកចិញ្ចឹមខ្លួន និងបង់ថ្លៃសាលា។ នៅភ្នំពេញ ហាក់ បានទៅរៀននៅសាលាវិទ្យាល័យស្រោចស្រង់ជាតិថ្នាក់ទី១ទំនើប។ ទៅរៀននៅភ្នំពេញបានរយៈពេល២ឆ្នាំជាង ក៏ចាប់ផ្តើមកើតមានសង្គ្រាមទៀតនៅទីក្រុងភ្នំពេញ រវាងខ្មែររំដោះ និងខាង លន់ នល់។ សង្គ្រាមលើកនេះបានធ្វើឲ្យ មានការផ្លាស់ប្តូរយ៉ាងធំក្រោយខ្មែរក្រហមទទួលជ័យជំនះ ពោលគឺបានធ្វើឲ្យកើតមាននូវព្រឹត្តិការណ៍មួយ គីការជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញយ៉ាងឆាប់រហ័សក្នុងរយៈពេល៣ថ្ងៃ។ ហាក់ ក៏ដូចជាប្រជាជនឯទៀតដែរ ខ្មែរក្រហមបានជម្លៀសគាត់ចេញពីទីក្រុងភ្នំពេញដែរ ដើម្បីវិលមកស្រុកកំណើតវិញ។ តាមផ្លូវត្រឡប់មកផ្ទះវិញ ហាក់ បានឃើញមនុស្សស្លាប់គរជើងគ្នា និងបានឃើញទិដ្ឋភាព ដែលទាហានខ្មែរក្រហមបានបរឡានកិនមនុស្សស្លាប់ជាច្រើននាក់ យ៉ាងអនោចអាណោចអាធ័មជាទីបំផុតនៅលើស្ពាន(មិនចាំឈ្មោះស្ពាន)។ មកដល់ស្រុកកំណើតវិញដោយថ្មើរជើងក្នុងរយៈពេល២០ថ្ងៃ ក្នុងនាមគាត់ជាប្រជាជនដែលត្រូវបានជម្លៀសពីទីក្រុងភ្នំពេញមក ប្រធានភូមិជីពាយបានមកសួរនាំគាត់ដែរ ទាក់ទងទៅនឹងជីវប្រវត្តិរបស់គាត់ថាតើ ពីមុនមកគាត់ធ្លាប់ធ្វើការងារអី ហើយធ្វើនៅកន្លែងណាខ្លះ តែក៏ត្រូវបាន ហាក់ បញ្ជាក់ទៅវិញដែរថា ខ្លួនរបស់គាត់គ្រាន់តែជាសិស្សសាលា និងជាអ្នកធាក់ស៊ីក្លូម្នាក់តែប៉ុណ្ណោះមិនមានអ្វីលើសពីនេះទេ ។ បន្ទាប់មកប្រធានភូមិ ក៏បានឲ្យ ហាក់ ដឹកនាំក្មេងៗធ្វើបង្គន់អានាម័យ។ ក្រោយមក ហាក់ ក៏បានធ្វើជាកងចល័តដើរទៅធ្វើការនៅតាមតំបន់ផ្សេងៗ ដូចជាការ ធ្វើប្រព័ន្ធប្រឡាយនៅក្នុងភូមិព្រៃពោន តាមការបញ្ជារបស់ខ្មែរក្រហមជាដើម។ នៅខែមករា ឆ្នាំ១៩៧៩ ហាក់ បានផ្លាស់ប្តូរពីកងចល័ត មកធ្វើជាអ្នកបញ្ជាន់ស្រូវ និងបុកស្រូវ រហូតដល់់ថ្ងៃដែល របបខ្មែរក្រហមមួយនេះបានដួលរលំ។ ក្រោយបែកឆ្នាំ១៩៧៩ មក គាត់ក៏បានធ្វើ ជាគ្រូបង្រៀននៅសាលបឋមសិក្សា នៅវត្តបេងបូរី។ នៅឆ្នាំ១៩៨២ ហាក់ បានឡើងជានិយករងសាលាវិទ្យាព្រៃពោន រហូតដល់ថ្ងៃចូលនិវត្តន៍របស់គាត់នៅ ឆ្នាំ២០១៥។ សព្វថ្ងៃ ហាក់ រស់នៅដោយពឹងផ្អែកទៅលើប្រាក់ចំណូលចូលនិវត្តន៍របស់ខ្លួន។

កែវ វន្ថា ហៅ កែវ ឈន ភេទប្រុស កើតនៅឆ្នាំ១៩៤៥ រស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

១២) កែវ វន្ថា ហៅ កែវ ឈន ភេទប្រុស កើតនៅឆ្នាំ១៩៤៥ រស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃ វន្ថា ជាមេឃុំព្រៃពោន និងរស់នៅភូមិតាប្រុញ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលពីអាយុ៧ឆ្នាំ វន្ថា បានមករស់នៅជាមួយឪពុកធំរបស់ខ្ញុំក្នុងភូមិតាប្រុញ ឃុំព្រៃពោន ដើម្បីសិក្សារៀនសូត្រនៅក្នុងវត្តព្រៃពោន។ នៅឆ្នាំ១៩៦៧ វន្ថា បានមកបន្តការសិក្សានៅវិទ្យាល័យព្រះអង្គឌួង ទីរួមខេត្តព្រៃវែង។ បីឆ្នាំក្រោយមក វន្ថា បានត្រឡប់មកកាន់ស្រុកកំណើតវិញ បន្ទាប់ពីមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ គាត់បានរៀបការជាមួយ ឡុង អ៊ីម ដែលត្រូវជាកូនឪពុកធំរបស់គាត់។ នៅឆ្នាំ១៩៧២ វន្ថា ត្រូវកម្មាភិបាលសន្តិសុខស្រុកកំពង់ត្របែក ឈ្មោះ ទុំ ប៊ិច ចាប់យកទៅដាក់ឃុំឃាំងនៅព្រៃរំដូង និងបញ្ជូនបន្តទៅសួរចម្លើយនៅទួលម្រេញ។ ដំបូង ប៊ិច ចោទ វន្ថា ថាជាប់សន្តិសម្ព័ន្ធ និងបានធ្វើទារុណកម្មទៅលើគាត់។ នៅថ្ងៃបន្ទាប់ វន្ថា ត្រូវបានបញ្ជូនបន្តទៅដាក់ឃុំឃាំងនៅក្នុងវត្តហប់ចំនួនមួយយប់ ដែលមាន កឹម ជាប្រធានសន្តិសុខ មុនពេលដែលគាត់ត្រូវបានបញ្ជូនបន្តទៀតទៅកាន់ទួលម្រញ។ គាត់ជាប់ឃុំឃាំងនៅទួលម្រេញអស់រយៈពេលមួយឆ្នាំកន្លះ។ វន្ថា ត្រូវបានដោះលែងឲ្យមកផ្ទះវិញ បន្ទាប់ពីថ្ងៃរំដោះទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ស្ថិតក្នុងរបបខ្មែរក្រហម វន្ថា ត្រូវកម្មាភិបាលមូលដ្ឋានខ្មែរក្រហមប្រើឲ្យធ្វើការងារដូចអ្នកឯទៀតដែរ គឺការងារកសិកម្ម។ គាត់ពុំសូវទទួលរងការលំបាកប៉ុន្មានទេ ព្រោះគាត់ជាមនុស្សឧស្សាហ៍ និងពូកែអែបអបកម្មាភិបាលខ្មែរក្រហម។ នៅឆ្នាំ២០០២ វន្ថា ធ្វើជាក្រុមប្រឹក្សាឃុំព្រៃពោន។ ពីឆ្នាំ២០០៧រហូតដល់សព្វថ្ងៃ គាត់បានទទួលតំណែងជាមេឃុំព្រៃពោន តាមរយៈការបោះឆ្នោត។

យ៉េ យ៉ន អាយុ៦៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

១៣) យ៉េ យ៉ន អាយុ៦៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ យ៉េ យ៉ន កើតនៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ១៩៥៣។ កាលនៅពីតូច យ៉េ យ៉ន ចាប់ផ្តើមចូលរៀនដំបូង នៅអាយុ៧ ឆ្នាំ នៅវត្តសេរីឧត្តម ថ្នាក់ទី១២ និងក្រោយមក យ៉ន បានទៅរៀននៅផ្ទះពូរបស់គាត់ចំនួន២ឆ្នាំទៀតនៅឆ្វាង ឆ្នាំ១៩៧៣ ដល់ ១៩៧៤។ យ៉ន មានបងប្អូន៧នាក់ ប្រុស៣ ស្រី៤ ដែលបងប្រុសរបស់ យ៉ន ២ នាក់ត្រូវបានខ្មែរក្រហមសម្លាប់ ដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ បើនិយាយពីបងប្រុសរបស់ យ៉ន ទាំងពីរវិញ យ៉ន បានរៀបរាប់ឲ្យដឹងថា មុននឹងខ្មែរក្រហមយកបងប្រុសរបស់ខ្លួន២នាក់យកទៅសម្លាប់ ខ្មែរក្រហមបានប្រើបងប្រុសរបស់ខ្លួនអស់សាច់អស់ឈាមទៅហើយ ដោយឲ្យអូសរទះដឹកឈើពីកំពង់ត្របែកទៅព្រៃពោន ព្រមទាំងបង្អត់អាហារទៀត។ ដោយឃើញបែបនេះ យ៉ន បានស្រក់ទឹកភ្នែក និងនឹកអាណិតដល់បងប្រុសជាពន់ពេក។ ក្រោយមកបងប្រុស ២នាក់របស់ យ៉ន ក៏បានបាត់ដំណឹងសូន្យឈឹង ហើយគាត់បានសន្និដ្ឋានថាបងប្រុសទាំងពីរនាក់របស់ខ្លួន ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ហើយ តាំងពីឆ្នាំ១៩៧៦។ ងាកមកជីវិត ស្ថិតនៅក្នុងរបប លន់ នល់ វិញ យ៉ន បាននិយាយថា ជីវិត ពិតជាកម្សត់ ហើយក៏មានការលំបាកខ្លាំងណាស់ដែរ គាត់បានរត់គេចពីគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ ពេលខ្លះមិនបានដេកពួនទៀត រត់ចុះរត់ឡើង ស្ទើរតែគ្រប់ពេល ។ យ៉ន បាននិយាយទៀតដែរថាការរស់នៅក្នុងភូមិជាប់ជាមួយនឹងព្រំដែនវៀតណាម ភ្លើងសង្គ្រាម ក៏ដូចជាគ្រាប់ផ្លោងចេះតែកើតមានជាញឹកញាប់ចាប់ តាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ គឺមិនស្ងាត់នោះទេ បើទោះជាខ្មែរក្រហមបានទទួល ជ័យជំនះរួចទៅហើយនោះក៏ដោយ ចំណែកឯប្រជាជនវិញស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយដោយសារតែការរកាំរកូសគ្នានេះ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បើនិយាយពីជីវភាព ក៏ដូចជាជីវិតពិតសព្វថ្ងៃរបស់ យ៉ន វិញនៅក្នុងសម័យខ្មែរក្រហម គីមិនមានអ្វីទេ សព្វថ្ងៃសូម្បីតែរបស់របរបន្លែហូបចុក ដែល យ៉ន ខ្លួនឯងបានដាំក៏មិនអាចមានសិទ្ធក្នុងការបេះយកមកហូបដែរ លុះត្រាតែបេះដាក់ចូល ទៅក្នុងសហករណ៍រោងបាយរួម ប៉ុន្តែបើសិនជា យ៉ន ហ៊ានបេះយកមកហូបតែម្នាក់ឯងហើយមានអ្នកដឹងនោះ ច្បាស់ណាស់ និងត្រូវគេទិទៀន និងត្រូវយកទៅអប់រំជាពុំខាន។ សម្រាប់ការងាររបស់ យ៉ន វិញ គឺ យ៉ន មិនដែលហ៊ាននិយាយ ឬប្រកែកត្អូញត្អែរទេអំពីការងារនោះ។ គាត់គិតតែពីខំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃ ក៏ព្រោះតែខ្លាច មិនចង់ឲ្យនរណាមកទិទៀនអំពីខ្លួន និងខ្លាចត្រូវបានគេយកទៅក៏សាង ឬសម្លាប់។ ដូច្នេះ ហើយទើបបានជាគាត់សុខចិត្តធ្វើតាមការបញ្ជារបស់ខ្មែរក្រហមបែបនេះ។ ការធ្វើការក៏មានការប្រជុំដែរ គឺមួយខែត្រូវប្រជុំម្តង ដែលមានប្រធានបទនិយាយពីការធ្វើស្រែ ការទិទៀនគ្នាទៅវិញទៅមក និយាយពីការឲ្យប្រជាជនខំប្រឹងធ្វើការ និងណែនាំឲ្យប្រជាជនមិនឲ្យ ស្តាប់វិទ្យុនាំឲ្យបែកអារម្មណ៍ជាដើម។

ក្រោយថ្ងៃជ័យជំនះ ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំបង្កើតរចនាសម្ព័ន្ធការងារដាក់ជួនប្រជាជនឲ្យធ្វើជាបណ្តើរៗ។ រហូតដល់ឆ្នាំ១៩៧៦ ទើបមានការបង្កើតជាសហករណ៍ពេញលេញគឺការធ្វើការរួម ការចាប់ផ្តើមហូបបាយរួម និងប្រមូលរបស់របរទាំងអស់ដាក់ជារបស់រួមដូចជាស្រូវអង្ករ ចានឆ្នាំងជាដើម រីឯគ្រឿងអលង្ការ មាស ប្រាក់ ពេជ្រ កែវកង ក៏ត្រូវបានប្រមូលយកទៅដែរ នៅក្នុងឆ្នាំ១៩៧៨។ យ៉ន មិនហ៊ានប្រកែកទៅនឹងអង្គការឡើយ គាត់ក៏បានប្រគល់មាសចំនួន៥ជីទៅឲ្យខ្មែរក្រហមដែរ។ បើនិយាយពីការងារប្រចាំថ្ងៃរបស់ យ៉ន កាលពីសម័យខ្មែរក្រហម ជាទូទៅដោយសារតែគាត់ស្ថិតនៅក្នុងវ័យដែលមានកម្លាំងពេញ ខ្មែរក្រហមបានបញ្ចូលឲ្យគាត់ចូលទៅក្នុងកងកម្លាំងនារី ដែលក្រុមនេះ គឺជាអ្នកធ្វើប្រព័ន្ធភ្លឺស្រែ លើកដី និងជីប្រឡាយពីកំពង់ត្របែក ទៅឆ្វាង និង ពីបឹងក្រទឹប ទៅថ្កូវ។ សម្រាប់ការងារទាំងអស់នេះ យ៉ន ត្រូវ ចាប់ផ្តើមធ្វើការពីម៉ោង៧ ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ ទើបមកសម្រាកហូបបាយ រួចពេលរសៀលចូលធ្វើការវិញនៅម៉ោង២ រហូតទាល់តែហើយតាមផែនការដែលបានកំណត់ក្នុងមួយនាក់ ១៥ម៉ែត្រក្នុងមួយថ្ងៃ ទើបអាចមកសម្រាកបាន ប៉ុន្តែបើមិនហើយ ត្រូវបន្តធ្វើដល់ថ្ងៃស្អែកទៀត។ ក្រឡេកទៅមើលពិធីរៀបមង្គលការ របស់ យ៉ន វិញ យ៉ន បានចងចាំច្បាស់ណាស់អំពីថ្ងៃខែដែលខ្លួនបានរៀបការជាមួយស្វាមី គឺថ្ងៃទី ១៥ ឧសភា ឆ្នាំ១៩៧៦។ ការរៀបការនៅពេលនោះ គឺមានសរុបទាំងអស់ចំនួន៦គូដែលរៀបការក្នុងពេលតែមួយជាមួយ យ៉ន ដែរ។ យ៉ន បានរៀបរាប់ថា នៅក្នុងពិធីមង្គលការ គឺមានតែសាម៉ីខ្លួនដែលជាអ្នករៀបការតែប៉ុណ្ណោះដែលមានវត្តមាននៅក្នុងពិធីនោះ ចំណែកឯឪពុកម្តាយត្រូវរង់ចាំនៅខាងក្រៅក្នុងនាមជាភ្ញៀវ។ ពិធីរៀបការនេះបានប្រព្រឹត្តទៅក្នុងរយៈពេលតែមួយព្រឹកប៉ុណ្ណោះ ដោយឲ្យយុវជន យុវនារី អង្គុយទល់មុខ រួចប្រកាសគូស្រករ និងទទួលស្គាល់គ្នាជាប្តីប្រពន្ធ ហើយប្តេជ្ញាថានឹងស្រឡាញ់គ្នាអស់មួយជីវិត។ ការរៀបការនេះក៏មានការថតរូបផងដែរ ពីសំណាក់កម្មាភិបាលខ្មែរក្រហម។ បន្ទាប់ពីពិធីរៀបការបានចប់សព្វគ្រប់ មុននឹងត្រឡប់ទៅផ្ទះវិញ ខាងអង្គការក៏មានជាការអញ្ជើញឲ្យហូបចុកអាហារតិចតួចដែរ គឺមានសម្លម្ជួរ និងសម្លការី សម្រាប់ជប់លៀងពិធីរៀបមង្គលការ។ នៅឆ្នាំ១៩៧៨ យ៉ន បានសម្រាលបុត្របានម្នាក់នៅប្រច្រត់។ អង្គការបានឲ្យ យ៉ន សម្រាកនៅផ្ទះចំនួន ១០ថ្ងៃដែរ។ នៅផ្ទះ យ៉ន ត្រូវមើលថែទាំងកូនខ្លួនឯងផង និងត្រូវមើលថែក្មេង ២នាក់ផង ដោយសារតែម្តាយរបស់ក្មេងទាំងពីរនាក់ត្រូវបានអង្គការប្រើឲ្យទៅធ្វើស្រែ ។ ក្រៅពីនេះ យ៉ន នៅមានការងារផ្សេងទៀតគឺ បុកស្រូវ និងលើកដី។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ ពេលសភាពការណ៍ វៀតណាម បររថក្រោះ ចូលដល់ស្រុកកំពង់ត្របែក ប្រជាជនមានការជ្រួលច្របល់ពេញពេញហ្នឹងទាំងអស់។ ប្រធានសហករណ៍ឈ្មោះ គុច បានកៀរប្រជាជនទាំងអស់រត់ទៅស្រុកព្រះស្តេច ក្នុងគោលបំណងគេចពីពួកវៀតណាម។ ទៅដល់ស្រុកព្រះស្តេច កម្មាភិបាល ក៏ដូចជាប្រធានសហករណ៍ ចេះតែរុញ និងបង្ខំឲ្យប្រជាជនរត់ចូលទៅក្នុងព្រៃ។ ដោយសារតែមានការភ័យខ្លាចនូវគ្រាប់កាំភ្លើងដែលខ្មែរក្រហមបានបាញ់បង្ខំឲ្យប្រជាជនរត់ចូលទៅក្នុងព្រៃ និងមើលទៅដូចជាមិនសូវស្រួល យ៉ន ក៏បានពិភាក្សាជាមួយនឹងស្វាមី ហើយប្រមូលគ្នីគ្នាមួយចំនួនដែលនៅជិតនោះដើរត្រឡប់ថយក្រោយវិញ។ មកដល់វត្តក្រចាប់ក៏បានជួបជាមួយនឹងវៀតណាម ហើយវៀតណាមក៏បានស្រែកប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញ ។ ថ្ងៃទី៨ ខែមករា ទើបមកដល់ស្រុកកំណើតវិញ ដើរប្រមូលស្រូវអង្ករចានឆ្នាំងមួយចំនួនយកទៅប្រើប្រាស់ផងដែរ។ ចាប់តាំងថ្ងៃដែលខ្មែរក្រហម ដួលរលំមក ស្រុកទេសក៏ចាប់ផ្តើមមានសុខសន្តិភាពឡើងវិញ ហើយ យ៉ន ក៏អាចចាប់ផ្តើមប្រកបរបររកស៊ីដោយខ្លួនឯងបានដែរ ដោយទិញជ្រូកពីក្បាលថ្នល់យកទៅលក់ឲ្យជនជាតិវៀតណាម និងទិញអំបិលពីវៀតណាម មកដូរជាអង្ករ ក្រៅពីនេះ យ៉ន បានដើរលក់ ចេក លក់ល្ហុង ដើម្បីដូរជាអង្ករ។ ក្រៅពីការលក់ដូរ យ៉ន នៅធ្វើស្រែដែលរដ្ឋាភិបាលបានចែកឲ្យដោយខ្លួនឯងដែរ ប៉ុន្តែ សព្វថ្ងៃ យ៉ន ធ្វើស្រែលែងរួចហើយដោយសារតែមានវ័យកាន់តែចាស់ និងពឹងផ្អែកទៅលើប្រាក់ចំណូលដែលកូនជួនតិចតួចប៉ុណ្ណោះ។

អត្ថបទ និងរូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖