វីរកងទ័ព ទន់ សារិន បានពលីនៅសមរភូមិភូមិព្រៃចាន់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានបន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេកចំពោះក្រុមគ្រួសារ ហើយការសន្យាថានាំប្រពន្ធកូនដើរកម្សាន្តជាលើកដំបូងនឹងលែងមានឱកាសជារៀងរហូត។ អ្នកស្រី ម៉ុន សុភ័ក្រ អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវជាប្រពន្ធរបស់វីរកងទ័ព ទន់ សារិន បានរៀបរាប់រឿងរ៉ាវក្រុមគ្រួសារ ដូចខាងក្រោម៖
ប្តីរបស់ខ្ញុំមានឈ្មោះ ទន់ សារិន អាយុ៣៦ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយ៍ទោ មានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្តីរបស់ខ្ញុំគឺជាកូនទីពីរក្នុងចំណោមបងប្អូន៣នាក់ គឺស្រីម្នាក់ និងប្រុសពីរនាក់។ ប្តីរបស់ខ្ញុំមានឪពុកឈ្មោះ ទន់ ញឿន និងម្ដាយឈ្មោះ កង លី ប៉ុន្តែអ្នកទាំងពីរបានស្លាប់តាំងពីប្តីខ្ញុំមានអាយុទើបតែ៩ឆ្នាំ។ ក្រោយពេលឪពុកម្ដាយចែកឋានទៅ ប្តីរបស់ខ្ញុំបានទៅរស់នៅជាមួយយាយតារហូតដល់ពួកគាត់ទទួលមរណភាព ទើបប្តីរបស់ខ្ញុំផ្លាស់មករស់នៅជាមួយបងស្រីបង្កើតវិញ។
កាលពីក្មេងប្តីរបស់ខ្ញុំបានចូលរៀននៅសាលាក្នុងភូមិកំណើត និងបន្តការសិក្សានៅវិទ្យាល័យអង្គរកា។ នៅក្នុងឆ្នាំ២០១២ ប្តីរបស់ខ្ញុំបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្រោយបញ្ចប់ការសិក្សាភ្លាម ប្តីរបស់ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ថ្នាក់ដឹកនាំក្នុងអង្គភាពកងទ័ពបានបញ្ជូនប្តីរបស់ខ្ញុំទៅបណ្តុះបណ្តាលនៅសាលាហ្វឹកហ្វឺនរថក្រោះ រថពាសដែក៨៦ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្តីរបស់ខ្ញុំបានចូលរៀនវគ្គខ្លីៗជាច្រើនលើក ថែមទាំងបានទៅបន្តការសិក្សាភាសាវៀតណាម និងផ្នែកបច្ចេកទេសរថក្រោះ រថពាសដែកនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នៅឆ្នាំ២០១៥ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំ និងបង្កើតបានកូនស្រីចំនួន២នាក់ គឺកូនស្រីច្បងឈ្មោះ ញឿន លីណេត អាយុ១១ឆ្នាំ និងកូនស្រីទីពីរឈ្មោះ ញឿន ស្រីនីត អាយុ៩ឆ្នាំ។
មុនពេលសភាពការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ប្តីរបស់ខ្ញុំបានបម្រើការងារនៅបញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោក ដែលមានទីតាំងស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្តីរបស់ខ្ញុំតែងតែធ្វើដំណើរមកលេងប្រពន្ធកូនក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាញឹកញាប់។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបាញ់សម្លាប់វីរកងទ័ពកម្ពុជាម្នាក់ដែលគ្មានអាវុធនៅក្បែរលេណដ្ឋាន ក្នុងភូមិសាស្ត្រតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់មកនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំបានទទួលបេសកកម្មទៅប្រចាំការនៅបញ្ជាការដ្ឋានរថក្រោះ ប្រចាំទិសយោធភូមិភាគទី៥ ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នៅពេលផ្ទុះអាវុធលើកទី១ ចន្លោះពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ សមរភូមិខេត្តបន្ទាយមានជ័យមិនទាន់មានផ្ទុះអាវុធធំដុំឡើយ។ ក្រោយមកអង្គភាពប្តីរបស់ខ្ញុំត្រូវបានផ្លាស់ទៅប្រចាំការនៅសមរភូមិភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ប្តីរបស់ខ្ញុំបានសុំច្បាប់ពីមេបញ្ជាការមកលេងផ្ទះរយៈពេលមួយសប្តាហ៍ ដើម្បីមើលថែខ្ញុំដែលកំពុងមានជំងឺ និងជួយប្រមូលផលស្រូវ។ អំឡុងពេលជួបជុំគ្នានៅផ្ទះ ប្តីរបស់ខ្ញុំមានគម្រោងថា៖ ពេលកូនៗធំ យើងនឹងដើរកម្សាន្តជុំគ្នាបានម្តង។ កាលពីមុនគ្រួសារខ្ញុំមានជីវភាពខ្វះខាត ហើយខ្ញុំធ្លាប់បបួលប្តីនាំកូនៗទៅដើរកម្សាន្តជុំគ្នាម្តងហើយ ប៉ុន្តែប្តីខ្ញុំនិយាយថា «យើងមិនសូវមានលុយកាក់ទេអូន កុំទាន់ទៅអី»។ ប្តីរបស់ខ្ញុំបានប្រាប់ដំណឹងមួយទៀតដល់ខ្ញុំថា ពេលចប់សង្គ្រាមលើកនេះគាត់ត្រូវប្តូរមកប្រចាំការនៅបញ្ជាការដ្ឋានកងរថក្រោះ រថពាសដែកវិញ ព្រោះគាត់បានបំពេញបេសកកម្មគ្រប់រយៈពេល៧ខែហើយ។ ពេលដឹងថាប្តីនឹងផ្លាស់មកប្រចាំការនៅបញ្ជាការដ្ឋានរថក្រោះ រថពាសដែក ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះគ្រួសារយើងអាចរស់នៅជួបជុំគ្នាវិញ។ ប្តីរបស់ខ្ញុំថែមទាំងមានគម្រោងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវជាថ្ងៃឆ្លងឆ្នាំសាកល យើងនឹងទៅចូលរួមពិធីខួបកំណើតក្មួយនៅទីក្រុងភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ យើងនឹងនាំគ្នាដើរកម្សាន្តជួបជុំគ្រួសារជាលើកដំបូង ប៉ុន្តែពេលនេះក្តីស្រមៃ និងការសន្យាត្រូវរលាយបាត់អស់គ្មានថ្ងៃវិលវិញឡើយ។
ទោះបីប្តីខ្ញុំមានបំណងប្រាថ្នាចង់រស់នៅជួបជុំគ្រួសារ ប៉ុន្តែប្តីរបស់ខ្ញុំបានបង្ហាញពីទឹកចិត្តស្នេហាជាតិ និងការពារទឹកដីយ៉ាងធំធេង។ ប្តីរបស់ខ្ញុំបាននិយាយថា កងទ័ពមិនខ្លាចពិបាកទេ ជាពិសេសនៅពេលប្រទេសមានសង្គ្រាមគឺកងទ័ពមិនអាចរត់ចោលជួរជាដាច់ខាត គឺត្រូវតែស៊ូ និងឈរជើងការពារនៅលើសមរភូមិរហូតដល់ទីបញ្ចប់។
ក្នុងរយៈពេលមួយសប្តាហ៍ដែលប្តីខ្ញុំរស់នៅជួបជុំប្រពន្ធកូន គឺជាពេលវេលាដែលមានសុភមង្គលបំផុតសម្រាប់គ្រួសារខ្ញុំ។ ប្តីរបស់ខ្ញុំយកចិត្តទុកដាក់មើលថែទាំប្រពន្ធកូនខុសពីធម្មតា ហើយតែងតែនិយាយប្រាប់ខ្ញុំឱ្យរឹងមាំ និងថែរក្សាសុខភាពខ្លួនឯង និងមើលថែកូនៗ ដោយមិនចាំបាច់បារម្ភពីគាត់នៅសមរភូមិមុខទេ។ នៅយប់ចុងក្រោយមុនពេលប្តីរបស់ខ្ញុំឡើងជិះរថយន្តត្រឡប់ទៅសមរភូមិវិញ គាត់បានសួរសំណួរមួយដែលធ្វើឱ្យខ្ញុំមានការចម្លែកក្នុងចិត្តថា ៖ «តាំងពីយើងចាប់ដៃគ្នាជាប្តីប្រពន្ធមក អូនមានដែលប្រកាន់ ឬខឹងស្អប់បងទេ?» ខ្ញុំបានឆ្លើយទៅវិញថា៖ «ប្តីប្រពន្ធយើងមិនដែលប្រកាន់គ្នារឿងអ្វីឡើយ ខ្ញុំនៅតែស្រឡាញ់បង និងមើលថែគ្រួសារជានិច្ច»។
នៅព្រឹកព្រលឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំធ្វើដំណើរត្រឡប់ទៅអង្គភាពវិញ ទោះជាក្នុងចិត្តគាត់បានដឹងច្បាស់ថា ខ្ញុំមិនចង់ឱ្យគាត់ត្រឡប់ទៅវិញ។
នៅថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅអង្គភាពប្តីរបស់ខ្ញុំមានការប្រជុំធំមួយ ហើយប្តីរបស់ខ្ញុំត្រូវមេបញ្ជាការបញ្ជូនទៅសមរភូមិនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃដែលមានការផ្ទុះអាវុធយ៉ាងខ្លាំងរវាងកងទ័ពកម្ពុជា និងទាហានថៃ។ ខ្ញុំបានតាមដានព័ត៌មានជាប់រហូត និងបានហៅទូរសព្ទទៅសួរសុខទុក្ខប្តីរបស់ខ្ញុំ ហើយគាត់បានប្រាប់ថា គាត់ស្នាក់នៅអង្គភាពនិងសុខសប្បាយ។ ទោះបីយ៉ាងណាការប្រយុទ្ធគ្នាកាន់តែខ្លាំង ពេលនោះប្តីរបស់ខ្ញុំបានទូរសព្ទប្រាប់ខ្ញុំថា មេបញ្ជាការបានបញ្ជាឱ្យគាត់បើករថក្រោះចេញដំណើរទៅសមរភូមិព្រៃចាន់នៅយប់នោះ។
ខ្ញុំបានទាក់ទងទៅប្តីរបស់ខ្ញុំជាប់ រហូតគាត់ទៅដល់សមរភូមិមុខ។ ប្តីរបស់ខ្ញុំបានផ្តាំថា បើទាក់ទង គាត់មិនបានមានន័យថា គាត់ចូលសមរភូមិហើយ មិនបាច់ទូរសព្ទទៅគាត់ទៀតទេ។ ចាប់ពីម៉ោង៦ព្រឹក ថ្ងៃអង្គារទី៩ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានដាច់ទំនាក់ទំនងជាមួយប្តីរហូតដល់ម៉ោង១២ ថ្ងៃត្រង់ថ្ងៃដដែល ទើបប្តីរបស់ខ្ញុំហៅទូរសព្ទមកខ្ញុំជាលើកចុងក្រោយទាំងសំឡេងកាំភ្លើងកំពុងបាញ់គ្នាយ៉ាងខ្លាំង។ ប្តីរបស់ខ្ញុំបានសួររកកូន ប៉ុន្តែគាត់មិនបាននិយាយជាមួយកូនទេ ព្រោះកូនៗទៅសាលារៀនអស់ហើយ។ ប្តីរបស់ខ្ញុំបានសួរថា៖ «កូនៗបានដេកថ្ងៃឬទេ?» ខ្ញុំបានប្រាប់គាត់ថា កូនៗបានដេក និងចេញទៅរៀនអស់ហើយ រួចហើយខ្ញុំសួរគាត់វិញថា បងហូបបាយឬនៅ? គាត់តបថា គាត់បានឈប់សម្រាក និងចេញមកខាងក្រៅរថក្រោះ ប៉ុន្តែមិនទាន់បានហូបបាយទេព្រោះជាប់រវល់ខ្លាំង។ បន្ទាប់មកគាត់បានបិទទូរសព្ទ និងដាច់ការទាក់ទងរហូត។ ខ្ញុំកាន់ទូរសព្ទរង់ចាំប្តីហៅទូរសព្ទមកវិញ រហូតដល់ឈឺក្បាលពីព្រោះខ្ញុំមិនបានដេកពេញមួយយប់ទៅហើយ។ បន្ទាប់មក ខ្ញុំបានទុកទូរសព្ទចោល រួចសម្ងំដេកបានកន្លះម៉ោង។ លុះដល់ម៉ោង ៣:៣០នាទី រសៀលថ្ងៃដដែល ខ្ញុំយកទូរសព្ទមកមើលម្តងទៀត បានឃើញលេខទូរសព្ទរបស់មេបញ្ជាការប្តីរបស់ខ្ញុំទាក់ទងមកខ្ញុំ។ ភ្លាមៗនោះ មេបញ្ជាការប្តីរបស់ខ្ញុំបានទូរសព្ទមកខ្ញុំម្តងទៀត និងប្រាប់ដំណឹងដ៏រន្ធត់ថា ប្តីរបស់ខ្ញុំបានពលីនៅសមរភូមិភូមិព្រៃចាន់តាំងពីវេលាម៉ោងប្រមាណ២រសៀល នៅខណៈពេលដែលគាត់កំពុងបិទគម្របរថក្រោះមិនទាន់ទាំងជិតផង អំបែងគ្រាប់ផ្លោងបានហោះមកត្រូវចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ នៅវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រថយន្តពេទ្យបានដឹកសពប្តីរបស់ខ្ញុំមកដល់ផ្ទះខ្ញុំស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីរៀបចំប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា។
ចុងក្រោយអ្នកស្រី ម៉ុន សុភ័ក្រ បានរៀបរាប់ទាំងទឹកភ្នែកថា ខ្ញុំបានក្លាយជាស្ត្រីមេម៉ាយ កូនៗខ្ញុំបានក្លាយជាកូនកំព្រាឪពុក ដោយសារប្តីរបស់ខ្ញុំមានកាតព្វកិច្ចការពារទឹកដី។ ប្តីរបស់ខ្ញុំ និងវីរកងទ័ពកម្ពុជាដទៃទៀតបានលះបង់ដ៏ធំធេងដើម្បីជាតិមាតុភូមិ ដូច្នេះសូមឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវវីរភាពរបស់យុទ្ធជនទាំងអស់ដែលបានពលីជីវិតក្នុងសមរភូមិជារៀងរហូត។
អត្ថបទ ៖ កែវ សុភី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា





