ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានកិត្តិយសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់តំណាងការទូតមកពីព្រះរាជាណាចក្របែលហ្ស៊ិក រួមមាន លោក Benoît Dispa, លោក Gaëtan Van Goidsenhoven និងលោក Xavier Baeselen នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីឯកសារបណ្ណសាររបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងកេរដំណែលរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ», សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ គណៈប្រតិភូឥស្សរជនជាន់ខ្ពស់បែលហ្ស៊ិក បានអញ្ជើញទស្សនាការសម្តែងរបាំប្រពៃណី «របាំក្ងោកពោធិ៍សាត់» ។
របាំក្ងោកពោធិ៍សាត់
របាំក្ងោកពោធិ៍សាត់ មានដើមកំណើតចេញពីសហគមន៍ជនជាតិដើមភាគតិចព័រ នៅក្នុងខេត្តពោធិ៍សាត់។ របាំនេះត្រូវបានសម្តែងឡើងដើម្បីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី និងអារក្សអ្នកតាភ្នំ សុំទឹកភ្លៀង អបអរសាទររដូវប្រមូលផល (ដូចជាការបេះផ្លែក្រវាញ) ឬដើម្បីបន់ស្រន់សុំជំនួយក្នុងការស្វែងរកសត្វពាហនៈដែលបាត់បង់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ សម្តេចព្រះ នរោត្តម សីហនុ បានបញ្ជូនគណៈប្រតិភូរាជវង្សឱ្យចុះទៅសិក្សាស្រាវជ្រាវ និងចងក្រងសម្រួលរបាំនេះ បញ្ចូលទៅក្នុងទម្រង់សិល្បៈទស្សនីយភាពជាតិរបស់ប្រទេសកម្ពុជា។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
























