«ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក» ចល័តទៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ ដើម្បីបម្រើដល់ការសិក្សារបស់សិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង បានចាប់ផ្តើមប្រតិបត្តិការអូសផែចល័ត «ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក» ចំនួន១ ពីផែរង់ចាំអូរស្វាយ ឆ្ពោះទៅកាន់ផែរង់ចាំព្រះរំកិល ស្ថិតនៅមុខវត្តដំរីស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កិច្ចការងារនេះត្រូវបានធ្វើឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលពីរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្រ្តីមូលដ្ឋាន, ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទៅលើភាពងាយស្រួលក្នុងការចល័ត ឬ សុំចតទូកចម្លងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទម្លាប់នៃការអានសៀវភៅរបស់សហគមន៍ទាំងមូល។

មិនត្រឹមតែជាផែរង់ចាំសហគមន៍ ប៉ុន្តែថែមទាំងជាបណ្ណាល័យបណ្តែតទឹកសម្រាប់សិក្សា និងការអភិវឌ្ឍន៍។ ផែរង់ចាំព្រះរំកិល បង្កើតឡើងនូវបណ្ណាល័យបណ្តែតទឹក ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងផែនការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសហគមន៍។ បណ្ណាល័យបណ្តែតទឹកនេះ បម្រើជាកំពង់ផែចតទូកចម្លងសហគមន៍ និងដើរតួជាមជ្ឈមណ្ឌលសម្រាប់ការសិក្សា ការចែករំលែកចំណេះដឹង និងការចូលរួមក្នុងសកម្មភាពសង្គម។ បណ្ណាល័យបណ្ដែតទឹក មានតម្កល់សៀវភៅជាច្រើន ទាក់ទងប្រវត្តិសាស្រ្ត, បរិស្ថាន, ទស្សនវិជ្ជា និងប្រធានបទផ្សេងៗ សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋានមកអាន និងបង្កើនចំណេះដឹងរបស់ខ្លួន។

វត្តមាន និងសក្ដានុពល ជានិរន្តរភាពនៃផែរង់ចាំព្រះរំកិល នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់សហគមន៍។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះទៀត ផែរង់ចាំព្រះរំកិល នឹងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ ដោយហេតុថា សហគមន៍ព្រះរំកិល មានសក្ដានុពលអេកូទេសចរណ៍ ដូចជា អតីតទីតាំងអន្លង់ផ្សោត, ទេសភាពដ៏ស្រស់ត្រកាល, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងជីវចម្រុះដ៏សម្បូរបែប នៅក្នុងតំបន់រ៉ាមសារ (តំបន់ដីសើម) នៃស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។ ផែរង់ចាំព្រះរំកិល មិនត្រឹមតែរួមបញ្ចូលគ្នា រវាងវិស័យដឹកជញ្ជូន វិស័យអប់រំ និងសេវាទេសចរណ៍សហគមន៍នៅក្នុងទីតាំងតែមួយនោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ នៅក្នុងតំបន់ដាច់ស្រយាលឱ្យកាន់តែប្រសើរឡើង។

ឧបសគ្គលើផ្ទៃជលសាទន្លេមេគង្គ ក្នុងប្រតិបត្តិការអូសផែរង់ចាំព្រះរំកិល ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង និងអាជ្ញាធរឃុំព្រះរំកិល យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងគុណភាពផែ ដើម្បីធានាកុំឱ្យមានការខូចខាតកើតឡើងជាយថាហេតុ។ ក្រុមការងារ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានជួបប្រទះឧប្បត្តិហេតុបច្ចេកទេសដោយមិនរំពឹងទុកមួយ គឺម៉ាស៊ីនទូកចម្លងនាំមុខ បានខូចនៅកណ្ដាលផ្ទៃទឹកទន្លេ ដែលបណ្ដាលឱ្យក្រុមការងារបាត់បង់លំនឹងក្នុងការគ្រប់គ្រងទូក និងផែរង់ចាំ។ បើទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ ស្វែងរកដំណោះស្រាយភ្លាមៗទាន់ពេលវេលា ដោយបានដោះខ្សែពួរ ដែលមានស្រាប់ទៅទាក់អូសទូកនាំផ្លូវខាងមុខចេញ ហើយប្រើប្រាស់ទូកអមខាងក្រោយចំនួន៤គ្រឿង ជាកម្លាំងជួយរុញរំកិលផែររង់ចាំបន្តឆ្ពោះទៅមុខ រហូតទៅដល់គោលដៅកំណត់ ដោយជោគជ័យ និងមានសុវត្ថិភាព។

ទស្សនយល់ឃើញរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជនជននៅឃុំព្រះរំកិល បន្ទាប់ពីផែរង់ចាំព្រះរំកិលបានមកដល់ទីតាំង មុខវត្តដំរីស៖

យ៉ាន់ ស៊ុនតក់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជំទប់ទី១ នៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងថា ៖ «យើងទើបតែបានសាងសង់ផ្លូវបេតុងទៅកាន់មាត់ទឹកចំណតទូកចម្លងសហគមន៍ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សហគមន៍ ហើយនៅពេលនេះ យើងទទួលបានផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក។ ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកនេះ នឹងផ្ដល់សារប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៅក្នុងមូលដ្ឋាន ដែលអាចដឹកជញ្ជូនសិស្សទៅរៀនសូត្រ, នេសាទត្រី, ដឹកគ្រឿងបរិភោគ, សម្ភារប្រើប្រាស់ និងដឹកទំនិញពីទីរួមខេត្តបន្តទៅតាមបណ្តាកោះផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។ កន្លងមក រាល់ពេលដែលចុះទូកចេញដំណើរ និងវិលត្រឡប់មកវិញ យើងតែងតែប្រឡាក់ភក់ទន្លេ។ ជារៀងរាល់ថ្ងៃ ខ្ញុំឃើញក្មេងៗ និងយុវជនយុវនារី មកលេងកម្សាន្ត និងស្រូបយកខ្យល់អាកាស នៅទីតាំងផែរង់ចាំព្រះរំកិល។ ហេតុដូចនេះ បណ្ណាល័យបណ្ដែតទឹក នឹងបើកឱកាសដល់ក្មេងៗ និងយុវជនយុវនារី អាចមកអានសៀវភៅដើម្បីបង្កើនចំណេះដឹង។ ផែរង់ចាំព្រះរំកិលនឹង បន្ថែមភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវទឹករបស់អាជ្ញាធរឃុំ និងប្រជាជនមូលដ្ឋានទៅកាន់ស្រុកបុរីអូរស្វាយសែនជ័យ និងបណ្តាកោះផ្សេងទៀតចំណុះរដ្ឋបាលឃុំ។  ខ្ញុំបាទតំណាងរដ្ឋបាលឃុំ ស្នើសុំមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ផ្ដល់ទូកចម្លងសហគមន៍មួយគ្រឿង ដើម្បីបម្រើជាមធ្យោបាយសាធារណៈ ពីព្រោះរដ្ឋបាលឃុំគ្រោងរៀបចំក្រុមការងារមើលថែរក្សាទាំងផែរង់ចាំ និងទូកចម្លងសហគមន៍។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុក, មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង និងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី ហៅកាត់ថា ទីកា ដែលបានផ្ដល់ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកនេះមកកាន់សហគមន៍ព្រះរំកិលយើងខ្ញុំ»។

ឡុង ស៊ីណារ៉ុង គឺជាប្រជានេសាទ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ចែករំលែកការយល់ឃើញរបស់ខ្លួនថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលទទួលបានផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក។ ខ្ញុំគឺជាប្រជានេសាទតែងតែចេញទូករកត្រី និងវិលត្រឡប់មកវិញ អាចប្រើប្រាស់ផែរង់ចាំសម្រាប់ចំណតទូក និងអាចអង្គុយលេង និងអានសៀវភៅនៅបណ្ដាល័យបណ្ដែតទឹក។ ក្នុងនាមជាអ្នកភូមិ ខ្ញុំនឹងចូលរួមជួយមើលថែរក្សាផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកឱ្យនៅគង់វង្ស»។

អ៊ឺង វណ្ណលីដា គឺជាសិស្សថ្នាក់ទី៥នៃសាលាបឋមសិក្សាព្រះរំកិល ស្ថិតនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីផែរង់ចាំព្រះរំកិល និយាយទាំងស្នាមញញឹមថា៖ «នៅពេលដែលភូមិរបស់ខ្ញុំមានផែរង់ចាំ ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ពីព្រោះផែរង់ចាំនេះមានបណ្ណាល័យបណ្ដែតទឹក និងរក្សាទុកសៀវភៅជាច្រើនដែលអាចឱ្យសិស្សានុសិស្សមកអង្គុយអានសៀវភៅបាន»។

គួររំឭកថា សមិទ្ធផលដ៏សំខាន់សម្រាប់គាំទ្រការអភិវឌ្ឍន៍សហគមន៍ និងវិស័យអប់រំ អាចកើត ឡើង ចេញពីគំនិតផ្ដួចផ្ដើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី ហៅកាត់ថា ទីកា តាមរយៈស្ថានទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសិស្សានុសិស្ស នៅក្នុងសហគមន៍ដាច់ស្រយាល ដូចជា សហគមន៍ព្រះរំកិល។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖