ខ្ញុំទទួលបានបបរមួយវែកតែប៉ុណ្ណោះក្នុងមួយពេលក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ងិន ប៉ិច អាយុ៧១ឆ្នាំ កើតនៅភូមិកំពង់ដំរី ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ងិន ស្លាប់ដោយសារជំងឺក្នុងរបបសង្គមរាស្រ្ដនិយម និងម្ដាយឈ្មោះ កង វៀច ស្លាប់ដោយសារជំងឺ។ ខ្ញុំមានបងប្អូនចំនួន៣នាក់ គឺប្រុស២នាក់ និងស្រីម្នាក់។ ខ្ញុំមានប្ដីឈ្មោះ ម៉ៅ ផាត់ ស្លាប់ក្នុងរបបខ្មែរក្រហម និងមានកូនចំនួន៣នាក់ គឺស្រី២នាក់ និងប្រុសម្នាក់។ កូនៗរបស់ខ្ញុំបានរៀបការអស់ហើយ។

កាលពីកុមារ ខ្ញុំមិនបានរៀនសូត្រទេ ព្រោះភូមិរបស់ខ្ញុំរស់នៅមិនមានសាលារៀន។ ខ្ញុំត្រូវនៅជួយមើលប្អូន និងជួយម្តាយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំមានអាយុ១៥ឆ្នាំ។ ខ្ញុំឃើញប្រជាជននៅតំបន់ផ្សេងៗនាំគ្នាឡើងទៅធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ប៉ុន្ដែប្រជាជននៅក្នុងភូមិកំពង់ដំរីមិនបានទៅចូលរួមធ្វើបាតុកម្មទេ។ មួយរយៈក្រោយមក ស្រាប់តែមានយន្ដហោះអាមេរិកមកទម្លាក់គ្រាប់បែកយ៉ាងសន្ធោសន្ធៅនៅជាយភូមិកំពង់ដំរី។ ឃើញដូច្នេះ ក្រុមគ្រួសារខ្ញុំព្រមទាំងប្រជាជនក្នុងភូមិបាននាំគ្នាជីកលេណដ្ឋានទុកការពារខ្លួននៅតាមផ្ទះរៀងៗខ្លួន។ រាល់ពេលឮសំឡេងយន្ដហោះមកម្តងៗ ក្រុមគ្រួសារខ្ញុំនាំគ្នារត់ចូលលេណដ្ឋានដើម្បីលាក់ខ្លួន។ លុះសំឡេងយន្ដហោះទម្លាក់គ្រាប់បែកស្ងប់ស្ងាត់ ទើបខ្ញុំចេញពីលេណដ្ឋានមកដាំបាយហូប និងទៅធ្វើស្រែចម្ការវិញ។

នៅឆ្នាំ១៩៧៤ ភូមិកំពង់ដំរី ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះ ឬកងបដិវត្តន៍ខ្មែរក្រហមទាំងស្រុង។ កងទ័ពរំដោះខ្មែរក្រហម បានចាត់តាំងប្រជាជនក្នុងភូមិឱ្យធ្វើការងារវេរប្រវាស់ដៃ គឺត្រូវជួយធ្វើស្រែចម្ការគ្នាទៅវិញទៅមករហូតទាល់តែហើយរួចរាល់គ្រប់ៗគ្នា។ លុះពេលទទួលបានផលស្រូវអង្ករ ប្រជាជនបានយកមកទុក និងហូបតាមក្រុមគ្រួសាររៀងៗខ្លួន។ មកដល់ចុងឆ្នាំ១៩៧៤ ទើបកងទ័ពរំដោះខ្មែរក្រហមបង្កើតសហករណ៍កម្រិតទាប ដោយប្រមូលសម្ភារប្រើប្រាស់ផ្សេងៗដាក់ជាសមូហភាព និងក្រោយមកប្រមូលប្រជាជនរស់នៅក្នុងភូមិកំពង់ដំរីឱ្យហូបបាយរួម។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារខ្ញុំ ព្រមទាំងប្រជាជនផ្សេងទៀតចេញពីភូមិកំពង់ដំរី។ ខ្ញុំនិងប្រជាជនទាំងអស់បានធ្វើដំណើរទៅនៅភូមិប្រម៉ា ស្ថិតនៅក្នុងឃុំកំពង់ដំរី ដដែល។ ពេលខ្ញុំទៅដល់ភូមិប្រម៉ាភ្លាម ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យចូលធ្វើការងារក្នុងកងសេដ្ឋកិច្ច។ កាលនោះ ខ្មែរក្រហមមិនអនុញ្ញាតឱ្យប្រជាជនដែលមកពីភូមិកំពង់ដំរីរស់នៅលាយឡំជាមួយប្រជាជននៅភូមិប្រម៉ាទេ។ ចំណែករបបអាហារហូបចុក ខ្មែរក្រហមបើករបបឱ្យប្រជាជនម្នាក់ទទួលបានបបរតែមួយវែកតែប៉ុណ្ណោះក្នុង​មួយពេល។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងប្រជាជនផ្សេងទៀតចេញពីភូមិប្រម៉ាឱ្យទៅនៅវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ នៅវាលកន្សែង ខ្ញុំគ្មានផ្ទះសម្រាប់ស្នាក់នៅឡើយ។ ខ្ញុំបានសាងសងខ្ទមតូចមួយដើម្បីស្នាក់នៅបណ្តោះអាសន្ន។ នៅទីនោះ ខ្មែរក្រហមបានចាត់តាំង​ខ្ញុំឱ្យធ្វើការងារដកស្ទួងនៅក្នុងសហករណ៍។ ខ្ញុំគ្មានអាហារហូបចុកគ្រប់គ្រាន់ទេ គឺហូបតែបបររាវៗលាយជាមួយពោតក្រហមពីរបីគ្រាប់តែប៉ុណ្ណោះ។ ខ្ញុំធ្វើការនៅវាលកន្សែងអស់រយៈពេលមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញទៅនៅភូមិផ្សេងទៀត។

នៅចុងឆ្នាំ១៩៧៧ និងដើមឆ្នាំ១៩៧៨ ស្រាប់តែមានយន្ដហោះមកទម្លាក់គ្រាប់បែកនៅម្តុំភូមិស្រែរនាម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ឃើញដូច្នេះ ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងប្រជាជនផ្សេងទៀតបាននាំគ្នាភៀសខ្លួនចេញពីភូមិវាលកន្សែងដោយឆ្លងតាមទន្លេមេគង្គទៅដល់ព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ខ្ញុំបានឈប់សម្រាកនៅព្រែកប្រាំងមួយយប់។ លុះព្រឹកឡើង ខ្ញុំ និងក្រុមគ្រួសារព្រមទាំងប្រជាជនផ្សេងទៀតបានឡើងជិះកាណូតឆ្លងទៅដល់កំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ខ្ញុំរស់នៅកំពង់គររយៈពេលមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសខ្ញុំ និងគ្រួសារមកនៅព្រែកប្រាំងវិញ។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំឮវិទ្យុផ្សាយថា ប្រទេសជាតិរំដោះហើយ។ ពេលនោះ ខ្ញុំបានធ្វើដំណើរចេញពីព្រែកប្រាំងត្រឡប់មកស្រុកកំណើតវិញ។ អំឡុងពេលធ្វើដំណើរ ខ្ញុំបានឈប់សម្រាកនៅតាមផ្លូវ។ លុះព្រឹកឡើង ខ្ញុំបន្តដំណើររហូតមកដល់ភូមិកំពង់ដំរី។ ខ្ញុំសម្រាកនៅភូមិកំពង់ដំរីមួយយប់ លុះព្រឹកថ្ងៃបន្ទាប់ប្រជាជននៅភូមិកំពង់ដំរីបាននាំគ្នាមករស់នៅភូមិជំនុំពលវិញ។ មូលហេតុដែល ខ្ញុំ និងប្រជាជនដទៃទៀតនាំគ្នាផ្លាស់ទីលំនៅពីកំពង់ដំរីមករស់នៅភូមិជំនុំពល គឺដោយសារនៅភូមិកំពង់ដំរីក្នុងរដូវប្រាំងតែងតែខ្វះខាតទឹកប្រើប្រាស់។ រីឯភូមិជំនុំពលមានភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការប្រកបរបរធ្វើស្រែចម្ការជាង។

បច្ចុប្បន្នខ្ញុំងងឹតភ្នែក ក្រោយពេលខ្ញុំមានជំងឺឈឺគ្រុនក្ដៅខ្លាំង និងឈឺសន្លាក់ដៃជើង។ ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យ ហើយគ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំរលាក់កែវភ្នែក បណ្ដាលឱ្យភ្នែកខាងស្ដាំរបស់ខ្ញុំមើលមិនឃើញ។

អត្ថបទ ៖ វន បុប្ផា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖