វេទិកាថ្នាក់រៀន ស្តីពីការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបការវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមប្រព័ន្ធអនឡាញ ជាមួយសិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីមតាកែវ ចំនួន៨នាក់។ វេទិកាថ្នាក់រៀន ត្រូវបានរៀបចំឡើងដែលមានសកម្មភាពចម្បងៗចំនួនពីរគឺ ការធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងការពិភាក្សាក្រុមដោយផ្ទាល់ជាមួយ ជឹម សុខគា គឺជាបុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។​ ប្រធានបទនៃការធ្វើបទបង្ហាញ និងការពិភាក្សាគឺ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» និងចុងបញ្ចប់នៃវេទិកានេះ គឺសិស្សចែករំលែកចំណេះដឹងផ្ទាល់ខ្លួនពីការជម្លៀសប្រជាជនក្នុងរបបខ្មែរក្រហមជាមួយមិត្តរួមថ្នាក់ដ៏ទៃទៀត។

វេទិកាថ្នាក់រៀន ដែលបានបង្កើតឡើងក្នុងថ្ងៃនេះ គឺដើម្បីផ្តល់ឱ្យសិស្សស្វែងយល់បន្ថែមនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងខែមេសា កាលពី ៥១ឆ្នាំមុន គឺក្នុងឆ្នាំ១៩៧៥ ដែលជាព្រឹត្តិការណ៍នៃការឈានទៅរកការបែកបាក់ក្រុមគ្រួសារ ការជួបប្រទះភាពអត់ឃ្លាន និងការបាត់បង់ជីវិតប្រជាជនខ្មែរជាច្រើន។ វេទិកាថ្នាក់រៀន ក៏បានផ្តល់ឱ្យសិស្សនូវចំណេះដឹងជ្រៅជ្រះជាងមុនអំពីព្រឹត្តិការណ៍ជាក់លាក់មួយក្នុងចំណោមព្រឹត្តិការណ៍ជាក់លាក់ជាច្រើនទៀត ដែលបានកើតឡើងក្រោមការដឹកនាំរបស់ ប៉ុល ពត ពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ សិស្សានុសិស្ស ត្រូវបានពន្យល់ក្បោះក្បាយពីមូលហេតុ និងរបៀបនៃការជម្លៀសដោយបង្ខំពីកងទ័ពខ្មែរក្រហម។

កិច្ចចាប់ផ្តើមដំបូងនៃវេទិកាថ្នាក់រៀន គឺសិស្សានុសិស្សទស្សនាខ្សែភាពយន្តឯកសារស្តីពីទិដ្ឋភាពនៃការបណ្តេញប្រជាជនចេញពីទីក្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្ហាញពីសកម្មភាពប្រជាជនចាកចេញពីផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន តាមការប្រកាសរបស់ខ្មែរក្រហម។ បន្ទាប់មក គឺជាការធ្វើបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី លើប្រធានបទដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍បណ្តេញប្រជាជនចេញពីទីក្រុងភ្នំពេញ  ភ្ជាប់ជាមួយទិដ្ឋភាពដែលដែលសិស្សានុសិស្សបានឃើញនៅក្នុងខ្សែភាពយន្តឯកសារ។ មូលហេតុដែលនាំឱ្យគ្រូឧទ្ទេស លើកយកមេរៀនការជម្លៀសប្រជាជនដោយបង្ខំមកបង្រៀនដល់សិស្សក្នុងថ្ងៃនេះ ព្រោះចង់រំឭកការចងចាំពីព្រឹត្តិការណ៍ជម្លៀសប្រជាជនក្នុងខែមេសា ស្ថិតក្នុងរដូវប្រាំងមានអាកាសក្ដៅហួតហែងខ្លាំង ដែលជាហេតុធ្វើឱ្យប្រជាជនជម្លៀសទទួលរងការលំបាកនិងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ មុនពេលបង្រៀន គ្រូឧទ្ទេសបានចោទសួរទៅកាន់សិស្សទាំងអស់ថា «តើប្អូនៗបានដឹងអ្វីខ្លះទៀតពីការជម្លៀសដោយបង្ខំ»? ដើម្បីរំឭកអំពីការចងចាំរបស់សិស្ស ហើយសិស្សម្នាក់បានឆ្លើយថា ខ្លួនធ្លាប់បានរៀនមេរៀននេះជាមួយគ្រូនៅសាលារួចខ្លះហើយ។

ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស គឺផ្តោតលើការជម្លៀសដោយបង្ខំពីដំណាក់កាលទីមួយដល់ទីបី។ ការជម្លៀសក្នុងដំណាក់កាលទីមួយ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែមេសា និងបញ្ចប់នៅចុងខែសីហា ឆ្នាំ ១៩៧៥ គឺជាការជម្លៀសចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាភ្លាមៗក្រោយខ្មែរក្រហមឈ្នះសង្គ្រាម ដោយយកលេសខ្លាចអាមេរិកទម្លាក់គ្រាប់បែក និងប្រាប់ថាចេញពីផ្ទះសម្បែងតែ៣ថ្ងៃ។ ការជម្លៀសដោយបង្ខំក្នុងដំណាក់កាលទីពីរ គឺចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ១៩៧៥ និងបញ្ចប់នៅចុងឆ្នាំ១៩៧៧ គឺការជម្លៀសប្រជាជនពីភូមិភាគបូព៌ា កណ្តាល និងនិរតី ទៅកាន់ភូមិភាគពាយ័ព្យ (សៀមរាប បាត់ដំបង ពោធិ៍សាត់) ដោយបង្ខំឱ្យធ្វើការងារកសិកម្ម និងការជម្លៀសក្នុងដំណាក់កាលទីបី គឺពីចុងឆ្នាំ១៩៧៧ និងបញ្ចប់នៅក្នុងឆ្នាំ១៩៧៨ គឺជាការជម្លៀសប្រជាជនជាថ្មីម្តងទៀត ជាពិសេសនៅភូមិភាគបូព៌ា ក្នុងអំឡុងពេលសង្គ្រាមព្រំដែនជាមួយវៀតណាម និងការបោសសម្អាតផ្ទៃក្នុង។ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គ្រូឧទ្ទេសបានពន្យល់យ៉ាងក្បោះក្បាយទៅកាន់សិស្ស។ ចុងបញ្ចប់នៃការធ្វើបទបង្ហាញ គ្រូឧទ្ទេសបានសង្ខេបព្រឹត្តិការណ៍ទាំងអស់ឡើងវិញ ព្រមទាំងបានបញ្ជាក់បន្ថែមពីភាពខុសគ្នានៃមូលហេតុ របៀប និងដំណើរការនៃការជម្លៀសទាំងបីដំណាក់កាល ដើម្បីបង្កើនភាពចងចាំរបស់សិស្ស។

បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានណែនាំសិស្សឱ្យអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅក្នុងជំពូកទី៦ មេរៀន «ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ»។ សិស្សទាំងអស់បានចំណាយពេលវេលា១៥នាទី អានមេរៀននេះ ដើម្បីយល់ដឹងពីការបែងចែកទីតាំងភូមិសាស្ត្រនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីសិស្សអានសៀវភៅចប់ ជឹម សុខគា បានបើកការពិភាក្សាជាមួយសិស្សទាំងអស់ពីចំណេះដឹងដែលសិស្សទទួលបានពីគ្រូឧទ្ទេស, លទ្ធភាពនៃការស្វែងយល់បន្ថែមតាមរយៈការអានមេរៀនពីការបែងចែកភូមិសាស្ត្ររដ្ឋបាលក្នុងរបបខ្មែរក្រហម និងអារម្មណ៍ផ្ទាល់ខ្លួនពីព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំ។

មុននឹងបញ្ចបវេទិកាថ្នាក់រៀន សិស្សបានបង្ហាញចំណាប់អាម្មណ៍ដូចខាងក្រោម៖

កែវ រស្មី បានរៀបរាប់ថា ខ្ញុំបានដឹងពីការជម្លៀសក្នុងរបបខ្មែរក្រហមទាំង៣ដំណាក់កាលច្បាស់ លាស់ និងបានបង្ហាញអារម្មណ៍ខឹងសម្បារបបខ្មែរក្រហម និងមេដឹកនាំខ្មែរក្រហមដែលប្រព្រឹត្តអំពើសាហាវឃោរឃៅ ព្រមទាំងសម្លាប់មនុស្សដោយមិនរើសមុខ។

វណ្ណ សម្បតិ្ត បាននិយាយថា ខ្ញុំពិតជាមិននឹកស្មានដល់ថា ខ្មែរក្រហមយកហេតុផលបោកប្រាស់មកបណ្តេញប្រជាជនចេញពីផ្ទះសម្បែងដូច្នេះសោះ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្មែរក្រហមមានបំណងចង់ជម្លៀសប្រជាជនដើម្បីតែការបង្កបង្កើនផល។

សាត សុវណ្ណនិត បានលើកឡើងដូចគ្នានឹង សម្បត្តិ  លើចំណុចទាក់ទងនឹងការលើកយកមូលហេតុបោកបញ្ឆោតប្រជាជនក្នុងពេលជម្លៀសមកធ្វើបាបប្រជាជនស្លូតត្រង់ និងហួសចិត្តចំពោះខ្មែរក្រហ​មដែលមានចេតនាជម្លៀសប្រជាជនយ៉ាងច្រើនចេញពីស្រុកកំណើតទៅកាន់ជំរំការងារនៅខេត្តឆ្ងាយៗ។

អ៊ុន សុខវិមាន បានប្រាប់មិត្តរួមថ្នាក់អំពីផលប៉ះពាល់ក្នុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា នៅពេលជម្លៀស ខ្មែរក្រហមបានត្រួតពិនិត្យតាមប៉ុស្ដិ៍យាម តាមទីស្នាក់ការ និងឆែកឆេររកសម្លៀកពាក់របស់ប្រជាជន ដើម្បីកត់សម្គាល់ថាអ្នកទាំងនោះ គឺជាប្រជាជនធម្មតា ឬធ្លាប់ធ្វើការបម្រើរបបមុនៗ។ សុខវិមាន បានបន្ថែមថា អ្នកដែលស្លាប់ក្នុងពេលជម្លៀស មានកុមារតូចៗ អ្នកជំងឺ ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងស្ត្រីជិតសម្រាលកូន។

ខុសប្លែកពីមិត្តភក្ដិឯទៀត តាយស្រ៊ីវ បានលើកឡើងពីការគ្រប់គ្រងរបស់ខ្មែរក្រហមថា ជាការគ្រប់គ្រងតាមបែបផ្ដាច់ការ ហើយបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់រូប។ ខ្មែរក្រហមបានបែងចែកប្រជាជនដាក់តាមតំបន់ និងភូមិភាគនីមួយៗ។ ​តាយស្រ៊ីវ បានបង្ហាញទៅមិត្តរួមថ្នាក់ទៀតថា ខ្មែរក្រហមបានបែងចែកស្រូវជាបួនផ្នែកគឺ ស្រូវទុកសម្រាប់នាំចេញ ស្រូវទុកផ្គត់ផ្គង់ដល់ប្រជាជន ស្រូវទុកបម្រុង និងស្រូវទុកធ្វើពូជ។ ខ្មែរក្រហម កំណត់ឱ្យប្រជាជនធ្វើស្រែឱ្យបាន៣តោនក្នុងមួយហិកតា។ កាលនោះ ប្រជាជនពុំអាចធ្វើបានគ្រប់តាមផែនការទេ។ ខ្មែរក្រហមបានដកយកស្បៀងដែលទុកឱ្យប្រជាជន យកមកបង្រ្គប់តាមផែនការ ដែលជាហេតុធ្វើឱ្យប្រជាជនខ្មែរហូបចុកមិនបានគ្រប់គ្រាន់ ហើយធ្លាក់ខ្លួនមានជំងឺនិងស្លាប់។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី បានយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖