រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សម្របសម្រួលដំណើរបេសកកម្មរបស់គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការចុះសិក្សាប្រមូលទិន្នន័យដើម្បីបង្កើតគម្រោង អភិវឌ្ឍន៍សាកល្បងនៅលើ «កោះឈើទាលធំ»

នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុម សុខម្ភូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ ដើម្បីធ្វើបុរេសមិទ្ធិផល ក្នុងគោលដៅឆ្ពោះទៅគិតគូរបង្កើតគម្រោងអភិវឌ្ឍន៍សាកល្បងតំបន់ព្រំដែនលើ «កោះឈើទាលធំ» ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរបេសកកម្មដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមដោយ លោក ភោគ សុវិសិដ្ឋ អភិបាលស្រុកស្តីទីនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ អមដំណើរដោយលោកស្រី យោ អ៊ីឡាង នាយករដ្ឋបាលស្តីទី, លោក ព្រាប សារ៉េត នាយករងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងបុគ្គលិកប្រចាំការនៅទីតាំងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) គឺជាអ្នកជួយសម្របសម្រួល ក្នុងកិច្ចសម្ភាសន៍ និងប្រមូលទិន្នន័យ។

ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងក្របខណ្ឌនៃការរៀបចំផែនទីតម្រង់ទិសដើម្បីអភិវឌ្ឍន៍តំបន់ ព្រំដែន ស្របតាមលិខិតផ្លូវការលេខ ១៤២/២៦ រកព.លស របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលធាតុចូលពីអាជ្ញាធរមូលដ្ឋាន ដូចជាប្រជាពលរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។

ផ្អែកតាមផែនការសកម្មភាព ដំណើរបេសកកម្មសិក្សាស្រាវជ្រាវនេះ នឹងត្រូវបែងចែកជាពីរលើក រួមមាន៖

លើកទី១) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមការងារនឹងចុះជួបសម្ភាសន៍ ប្រមូលព័ត៌មានផ្ទាល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លើកទី២) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមការងារនឹងបន្តចុះជួបសម្ភាសន៍ជាមួយមន្ត្រីជំនាញតាមមន្ទីរពាក់ព័ន្ធ គ្រូបង្រៀន អាជ្ញាធរ និងសហគមន៍បន្ថែមទៀត។

ចុងបញ្ចប់នៃដំណើរបេសកកម្ម លោក ភោគ សុវិសិដ្ឋ អភិបាលស្រុកស្ដីទី និងក្នុងនាមជារដ្ឋបាលស្រុក ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងស្រុក ថ្លែងការគាំទ្រយ៉ាងពេញទំហឹង និងត្រៀមលក្ខណៈសហការសម្របសម្រួលគ្រប់បែបយ៉ាងជាមួយគណៈប្រតិភូ ទាំងផ្នែកសន្តិសុខ និងការផ្ដល់ព័ត៌មាន ដើម្បីធានាឱ្យដំណើរបេសកកម្មសិក្សាប្រមូលទិន្នន័យនេះ ទទួលបានជោគជ័យខ្ពស់ ឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ សន្តិភាព និងមិត្តភាពប្រកបដោយភាពចម្រើនរុងរឿង។

អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖