សិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកអានសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម និងទស្សនាខ្សែភាពយន្តឯកសារ «អ្នករស់រានមានជីវិតពីការចាប់រំលោភ តាំង គីម» នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ចំនួន៣នាក់ មកអានសៀវភៅ និងទស្សនាខ្សែភាពយន្តឯកសារ «អ្នករស់រានមានជីវិតពីការចាប់រំលោភ តាំង គីម»នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ មុនពេលចាក់បញ្ចាំងខ្សែភាពយន្ត ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើបទបង្ហាញជាសង្ខេបអំពីការងារនៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងការចុះទៅសម្ភាសន៍ ចាស់ទុំក្នុងភូមិអំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហម ។

ខ្សែភាពយន្តឯកសារ «អ្នករស់រានមានជីវិតពីការចាប់រំលោភ តាំង គីម» គឺជារឿងរ៉ាវរបស់អ្នកស្រី តាំង គីម គឺអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានជួបរឿងរ៉ាវដ៏រន្ធត់ ហើយពិសេសហ៊ានលាតត្រដាងអំពី «ការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ» ដែលត្រូវបានលាក់បាំង និងមិនសូវមានអ្នកហ៊ាននិយាយជាសាធារណៈអស់រយៈពេលជាច្រើនទសវត្សរ៍។ ខាងក្រោមនេះគឺជាសាច់រឿងសង្ខេប និងការតស៊ូរបស់អ្នកស្រី តាំង គីម៖

១) ជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងការរងគ្រោះ ៖ នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ពេល ដែលខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា អ្នកស្រី តាំង គីម ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិ និងបង្ខំឱ្យធ្វើការជាទម្ងន់នៅក្នុងសហករណ៍។ តាំង គីម បានក្លាយជាជនរងគ្រោះនៃការរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃពីសំណាក់យុវជនដែលជាកម្មាភិបាលខ្មែរក្រហម។ ក្រៅពីការរងទុក្ខវេទនាលើរាងកាយ គាត់ត្រូវរស់នៅក្នុងភាពភ័យខ្លាចជាប្រចាំ ព្រោះនៅក្នុងរបបខ្មែរក្រហមការទម្លាយរឿងរ៉ាវប្រុសស្រី ឬការប្រព្រឹត្តខុសសីលធម៌ (ទោះជាការបង្ខិតបង្ខំ) មិនអាចប្ដឹង ឬទាមទារសំណងអ្វីឡើយ ហើយអាចឈានទៅដល់ការសម្លាប់ចោលទាំងសងខាង ប្រសិនបើកម្មាភិបាលជាន់ខ្ពស់បានដឹងឮ។

២) ការរស់រានមានជីវិត និងការលាក់បាំងភាពឈឺចាប់ ៖  ក្រោយពេលរបបខ្មែរក្រហមដួលរលំ ឆ្នាំ១៩៧៩ អ្នកស្រី តាំង គីម បានរួចរស់មានជីវិត ប៉ុន្តែគាត់នៅតែមានរបួសផ្លូវចិត្ត និងផ្លូវកាយ ដែលមិនងាយជាសះស្បើយឡើយ។

៣) ភាពក្លាហាន ជាចំណុចសំខាន់ ៖ អ្នកស្រី តាំង គីម បានធ្វើការសម្រេចចិត្តដើរចេញពីស្រមោលនៃភាពភ័យខ្លាច ដើម្បីទម្លាយការពិតដោយផ្ទាល់មាត់ ទាំងទឹកភ្នែក រៀបរាប់អំពីអំពើហិង្សាផ្លូវភេទ ដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម។ ភាពក្លាហានរបស់អ្នកស្រី បានតំណាងឱ្យស្ត្រីរាប់ម៉ឺននាក់ផ្សេងទៀត ដែលបានស្លាប់ទៅ ឬនៅមិនទាន់ហ៊ាននិយាយរឿងរ៉ាវដែលធ្លាប់ជួបប្រទះ។ អ្នកស្រី តាំង គីម បានបង្ហាញឱ្យឃើញថា របបខ្មែរក្រហមមិនមែនមានត្រឹមតែការបង្អត់អាហារ ការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ និងការសម្លាប់រង្គាលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការប្រើប្រាស់អំពើហិង្សាផ្លូវភេទ។

ក្រោយបញ្ចប់ខ្សែភាពយន្តឯកសារ «អ្នករស់រានមានជីវិតពីការចាប់រំលោភ តាំង គីម» ក្រុមការងារបានចាប់ផ្ដើមពិភាក្សាជាមួយសិស្សានុសិស្សម្ដងទៀត ដើម្បីឱ្យសិស្សានុសិស្សបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្រោយពីបានទស្សនាខ្សែភាពយន្តនេះចប់៖

សៅ ចរិយា ៖ ក្រោយពីបានស្ដាប់អំពីជីវប្រវត្តិរបស់អ្នកស្រី តាំង គីម ខ្ញុំអាណិតគាត់ដែលត្រូវរងការធ្វើទារុណកម្មជាច្រើននៅក្នុងសហករណ៍ ព្រមទាំងត្រូវរងនូវការរំលោភបំពានទាំងរាងកាយ និងផ្លូវចិត្ត ធ្វើឱ្យអ្នកស្រីត្រូវរស់នៅយ៉ាងលំបាកវេទនាអស់រយៈពេលជាច្រើនទសវត្សរ៍។ ខ្ញុំសូមសរសើរដល់អ្នកស្រី តាំង គីម ដែលមានសេចក្ដីក្លាហានក្នុងការចែករំលែកអំពីរឿងរ៉ាវជីវិតរបស់គាត់ដោយផ្ទាល់មាត់។

ស្រូយ ថៃណា ៖ ក្រោយទស្សនាខ្សែភាពយន្តនេះចប់ ខ្ញុំអាណិតយាយ តាំង គីម ខ្លាំងណាស់។ គាត់ត្រូវបានយោធាខ្មែរក្រហមធ្វើបាបលើរាងកាយ ថែមទាំងតាមសម្លាប់គាត់ទៀត។ ប៉ុន្តែគាត់មានភាពក្លាហានកុហកខ្មែរក្រហម រួចព្យាយាមរត់គេច និងលាក់ខ្លួនរហូតរួចរស់ជីវិត។ គាត់ត្រូវរស់នៅទាំងភាពភ័យខ្លាចពីការតាមសម្លាប់របស់ខ្មែរក្រហម។

សឿម សៀកឡេង ៖ ខ្ញុំមានអារម្មណ៍រំជួលចិត្ត និងអាណិតអ្នកស្រី តាំង គីម ព្រោះគាត់បានជួបប្រទះ និងបានឆ្លងកាត់នូវរឿងអាក្រក់ជាច្រើនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំឃើញថាមានយោធាដែលមានចិត្តឃោរឃៅ ប៉ុន្តែក៏មានយោធាខ្មែរក្រហមដែលមានចិត្តល្អ និងបានព្យាយាមជួយសង្រ្គោះជីវិតរបស់គាត់ឱ្យរួចពីសេចក្ដីស្លាប់ដែរ។ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលឃើញគាត់បានរួចផុតពីការតាមសម្លាប់ ហើយនៅរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖