មុនពេលពលីប្ដីខ្ញុំបានហៅទូរសព្ទមកខ្ញុំ និងនិយាយប្រាប់ថា ពេលឆ្លងឆ្នាំសកលខាងមុខនេះ បងនឹងទៅលេងផ្ទះ។ បងឃ្លាននំបញ្ចុកណាស់ ពេលបងទៅលេងផ្ទះ បងនឹងទិញត្រីរ៉ស់ឱ្យអូនធ្វើនំបញ្ចុកឱ្យបងហូប។ បងទិញនំបញ្ចុកគេហូបមិនឆ្ងាញ់សោះ ច្រើនតែបន្លែមិនសូវមានរសជាតិ។ អ្នកស្រី វង្ស កៀ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្រ្កង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ពីប្រវត្តិប្តី ដែលជាវីរកងទ័ព វ៉ាន់ សាវ័ន្ត ដូចខាងក្រោម៖
ប្ដីរបស់ខ្ញុំឈ្មោះ វ៉ាន់ សាវ័ន្ត ភេទប្រុស កើតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៩០ និងមានកូនចំនួន៣នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រីម្នាក់។ កូនទី១) ប្រុសអាយុ ៨ឆ្នាំ, កូនទី២) ស្រីមានអាយុ ៥ឆ្នាំ និងកូនទី៣) ប្រុសអាយុ២ឆ្នាំ។ បច្ចុប្បន្នគ្រួសារខ្ញុំរស់នៅភូមិអង្រ្កង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្ដីរបស់ខ្ញុំមានទីកន្លែងកំណើតនៅភូមិច្រកម្ទេស ឃុំច្រកម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ប្តីរបស់ខ្ញុំមានឪពុកឈ្មោះ ខាត់ សាវ៉ន និងម្ដាយឈ្មោះ ស្រី សាលី និងមានបងប្អូនចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់។ ប្ដីរបស់ខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។
កាលពីក្មេងប្តីខ្ញុំបានចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ច្រកម្ទេស រហូតដល់ថ្នាក់ទី៩ ទើបប្ដីខ្ញុំបានឈប់រៀនដោយសារតែជីវភាពគ្រួសារខ្វះខាត។ បន្ទាប់មកប្ដីខ្ញុំសម្រេចចិត្តចេញពីស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀងមកធ្វើការងារជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ២០០៨ ប្តីខ្ញុំបានស្ម័គ្រចិត្តចូលធ្វើទាហាន និងត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅមជ្ឈមណ្ឌល បចេ្ចកទេសជួសជុលរថយន្តនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បន្ទាប់ពីបានបញ្ចប់វគ្គរៀនសូត្រផ្នែកជួសជុលរថយន្តនៅមជ្ឈមណ្ឌលបចេ្ចកទេសរយៈពេល៦ខែ ថ្នាក់ដឹកនាំបានបញ្ជូនប្តីរបស់ខ្ញុំទៅធ្វើការផ្នែកជួសជុលរថយន្តក្នុងវរសេនាតូចអន្តរាគមន៍លេខ២៤១ កងពលតូចអន្តរាគមន៍លេខ៤ នៃកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិអណ្ដូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្តីរបស់ខ្ញុំបានធ្វើជាគ្រូបង្រៀនខាងផ្នែកជួសជុលរថយន្តរយៈពេល៣ឆ្នាំ។ ក្រោយមកទៀត ប្ដីរបស់ខ្ញុំត្រូវបានមេបញ្ជាការបញ្ជូនទៅឈរជើងនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដដែល។ ពេលនោះមេបញ្ជាការបានសង្កេតឃើញប្ដីរបស់ខ្ញុំមានសមត្ថភាព និងមានភាពស្មោះត្រង់ ទើបចាត់តាំងប្ដីរបស់ខ្ញុំធ្វើជាអ្នកបើកបររថយន្តប្រចាំនៅកងវរសេនាតូចអន្តរាគមន៍លេខ២៤១។ នៅឆ្នាំ២០១៤ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំ នៅភូមិច្រកម្ទេស ឃុំច្រកម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បន្ទាប់ពីរៀបការរួច ខ្ញុំ និងប្តីត្រូវបង្ខំចិត្តរស់នៅឆ្ងាយគ្នា ដោយសារតែជីវភាពគ្រួសារខ្វះខាត។ ប្ដីរបស់ខ្ញុំរស់នៅក្នុងបន្ទាយកងទ័ពនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណែកខ្ញុំមករស់នៅភូមិអង្រ្កង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់មកខ្ញុំបានដើរធ្វើការជាអ្នកបោសសម្អាត និងបោកខោអាវនៅតាមផ្ទះ។ ពេលនោះខ្ញុំត្រូវធ្វើដំណើរទៅធ្វើការដោយថ្មើរជើង ព្រោះក្រុមគ្រួសារខ្ញុំមិនមានលុយសូម្បីតែកង់សម្រាប់ជិះទៅធ្វើការងារ។ ក្រោយមកទើបខ្ញុំសន្សំលុយទិញបានកង់មួយគ្រឿងសម្រាប់ជិះទៅធ្វើការ។ ប្ដីរបស់ខ្ញុំគឺជាយោធាផ្នែកជួសជុល និងបើករថយន្តមានតួនាទីប្រចាំការនៅក្នុងបន្ទាយរយៈពេល១ទៅ២ខែ ទើបសុំច្បាប់មកជួបជុំគ្រួសារនៅខេត្តសៀមរាបម្ដង។
នៅពាក់កណ្តាលឆ្នាំ២០២៤ ប្ដីរបស់ខ្ញុំត្រូវបានមេបញ្ជាការបញ្ជូនមកប្រចាំការ និងសាងសង់លេណដ្ឋាននៅតំបន់ប្រាសាទតាមាន់ក្នុងភូមិសាស្ត្រភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពេលនោះកូនទី៣របស់ខ្ញុំនៅតូច ខ្ញុំមិនអាចចេញទៅធ្វើការងារនៅខាងក្រៅបានទេ ដូច្នេះប្តីរបស់ខ្ញុំបាននាំខ្ញុំ និងកូនៗមករស់នៅក្នុងបន្ទាយជាមួយគ្នា។ បន្ទាប់មក គឺនៅមុនរដូវចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៥ ប្តីរបស់ខ្ញុំបានជូនខ្ញុំ និងកូនៗត្រឡប់មករស់នៅផ្ទះក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបវិញ។ ខ្ញុំបន្តធ្វើការងារជាអ្នកបោសសម្អាត និងបោកខោអាវតាមផ្ទះដូចដើម។ ចាប់តាំងពីជូនខ្ញុំ និងកូនៗត្រឡប់មកផ្ទះវិញ គឺជាលើកចុងក្រោយដែលប្ដីរបស់ខ្ញុំមិនអាចត្រឡប់មកលេងផ្ទះម្តងទៀតជារៀងរហូត។ ប្តីរបស់ខ្ញុំតែងតែទូរសព្ទមកសួរសុខទុក្ខខ្ញុំ និងកូនៗស្ទើររាល់ថ្ងៃ លើកលែងតែអំឡុងពេលផ្ទុះអាវុធលើកទី១ចន្លោះថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការហាមឃាត់មិនឱ្យគាត់ប្រើប្រាស់ទូរសព្ទ។ បន្ទាប់ពីសភាពការណ៍ប្រែមកប្រក្រតីវិញ ប្តីរបស់ខ្ញុំបានទូរសព្ទមកនិយាយជាមួយខ្ញុំ និងសួរសុខទុក្ខកូនៗជាធម្មតា។
នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ ប្ដីរបស់ខ្ញុំបានទូរសព្ទមកខ្ញុំ និងនិយាយប្រាប់ថា ក្នុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះបងនឹងទៅលេងផ្ទះ។ បងឃ្លាននំបញ្ចុកណាស់ ពេលបងទៅលេងអូននៅថ្ងៃឆ្លងឆ្នាំសកល បងនឹងទិញត្រីរ៉ស់ឱ្យអូនស្លទឹកនំបញ្ចុកឱ្យបងហូប។ បងទិញនំបញ្ចុកគេហូបមិនឆ្ងាញ់សោះ ច្រើនតែបន្លែមិនសូវមានរសជាតិ។ ឈានចូលដល់ដើមខែធ្នូ ឆ្នាំ២០២៥ ប្តីខ្ញុំលែងទូរសព្ទមកទៀត ព្រោះមេបញ្ជាការបានរឹតបន្តឹងការប្រើប្រាស់ទូរសព្ទ ព្រោះសត្រូវអាចចាប់ទីតាំងឈរជើងរបស់យើងបានតាមរយៈសេវាទូរសព្ទ។ អំឡុងពេលផ្ទុះអាវុធលើកទី២នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានព្យាយាមទាក់ទងទៅប្តីខ្ញុំជាញឹកញាប់ ប៉ុន្តែមិនអាចទាក់ទងបាន។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សត្រូវឈ្លានពានទឹកដីបានបើកយន្តហោះចម្បាំងមកទម្លាក់គ្រាប់ចំលេណដ្ឋានប្ដីរបស់ខ្ញុំ និងកងទ័ព៨នាក់ទៀតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្នុងលេណដ្ឋាន។ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ គ្រូពេទ្យទាហានម្នាក់ត្រូវជាមិត្តភក្តិប្ដីរបស់ខ្ញុំឈ្មោះ អឿន បានហៅទូរសព្ទមកខ្ញុំ និងប្រាប់ថា កៀ អើយបងសាវ័ន្ត ត្រូវយន្តហោះចម្បាំងសត្រូវទម្លាក់គ្រាប់ចំលេណដ្ឋានមិនដឹងស្លាប់ ឬរស់ទេ។ អឿន បានបន្តទៀតថា កៀ ឯងពង្រឹងស្មារតី និងកាត់ចិត្តទៅ។ ពេលទទួលដំណឹងដ៏អកុសលនេះភ្លាម ខ្ញុំតក់ស្លុត គិតតែពីយំ រកគិតអ្វីមិនចេញឡើយ។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដដែល ពិធីបុណ្យសពប្តីខ្ញុំត្រូវបានប្រារព្ធឡើងនៅភូមិអង្រ្គង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចាប់តាំងពីប្ដីខ្ញុំពលីរហូតមកដល់ពេលនេះខ្ញុំមិនទាន់អាចកាត់ចិត្តបាន ព្រោះប្ដីរបស់ខ្ញុំគឺជាមនុស្សស្លូតបូត និងស្រឡាញ់ប្រពន្ធកូន។ ប្តីរបស់ខ្ញុំមិនធ្លាប់និយាយពាក្យសម្ដីធ្ងន់ៗ ឬអាក្រក់ដាក់ប្រពន្ធកូនឡើយ។ ខ្ញុំនៅតែនឹកឃើញអនុស្សាវរីយ៍ជាមួយប្ដីដែលធ្លាប់តស៊ូជាមួយគ្នាតាំងពីបាតដៃទទេ សូម្បីតែកង់មួយគ្រឿងសម្រាប់ជិះទៅធ្វើការងារក៏គ្មាន។ ខ្ញុំនៅនឹកឃើញពាក្យសម្ដីប្ដីរបស់ខ្ញុំតែងតែងនិយាយមកកាន់ខ្ញុំថា ស៊ូទ្រាំបន្តិចសិនទៅអូន ឱ្យតែបងនៅមានជីវិតរស់ បងនឹងខំប្រឹងប្រែងតស៊ូដើម្បីកូនចៅយើងរស់នៅសមរម្យ។ អូនត្រូវតែតស៊ូជាមួយគ្នា។ ពេលណាខ្ញុំនឹកប្ដីខ្លាំង ខ្ញុំតែងតែធ្វើបាយម្ហូបយកទៅប្រគេនព្រះសង្ឃបង្សុកូល និងស្ដាប់លោកសូត្រធម៌ ដើម្បីបន្ធូរអារម្មណ៍សោកសៅក្នុងចិត្ត។ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុក្ខដាក់ ជួយឧបត្ថម្ភខ្ញុំឱ្យទៅរៀនជំនាញឆុងកាហ្វេរយៈពេល៤ខែ និងបានសាងសង់ហាងកាហ្វេមួយខ្នងនៅក្នុងភូមិអង្រ្គង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្រាប់ខ្ញុំ និងកូនៗអាចមានមុខរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។
អត្ថបទ ៖ ទាវ សម្ភស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







