សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ មកសិក្សាស្វែងយល់អំពីការបែងចែកភូមិសាស្ត្ររដ្ឋបាល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តព្រែវែង

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញ និងពិភាក្សាអំពីមេរៀនទាក់ទងភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ដែលមាននៅក្នុងជំពូកទី៦ នៃសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង។

មុនដំបូង សិស្សានុសិស្សត្រូវបានណែនាំឱ្យស្វែងយល់ពីផ្ទាំងរូបថតពិព័រណ៍អចិន្ត្រៃយ៍ដែលដាក់តាំងបង្ហាញនៅក្នុងបរិវេណការិយាល័យ និងឯកសារមួយចំនួនទៀតដែលតម្កល់នៅក្នុងការិយាល័យ។ បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចាប់ផ្តើមធ្វើបទបង្ហាញ និងពិភាក្សាអំពីមេរៀនប្រវត្តិសាស្ត្រខ្មែរក្រហមជាមួយសិស្សានុសិស្ស រួមជាមួយសំណួរស្ទាបស្ទង់ចំណេះដឹងរបស់សិស្សានុ​សិស្សទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។

បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានលើកយកជំពូកទី៦ នៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកបង្ហាញដល់សិស្សានុសិស្ស ក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមទៀតអំពីការបែងចែកភូមិសាស្រ្តរដ្ឋបាល នៅក្នុងរបបខ្មែរក្រហម។ មុននឹងចូលដល់ខ្លឹមសារសំខាន់ ក្រុមការងារបានសួរសំណួរទៅកាន់សិស្សានុសិស្សថា តើក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានបែងចែកជាប៉ុន្មានភូមិភាគ ដើម្បីឱ្យសិស្សានុសិស្សឆ្លើយ។

តមកទៀត ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបែងចែកសិស្សានុសិស្សទាំង៤នាក់ ទៅជាពីរក្រុម។ ដោយក្រុមនីមួយៗ ទទួលបន្ទុកអានជំពូកនៃមេរៀន រួចឆ្លើយនឹងសំណួរមួយចំនួន ដែលក្រុមការងារបានដាក់ឱ្យឆ្លើយ។  ក្រុមទី១) មានសិស្សឈ្មោះ ខាត់ សុខខេង និង អូន ស្រីកែវ ដែលទទួលសំណួរចំនួន៥ គឺ១) តើភូមិភាគដែលត្រូវបានបង្កើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានចំនួនប៉ុន្មាន? ២) តើភូមិភាគទាំងអស់នោះត្រូវបានបែងចែកជាប៉ុន្មានតំបន់? ៣) តើលេខាភូមិភាគបូព៌ាពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៨ មានឈ្មោះអ្វី? ៤) តើលេខាភូមិភាគនិរតីមានឈ្មោះអ្វី? ៥) តើលេខាភូមិភាគឧត្តរពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៦ មានឈ្មោះអ្វី?  ចំណែកក្រុមទី២ មានសិស្សឈ្មោះ រ៉ុម បញ្ញារាជ និង រុន ភារម្យ ត្រូវឆ្លើយសំណួរចំនួនចំនួន៥ គឺ១) តើលេខាភូមិភាគឧត្តរពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៦ មានឈ្មោះអ្វី? ២) តើលេខាភូមិភាគឧត្តរពីឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៧ មានឈ្មោះអ្វី? ៣) តើលេខាភូមិភាគពាយ័ព្យជានរណា? ៤) តើលេខាភូមិភាគបស្ចិមជានរណា? ៥) តើលេខាភូមិភាគឦសានពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៦ មានឈ្មោះអ្វី?

ក្នុងពេលអាន និងកត់ត្រាចម្លើយ សិស្សខ្លះបានសួរសំណួរទាក់ទងពាក្យពិបាក ឬពាក្យគន្លឹះដែលខ្លួនពុំទាន់យល់ច្បាស់ដូចជា៖ ពាក្យ អត្តឃាត, សហករណ៍, ភូមិភាគ, ស្វយ័ត និង ស្រុកព្រែកប្រសព្វ។ ក្រុមទាំងពីរមានរយៈពេល២០នាទីដើម្បីអានមេរៀន និងឆ្លើយសំណួរ។ បន្ទាប់មក សិស្សទាំងពីរក្រុម ឡើងធ្វើបទបង្ហាញពីលទ្ធផលដែលក្រុមរបស់ខ្លួនបានធ្វើ។ រាល់ចម្លើយរបស់ក្រុមនីមួយៗដែលបានធ្វើបទបង្ហាញ គឺត្រឹមត្រូវទាំងអស់តាមមេរៀនដែលសិស្សបានអាន។ បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបង្ហាញផែនទីភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យបោះពុម្ពឆ្នាំ១៩៧៦ ដល់សិស្ស ដើម្បីស្វែងយល់បន្ថែមពីអ្វីដែលបានកើតឡើង។

នៅចុងបញ្ចប់នៃការបទបង្ហាញ គឺជាការពិភាក្សាពីសំណួរទូទៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលសិស្សទាំងអស់នៅមានចម្ងល់ក្នុងចិត្តតាំងពីយូរមកហើយ។ សិស្សានុសិស្សបានសួរសំណួរមួយចំនួនទៅកាន់លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដើម្បីឱ្យជួយស្រាយចម្ងល់ មានដូចជា៖  ១) តើលេខាភូមិភាគរូបណាដែលមានអំណាច ឬមានតួនាទីធំជាងគេ? ២) ហេតុអ្វីបានជា សោ ភឹម ធ្វើអត្តឃាត? ៣) ហេតុអ្វីបានជាមានការចាប់ខ្លួនមនុស្សយកទៅដាក់គុកទួលស្លែង និងស្លាប់នៅទីនោះ? ៤) នៅពេលដែលប្រជាជនឈឺ ហេតុអ្វីបានជាត្រូវបង្ខំឱ្យទៅធ្វើការទៀត? ៥) តើនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានការបោះពុម្ពប្រាក់ដែរឬទេ? ប្រសិនបើបោះពុម្ព តើប្រាក់ទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វី? ៦) តើខេត្តព្រៃវែងត្រូវបានរំដោះនៅថ្ងៃ ខែ ឆ្នាំណា? ជាចុងក្រោយគឺសិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម៖

ខ្ញុំឈ្មោះ អូន ស្រីកែវ អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ នៅពេលដែលខ្ញុំបានមកសិក្សាមេរៀនទាក់ទងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃនេះ ធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដឹងពីរបៀបមើលផែនទី។

ខ្ញុំឈ្មោះ ខាត់ សុខេង អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យ ហ៊ុនសែន កំពង់លាវ។ បន្ទាប់ពីខ្ញុំបានចូលរួមពិភាក្សាមេរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃនេះ ធ្វើឱ្យខ្ញុំស្គាល់ពីភូមិសាស្រ្តរដ្ឋបាលរបស់ខ្មែរក្រហមតាមរយៈការមើលផែនទី ដូច្នេះខ្ញុំចង់ឱ្យមានកម្មវិធីពិភាក្សាទាក់ទងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យម្តងទៀត។

ខ្ញុំឈ្មោះ រ៉ុម បញ្ញារាជ អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ ខ្ញុំបានស្គាល់ឈ្មោះថ្នាក់ដឹកនាំសំខាន់ៗក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងភូមិភាគនានា។ ខ្ញុំសប្បាយរីករាយ និងចង់ឱ្យមានកម្មវិធីសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្តទៀត ដើម្បីឱ្យយុវជន និងក្មេងៗជំនាន់ក្រោយបានស្គាល់ និងយល់ដឹងអំពីប្រវត្តិសាស្ត្រនេះ។

ខ្ញុំឈ្មោះ រុន ភារម្យ អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ ខ្ញុំបានស្គាល់អំពីភូមិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ព្រមទាំងស្គាល់មេដឹកនាំខ្មែរក្រហម ដូចជា ប៉ុល ពត និងលេខាភូមិភាគផ្សេងទៀត។ ខ្ញុំសប្បាយរីករាយណាស់ដែលបានមកសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖