សាន់ សាវុធ ៖ រួចជីវិតពីការប៉ុនប៉ងសម្លាប់ជាច្រើនលើកពីឈ្លបខ្មែរក្រហម

«ក្នុងវ័យ១៤ឆ្នាំ ខ្ញុំត្រូវបែកចេញពីឪពុកម្ដាយទៅរស់នៅកងកុមារ ឃ្វាលក្របីរាប់រយក្បាល និងឃើញឆ្អឹងមនុស្សពាសពេញព្រៃ។ ថ្វីបើឪពុកខ្ញុំត្រូវខ្មែរក្រហមសម្លាប់ទម្លាក់ចូលអណ្ដូង និងបងស្រីបាត់ខ្លួន ប៉ុន្តែខ្ញុំអាចរួចផុតពីការយកទៅសម្លាប់រហូតដល់៣លើក ដោយសារភាពស្មោះត្រង់ ការខិតខំធ្វើការ និងចេះគូរគំនូរទង់ជាតិឱ្យមេខ្មែរក្រហម»។

ខ្ញុំឈ្មោះ សាន់ សាវុធ បច្ចុប្បន្នអាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិគ្រោះ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ ផ្ទះចាស់ដែលខ្ញុំធ្លាប់រស់នៅកាលពីដើម គឺស្ថិតនៅក្នុងភូមិវប្បធម៌ ខេត្តសៀមរាប។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ សាន់ សាន់ និងម្ដាយឈ្មោះ វង្ស ង៉ុក (ស្លាប់)។ ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្អូនចំនួន៣នាក់ ដោយបងប្រុសរបស់ខ្ញុំគឺជាជនពិការ និងបងស្រីបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ បច្ចុប្បន្ន ខ្ញុំមានប្រពន្ធឈ្មោះ យុទ្ធ ស៊ីថា និងមានកូនប្រុសចំនួន២នាក់។

កាលពីកុមារ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៩ពីសង្គមចាស់ ដែលស្មើនឹងថ្នាក់ទី៣នាពេលបច្ចុប្បន្ន។ ខ្ញុំចាំបានថា ខ្មែរក្រហមបានចូលមកដល់ខេត្តសៀមរាបតាំងពីឆ្នាំ១៩៧០។ មុនពេលខ្មែរក្រហមចូលមក គ្រួសាររបស់ខ្ញុំសង់ផ្ទះនៅខាងមុខប្រាសាទអង្គរវត្ត។ បន្ទាប់ពីខ្មែរក្រហមចូលមកដល់អង្គរវត្ត គ្រួសារខ្ញុំបានផ្លាស់មករស់នៅក្នុងក្រុងសៀមរាប។ ពេលនោះ ខ្ញុំមិនបានរស់នៅជួបជុំជាមួយឪពុកម្ដាយទេ គឺខ្ញុំទៅស្នាក់នៅជាមួយព្រះសង្ឃនៅក្នុងវត្តព្រះឥន្ទកោសី។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមរំដោះបានខេត្តសៀមរាបទាំងស្រុង។ ខ្ញុំឃើញកងទ័ពខ្មែរក្រហមយកប្រាក់រៀលទៅបាចចោលពាសពេញផ្លូវ ព្រោះខ្មែរក្រហមមិនអនុញ្ញាតឱ្យប្រជាជនចាយលុយទេ។ ដំបូង ខ្មែរក្រហមធ្វើអំពើល្អ និងរាក់ទាក់ជាមួយប្រជាជន ប៉ុន្តែក្រោយមខ្មែរក្រហមចាប់ផ្ដើមរឹតបន្តឹងលើសិទ្ធិសេរីភាពប្រជាជន។ ដោយឡែក ខ្ញុំត្រូវខ្មែរក្រហមជម្លៀសចេញពីវត្តព្រះឥនកោសី ទៅកាន់ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ពេលខ្ញុំទៅដល់ស្រុកបន្ទាយស្រី ខ្មែរក្រហមបានឱ្យខ្ញុំចូលកងចល័តនៅទីនោះតែម្តង។ ពេលខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងសៀមរាបទៅស្រែណូយដំបូង គឺមានប្រជាជនរាប់រយគ្រួសារ រួមទាំងខ្ញុំ ប៉ុន្តែអ្នកនៅរស់ជីវិតត្រឡប់មកផ្ទះសម្បែងវិញ មានត្រឹម៧ទៅ៨គ្រួសារតែប៉ុណ្ណោះ ព្រោះប្រជាជនភាគច្រើនបានស្លាប់ដោយសារជំងឺគ្រុនចាញ់។ នៅបន្ទាយស្រី ប្រធានកងបានចាត់តាំងខ្ញុំ រួមជាមួយកុមារជាច្រើននាក់ទៀតទៅឃ្វាលក្របីជិត១,០០០ ក្បាល និងមានបុរសវ័យចំណាស់ឈ្មោះ ញឹប គ្រប់គ្រងលើកុមារទាំងអស់។ ក្រៅពីឃ្វាលក្របី ក្នុងមួយសប្តាហ៍ ក្រុមកុមារត្រូវចូលរៀនមួយថ្ងៃ។ នៅតំបន់ខ្ញុំរស់នៅគ្មានអំបិលហូបឡើយ ដូច្នេះខ្ញុំ និងកុមារក្នុងកងត្រូវដើររកដីច្រាបយកមកចម្រាញ់ធ្វើជាអំបិល។ កាលខ្ញុំនៅឃ្វាលក្របី ការរស់នៅរបស់ខ្ញុំមិនសូវលំបាកទេ ព្រោះអ្នកគ្រងគ្រង់កងឈ្មោះ បងញឹប មានទឹកចិត្តល្អ និងជួយកុមារតូច។ ខ្ញុំនិងកុមារក្នុងកងអាចដើររកក្តាម ខ្យង អណ្តើក ប្រកួត កំប្រុក កង្ហែន ជៀស និង ដំឡូង យកមកដុតហូបបន្ថែមលើរបបបបរដែលមានស្រាប់។ នៅអំឡុងពេលឃ្វាលក្របី ខ្ញុំធ្លាប់បានឃើញឈ្លបខ្មែរក្រហមចាប់ប្រជាជនចងស្លាបសេកបណ្ដើរចូលទៅក្នុងព្រៃដើម្បីសម្លាប់។ ពេលខ្ញុំដើរឃ្វាលក្របី ខ្ញុំបានឃើញសត្វត្មាតចុះស៊ីសាកសព និងឃើញឆ្អឹងមនុស្សពាសពេញព្រៃ។ តាមរយៈសម្លៀកបំពាក់ដែលខ្ញុំឃើញ ខ្ញុំអាចចំណាំបានអ្នកស្លាប់មួយចំនួនគឺជាអ្នកស្រុកភូមិជាមួយខ្ញុំ។

ខ្ញុំចាំថា គ្រូគំនូរដែលខ្មែរក្រហមជម្លៀសចេញពីវត្តឥន្ទកោសីជាមួយខ្ញុំ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅពេលនោះដែរ។ ចំណែកឪពុកខ្ញុំត្រូវបានខ្មែរក្រហមមកចាប់យកទៅសម្លាប់ រួចទម្លាក់ចូលក្នុងអណ្ដូង នៅឃុំព្រះដាក់ ក្នុងស្រុកបន្ទាយស្រី នៅពេលគាត់កំពុងធ្វើបង្គី ចំណែកបងស្រីរបស់ខ្ញុំបានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ បន្ទាប់ពីឃ្វាលក្របីបានប្រហែល២ឆ្នាំ ខ្មែរក្រហមចាត់តាំងខ្ញុំចូលធ្វើការក្នុងកងចល័តយុវជនស្រុកបន្ទាយស្រី។ ការងាររបស់ខ្ញុំគឺធ្វើស្រែ និងលើកទំនប់បែកតាប់ ដែលខ្មែរក្រហមបញ្ជូនប្រជាជនរាប់ពាន់នាក់ឱ្យមកធ្វើការ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនថ្មី និងជម្លៀសមកពីទីក្រុង ត្រូវខ្មែរក្រហមចាត់ទុកជាពួកសក្ដិភូមិ។

ក្រោយមក ឈ្លបខ្មែរក្រហមបានចោទប្រកាន់ខ្ញុំ និងប៉ុនប៉ងយកខ្ញុំទៅសម្លាប់ចំនួន៣លើក ប៉ុន្តែ ត្រូវប្រធានកងឈ្មោះ ញឹប ជួយធានា និងការពារខ្ញុំ ដោយសារតែខ្ញុំមានភាពស្មោះត្រង់ និងខិតខំធ្វើការងារយ៉ាងសកម្ម ហើយម្យ៉ាងទៀតខ្ញុំមានជំនាញគូរគំនូរ។ ពេលនោះ កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបានបញ្ជាខ្ញុំឱ្យគូររូបទង់ជាតិខ្មែរក្រហម។ ប្រសិនបើខ្ញុំគូរខុសតែបន្តិច ជីវិតខ្ញុំនឹងមិនរស់ឡើយ។ ខ្ញុំបានគូររូបទង់ជាតិតាមទំហំដែលកម្មាភិបាលខ្មែរក្រហមចង់បាន ធ្វើឱ្យកម្មាភិខ្មែរក្រហមនោះពេញចិត្តយ៉ាងខ្លាំង។ ក្រោយមក ខ្មែរក្រហមបាននាំខ្ញុំទៅសរសេរអក្សរនៅលើបដាឃោសនា ធ្វើឱ្យខ្ញុំមានពេលសម្រាកពីការងារកាប់ដី និងលើកទំនប់។

នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះ ប្រជាជននៅតំបន់របស់ខ្ញុំមិនបានរត់ភៀសខ្លួនទៅឆ្ងាយទេ។ ក្រោយថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ខ្ញុំបានចូលធ្វើការនៅក្នុងស្រុកបន្ទាយស្រី ដោយទទួលបានការចាត់តាំងឱ្យធ្វើជាប្រធានយុវជនស្រុក ហើយនៅក្នុងឆ្នាំ១៩៨០ ខ្ញុំត្រូវបានបញ្ជូនឱ្យទៅសិក្សានៅធូឌឹក ប្រទេសវៀតណាម។ បច្ចុប្បន្ន ខ្ញុំចូលនិវត្តន៍ និងមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាម ដែលតម្រូវឱ្យខ្ញុំថែទាំសុខភាពជាប្រចាំ។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖