ម្ដាយវីរកងទ័ព ថុង សុផាន់ណូ៖ ពេលនឹកកូនប្រុសពេក ខ្ញុំមានបំណងចង់ទៅជួបកូននៅសមរភូមិមុខ

«ពេលនឹកកូនប្រុសខ្លាំងពេក ខ្ញុំមានបំណងទៅជួបកូននៅសមរភូមិមុខ ប៉ុន្តែកូនប្រុសនិយាយថា ម៉ែ! បន្តិចទៀតចប់សង្គ្រាមខ្ញុំទៅលេងម៉ែ និងបងៗហើយ ម៉ែមិនបាច់មកលេងខ្ញុំទេ ពីព្រោះផ្លូវពិបាក ហើយទាហានថៃនៅល្បាតក្បែរៗហ្នឹង ម៉ែកុំមកអី ចាំខ្ញុំទៅលេងម៉ែនៅផ្ទះ»។ អ្នកស្រី យូ ឃុន្នឹង អាយុ៦៣ឆ្នាំ មានមុខរបរជាបុគ្គលិកពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ត្រូវជាម្តាយវីរកងទ័ព ថុង សុផាន់ណូ បានរៀបរាប់រឿងរ៉ាវកូនប្រុសរបស់ខ្លួនទាំងអួលដើមករដូចខាងក្រោម៖

ខ្ញុំមានទីកន្លែងកំណើតនៅ ភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ខ្ញុំមានប្តីឈ្មោះ លឹម ថុង ស្លាប់នៅឆ្នាំ២០២៣ និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៣នាក់។ កូនទី១)ឈ្មោះ ឡាង ភារុន ភេទប្រុស អាយុ៣៩ឆ្នាំ កូនទី២) ឈ្មោះ ឡាង ភារិទ្ធ ភេទស្រី អាយុ៣៧ឆ្នាំ កូនទី៣) ឈ្មោះ ឡាង ភារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ កូនទី៤) ឈ្មោះ ថុង សុផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ និងកូនពៅឈ្មោះ ថុង សុផាន់ណូ ភេទប្រុស អាយុ២៣ឆ្នាំ។ កូនប្រុសពៅខ្ញុំ ថុង សុផាន់ណូ កើតនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

កាលពីក្មេងកូនខ្ញុំ សុផាន់ណូ បានចូលរៀននៅសាលាក្នុងភូមិឡឥដ្ឋ និងបានបន្តការសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ក្នុងក្រុងព្រះវិហារ រហូតប្រឡងជាប់បាក់ឌុប នៅឆ្នាំ២០២១។ បន្ទាប់មក សុផាន់ណូ បានចូលរៀនផ្នែកគ្រប់គ្រងធនធានមនុស្ស នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះវិហារ។

នៅឆ្នាំ២០២៣ ពេល សុផាន់ណូ កំពុងរៀនឆ្នាំទី២ បានសម្រេចចិត្តឈប់រៀន និងស្ម័គ្រចិត្តចូលធ្វើកងទ័ពនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ បន្ទាប់ពីចូលបម្រើកងទ័ព សុផាន់ណូ តែងតែធ្វើដំណើរទៅហ្វឹកហ្វឺនកាយសម្បទាកម្រិតដំបូងនៅបន្ទាយកងទ័ពដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះជារៀងរាល់ព្រឹក។ សុផាន់ណូ ហ្វឹកហ្វឺននៅបន្ទាយកងទ័ពតាំងពីពេលព្រឹករហូតដល់យប់ទើបត្រឡប់មកផ្ទះវិញ និងមានពេលខ្លះ សុផាន់ណូ សម្រាកនៅក្នុងបន្ទាយកងទ័ពតែម្តង។ សុផាន់ណូ បានហ្វឹកហ្វឺនកាយសម្បទាអស់រយៈពេល៦ខែទើបបញ្ចប់។ បន្ទាប់មក សុផាន់ណូ ត្រូវបានថ្នាក់លើបញ្ជូនឱ្យទៅល្បាតដើម្បីការពារព្រៃឈើ និងសត្វព្រៃ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាមួយក្រុមការងារអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។

នៅក្នុងខែមិថុនា ឆ្នាំ២០២៥ សុផាន់ណូ បានមកលេងផ្ទះ និងបាននិយាយប្រាប់ខ្ញុំថា «ម៉ែអើយ!នៅព្រំដែនកម្ពុជា-ថៃ ឥឡូវកំពុងតែមានសភាពតឹងតែងខ្លាំងណាស់ ខ្ញុំចុះមកពីស្រុកសង្គមថ្មីលើកនេះ ត្រូវបានថ្នាក់លើបញ្ជូនទៅឈរជើងនៅសមរភូមិតំបន់អានសេះវិញហើយម៉ែ»។ ខ្ញុំបានតបទៅកូនវិញថា «អឺ! បើកូនទៅសមរភូមិជួរមុខ កូនត្រូវចេះការពារខ្លួន និងប្រយ័ត្នប្រយែង កូនត្រូវតែរៀន និងមើលគំរូតាមបងៗ និងពូៗកងទ័ពយើងណាកូន»។ ខ្ញុំនិយាយចប់ កូនស្រីទី២ខ្ញុំឈ្មោះ ឡាង ភារិទ្ធ បានជូន សុផាន់ណូ ទៅឡើងឡាននៅកន្លែងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ ចាប់តាំងពី សុផាន់ណូ ទៅឈរជើងនៅសមរភូមិតំបន់អានសេះ ជារៀងរាល់ថ្ងៃខ្ញុំតែងតែឆ្លៀតពេលហៅទូរសព្ទទៅកូនប្រុស ដើម្បីសួរសុខទុក្ខកូន និងប្រាប់កូនប្រយ័ត្នប្រយែងខ្លួន។ នៅពេលមួយ ខ្ញុំបានសួរកូនប្រុសថា កូនមានដែលឃើញទាហានថៃឡើងមកក្បែរកន្លែងកូនឈរជើងដែរ ឬទេ? កូនខ្ញុំតបមកវិញថា វាឡើងមករាល់ថ្ងៃហ្នឹងម៉ែ! ខ្ញុំសួរកូនបន្ថែមទៀតថា កូនមានឃើញវាកាន់កាំភ្លើងទេ? កូនខ្ញុំតបមកវិញថា ជួនណាវាឡើងមកមិនកាន់កាំភ្លើងទេ ឃើញអ៊ីចឹងក្រុមខ្ញុំបានដេញវាឱ្យចុះទៅក្រោមវិញ។  ចាប់តាំងពី សុផាន់ណូ ត្រូវបញ្ជូនទៅប្រចាំការនៅសមរភូមិមុខតំបន់អានសេះ គឺ សុផាន់ណូ មិនដែលបានមកលេងផ្ទះម្តងណាឡើយ។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ពេលចប់ពិធីសែនក្បាលទឹកនៅផ្ទះ ខ្ញុំនិងកូនៗដទៃទៀតបាននាំគ្នាធ្វើដំណើរទៅលេងកូន សុផាន់ណូ នៅសមរភូមិតំបន់អានសេះ។ ពេលទៅដល់ខ្ញុំបានហៅទូរសព្ទទៅប្រាប់ សុផាន់ណូ ថាម៉ែបានមកដល់កន្លែងកូនហើយ ។ សុផាន់ណូ ប្រញាប់ប្រញាល់ចុះមកជួបខ្ញុំ និងបងៗ។ បន្ទាប់ពីបានអង្គុយសំណេះសំណាល និងសួរសុខទុក្ខគ្នាបានបន្តិច ខ្ញុំ និងកូនៗទាំងអស់ បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។ បន្ទាប់មកខ្ញុំបានទុកម្ហូប និងរបស់របរប្រើប្រាស់ឱ្យកូនប្រុសយកឡើងទៅកន្លែងលេណដ្ឋានវិញ។ ចំណែកខ្ញុំ និងកូនៗដទៃទៀតបាននាំគ្នាត្រឡប់មកផ្ទះវិញ។ ជារៀងរាល់ថ្ងៃខ្ញុំតែងតែទូរសព្ទទៅ សុផាន់ណូ និងសួរសុខទុក្ខតាមទម្លាប់ដូចធម្មតា។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥  ខ្ញុំបានទូរសព្ទទៅកូនប្រុសតាមវីដេអូឆាត(Video Messenger) ខ្ញុំឃើញកូនប្រុសដេកលើអង្រឹងឱបកាំភ្លើង ខ្ញុំបាននិយាយទៅកាន់កូនថា កូនប្រយ័ត្នប្រយែងខ្លួនណាកូន។ កូនប្រុសខ្ញុំបានឆ្លើយតបមកខ្ញុំវិញថា «បាទម៉ែ! ខ្ញុំមិនអីទេ»។ ខ្ញុំបាននិយាយបន្តទៅកាន់កូនថា ម៉ែនឹកកូនឯងណាស់ ម៉ែមានបំណងចង់ទៅលេងកូន ឬកូនសុំច្បាប់ថ្នាក់លើមកលេងផ្ទះម្ដងមក ។ កូនប្រុសខ្ញុំតបមកវិញថា «ម៉ែ! តិចទៀតចប់សង្គ្រាមខ្ញុំទៅលេងម៉ែហើយ ម៉ែមិនបាច់មកលេងខ្ញុំទេ ផ្លូវពិបាកណាស់ ហើយទាហានថៃនៅល្បាតក្បែរៗហ្នឹង ម៉ែកុំមកអី ចាំខ្ញុំទៅលេងម៉ែនៅផ្ទះ»។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានឃើញកងទ័ពត្រូវជាមិត្តភក្តិកូនខ្ញុំ សុផាន់ណូ ឈ្មោះ វិន មកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ដែលជាកន្លែងខ្ញុំកំពុងបម្រើការងារ។ ភ្លាមៗនោះខ្ញុំបាននឹក និងបារម្ភពីកូនប្រុស ខ្ញុំបានហៅទូរសព្ទទៅកូនប្រុស ប៉ុន្តែមិនមានអ្នកទទួល និងឆ្លើយតបឡើយ។ បន្ទាប់មកខ្ញុំបានទៅសួរមិត្តភក្តិកូនប្រុសខ្ញុំឈ្មោះ វិន។ វិន បាននិយាយថា ពេលផ្ទុះអាវុធខ្លាំងខ្ញុំបានឃើញ សុផាន់ណូ ចុះមកក្រោមហើយ ប៉ុន្តែមិនដឹងចុះមកដល់ណាទេ។ ខ្ញុំខ្លាចតែ សុផាន់ណូ វង្វេងព្រៃទេ។ ពេលខ្ញុំបានទទួលដំណឹងពីកងទ័ពឈ្មោះ វិន ហើយ លុះដល់យប់ខ្ញុំដេកមិនលក់ឡើយ ព្រោះខ្ញុំព្រួយបារម្ភពីកូនប្រុស។ នៅអំឡុងពេលបាត់ដំណឹងកូនប្រុស ខ្ញុំតែងតែព្យាយាមទូរសព្ទទៅកូនប្រុស ប៉ុន្តែមិនអាចទាក់ទងបានឡើយ។

នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ គ្រូពេទ្យកងទ័ពឈ្មោះ ជា វុទ្ធី បានទូរសព្ទប្រាប់ខ្ញុំថា បានឃើញសាកសពកូនប្រុសខ្ញុំឈ្មោះ ថុង សុផាន់ណូ មានសភាពស្អុយរលួយសាច់អស់ហើយនៅសល់តែសម្លៀកបំពាក់ និងស្លាក់ឈ្មោះដែលអាចសម្គាល់អត្តសញ្ញាណកូនប្រុសខ្ញុំបាន។ ពេលខ្ញុំទទួលដំណឹងនេះភ្លាម ខ្ញុំទន់ដៃទន់ជើងអស់ និងបានយំរហូត។ នៅវេលាម៉ោង១១ថ្ងៃដដែល សពកូនប្រុសខ្ញុំបានដឹកមកដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ហើយខ្ញុំបានសុំអនុញ្ញាតមេបញ្ជាការយកសពកូនប្រុសមកផ្ទះ ដើម្បីរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់សាសនាខ្មែរ។

ពិធីបុណ្យសពកូនប្រុសខ្ញុំ គឺអនុសេនីយត្រី ថុង សុផាន់ណូ ត្រូវប្រារព្ធធ្វើនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃព្រហស្បតិ៍ទី១ ខែមករា ឆ្នាំ២០២៦។ ចំណែកពិធីបុណ្យគម្រប់ខួប៧ថ្ងៃ បានប្រារព្ធធ្វើនៅថ្ងៃពុធទី៧ ខែមករា ឆ្នាំ២០២ និងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ប្រារព្ធធ្វើនៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២៦។

ចាប់តាំងពីកូនប្រុសខ្ញុំបានពលីជីវិតរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់អាចកាត់ចិត្តបានឡើយ ព្រោះកូនប្រុសខ្ញុំគឺជាមនុស្សដែលមានអត្តចរិកល្អ មិនចេះប្រកែក និងនិយាយពាក្យសម្ដីអសុរោះដាក់ឪពុកម្ដាយ បងប្អូនសាច់ញាតិឡើយ។ ពេលនេះខ្ញុំនៅតែនឹកស្រណោះកូនប្រុសខ្ញុំ ហើយឱ្យតែមានអ្នកជិតខាងនិយាយឈ្មោះកូនប្រុស ខ្ញុំយំរហូត។ កូនប្រុសខ្ញុំទៅប្រចាំការនៅសមរភូមិតំបន់អានសេះអស់រយៈពេល៦ខែ មិនដែលបានមកផ្ទះសូម្បីតែម្ដង។ កូនប្រុសរបស់ខ្ញុំនិយាយថា ពេលចប់សង្គ្រាមនឹងមកលេងផ្ទះជួបម្ដាយបងប្អូនសាច់ញាតិ ប៉ុន្តែបែរជាជួបរឿងអកុសលបែបនេះ។ ខ្ញុំអាណិតកូនប្រុសខ្ញុំណាស់ កូនប្រុសខ្ញុំតាំងពីតូចរហូតដល់ធំ ខ្ញុំមិនដែលវាយដំ ឬជេប្រមាថសូម្បីតែម្ដង ហេតុអ្វីកូនប្រុសខ្ញុំត្រូវស្លាប់។

ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុក្ខដាក់ជួយឧបត្ថម្ភ និងសាងសង់ផ្ទះមួយខ្នងនៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ សម្រាប់នាងខ្ញុំ និងកូនៗអាចមានជម្រករស់នៅបានសមរម្យ។

អត្ថបទ ៖ ទាវ សម្ភស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖