ខ្ញុំតមាត់ជាមួយខ្មែរក្រហមដោយមិនខ្លាចស្លាប់

ខ្ញុំឈ្មោះ ផែង យ៉ង់ អាយុ៧០ឆ្នាំ ប្រកបមុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិភគ្គនេស្ស សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលពីសម័យសង្គមរាស្ត្រនិយម ខ្ញុំគឺជាសិស្សរៀនថ្នាក់ទី៧។ នៅចន្លោះឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៣ ខ្ញុំបានបួសជាព្រះសង្ឃនៅវត្តវិហារសួគ៌។ នៅអំឡុង ខ្ញុំបួសជាព្រះសង្ឃមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែររំដោះ។ ខ្ញុំបានឃើញកងទ័ពរំដោះខ្មែរក្រហមជាច្រើនបានស្លាប់ ហើយខ្ញុំតែងតែនិមន្តទៅសូត្រធម៌ឧទ្ទិសកុសលឱ្យអ្នកស្លាប់ទាំងនោះបានទៅកាន់​ទីស្ងប់សុខ។

នៅឆ្នាំ១៩៧៥ ខ្ញុំបានលាចាកសិក្ខាបទ។ ក្រោយមកឪពុកម្តាយខ្ញុំ បានរៀបចំឱ្យខ្ញុំការប្រពន្ធ ឈ្មោះ ជ័យ សារ៉ុម និងមានកូនចំនួន៤នាក់ គឺប្រុស២នាក់ និងស្រី២នាក់ ប៉ុន្តែប្រពន្ធខ្ញុំបានស្លាប់ហើយ ដោយសារជំងឺក្រពះពោះវៀន និងតម្រង់នោម។

ប៉ុន្មានខែក្រោយមក ខ្ញុំឃើញកម្មាភិបាលខ្មែរក្រហមចុះមករុះរើផ្ទះរបស់ខ្ញុំ និងផ្ទះម្តាយក្មេកខ្ញុំ យកទៅធ្វើជង្រុកស្រូវ។ កម្មាភិបាលដែលបញ្ជាឱ្យរុះរើផ្ទះរបស់ខ្ញុំមានឈ្មោះ ទួន,  ដិន, ឈីន, និង សៅ ។ ខ្មែរក្រហមប្រមូលស្រូវដាក់ពេញជង្រុក ប៉ុន្តែមិនដឹងជាខ្មែរក្រហមយកស្រូវទៅទីណាឡើយ។ បន្ទាប់មកកម្មាភិបាលខ្មែរក្រហម បញ្ជាក្រុមគ្រួសារខ្ញុំឱ្យរើផ្ទះទៅរស់នៅចុងភូមិ ប៉ុន្តែខ្ញុំបានបដិសេធ។ កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិបានស្តីបន្ទោសខ្ញុំថា «សមមិត្តឯងខ្លាំងម្ល៉េះ!» ប៉ុន្ដែខ្ញុំមិនខ្លាចឡើយ ដោយសារខ្ញុំមានកាំបិតនៅក្នុងដៃ។ ខ្ញុំគិតថា ប្រសិនបើកម្មាភិបាលខ្មែរក្រហមហ៊ានមករុះរើផ្ទះរបស់ខ្ញុំ ខ្ញុំនឹងកាប់កម្មាភិបាលខ្មែរក្រហមនោះ។

រយៈពេលពីរថ្ងៃក្រោយមក កម្មាភិបាលខ្មែរក្រហមបានហៅប្រធានភូមិ ហៅខ្ញុំ និងហៅបងប្រុសរបស់ខ្ញុំឈ្មោះ ផែង យ៉ែម ទៅប្រជុំ។ កម្មាភិបាលខ្មែរក្រហមបានហៅបងប្រុសខ្ញុំទៅសួរមុន ដោយទះតុ និងស្រែកសម្លុត ធ្វើឱ្យបងប្រុសខ្ញុំភ័យខ្លាច រហូតឆ្លើយសំណួរកម្មាភិបាលខ្មែរក្រហមនោះមិនត្រូវ។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហមហៅខ្ញុំទៅសួរ និងទះតុដូចគ្នា ប៉ុន្តែខ្ញុំមិនខ្លាចឡើយ។ ខ្ញុំបានឆ្លើយតបទៅវិញថា ខ្ញុំគឺជាសមាជិកភូមិម្នាក់ដែរ ហេតុអ្វីបានជាត្រូវដេញខ្ញុំឱ្យទៅរស់នៅចុងភូមិ។ ម្ដាយរបស់ខ្ញុំគឺជាស្រ្ដីមេម៉ាយ និងមានបងប្អូន៤នាក់សុទ្ធតែជាប្រុស ប្រសិនបើបងប្អូនត្រូវទៅធ្វើការឆ្ងាយ តើឱ្យម្តាយរស់នៅជាមួយនរណា? បន្ទាប់ពីសួរដេញដោល និងពិភាក្សាគ្នា កម្មាភិបាលខ្មែរក្រហមយល់ព្រមឱ្យគ្រួសារខ្ញុំរស់នៅចម្ងាយប្រមាណ៣០០ម៉ែត្រពីភូមិចាស់។ ក្នុងរបបខ្មែរក្រហម ខ្ញុំខំធ្វើស្រែខ្លាំងណាស់ ក្រោមការបញ្ជារបស់គណៈឃុំគឺ តាស៊ុង, តាហេង និង តាវ៉េង ដែលបច្ចុប្បន្នអ្នកទាំងបីស្លាប់អស់ហើយ។

ក្រោយមក កម្មាភិបាលខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅធ្វើការនៅកងសេដ្ឋកិច្ច មានភារកិច្ចដឹកជញ្ជូនត្រីសាច់ ស្បៀងអាហារ និងរបស់របរផ្សេងៗទៅឱ្យប្រជាជននៅសមរភូមិទី១ និងទី២។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានចាត់មនុស្ស៤នាក់ក្នុងមួយភូមិ រួមទាំងរូបខ្ញុំ ឱ្យទៅកាប់ឧសតាមផែនការដោយក្នុងមួយថ្ងៃត្រូវកាប់ឱ្យបានមួយទូក។ ខ្ញុំធ្វើការកាប់ឧសបានមួយរយៈ ទើបខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើជាគ្រូបង្រៀនក្មេងៗក្នុងភូមិ ព្រោះខ្មែរក្រហមដឹងថាខ្ញុំចេះអក្សរ។ ចំណែកការហូបចុក គឺចុងភៅឱ្យហូបរួមគ្នា ក្នុងមួយក្រុមមានសមាជិកពី១០ទៅ១២នាក់ និងទទួលបានរបបបបរតែមួយកាតែប៉ុណ្ណោះ ក្នុងមួយពេល។

នៅពេលនឹកឃើញដល់របបខ្មែរក្រហម ខ្ញុំនៅតែមានកំហឹង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីទុក្ខវេទនា និងភាពជូរចត់ក្នុងសម័យនោះ។ ខ្ញុំត្រូវស្លៀកពាក់ទាំងសើមធ្វើការរហូតកើតសង្កើច និងចៃខាំពេញចង្កេះ។

អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖