នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះមកបំពេញបេសកកម្មសិក្សា និងផលិតវីដេអូឯកសារ នៅទីតាំងអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ(បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង។ សកម្មភាពសំខាន់ៗនៃបេសកកម្មសិក្សាគឺមានរយៈពេល៤ថ្ងៃ ដោយផ្តោតសំខាន់លើទិដ្ឋភាពចំនួនពីរធំៗគឺ ការងារសង្គម និងការស្រាវជ្រាវប្រវត្តិសាស្ត្រ។ហេតុនេះ ក្រុមនិស្សិតត្រូវចុះអនុវត្តផ្ទាល់នៅថ្ងៃនីមួយៗដូចខាងក្រោម៖
១) ថ្ងៃទី៤ ខែឧសភា ៖ ការស្វែងយល់អំពីការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្ត
ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានចាប់ផ្តើមថតសកម្មភាព និងសម្ភាសន៍ជាមួយ ហ៊ លីនីត អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង។ កិច្ចសម្ភាសន៍នេះបានរំលេចឱ្យឃើញពី៖
-បទពិសោធន៍ការងារជាក់ស្តែងនៅតាមសហគមន៍។
-ការលះបង់កម្លាំងកាយចិត្តក្នុងការជួយជ្រោមជ្រែងកិច្ចការងារមនុស្សធម៌ និងការចងក្រងប្រវត្តិសាស្ត្រក្នុងតំបន់អូរស្វាយ។
-មេរៀនជីវិត និងចំណេះដឹងដែលទទួលបានពីការងារជាអ្នកស្ម័គ្រចិត្ត។
២) ថ្ងៃទី៥ ខែឧសភា៖ ការសិក្សាពីបច្ចេកទេសស្រាវជ្រាវ និងការគ្រប់គ្រង
ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានជួបសម្ភាសន៍ជាមួយ លោក ស្រេង លីដា គឺជាបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង។ ក្នុងកិច្ចពិភាក្សានេះ លោកស្រេង លីដា បានចែករំលែកនូវចំណេះដឹងពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
-បទពិសោធន៍ស្រាវជ្រាវប្រវត្តិភូមិ៖ បច្ចេកទេសនៃការប្រមូលទិន្នន័យ និងការចងក្រងរឿងរ៉ាវប្រវត្តិសាស្ត្រនៅតាមមូលដ្ឋាន។
-ការជ្រើសរើសអ្នកស្ម័គ្រចិត្ត៖ យុទ្ធសាស្ត្រ និងលក្ខខណ្ឌវិនិច្ឆយក្នុងការជ្រើសរើសយុវជនដែលមានឆន្ទៈ ដើម្បីចូលរួមបម្រើការងារនៅទីតាំងអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង។
-គម្រោងអភិវឌ្ឍន៍៖ ការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅគម្រោងដាំម្នាស់ទឹកឃ្មុំ និងប្រវត្តិដំណាំម្នាស់ទឹកឃ្មុំ។
៣) ថ្ងៃទី៦ ខែឧសភា៖ ការសិក្សាពីជីវិតពិត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការគ្រប់គ្រងភូមិ
ឈានចូលមកដល់ថ្ងៃទីបីនៃបេសកកម្មសិក្សាក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានបន្តចុះទៅជួបផ្ទាល់ជាមួយតួអង្គសំខាន់នៅក្នុងសហគមន៍ គឺលោកមេភូមិ អ៊ុំ ម៉ារ៉ាឌី ដើម្បីស្វែងយល់ពីទិដ្ឋភាពពីរដ៏សំខាន់៖
– ខ្សែជីវិតពិតរបស់អ្នករស់រានមានជីវិតពីសម័យសង្រ្គាម៖ តាមរយៈកិច្ចសម្ភាសន៍ របស់និស្សិតបានស្តាប់នូវការរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកមេភូមិ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការចែករំលែកនេះបានផ្តល់នូវរូបភាពយ៉ាងច្បាស់ពីបទពិសោធន៍នៃការតស៊ូ ការឆ្លងកាត់ទុក្ខលំបាក និងការកសាងជីវិតឡើងវិញ បន្ទាប់ពីសម័យកាលដ៏ខ្មៅងងឹត ដែលជាទិន្នន័យប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
-បទពិសោធន៍នៃការគ្រប់គ្រង និងការអភិវឌ្ឍន៍ភូមិ៖ ក្រៅពីរៀបរាប់សាច់រឿងបុគ្គល លោកមេភូមិ អ៊ុំ ម៉ារ៉ាឌី បានបង្ហាញពីតួនាទីជាអ្នកដឹកនាំមូលដ្ឋាន។ លោកបានពន្យល់អំពី៖ ទី១) របៀបគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងភូមិ។ ទី២) ការផ្សះផ្សា និងការកសាងសាមគ្គីភាពរវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រជាពលរដ្ឋក្នុងសហគមន៍។ និងទី៣) បញ្ហាប្រឈម និងភាពជោគជ័យក្នុងការដឹកនាំភូមិឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
៤) ថ្ងៃទី៧ ខែឧសភា៖ ការផ្តិតយកវីដេអូ នៃតំបន់រ៉ាមសារ បន្ទាប់ពីបានចំណាយពេលថតទៅលើសាច់រឿង និងប្រវត្តិសាស្ត្រ
ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយការចុះផ្តិតយកទិដ្ឋភាព តំបន់រ៉ាមសារ ដែលជាតំបន់ដីសើមមានសារសំខាន់ជាអន្តរជាតិ។ សកម្មភាពសំខាន់ៗនៅថ្ងៃចុងក្រោយនេះរួមមាន៖
-ការថតរូបភាព និងវីដេអូទេសភាព៖ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានធ្វើដំណើរតាមទូក ដើម្បីថតយកសោភ័ណភាពធម្មជាតិ រួមមានព្រៃលិចទឹកដែលដុះតាមដងទន្លេមានរូបរាងប្លែកៗ និងប្រព័ន្ធជីវៈចម្រុះដ៏សម្បូរបែប។ វីដេអូទាំងនេះនឹងត្រូវប្រើប្រាស់ជាប្លង់ជំនួយដ៏សំខាន់ ដើម្បីបង្ហាញពីបរិបទភូមិសាស្ត្រដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងរស់នៅ។
-ការផ្សាភ្ជាប់រវាងមនុស្ស និងធម្មជាតិ៖ ការចុះថតនៅតំបន់រ៉ាមសារនេះ មានគោលបំណងបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជនក្នុងសហគមន៍ ជាមួយនឹងទន្លេមេគង្គ ដែលជាប្រភពស្បៀង និងជាផ្នែកមួយនៃប្រវត្តិនៃការតាំងទីលំនៅរបស់អ្នកភូមិតាំងពីដើមរៀងមក។
ចុងក្រោយក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
តុង ឆេងហុង ៖ «ក្នុងនាមជានិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង។ ទោះបីជាខ្ញុំមកខេត្តស្ទឹងត្រែងជាលើកដំបូង ប៉ុន្តែអ្នកភូមិអូរស្វាយបានបង្ហាញភាពស្និទ្ធស្នាល រាក់ទាក់ និងផ្តល់ភាពកក់ក្តៅដល់យើង។ ខ្ញុំសង្ឃឹមថា វីដេអូដែលយើងផលិតនឹងចូលរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងប្រវត្តិសាស្ត្រនៃតំបន់ទេសចរបុរីអូរស្វាយទៅកាន់ពិភពលោក ហើយខ្ញុំសូមលើកទឹកចិត្តឱ្យមានការស្រាវជ្រាវបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ»។
រិន សុបញ្ញា ៖ «ខ្ញុំពិតជាមានក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមការងារ មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង និងអ្នកភូមិអូរស្វាយទាំងអស់។ រយៈពេល៦ ថ្ងៃដែលខ្ញុំចុះមកថតនៅទីតាំងបុរីអូរស្វាយសែនជ័យ គឺលើសពីការចុះធ្វើកិច្ចការសាលាទៅទៀត។ ខ្ញុំសង្ឃឹមថានឹងមានឱកាសត្រឡប់មកទីនេះម្តងទៀត»។
ម៉ុន ដាណេ ៖ «នាងខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដែលបានចុះកម្មសិក្សានៅស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា នាងខ្ញុំបានរៀនសូត្រកាន់តែច្បាស់អំពីប្រវត្តិសាស្រ្ត និងរឿងរ៉ាវរបស់ប្រជាជនក្នុងមូលដ្ឋាន ដែលមានទឹកចិត្តសប្បុរស និងរាក់ទាក់យ៉ាងខ្លាំង។ នាងខ្ញុំសូមអរគុណដល់ មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានជួយសម្របសម្រួល និងផ្តល់នូវបទពិសោធន៍សម្រាប់ខ្ញុំយកទៅប្រើប្រាស់ក្នុងអាជីពការងារទៅថ្ងៃអនាគត»។
ណាថាណា ជូហាណា ៖ «ខ្ញុំទើបតែបានបញ្ចប់ការផលិតវីដេអូដ៏មានអត្ថន័យនៅស្រុកបុរីអូរស្វាយសែនជ័យ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុត គឺភាពស្រស់ស្រាយ និងការរាក់ទាក់របស់ប្រជាជនក្នុងសហគមន៍។
ស្រ៊ុន ស៊ែវ៉ីច៍ ៖ «ខ្ញុំមានសេចក្តីរីករាយដែលបានចុះមកសិក្សា និងស្វែងយល់អំពីរឿងរ៉ាវជីវិតពិតរបស់ប្រជាជននៅតំបន់អូរស្វាយ។ បទពិសោធន៍នៃការចុះយកព័ត៌មាន និងការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីសម័យសង្គ្រាម បានធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងការចងចាំប្រវត្តិសាស្ត្រ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្តល់ឱកាសនេះដល់ខ្ញុំ»។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
















