អត្ថបទ៖ ឈុំ រ៉ា
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលសិស្ស សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចំនួន១៨នាក់ មកទស្សនាពិព័រណ៍រូបថតទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។
ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា បុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំសិស្សទស្សនាពិព័រណ៍រូបភាពដែលបានបន្សល់ទុកតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ ទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងទីតាំងមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ថែមលើនេះ សិស្សអាចទស្សនាពិព័រណ៍រូបភាព និងផ្ទាំងគំនូរ ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងពិព័រណ៍ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
លោក ឈុំ រ៉ា រៀបរាប់ថា នៅឆ្នាំ១៩៧៥ ប្រជាជនរស់នៅតំបន់កោះថ្ម ត្រូវបានខ្មែរក្រហមចាត់តាំងប្រជាជនឱ្យធ្វើការងារស្រែចម្ការ ជាក្រុមប្រវាស់ដៃ ដោយជួយធ្វើការងារគ្នាទៅវិញទៅមក។ នៅពេលប្រជាជនធ្វើស្រែចម្ការមួយកន្លែងរួច ទើបបន្តទៅធ្វើមួយកន្លែងទៀត រហូតទាល់តែរួចរាល់គ្រប់គ្នាទើបឈប់។ បន្ទាប់មក ខ្មែរក្រហមបានបង្កើតជាសហករណ៍កម្រិតទាប។ នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឱ្យមករស់នៅតាមជនបទស្រុកស្រែចម្ការ។ ខ្មែរក្រហមចាត់តាំងប្រជាជនមកដល់ថ្មីទាំងនោះ ឱ្យទៅរស់នៅភូមិបេងកោង ភូមិក្តុលលើ ភូមិកោះថ្ម ស្ថិតនៅក្នុងឃុំទន្លូង ឃុំរំចេក និងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើតជាសហករណ៍កម្រិតខ្ពស់ឱ្យធ្វើការងាររួម ហូបរួម ដេករួម នៅតំបន់កោះថ្ម។ សូម្បីសត្វគោ ក្របី ទ្រព្យសម្បត្តិ មាសប្រាក់ ចាន ឆ្នាំង គឺខ្មែរក្រហមប្រមូលពីប្រជាជនយកទៅដាក់ក្នុងសហករណ៍រួម។ បន្តមកខ្មែរក្រហមជ្រើសរើសកម្លាំងយុវជន យុវនារី យកទៅធ្វើជាយោធា កងចល័ត និងធ្វើជាគ្រូពេទ្យទៅតាមភូមិ ឃុំ ស្រុក។ នៅឆ្នាំ១៩៧៧ ក្រោយពេលខ្មែរក្រហមជ្រើសរើសកម្លាំងឱ្យចូលទៅធ្វើការងារតាមអង្គភាពនីមួយៗរួច បក្សកុម្មុយនីស្តកម្ពុជាបានធ្វើការចោទប្រកាន់ថា ប្រជាជននៅភូមិភាគបូព៌ាបានចូលដៃចូលជើងជាមួយវៀតណាម «មនុស្សក្បាលយួនខ្លួនខ្មែរ» ដែលក្បត់បដិវត្តន៍ និងក្បត់អង្គការ។
នៅឆ្នាំ១៩៧៨ កងទ័ពភូមិភាគនិរតី ចូលមកចាប់អ្នកធ្លាប់ធ្វើជាប្រធានកងតូច ប្រធានកងធំ អតីតទាហាន លន់ នល់ គ្រូបង្រៀន គ្រូពេទ្យនៅតាមភូមិ ឃុំ ក្នុងភូមិភាគបូព៌ាយកទៅកសាង និងសម្លាប់ចោល។ ខ្មែរក្រហមជម្លៀសប្រជាជនរស់នៅតំបន់កោះថ្មដោយបង្ខំឱ្យទៅបង្កបង្កើនផលនៅតាមភូមិ ឃុំ ស្រុកមួយចំនួននៃខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ចំណែកប្រជាជនមួយចំនួនទៀតបានរត់ភៀសខ្លួនទៅប្រទេសវៀតណាម។ ប្រជាជនរស់នៅតំបន់កោះថ្ម ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ឬជាប្រជាជនត្រៀម។ ប្រជាជនជាច្រើនបានស្លាប់នៅឃុំស្វាយជ្រះ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយសារធ្វើការងារលើសកម្លាំង ឈឺគ្មានថ្នាំពេទ្យព្យាបាល គ្មានអាហារហូបគ្រប់គ្រាន់ និងត្រូវខ្មែរក្រហមសម្លាប់។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំ ពេលនោះប្រជាជននាំគ្នាត្រឡប់មកភូមិស្រុករៀងៗខ្លួនវិញ។ ប្រជាជនខ្លះត្រូវធ្វើដំណើរដោយថ្មើរជើង និងអ្នកខ្លះទៀតបានសុំរថយន្តកងទ័ពវៀតណាមជិះ។ ពេលប្រជាជនត្រឡប់ដល់ភូមិដំបូង គឺមានការខ្វះខាតស្រូវ អង្ករហូបចុក ដូច្នេះគ្រួសារមួយចំនួនបានយកមាស ប្រាក់ និងសម្ភារមានតម្លៃទៅប្តូរយកស្រូវពូជនៅប្រទេសវៀតណាម និងប្រជាជខ្លះទៀតត្រូវទៅរកស្រូវពូជនៅស្រុកស្នួល ខេត្តក្រចេះ ដែលសេសសល់ពីភ្លើងឆេះ។
ក្រៅពីនេះ លោក ឈុំ រ៉ា បានលើកយករឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ គង់ ឈន មកអានឱ្យសិស្សស្តាប់ ដូចខាងក្រោម៖
ខ្ញុំឈ្មោះ គង់ ឈន ភេទប្រុស អាយុ៧៦ឆ្នាំ កើតនៅភូមិល្វាល់ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ គង់ ម្តាយឈ្មោះ ញឹង និងមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី៣។ ឪពុកម្តាយខ្ញុំបានស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារអត់បាយ។ ខ្ញុំមានប្រពន្ធឈ្មោះ ញើក សាប៊ន អាយុ៦៧ឆ្នាំ និងមានកូនចំនួន១០នាក់។ កូនរបស់ខ្ញុំបានស្លាប់អស់ចំនួន៤នាក់ ហើយរាល់ថ្ងៃនៅរស់តែ៦នាក់តែប៉ុណ្ណោះ។
កាលពីកុមារភាពខ្ញុំបានរៀននៅវត្តកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ដោយមានគ្រូបង្រៀនជាព្រះសង្ឃ។ ខ្ញុំបានដើរកាត់ព្រៃទម្រាំដល់វត្តកន្ទួត ដោយប្រើពេលវេលាសឹងពេញមួយថ្ងៃ។ ពេលនោះមានក្មេងៗស្របាលខ្ញុំបានទៅធ្វើជាកូនសិស្សលោកដូចខ្ញុំដែរ។ ក្នុងមួយថ្ងៃ ខ្ញុំរៀនពីរវេន គឺវេនព្រឹកបន្ទាប់ពីព្រះសង្ឃឆាន់រួច និងវេនយប់។ ខ្ញុំបានរៀនអក្សរខ្មែរនិងរៀនធម៌។ កាលនៅក្មេងឪពុកម្តាយជំរុញឱ្យខ្ញុំបួស ព្រោះជំនាន់នោះអ្នកដែលបានបួសរៀន គឺជាអ្នកចេះដឹង ហើយទៅណាមកណាមានប្រជាជនស្រឡាញ់ចូលចិត្ត។ ប៉ុន្តែខ្ញុំរៀននៅវត្តបានរយៈពេល៣ខែតែប៉ុណ្ណោះ ខ្ញុំត្រឡប់មកផ្ទះវិញ។
នៅដើមឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចាប់ផ្តើមរៀបចំកងឈ្លបការពារនៅក្នុងភូមិ និងជ្រើសរើសប្រជាជនឱ្យធ្វើជាកងឈ្លប។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិ ឱ្យទៅនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់។ ខ្ញុំនិងប្រពន្ធកូនត្រូវខ្មែរក្រហមជម្លៀសឱ្យទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ប្រធានឃុំស្វាយជ្រះ ចាត់តាំងខ្ញុំឱ្យទៅលើកទំនប់ និងជីកប្រឡាយសម្រាប់ស្តុកទឹកបញ្ចូលស្រែ។ ចំណែកប្រពន្ធខ្ញុំត្រូវទៅស្ទួងស្រូវនៅក្រុមផ្សេង ចំណែកឪពុកម្តាយខ្ញុំត្រូវខ្មែរក្រហមបញ្ជូនឱ្យទៅនៅម្លិច ស្ថិតឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីគាស់គល់ឈើរាបដីធ្វើស្រែ។
ពេលនោះកូនខ្ញុំអាយុ២ឆ្នាំ ត្រូវយកទៅផ្ញើជាមួយចាស់ៗឱ្យមើលថែ ស្រាប់តែពេលខ្ញុំត្រឡប់មកពីលើកទំនប់វិញ ខ្ញុំឃើញកូនដេកស្លាប់នៅក្នុងកូនខ្ទមតូចមួយស្ថិតនៅកណ្តាលវាលស្រែ។ ខ្ញុំបានបីសពកូនយកទៅកប់នៅក្នុងព្រៃក្បាលស្រែ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ពេលប្រពន្ធខ្ញុំត្រឡប់មកពីស្ទូង បានសួរខ្ញុំថា ឯណាអាអូន? ខ្ញុំអួលដើមកនិយាយមិនចង់ចេញឡើយ។ ខ្ញុំបានប្រាប់ប្រពន្ធថាកូនយើងស្លាប់បាត់ហើយ សូម្បីបងមកដល់មិនបានទាន់ដង្ហើមកូន។ ក្រៅពីកូនខ្ញុំ មានបងប្រុសខ្ញុំធ្វើយោធាខ្មែរក្រហមស្លាប់នៅព្រែកទេរ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ អំឡុងពេលវាយប្រយុទ្ធគ្នា។ ចំណែកឪពុកខ្ញុំស្លាប់នៅម្លិច ដោយសារអត់បាយ។ គ្រួសារខ្ញុំត្រូវខ្មែរក្រហមជម្លៀសចេញពីឃុំស្វាយជ្រះ ទៅនៅថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរង់ចាំកប៉ាល់ដឹកឆ្លងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពេលទៅដល់ស្រុកស្ទឹងត្រង់ ខ្ញុំនិងប្រពន្ធឡើងរថយន្តទៅស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីច្រូតស្រូវទុំ។ នៅទីនោះខ្ញុំ ហូបចុកគ្រប់គ្រាន់ មិនខ្វះខាត់ទេ។ ខ្ញុំរស់នៅចំការលើបានរយៈពេល២ខែ កងទ័ពវៀតណាមចូលមកដល់និងប្រកាសឱ្យប្រជាជនត្រឡប់មកស្រុកកំណើតរៀងៗខ្លួន។
ជាចុងបញ្ចប់នៃការទស្សនាពិព័រណ៍រូបថត និងការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម បានចែកទស្សនាវដ្តីស្វែងរកការពិតដល់សិស្សានុសិស្សសម្រាប់ សិក្សាស្រាវជ្រាវ និងសួរពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សដូចខាងក្រោម។
នី ស្រីលាប ៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ពេលបានចូលរួមទស្សនាពិព័រណ៍នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំបានដឹងពីបងៗក្រុមការងារធ្វើបទបង្ហាញទាក់ទងអំពីផ្ទាំងរូបភាព និងនិយាយប្រាប់ពីហេតុការណ៍ជម្លៀសប្រជាជនចេញពីស្រុកកំណើតឱ្យទៅរស់នៅតាមភូមិស្រុកផ្សេងៗ និងឱ្យប្រជាជនធ្វើការងារគ្មានពេលឈប់សម្រាក។ ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងអាណិតចំពោះយាយ តា ដែលធ្លាប់ឆ្លងកាត់របបឃោរឃៅនេះ»។
ភារុណ ភាគុណ ៖ «នៅព្រឹកនេះ ខ្ញុំបានទស្សនារូបពិព័រណ៍ក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើឱ្យខ្ញុំ មានអារម្មណ៍អាណិតប្រជាជនរងគ្រោះជាខ្លាំង។ រូបភាពទាំងនោះបានបង្ហាញឱ្យក្មេងជំនាន់ក្រោយ និងខ្ញុំឱ្យដឹងរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើន។ នៅក្នុងរបបខ្មែរក្រហម យាយតារបស់ខ្ញុំបានជួបការលំបាកវេទនាយ៉ាងខ្លាំង។ ខ្មែរក្រហមធ្វើបាប និងបង្ខំគាត់ឱ្យការងារគ្មានពេលឈប់សម្រាក និងបង្អស់បាយទឹក។ ចំណែកកុមារតូចៗ មិនបានរៀនសូត្រជ្រៅជ្រះឡើយ»។
រតនា ឆានីកា ៖ «ខ្ញុំសប្បាយរីករាយជាខ្លាំងដែលបានចូលមកទស្សនាផ្ទាំងរូបថតបង្ហាញពីសកម្មភាពប្រជាជនធ្វើការនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំទទួលបានចំណេះដឹងថ្មីទាក់ទងតំបន់កោះថ្ម ដែលជាទីតាំងចំណុចចាប់ផ្ដើមនៃការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ជា ដាវីត ៖ «ខ្ញុំសប្បាយរីករាយ ដែលមានឱកាសទស្សនាពិព័រណ៍នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបង្ហាញពីសកម្មភាពប្រជាជនធ្វើការងារ និងផែនទីរណ្ដៅសាកសពដែលខ្មែរក្រហមបានសម្លាប់ប្រជាជន»។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









