ខ្ញុំឈ្មោះ ស៊ុំ អូន អាយុ៦៣ឆ្នាំ កើតនៅក្នុងភូមិរំដេង (បច្ចុប្បន្នភូមិចង្គំកណ្ដាល) ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ អំ ស៊ុំ ស្លាប់ដោយសារជំងឺក្នុងឆ្នាំ១៩៨២ និងម្ដាយឈ្មោះ ប្រុក ហៀង ស្លាប់ដោយសារជំងឺលើសឈាម។ ខ្ញុំមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រីម្នាក់។ ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ ធឹម សានី កើតនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម និងមានកូនចំនួន៦នាក់ ក្នុងនោះប្រុស៤នាក់ និងស្រី២នាក់។
កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រទេដោយសារជីវភាពគ្រួសារខ្វះខាត។ ជំនាន់នោះ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែ និងបានទិន្នផលបន្តិចបន្តួចសម្រាប់ហូបតែប៉ុណ្ណោះ។ ប្រជាជនរស់នៅក្នុងភូមិរំដេងពឹងផ្អែកទៅលើការបង្កបង្កើនផលស្រូវ ពុំមានការងារអ្វីផ្សេងទៀតឡើយ។
អំឡុងឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច ធ្វើឱ្យប្រជាជននៅក្នុងភូមិរំដេងមួយចំនួនទៅចូលរួមធ្វើបាតុកម្មនៅស្រុកមេមត់ ដើម្បីទាមទារឱ្យព្រះអង្គត្រឡប់មកកាន់អំណាចវិញ។ ប្រជាជនដែលចេញទៅធ្វើបាតុកម្មពេលនោះ មានកាន់ដំបង កាំបិត និងពូថៅ។ ប៉ុន្ដែឪពុកម្តាយខ្ញុំមិនបានទៅចូលរួមធ្វើបាតុកម្មជាមួយអ្នកភូមិទេ។ ប្រជាជនក្នុងភូមិចេញទៅធ្វើបាតុកម្មរយៈពេលមួយយប់ទើបត្រឡប់មកផ្ទះវិញ។
មួយរយៈក្រោយមក ខ្ញុំឃើញកងទ័ពវៀតណាមខាងជើងចូលមកបោះជំរំនៅក្នុងព្រៃក្បែរភូមិរំដេង។ ទន្ទឹមនេះ ខ្ញុំឃើញទាហានអាមេរិកបានចូលមកបោះទីតាំងបន្ទាយនៅភូមិពងទឹក (បន្ទាយទាហានបច្ចុប្បន្ន) ដែរ។ នៅពេលទាហានអាមេរិកស៊ើបដឹងថាមានកងទ័ពវៀតណាមខាងជើងលាក់ខ្លួននៅក្នុងភូមិ ទាហានអាមេរិកចាប់ផ្តើមផ្លោង និងទម្លាក់គ្រាប់បែកមកលើកងទ័ពវៀតណាមទាំងនោះយ៉ាងសន្ធឹកសន្ធាប់ធ្វើឱ្យប្រជាជននៅក្នុងភូមិរំដេងត្រូវជីកលេណដ្ឋានសម្រាប់លាក់ខ្លួនគ្រប់គ្នា។ ខ្ញុំឃើញស្ថានភាពប្រជាជនរស់នៅលំបាកវេទនាខ្លាំងណាស់។ ប្រជាជនត្រូវលាក់ខ្លួននៅក្នុងលេណដ្ឋានស្ទើររាល់ថ្ងៃ។ លេណដ្ឋានដែលគ្រួសារខ្ញុំជីកមានទទឹង៤ម៉ែត្រ បណ្ដោយ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ។ ឪពុករបស់ខ្ញុំបានយកឈើធំៗមកគងពីលើមាត់រណ្តៅ រួចហើយយកស្លឹកទ្រាំងមកក្រាល ហើយចាក់ដីគ្រប់ពីលើ។ លេណដ្ឋានគ្រួសាររបស់ខ្ញុំមានប្រលោះសម្រាប់ចេញចូលចំនួនពីរ។ ជារៀងរាល់យប់ ខ្ញុំដាំបាយទុកហូប។ នៅពេលថ្ងៃ ខ្ញុំមិនហ៊ានដាំបាយទេ ព្រោះខ្លាចទាហានអាមេរិកឃើញផ្សែងភ្លើង។ ពេលទាហានមេរិកទម្លាក់គ្រាប់បែកម្តងៗប្រជាជនមិនហ៊ានចេញទៅធ្វើការងារតាមវាលស្រែ ឬធ្វើចម្ការទេ។ ពេលនោះទោះបីផ្ទះសម្បែងប្រជាជនក្នុងភូមិរំដេងមិនមានការខូចខាតដោយសារការទម្លាក់គ្រាប់របស់ទាហានអាមេរិក ប៉ុន្តែមានប្រជាជនចំនួន៤នាក់បានស្លាប់ដោយសារត្រូវគ្រាប់ពេលទៅឃ្វាលគោ និងក្របី នៅតាមវាលស្រែក្បែរភូមិរំដេង។ នៅពេលថ្ងៃ កងទ័ពវៀតណាមខាងជើងបានលាក់ខ្លួនក្នុងលេណដ្ឋាន ព្រោះខ្លាចទាហានអាមេរិកឃើញ លុះពេលយប់ទើបហ៊ានចេញមកខាងក្រៅ។ ជំនាន់នោះ គ្រួសាររបស់ខ្ញុំខ្វះខាតខ្លាំងណាស់ ដូច្នេះឪពុករបស់ខ្ញុំសម្រេចចិត្តនាំខ្ញុំទៅកាប់ចេកណាំវ៉ាយកទៅលក់ឱ្យវៀតណាមខាងជើងនៅភូមិត្រាង (បច្ចុប្បន្នភូមិចង្គំកណ្ដាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ) ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅឆ្នាំ១៩៧៤ ប្រជាជនក្នុងភូមិរំដេងចាប់ផ្ដើមធ្វើស្រែ និងចម្ការ វេរប្រវាស់ដៃ។ ប្រជាជនក្នុងភូមិបានសង់ជង្រុកស្រូវរួម ប៉ុន្តែប្រជាជននៅហូបបាយតាមផ្ទះរៀងខ្លួននៅឡើយ។ ពេលនោះប្រជាជនក្នុងភូមិរំដេងមានអាហារហូបគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ហើយស្ថានភាពរស់នៅរបស់ប្រជាជនក្នុងភូមិរំដេងចាប់ផ្តើមមានការប្រែប្រួល។ កម្មាភិបាលខ្មែរក្រហមក្នុងភូមិរំដែង បានប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនដាក់នៅក្នុងឃ្លាំងសហករណ៍។ ប្រជាជនគ្រប់រូបនៅក្នុងភូមិត្រូវធ្វើការរៀងៗខ្លួន ដោយកុមារត្រូវធ្វើការងារស្រាលៗ ដូចជា កាប់ដើមទន្រ្ទានខែត្រ និងរើសអាចម៍គោធ្វើជី, ចាស់ៗត្រូវមើលថែកុមារតូចៗ ចិញ្ចឹមសត្វ និងត្បាញកញ្ចែ្រង ល្អី, យុវជន-យុវនារី ដែលមានអាយុចាប់ពី១៤ឆ្នាំឡើងទៅត្រូវជីកប្រឡាយ រែកដី ច្រូតស្រូវ ភ្ជួររាស់ និងធ្វើការងារតាមរោងចក្រ។ ប្រជាជនគ្រប់រូបត្រូវធ្វើការងារដោយគ្មានពេលវេលាឈប់សម្រាក។ ប្រជាជននៅក្នុងភូមិរំដេងទទួលបានអាហារពីរពេល គឺពេលព្រឹកម៉ោង១១ ហូបបាយ និងពេលល្ងាចម៉ោង៥ ហូបបបរ។ ពេលនោះ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យនៅមន្ទីរកុមារ និងធ្វើជីដាក់ដំណាំ ចំណែកឪពុកម្ដាយខ្ញុំត្រូវបានចាត់តាំងឱ្យទៅលើកទំនប់នៅបឹងក្រចាប់។ ពេលខ្លះ ខ្ញុំត្រូវទៅកាប់អំពៅ និងដើររើសអាចម៍គោ។ ខ្ញុំមិនបានរស់នៅជុំជាមួយឪពុកម្តាយទេ។ មន្ទីរកុមាររបស់ខ្ញុំមានទីតាំងស្ថិតនៅមន្ទីរឃុំជាំតាម៉ៅបច្ចុប្បន្ន។
នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបញ្ជូនទៅលើករងដំឡូងជ្វានៅភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្រុមរបស់ខ្ញុំមានសមាជិក១០នាក់។ ក្នុងមួយថ្ងៃ ប្រធានកងកំណត់ឱ្យក្រុមខ្ញុំលើករងដំឡូងជ្វាបណ្តោយ៤០ម៉ែត្រ។ ខ្ញុំលើករងដំឡូងជ្វារយៈពេលមួយឆ្នាំ រហូតដល់ប្រទេសកម្ពុជារំដោះ ទើបខ្ញុំ ត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំឃើញមនុស្សជាច្រើនស្លាប់នៅតាមផ្លូវ។ ខ្ញុំដើរដោយថ្មើរជើងរយៈពេលមួយខែទើបមកដល់ផ្ទះ និងជួបជុំគ្រួសារវិញ។ នៅឆ្នាំ១៩៩២ ខ្ញុំបានរៀបការ ហើយបានមករស់នៅខាងប្រពន្ធ។ ខ្ញុំនៅចងចាំមិនភ្លេចអំពីរឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហម គឺការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការគ្មានពេលសម្រាក។
អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



