ក្រោយកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ក្នុងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនដែលមានលំនៅតាមបណ្ដោយព្រំដែនថ្មដាជាច្រើនគ្រួសារ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញទេ។ ប្រជាជនទាំងអស់បានស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងមណ្ឌលជនភៀសសឹក ស្ថិតនៅក្នុងឃុំប្រម៉ោយអស់រយៈពេលជាច្រើនខែដោយសារផ្ទះនៅជាប់ព្រំដែនថ្មដា ត្រូវទាហានថៃរំលោភបំពាន រាយលួសបន្លា និងដាក់ទូកុងតឺន័រ។ អ្នកស្រី យិន សុធារី មានផ្ទះនៅជាប់ព្រំដែនថ្មដា និងជាប្រជាជនភៀសសឹកបានរៀបរាប់ដូចខាងក្រោម៖
ខ្ញុំឈ្មោះ យិន សុធារី ភេទស្រី អាយុ៥៤ឆ្នាំ កើតនៅក្នុងភូមិត្មាតពង សង្កាត់ចោមចៅ ខណ្ឌដង្កោ ខេត្តកណ្ដាល (បច្ចុប្បន្នរាជធានីភ្នំពេញ)។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ យិន ពៅ (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ សាវឿន អាយុ៨០ឆ្នាំ សព្វថ្ងៃរស់នៅខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ គឺស្រី២នាក់ និងប្រុស៤នាក់ ហើយខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំនៅរស់រានមានជីវិតចំនួន៤នាក់ និងបានស្លាប់ចំនួន២នាក់។
ខ្ញុំមានប្ដីឈ្មោះ សយ ស៊ីណា អាយុ៦៦ឆ្នាំ និងជាអតីតកងទ័ពក្នុងអង្គភាពការពារព្រំដែនគោកលេខ៥០១នៅថ្មដា។ ប្ដីរបស់ខ្ញុំមានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ខ្ញុំមានកូនចំនួន៦នាក់គឺស្រីម្នាក់ និងប្រុស៥នាក់ ហើយកូនប្រុសទី៣របស់ខ្ញុំឈ្មោះ សយ មិនា គឺជាកងទ័ពក្នុងកងកាំភ្លើងធំ។ សព្វថ្ងៃកូនប្រុសរបស់ខ្ញុំកំពុងជាប់ហាត់ហ្វឹកហាត់នៅខេត្តកំពង់ឆ្នាំង។
នៅឆ្នាំ១៩៩៩ ប្ដីរបស់ខ្ញុំ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនមកនៅកងការពារព្រំដែនគោកលេខ៥០១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់មក ខ្ញុំបាននាំកូនៗចាកចេញពីទីក្រុងភ្នំពេញមករស់នៅជាមួយប្ដីនៅឃុំថ្មដា ខេត្តពោធិ៍សាត់។ ខ្ញុំ និងប្ដីបានសាងសង់ផ្ទះនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្ថិតក្បែរបន្ទាយកងទ័ពកម្ពុជានៅព្រំដែនថ្មដា។ ដំបូងខ្ញុំមិនមានមុខរបរទេ។ ខ្ញុំនិងកូនៗរស់នៅហូបរបបអង្កររបស់កងទ័ព។ បន្ទាប់មក ខ្ញុំបានប្រកបមុខរលក់ដូរអីវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះ ស្ថិតនៅខាងមុខប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំណែកបន្ទាយកងទ័ពកម្ពុជានៅខាងក្រោយផ្ទះ។ មុនពេលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងទាហានថៃ ខ្ញុំប្រកបមុខរបររកស៊ីធម្មតា។ នៅព្រំដែនថ្មដាសម្បូរភ្ញៀវទេសចរមកកម្សាន្តជាហូរហែស្ទើររាល់ថ្ងៃ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចាប់ផ្ដើមបាញ់ផ្សែងពុល និងប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះមកក្រវែលពាសពេញក្នុងឃុំថ្មដាទាំងយប់ទាំងថ្ងៃ។ ខ្ញុំ និងកូនៗមានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង។ បន្ទាប់មក ខ្ញុំ និងក្រុមគ្រួសារត្រូវបានអាជ្ញាធរឃុំជម្លៀសចេញពីភូមិសង្គមថ្មី ឃុំថ្មដា មកកាន់វត្តប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីរក្សាសុវត្ថិភាព។ នៅពេលខ្ញុំមកដល់វត្ត ខ្ញុំឃើញប្រជាជនដែលរស់នៅក្នុងឃុំថ្មដាបានជម្លៀសមកកាន់ឃុំប្រម៉ោយជាបន្តបន្ទាប់ដែរ។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំទទួលដំណឹងថា ទាហានថៃបានផ្លោងកាំភ្លើងធំចូលតំបន់អូរភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីឮដំណឹងនេះ ខ្ញុំមានការព្រួយបារម្ភពីផ្ទះ និងរបស់របរនៅក្នុងផ្ទះខ្ញុំ ព្រោះខ្លាចមានការផ្ទុះអាវុធកាន់តែខ្លាំង។ ខ្ញុំបានស្នាក់នៅក្នុងវត្តប្រម៉ោយអស់រយៈពេល១សប្ដាហ៍ ទើបត្រឡប់ទៅរស់នៅក្នុងផ្ទះនៅភូមិសង្គមថ្មីវិញ។
នៅខែសីហា ឆ្នាំ២០២៥ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនមួយចំនួនក្នុងភូមិសង្គមថ្មី បានភៀសខ្លួនមកកាន់វត្តប្រម៉ោយជាលើកទី២ ព្រោះឮថាសភាពការណ៍នៅតាមព្រំដែនថ្មដាមានការតានតឹង និងមិនសូវមានសុវត្ថិភាពទេ។ ខ្ញុំបានស្នាក់នៅក្នុងវត្តប្រម៉ោយអស់រយៈពេលប្រហែល៣ថ្ងៃ រហូតស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ ទើបខ្ញុំ និងក្រុមគ្រួសារបានវិលទៅកាន់ភូមិសង្គមថ្មីវិញ។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃចាប់ផ្ដើមបាញ់មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ នៅព្រំដែនថ្មដា ទាហានថៃមិនទាន់ផ្លោងគ្រាប់ចូល និងមានការផ្ទុះអាវុធទេ ប៉ុន្តែទាហានថៃចាប់ផ្ដើមបាញ់ផ្សែងពុល និងប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលក្នុងភូមិសាស្រ្តឃុំថ្មដាធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ និងភ័យខ្លាចទាហានថៃទម្លាក់គ្រាប់បែក។ ក្នុងពេលជាមួយគ្នាខ្ញុំចាប់ផ្ដើមគិតភ្លាមថា អាចនឹងផ្ទុះសង្រ្គាមនៅព្រំដែនថ្មដាម្ដងទៀតជាមិនខាន។ មិនយូរប៉ុន្មាន ប្រជាជននៅក្នុងឃុំថ្មដាបានចាប់ផ្ដើមភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបន្តបន្ទាប់។ ដោយឡែក ខ្ញុំ និងប្ដីនៅតែព្រួយបារម្ភពីផ្ទះសម្បែង ទើបខ្ញុំ និងប្ដីមិនទាន់ភៀសខ្លួនចេញពីថ្មដា។ នៅពេលនោះ ខ្ញុំ និងប្ដីត្រូវផ្សែងពុលរបស់ទាហានថៃស្ទើរតែបាត់បង់ជីវិតនៅព្រំដែនថ្មដា។ បន្ទាប់ពីត្រូវផ្សែងពុល ខ្ញុំ និងប្ដី មានអាការពិបាកដកដង្ហើមខ្លាំងណាស់ ពីព្រោះខ្ញុំមិនបានដឹងថាខ្លួនឯងត្រូវផ្សែងពុលរបស់ទាហានថៃទេ។ កូនៗរបស់ខ្ញុំបានទូរសព្ទប្រាប់ខ្ញុំ និងប្ដីត្រូវតែភៀសខ្លួនចេញពីថ្មដាជាបន្ទាន់ ដោយសារកូនខ្ញុំឃើញតាមរយៈសារព័ត៌មានផ្សាយថា ទាហានថៃបន្តបាញ់ផ្សែងពុលជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តឃុំថ្មដា។ ក្រោយមក ខ្ញុំ និងប្ដីបានភៀសខ្លួនទៅកាន់ជំរំភៀសសឹកនៅភូមិប្រម៉ោយ ឃុំប្រម៉ោយដោយសុវត្ថិភាព។ អំឡុងពេលស្នាក់នៅជំរំជនភៀសសឹក ខ្ញុំបានទទួលដំណឹងថាទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំចូលបន្ទាយកងទ័ពកម្ពុជានៅភូមិសង្គមថ្មី។ ឮដូច្នេះ ខ្ញុំពុំមានអារម្មណ៍សប្បាយចិត្តទេ។ ខ្ញុំមានការព្រួយបារម្ភពីទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្ញុំនៅភូមិសង្គមថ្មី និងខ្លាចទាហានថៃនៅតែបង្កសង្រ្គាមកាន់តែធំឡើងបន្តទៀត។
អំឡុងពេលសង្រ្គាមផ្ទុះឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានដឹងតាមរយៈប្រជាជនប្រាប់ថា ផ្ទះចម្ការរបស់ខ្ញុំនៅបាតស្ទឹងក្នុងភូមិសង្គមថ្មីត្រូវបានភ្លើងឆាបឆេះអស់ ហើយភ្លើងបានរីករាលដាលឆាបឆេះដល់ដំណាំនៅក្នុងចម្ការរបស់ខ្ញុំស្ទើរតែទាំងស្រុង។ ខ្ញុំមិនបានដឹងពីមូលហេតុដែលបណ្ដាលឱ្យមានភ្លើងឆេះនោះទេ។ ផ្ទះរបស់ខ្ញុំនៅខាងលើមាត់ស្ទឹងដែលមានលក់ដូរអីវ៉ាន់ចាប់ហួយ និងទ្រព្យសម្បត្តិផ្សេងៗត្រូវបានចោរចូលគាស់ រួចចូលលួចរបស់របរទាំងអស់ មិនមានអ្វីនៅសេសសល់ទៀតទេ។ បន្ទាប់ពីស្ងាត់សង្រ្គាមរវាងកងទ័ពកម្ពុជា និងទាហានថៃខ្ញុំបានធ្វើដំណើរឡើងទៅមើលផ្ទះក្នុងភូមិសង្គមថ្មី។ នៅពេលខ្ញុំទៅដល់ផ្ទះភ្លាម ខ្ញុំសោកស្តាយយ៉ាងខ្លាំងព្រោះឃើញផ្ទះត្រូវគេគាស់បំផ្លាញ។ ខ្ញុំមានអារម្មណ៍សោកសៅ និងនិយាយមិនចេញឡើយ។ នៅក្នុងផ្ទះរបស់ខ្ញុំត្រូវបានគេគាស់បំផ្លាញខ្ទេចខ្ទី មិនមានរបស់របរ អីវ៉ាន់ និងទ្រព្យសម្បត្តិនៅសេសសល់ឡើយ។ ខ្ញុំបានត្រឡប់មកជំរំភៀសសឹកវិញ ទាំងអារម្មណ៍ក្តុកក្តួល មិនដឹងថាត្រូវរស់នៅបែបណាតទៅទៀត។ ប៉ុន្តែខ្ញុំនៅមានកូន និងប្ដីចាំលើកទឹកចិត្ត ហើយព្យាយាមគិតថា ខ្ញុំត្រូវតែបន្តដើរទៅមុខ រួចចាប់ផ្ដើមកសាងជីវិតសាឡើងវិញម្ដងទៀត។ រាល់ថ្ងៃខ្ញុំ និងប្ដី ខិតខំធ្វើការងារខ្លាំងណាស់ ដើម្បីឱ្យកូនៗជាទីស្រឡាញ់បានសិក្សារៀនសូត្រ និងគ្រួសាររស់នៅមានសុភមង្គល។ ខ្ញុំ និងប្ដីបានព្យាយាមស្វែករកការងារគ្រប់ទិសទី។
ខ្ញុំបានស្នាក់នៅជំរំភៀសសឹកអស់រយៈពេលជាច្រើនខែក្នុងឃុំប្រម៉ោយ។ ខ្ញុំបានត្រឡប់ទៅមើលផ្ទះ៣ទៅ៤ដង ប៉ុន្តែខ្ញុំមិនហ៊ានស្នាក់នៅផ្ទះ និងមិនហ៊ាននៅផ្ទះយូរទេ។ ប្ដីរបស់ខ្ញុំបានទៅមើលផ្ទះសម្បែងញឹកញាប់ជាងខ្ញុំ។ រៀងរាល់ពេលខ្ញុំទៅអើតមើលផ្ទះ ខ្ញុំតែងតែត្រឡប់មកជំរំភៀសសឹកវិញភ្លាមៗ ព្រោះខ្ញុំនៅតែខ្លាចទាហានថៃបាញ់ផ្សែងពុលចូលមកទៀត។ រហូតមកដល់ពេលនេះ ប្រជាជនរស់នៅក្នុងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការអាណិតស្រឡាញ់ខ្ញុំ និងប្ដី ហេតុនេះទើបអ្នកភូមិឱ្យប្ដីរបស់ខ្ញុំឡើងដើមត្នោត និងគាបយកទឹកត្នោតផ្អែម ទឹកត្នោតជូ និងធ្វើជាស្ករត្នោតយកទៅលក់ បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ថ្លៃសិក្សារៀនសូត្ររបស់កូនៗ និងជីវភាពរស់នៅប្រចាំថ្ងៃ។ កូនៗរបស់ខ្ញុំ២នាក់ ម្នាក់រៀនថ្នាក់ទី៨ និងមួយទៀតរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ កូនប្រុសទី៣ឈ្មោះ សយ មិនា កំពុងហ្វឹកហាត់ក្នុងកងកាំភ្លើងធំនៅខេត្តកំពង់ឆ្នាំង ហើយកូនត្រូវមានឈ្មោះបញ្ជូនទៅការពារនៅច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងខែមីនា ឆ្នាំ២០២៦។
ខ្ញុំមានអារម្មណ៍ព្រួយបារម្ភពីកូនប្រុសខ្លាំងណាស់ ប៉ុន្តែខ្ញុំនឹកគិតថា កូនមានឪពុកជាអតីតកងទ័ពដែលមានភាពអង់អាចក្លាហាន ប្រាកដណាស់កូនប្រុសនឹងមានសមត្ថភាព និងមានភាពក្លាហានដូចឪពុក ទើបខ្ញុំបានធូរស្បើយចិត្តវិញ។ ប្ដីរបស់ខ្ញុំតែងតែនិយាយថា ប្រសិនបើកូនប្រុសត្រូវបានបញ្ជូនមកការពារនៅព្រំដែនថ្មដា ប្ដីរបស់ខ្ញុំនឹងចូលរួមការពារទឹកដីជាមួយកងទ័ពកម្ពុជាវិញ ទោះបីជារូបគាត់បានចូលនិវត្តន៍ពីកងទ័ពហើយក្ដី ព្រោះប្ដីរបស់ខ្ញុំស្គាល់ទីតាំងភូមិសាស្រ្តថ្មដាយ៉ាងច្បាស់លាស់ និងអាចបង្ហាត់បង្ហាញប្រាប់គោលដៅដល់កងទ័ពក្មេងៗស្រករក្រោយអំពីទីតាំងទាំងអស់នោះបាន។
សព្វថ្ងៃ ខ្ញុំចង់ត្រឡប់ទៅរស់នៅផ្ទះវិញខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែខ្លាចទាហានថៃ។ ខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃឱ្យបានឆាប់រហ័ស និងមិនចង់ឱ្យកើតមានសង្រ្គាមឡើយ។
អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



