អតីតកងសិល្បៈស្រុកពាមរក៍ក្នុងរបបខ្មែរក្រហម ចំណាយពេលវេលាសម្រាកផ្ទាល់ខ្លួនដើម្បីមើលថែចៅតូចៗនៅផ្ទះ

ខ្ញុំឈ្មោះ ម៉េង កុល អាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម ប្រធានកងចាត់តាំងខ្ញុំឱ្យធ្វើការនៅក្នុងកងកុមារដោយមានភារកិច្ចកាប់ដើមទន្ទ្រានខែត្រ និងធ្វើជីលេខ១។ ការធ្វើជីលេខ១ គឺត្រូវកើបលាមកមនុស្សនៅតាមផ្ទះយកមកហាលឱ្យស្ងួតដើម្បីលាយជាមួយដើមទន្ទ្រានខែត្រធ្វើជី។ កាលនោះ ទោះបីជាខ្ញុំមានអារម្មណ៍ខ្ពើមលាមកយ៉ាងណា ក៏ខ្ញុំមិនហ៊ានបដិសេធការងារនេះដែរ។ ក្រៅពីធ្វើជី ខ្មែរក្រហមបានឱ្យខ្ញុំទៅរៀនអក្សរជាមួយគ្រូនៅសាលាដែលស្ថិតនៅតាមផ្ទះប្រជាជនក្នុងភូមិ។ បន្ទាប់មក ប្រធានកងបានជ្រើសរើសអ្នកសិល្បៈដោយចាត់តាំងកុមារនៅក្នុងថ្នាក់របស់ខ្ញុំឡើងច្រៀងចម្រៀងបដិវត្តន៍ម្នាក់ម្តង ដើម្បីធ្វើការជ្រើសរើសកុមារដែលមានទេពកោសល្យ និងមានសំឡេងពិរោះ។ ក្នុងចំណោមសិស្សក្នុងថ្នាក់ ប្រធានកងសិល្បៈជ្រើសរើសយកកុមារតែ៣នាក់តែប៉ុណ្ណោះ ហើយនៅក្នុងចំណោមនោះក៏មានខ្ញុំម្នាក់ដែរ។ បន្ទាប់ពីខ្ញុំប្រឡងជាប់ ប្រធានកងបានបញ្ជូនខ្ញុំទៅស្រុកពាមរក៍ដើម្បីហាត់ច្រៀង រាំ និងសម្តែងបន្ថែមទៀត ដើម្បីត្រៀមឡើងទៅសម្តែងនៅលើឆាកឱ្យកងទ័ពបដិវត្តន៍ខ្មែរក្រហមទស្សនា។ អង្គភាពសិល្បៈ ច្រៀង រាំ និងសម្តែង របស់ខ្ញុំពេលនោះមានសមាជិកចំនួន២០នាក់។ ចម្រៀងដែលខ្ញុំត្រូវច្រៀង គឺបទបាសាក់ ហើយរឿងដែលខ្ញុំសម្តែង គឺរឿង «បេះដូងក្រហមរបស់យុវជន ដាំផេង» ដែលបង្ហាញពីកំហឹងវណ្ណៈ និងចលនាតស៊ូបដិវត្តន៍។ ពេលខ្ញុំឡើងសម្តែង ប្តីរបស់ខ្ញុំឈ្មោះ សឹម សៀក ដែលជាអតីតយោធាខ្មែរក្រហមបានចាប់អារម្មណ៍លើខ្ញុំ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ប្តីរបស់ខ្ញុំឈប់ធ្វើជាយោធាខ្មែរក្រហម និងបានចូលស្តីដណ្តឹងខ្ញុំ។

ក្រោយមក ប្តីរបស់ខ្ញុំបានចូលរួមផែនការក៥ របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានឡើងទៅវាយប្រយុទ្ធតទល់នឹងកងទ័ពខ្មែរក្រហមនៅសមរភូមិជាច្រើន។ ប្តីរបស់ខ្ញុំបានរងរបួសត្រង់ជើង ហើយបានស្លាប់ដោយបន្សល់ទុកកូនកំព្រាចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់។ កូនទាំង៦នាក់របស់ខ្ញុំមានគ្រួសារ និងធ្វើការងាររៀងៗខ្លួនអស់ហើយ។

បន្ទាប់ពីប្តីស្លាប់ទៅ ខ្ញុំពិបាកខ្លាំងណាស់ដោយសារត្រូវចិញ្ចឹមកូន និងចិញ្ចឹមប្អូនម្នាក់ឯងទៀត ព្រោះម្តាយខ្ញុំបានស្លាប់ដែរ។

រាល់ថ្ងៃ ខ្ញុំនៅមើលថែចៅសរុបចំនួន៤នាក់ ព្រោះកូនរបស់ខ្ញុំត្រូវចេញទៅធ្វើការងាររោងចក្រឆ្ងាយពីផ្ទះ។ ខ្ញុំត្រូវឆុងទឹកដោះគោម្សៅឱ្យចៅ ងូតទឹកឱ្យចៅ និងបំពេចៅឱ្យដេក។ ពេលយប់ ខ្ញុំត្រូវក្រោកឡើងឆុងទឹកដោះគោឱ្យចៅម្តងទៀត។ ពេលខ្លះដោយសារតែខ្ញុំអត់ងងុយ និងសម្រាកពុំបានគ្រប់គ្រាន់ ធ្វើឱ្យខ្ញុំធ្លាក់ខ្លួនឈឺ និងទៅព្យួរសេរ៉ូមនៅមន្ទីរពេទ្យ។ ប្រសិនបើខ្ញុំឈឺ ខ្ញុំត្រូវហៅដន្លងដែលរស់នៅផ្ទះជិតគ្នាឱ្យមកជួយមើលថែចៅជំនួសខ្ញុំមួយរយៈ។ រាល់ថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយ ដូចជា ជំងឺក្រពះ ជំងឺលើសឈាម ជំងឺសន្លាក់ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ខ្ញុំព្យាបាលជំងឺនេះដោយលេបថ្នាំពេទ្យ និងថ្នាំបុរាណខ្មែរ។ ប៉ុន្តែឥឡូវនេះ ខ្ញុំផ្អាកលេបហើយដោយសារតែអ្នកភូមិ និងអ្នករស់នៅក្បែរគ្នាណែនាំខ្ញុំមិនឱ្យលេបថ្នាំច្រើនពេកព្រោះខ្លាចប៉ះពាល់ដល់តម្រងនោម។ ខ្ញុំមានការលំបាករកសេវាព្យាបាល ព្រោះនៅក្នុងភូមិរបស់ខ្ញុំពុំមានមណ្ឌលសុខភាព មន្ទីរពេទ្យ ឬឱសថស្ថានឡើយ។ នៅពេលខ្ញុំឈឺ ខ្ញុំបានទិញថ្នាំពីអ្នកដើរលក់បង្អែម និងទូលនំលក់បណ្តោះអាសន្ន ហើយជួនកាលខ្ញុំលេបថ្នាំរបស់គាត់បានធូរស្រាល ប៉ុន្តែពេលខ្ញុំមានជំងឺធ្ងន់ធ្ងរ ខ្ញុំត្រូវទៅមន្ទីរពេទ្យខេត្តឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាល។

នៅក្នុងឆ្នាំ២០២៦ ជំងឺប្រចាំកាយរបស់ខ្ញុំមិនសូវធ្វើទុក្ខទេ ព្រោះចៅរបស់ខ្ញុំធំៗហើយដូច្នេះមិនសូវហត់នឿយមើលថែដូចពីមុនឡើយ។ ចៅដែលក្មេងជាងគេបង្អស់មានអាយុ៣ឆ្នាំ និងចៅបងបង្អស់មានអាយុ៩ឆ្នាំ។ តាំងពីតូចរហូតដល់ធំចៅរបស់ខ្ញុំទាំងអស់ឧស្សាហ៍ឈឺ ហេតុនេះខ្ញុំបាននាំចៅទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពស្នេហ៍។ ចៅរបស់ខ្ញុំមានជំងឺរលាកបំពង់ក ក្តៅខ្លួន ផ្តាសាយ សួត និងជំងឺហឺត។ ដូច្នេះគ្រូពេទ្យបានឱ្យថ្នាំមកលេប ទើបចៅរបស់ខ្ញុំបានធូរស្រាល។

កាលពីខែមុន ខ្ញុំបារម្ភពីចៅៗខ្លាំងណាស់ ព្រោះមនុស្សចាស់ ក្មេងៗនៅក្នុងភូមិកើតជំងឺគ្រុនឈាម។ រៀងរាល់ថ្ងៃ នៅវេលាម៉ោង៥ និង៦ល្ងាច ខ្ញុំឱ្យចៅៗប្រញាប់ងូតទឹកហូបបាយ និងឡើងទៅដេកក្នុងមុង ដើម្បីបង្កាកុំឱ្យមូសខាំ ព្រោះនៅក្រោយផ្ទះខ្ញុំសម្បូរមូសណាស់។ នៅក្នុងភូមិព្រៃអង្គុញ មានអង្គការផ្សេងៗមកផ្សព្វផ្សាយពីការថែទាំសុខភាព និងប្រាប់ពីរបៀបមើលថែកូនចៅកុំឱ្យឈឺ ប៉ុន្តែខ្ញុំពុំបានទៅចូលរួមឡើយព្រោះខ្ញុំជាប់មើលចៅតូចៗ។

ខ្ញុំយល់ថាជីវិតរបស់ខ្ញុំជួបការលំបាកខ្លាំងណាស់ ដូច្នេះហើយទើបខ្ញុំខំធ្វើបុណ្យសន្សំកុសលដើម្បីកុំឱ្យជាតិក្រោយពិបាកដូចជាតិនេះទៀត។ ខ្ញុំខានទៅវត្តរយៈពេល២ឆ្នាំមកហើយ ដោយសារតែជាប់មើលចៅ ប៉ុន្តែក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងទៅវត្តដើម្បីឧទ្ទិសកុសលដល់ញាតិសន្តាន និងអ្នកដែលបានចែកឋានទៅ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖