អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែជរា ការចងចាំចាប់ផ្តើមរសាត់បាត់ទៅ

ការចងចាំកំពុងតែរសាត់បាត់ទៅបន្តិចម្តងៗ ទៅតាមវ័យកាន់តែជរារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូច្នេះ ការចងក្រង ការកត់ត្រា និងការផ្សព្វផ្សាយរឿងរ៉ាវរបស់អ្នកទាំងនេះទៅដល់ក្មេងជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាប្រវត្តិសាស្ត្រខ្មែរក្រហម។

យាយ ប៉ក់ ភួង អាយុ១០៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ យាយ ភួង កើតនៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ (បច្ចុប្បន្នស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ) ខេត្តស្ទឹងត្រែង។ យាយ ភួង មានឪពុកឈ្មោះ ប៉ក់ និងម្ដាយឈ្មោះ ខៀវ ហើយគាត់គឺជាកូនពៅក្នុងចំណោមបងប្អូនស្រីចំនួន២នាក់។ យាយ ភួង មានកូនប្រុសស្រីចំនួន៨នាក់ និងមានកូនចៅរហូតដល់៥ជំនាន់ គឺកូន, ចៅ, ចៅទួត, ចៅលួត និងចៅលា។ ជីវិតរបស់យាយ ភួង បានឆ្លងកាត់ការផ្លាស់ប្តូរតាមសម័យកាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ចាប់តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម សម័យ លន់ នល់ របបខ្មែរក្រហម សម័យរដ្ឋកម្ពុជា រហូតដល់សម័យបច្ចុប្បន្ន។

បើទោះការចងចាំរបស់យាយ ភួង ចាប់ផ្តើមស្រពេចស្រពិលទៅតាមវ័យចាស់ជរា ប៉ុន្ដែនៅមានជំនួយពីកូនស្រីច្បងដែលរស់ជិតគ្នា នៅតែអាចរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលមិនអាចបំភ្លេចបាន គឺនៅពេលដែលទៅទទួលព្រះរាជដំណើររបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធព្រះសមិទ្ធផលនានានៅបុរីអូរស្វាយក្នុងឆ្នាំ១៩៦៨, ការរស់នៅអំឡុងពេលប្រទេសមានសង្គ្រាម, បទពិសោធន៍ និងការហូបចុកមិនគ្រប់គ្រាន់នៅក្នុងរបបខ្មែរក្រហម, ការចាប់ផ្ដើមជីវិតឡើងវិញក្រោយរបបខ្មែរក្រហមដួលរលំ និងការធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីទទួលព្រះរាជអំណោយដែលប្រោសព្រះរាជទានដោយផ្ទាល់ពីសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។

ការស្តាប់ និងកត់ត្រាការចងចាំដែលនៅសេសសល់របស់យាយ ភួង មានតម្លៃយ៉ាងខ្លាំងសម្រាប់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងដំណាក់កាលនីមួយៗ។ ការចងចាំរបស់គាត់មិនមែនគ្រាន់តែជារឿងរ៉ាវផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលត្រូវបានរក្សាទុកពីអ្នករស់រានមានជីវិត និងឆ្លងកាត់មនុស្សជាច្រើនជំនាន់។ ពេលវេលាកំពុងតែដើរទៅមុខ ហើយ ការបាត់បង់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺអាចឱ្យយើងបាត់បង់សាច់រឿង និងបទពិសោធន៍ដែលមិនទាន់ត្រូវបានចងក្រង។ ដូច្នេះ កាតព្វកិច្ចរបស់យើងគឺស្តាប់ កត់ត្រា រក្សាទុក និងបន្តនិយាយប្រាប់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីធានាថាសាច់រឿង និងការចងចាំដ៏មានតម្លៃរបស់ពួកគាត់នឹងមិនត្រូវបាត់បង់ទៅតាមពេលវេលា ហើយអាចបន្តទៅដល់មនុស្សជំនាន់ក្រោយ។

ភូមិវើនសៀន៖ សហគមន៍ដាច់ស្រយាលតាមដងទន្លេមេគង្គនៃស្រុកបុរីអូរស្វាយសែនជ័យ

ភូមិវើនសៀន គឺជាភូមិមួយស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលមានទីតាំងស្ថិតនៅលើកោះដាច់ស្រយាល និងមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីដីគោក។ ភូមិនេះមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៨៨គ្រួសារ ស្មើនឹង៤០៤នាក់ ក្នុងនោះមានស្ត្រីចំនួន២០៨នាក់។ ដោយស្ថិតនៅក្នុងតំបន់ដែលព័ទ្ធជុំវិញដោយទន្លេមេគង្គ ការធ្វើដំណើររបស់ប្រជាពលរដ្ឋភាគច្រើនត្រូវពឹងផ្អែកលើទូក។ ប្រជាពលរដ្ឋក្នុងភូមិភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិនៅតាមដងទន្លេមេគង្គ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។

បើទោះបីទន្លេមេគង្គ និងផ្លូវទឹកជាប្រភពធនធានដ៏សំខាន់សម្រាប់ជីវភាពរស់នៅ ប៉ុន្តែទីតាំងភូមិសាស្ត្រដាច់ស្រយាលបង្កការលំបាកក្នុងការទទួលបានសេវាសាធារណៈ ជាពិសេសសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាស់ជរា និងមានពិការភាព។ ការធ្វើដំណើរពីកោះទៅដីគោកបាន ចំណាយពេលវេលា និងថវិកា ហើយកាន់តែលំបាកនៅពេលអាកាសធាតុមិនអំណោយផល។ សម្រាប់អ្នករស់រានមានជីវិតដែលមានវ័យចាស់ជរា និងមិនអាចដើរបាន ការធ្វើដំណើរទៅទទួលសេវាពិនិត្យ និងថែទាំសុខភាពនៅមណ្ឌលសុខភាពអាចក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរ។

ពីការលំបាកក្នុងការធ្វើដំណើរ ទៅកាន់ស្នាមញញឹម

ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់យាយ ភួង ទៅកាន់មណ្ឌលសុខភាពព្រះនរោត្តមសីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ ក្រុមការងាររបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ បានផ្តល់រទេះរុញជូនគាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចល័តប្រចាំថ្ងៃ ជាពិសេសការធ្វើដំណើរទៅពិនិត្យសុខភាព និងទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាពក្បែរផ្ទះ។ ការលំបាកក្នុងការធ្វើដំណើររបស់យាយ ភួង កន្លងមក ត្រូវបានជំនួសដោយស្នាមញញឹម និងក្តីរំភើប នៅពេលគាត់បានអង្គុយលើរទេះរុញថ្មីនេះ។

ការថែទាំសុខភាព និងការផ្ដល់ការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យជរា

ការបន្តយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាកិច្ចការដែលកំពុងតែប្រណាំងជាមួយពេលវេលាដែលមិនអាចបញ្ឈប់បាន។ ជរាភាព និងការថយចុះនៃសុខភាពអាចធ្វើឱ្យការចងចាំរបស់អ្នករស់រានមានជីវិតកាន់តែស្រពេចស្រពិល ឬបាត់បង់ទៅតាមពេលវេលា។ សាច់រឿងរបស់យាយ ប៉ក់ ភួង គឺជាការរំឭកថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មិនត្រឹមតែត្រូវការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅតែប៉ុណ្ណោះទេ ប៉ុន្តែការចងចាំ និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមត្រូវការការចងក្រង និងថែរក្សា។ នៅពេលដែលការចងចាំរបស់អ្នករស់រានមានជីវិតកំពុងតែបាត់បង់ទៅតាមវ័យ, ការស្តាប់ ការចងក្រង និងការថែរក្សាទុកសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាការងារដែលមិនគួររង់ចាំ។

អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖