ខ្ញុំឈ្មោះ ជា ចាន់ធឿន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ជា ពេញ (ស្លាប់) និងម្តាយឈ្មោះ អុង កាយ (ស្លាប់)។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់។
កាលពីវ័យកុមារ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ក្នុងសង្គមចាស់។ នៅឆ្នាំ១៩៦៥ គ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ។ ពេលមកដល់បុរីអូរស្វាយដំបូង ខ្ញុំឃើញមានប្រជាជនរស់នៅប្រមាណជា៧០ ទៅ ៨០ គ្រួសារ តែប៉ុណ្ណោះ។ ទេសភាពនៅជុំវិញបុរីអូរស្វាយ គឺហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ៗ និងទន្លេមេគង្គ។ ទោះបីជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសំខាន់ៗមួយចំនួនត្រូវបានកសាងរួចជាស្រេច ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាជន ក្នុងនោះមានដូចជា៖ ផ្សារសហគមន៍ សាលាឆទាន វត្ត បន្ទាយទាហាន មន្ទីរពេទ្យ រោងតម្បាញ និងរោងចក្រផលិតស្ករ។ ប៉ុន្តែសម្រាប់អ្នកដែលទើបមករស់នៅថ្មីៗ មើលឃើញនៅបុរីអូរស្វាយ គឺពោរពេញដោយព្រៃស្ងាត់ និងធម្មជាតិ។
នៅពេលល្ងាច ខ្ញុំតែងតែឮសំឡេងសត្វស្វា និងសត្វខ្លាគ្រហឹមពេញព្រៃ ជាពិសេសគឺនៅពេលយប់។ ពេលខ្ញុំមកដល់បុរីអូរស្វាយដំបូង គ្រួសាររបស់ខ្ញុំទទួលបានផ្ទះកាឡុងមួយខ្នង និងដីមួយកន្លែងដែលមានទទឹង៤០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ សម្រាប់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ បើទោះបីជាមានសមិទ្ធផលមួយចំនួនត្រូវបានកសាងរួចហើយក៏ដោយ ប៉ុន្តែប្រជាជននៅបុរីអូរស្វាយមួយចំនួននៅតែប្រឈមនឹងជំងឺ។ បញ្ហាដ៏ធំបំផុតរបស់និគមជនគឺជំងឺគ្រុនចាញ់ ដោយសារតែបុរីអូរស្វាយសម្បូរទៅដោយព្រៃក្រាស់និងមូស។ ជំងឺគ្រុនចាញ់នេះបានបណ្តាលឱ្យប្រជាជនមួយចំនួនស្លាប់ដែរ។ បើទោះបីជាការរស់នៅមានការលំបាក និងប្រឈមនឹងជំងឺ ក៏ប្រជាជននៅតែតស៊ូ និងកសាងជីវិតនៅលើទឹកដីបុរីអូរស្វាយ។ ឪពុកម្តាយខ្ញុំ គឺជាផ្នែកមួយនៃនិគមជនដែលបានតស៊ូរស់នៅបុរីអូរស្វាយ រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ បទពិសោធន៍ និងការចងចាំអំពីការមកតាំងទីលំនៅ នៅឆ្នាំ១៩៦៥ មិនត្រឹមតែជាការចងចាំអំពីការចាប់ផ្តើមជីវិតនៅក្នុងតំបន់ថ្មីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចងចាំអំពីការតស៊ូ និងការអត់ធ្មត់របស់និគមជនដែលបានចូលរួមបង្កើតសហគមន៍បុរីអូរស្វាយ។
នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ដែលពេលនេះខ្ញុំកំពុងរៀនថ្នាក់ទី១០ បានឈប់រៀនដោយសារតែប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ នៅបុរីអូរស្វាយទាំងមូលត្រូវរងការទម្លាក់គ្រាប់បែកដោយយន្តហោះរបស់កងទ័ពអាមេរិក។ គ្រួសារខ្ញុំបានទៅលាក់ខ្លួននៅក្នុងព្រៃ រួចហើយភៀសខ្លួនទៅរស់នៅក្នុងភូមិអូររុន និងអូរកុំ។ កាលនោះ គ្រួសារខ្ញុំចូលទៅលាក់ខ្លួនក្នុងលេណដ្ឋានតាហុក។ នៅពេលខ្ញុំចេញពីលេណដ្ឋានតាហុក ខ្ញុំឃើញយន្តហោះមកទម្លាក់គ្រាប់បែកចំស្ពានអូរស្វាយ រួចបន្តទម្លាក់នៅផ្សារ ធ្វើឱ្យគ្រួសារខ្ញុំប្រញាប់ភៀសខ្លួនទៅភូមិអូររុនវិញ។ គ្រួសារខ្ញុំមានការលំបាកខ្លាំងណាស់ ហើយហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងអស់ ដូចជា ស្ពាន រោងតម្បាញ សាលាឆទាន មន្ទីរពេទ្យ និងមន្ទីរកសិកម្ម ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។
ក្រោយពីមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ បុរីអូរស្វាយប្រែក្លាយទៅជាទីតាំងសមរភូមិរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ សមិទ្ធផលកសាងនៅសម័យសង្គមរាស្រ្ត និយមត្រូវរងការបំផ្លិចបំផ្លាញ ហើយប្រជាជនត្រូវរស់នៅក្នុងសង្រ្គាម ដោយមិនអាចចាកចេញទៅកាន់ទីកន្លែងផ្សេងដោយងាយស្រួលបានឡើយ ពីព្រោះភូមិសាស្រ្តបុរីអូរស្វាយគឺជាតំបន់ព្រៃក្រាស់ និងហ៊ុំព័ទ្ធដោយទឹកទន្លេមេគង្គ។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសទាំងស្រុង នៅពេលនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅរស់នៅ និងធ្វើការក្នុងចម្ការកៅស៊ូ ខេត្តរតនគិរី។ ខ្ញុំត្រូវរស់នៅបែកចេញពីឪពុកម្តាយ។ ដោយសារតែការខិតខំប្រឹងប្រែងធ្វើការងាររបស់ខ្ញុំ ទើបខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើជាប្រធានសហជីពនៅចម្ការកៅស៊ូ ខេត្តរតនគិរី។ ក្នុងតួនាទីប្រធានសហជីព ខ្ញុំមានភារកិច្ចគ្រប់គ្រងនារីចំនួន១០នាក់ និងប្រជាជនដែលជាជនជាតិដើមភាគតិចមួយចំនួនទៀត។ ក្នុងអំឡុងពេលដឹកនាំ ខ្ញុំបានព្យាយាមសម្របសម្រួល និងយកចិត្តទុកដាក់មើលថែប្រជាជននៅក្នុងអង្គភាពរបស់ខ្ញុំ ដោយខិតខំធ្វើយ៉ាងណាកុំឱ្យមានស្លាប់បាត់បង់ជីវិត។ បើទោះបីជាស្ថានភាពនៅពេលនោះមានការលំបាកយ៉ាងណា ខ្ញុំនៅតែព្យាយាមអប់រំ និងណែនាំប្រជាជនកុំឱ្យប្រព្រឹត្តខុស និងកុំឱ្យអង្គការចាប់ខ្លួនយកទៅសម្លាប់។ ប្រសិនបើ នរណាម្នាក់មានកំហុសដោយសារលួចរបស់របរផ្សេងៗ ខ្ញុំតែងតែហៅអ្នកនោះមកអប់រំ និងណែនាំដោយស្ងាត់ៗនៅពេលយប់។ ចំពោះការងារប្រចាំថ្ងៃ កម្មករទាំងអស់ក្នុងសហជីពត្រូវបានចាត់តាំងឱ្យចៀរជ័រកៅស៊ូឱ្យបាន៧០០ដើមក្នុងមួយថ្ងៃ។ កម្មករនៅក្នុងសហជីពត្រូវបែងចែកជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក២០នាក់។ ប្រសិនបើមានកម្មករណាម្នាក់នៅក្នុងក្រុមធ្វើការងារមិនទាន់ផែនការ ខ្ញុំតែងតែប្រាប់កម្មករផ្សេងឱ្យជួយ ពីព្រោះប្រសិនបើធ្វើមិនហើយតាមផែនការកំណត់ អ្នកនោះអាចត្រូវអង្គការយកទៅសម្លាប់ចោល។ ការងារនៅចម្ការកៅស៊ូ មិនមានការបែងចែករវាងបុរស និងស្ត្រីទេ។ បុរស និងស្ត្រីត្រូវធ្វើការដូចគ្នា ដូចជាចៀរជ័រកៅស៊ូ និងដាំបន្លែ។ នៅក្នុងអង្គភាពរបស់ខ្ញុំ មានមន្ទីរពេទ្យមួយឈ្មោះ «មន្ទីរពេទ្យព-២» សម្រាប់ឱ្យស្ត្រីមានផ្ទៃពោះទៅសម្រាលកូន។ ស្ត្រីដែលមានបញ្ហាសុខភាព ឬមានរដូវ ក្នុងនាមខ្ញុំជាអ្នកដឹកនាំស្ត្រី បានព្យាយាមយល់ពីតម្រូវការរបស់គាត់ និងជួយតាមលទ្ធភាពដែលមាន។ ខ្ញុំតែងតែស្វែងរកសម្ភារ និងថ្នាំសង្កូវមួយចំនួនឱ្យស្រ្តីក្នុងសហជីពដើម្បីព្យាបាលជំងឺ បើទោះបីជារបស់ទាំងនោះមានចំនួនតិច និងមិនសម្បូរក៏ដោយ។ ចំពោះស្ត្រីដែលទើបសម្រាលកូនរួច គឺខ្ញុំឱ្យម្ដាយសម្រាករហូតដល់កូនរឹងដៃរឹងជើង ទើបឱ្យមកធ្វើការវិញ។ របបអាហារសម្រាប់សហជីពខ្ញុំគ្រប់គ្រងមានការខ្វះខាត និងមិនសូវបានគ្រប់គ្រាន់ឡើយ។ នៅក្នុងតំបន់របស់ខ្ញុំមិនថាអ្នកចេះដឹង ឬអ្នកមិនចេះទេ គឺត្រូវចូលរួមធ្វើការងារដូចគ្នា គឺធ្វើស្រែចម្ការ, លើកទំនប់ ប្រឡាយ និងចៀរជ័រកៅស៊ូ។ ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមគឺត្រូវជួបប្រទះការងារធ្ងន់ធ្ងរ, ការបង្អត់អហារ និងការភ័យខ្លាចអង្គការចាប់យកទៅកសាង ឬសម្លាប់ចោល។
នៅចុងឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលមក ពេលនោះខ្ញុំនិងប្រជាជនផ្សេងទៀតត្រូវអង្គការជម្លៀសទៅកាន់ខេត្តព្រះវិហារជាប់ព្រំដែនថៃ។ ខ្ញុំ និងខ្មែរក្រហមផ្សេងទៀត ត្រូវតោងវល្លិ៍ឡើងទៅលើកំពូលភ្នំដងរែក។ ដោយសារខ្ញុំឡើងភ្នំមិនរួច ទើបខ្ញុំសម្រេចចិត្តវិលត្រឡប់មកភូមិកំណើតវិញ។ ពេលនោះ ខ្ញុំបានសុំរថយន្តអ្នកធ្វើដំណើរស្របផ្លូវគ្នាជិះមកកាន់ខេត្តស្ទឹងត្រែង និងស្នាក់នៅទីរួមខេត្តស្ទឹងត្រែងអស់រយៈពេលមួយឆ្នាំ។ ក្រោយមក ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ ហើយបន្តរស់នៅទីនេះរហូតមកដល់សព្វថ្ងៃ។
បច្ចុប្បន្ន ខ្ញុំមានជំងឺប្រចាំកាយ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង។ កាលពីប៉ុន្មានថ្ងៃមុន ចង្វាក់បេះដូងរបស់ខ្ញុំបានកើនឡើងដល់១៧០ដងក្នុងមួយនាទី ហើយខ្ញុំត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមណ្ឌលសុខភាព «សម្ដេចព្រះ នរោត្តម សីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» នៅបុរីអូរស្វាយ អស់មួយរយៈពេលទើបអាការជំងឺរបស់ខ្ញុំបានធូរស្រាល និងអាចវិលត្រឡប់មកផ្ទះវិញ។
អត្ថបទ ៖ ហូ លីនីត អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



