ប្តីរបស់ខ្ញុំផ្តាំថា «បើខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ កុំត្រឡប់មកស្រុកកំណើត»

ខ្ញុំបានរៀបការនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានកូនប្រុសម្នាក់។ ខ្ញុំរស់នៅជាមួយប្តីរបស់ខ្ញុំជាទាហាន និងឈរជើងនៅបន្ទាយដោះកញ្ជរ ដែលជាបន្ទាយទាហានធំរបស់ លន់ នល់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ។ បន្ទាយទាហាននេះ កសាងឡើងតាំងពីសម័យសម្តេចតា (សម្តេចព្រះ នរោត្តម សីហនុ) នៅគ្រប់គ្រងប្រទេស។ នៅអំឡុងឆ្នាំ១៩៧៤ កងកម្លាំងរំដោះខ្មែរក្រហម បានវាយលុកចូលកាន់តែកៀកទីប្រជុំជនច្បារមន និងផ្លោងចូលបន្ទាយប្តីរបស់ខ្ញុំឈរជើង ព្រមទាំងវាយផ្តាច់ផ្លូវផ្គត់សម្ភារភស្តុភាស្ទើរទាំងស្រុង គឺនៅសល់តែផ្លូវឧទ្ធម្ភាគចក្រហោះហើរផ្គត់ផ្គង់អង្ករដល់ទាហាន លន់ នល់ នៅក្នុងបន្ទា​យ​​តែប៉ុណ្ណោះ។ អំឡុងពេលវាយប្រយុទ្ធគ្នាកាន់តែខ្លាំង ខ្ញុំសម្រាលបានកូនប្រុសម្នាក់ទៀត។ ប្តីរបស់ខ្ញុំបានជូនខ្ញុំ និងកូនៗ ដែលកូនពៅទើបកើតបាន២០ថ្ងៃ ទៅជិះឧទ្ធម្ភាគចក្រសំដៅមកទិសខាងទិសខាងកើតក្រុងច្បារមន រួចហើយខ្ញុំនិងកូនជិះរឺម៉កបន្តចូលទីក្រុងភ្នំពេញ។ ចំណែកប្តីរបស់ខ្ញុំឈរជើងនៅបន្ទាយដោះកញ្ជរដដែល។ ខ្ញុំមកស្នាក់នៅផ្ទះដែលប្រជាជនបោះបង់ចោល ស្ថិតនៅតាមបណ្តោយទំនប់ទួលគោក (ផ្ទះ១០០ខ្នង) បណ្តោះអាសន្ន ។ បន្ទាប់មក ខ្ញុំដើរបេះត្រកួននៅតាមបឹងយកមកលក់នៅផ្សារទំនប់ទួលគោក ដើម្បីទិញអង្ករដាំបាយឱ្យកូនៗហូប ព្រោះប្តីរបស់ខ្ញុំមិនអាចផ្ញើប្រាក់ខែរបស់គាត់ឱ្យខ្ញុំបានទេ។ ចាប់តាំងពីពេលនោះមក ខ្ញុំបែកពីប្តីរបស់ខ្ញុំរហូត។

ខ្ញុំនិងកូនៗរស់នៅទីក្រុងភ្នំពេញបានរយៈ៧ខែ រហូតដល់ថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩៧៥ ទើបកងទ័ពខ្មែរក្រហមវាយកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុង និងបណ្តេញប្រជាជនទាំងអស់ចេញពីផ្ទះសម្បែង។ ភ្លាមៗនោះ ខ្ញុំនៅចាំពាក្យរបស់ប្តីខ្ញុំបានផ្តែផ្តាំមុនពេលខ្ញុំមករស់នៅទីក្រុងភ្នំពេញថា «ប្រសិនបើខ្មែរក្រហមជម្លៀសឯងចេញពីក្រុងភ្នំពេញ សូមឯងកុំត្រឡប់ទៅស្រុកកំណើតឱ្យសោះ» ព្រោះគាត់ដឹងថា ខ្មែរក្រហមនឹងមិនអត់ឱនឱ្យខ្ញុំដែលមានប្តីធ្វើជាទាហាន លន់ នល់ ឡើយ។  ខ្ញុំបានសម្រេចចិត្តធ្វើដំណើរចេញទៅតាមព្រែកក្តាមដើម្បីឆ្លងទន្លេ សំដៅទៅខេត្តកំពង់ចាម ដោយមិនត្រឡប់ទៅស្រុកកំណើតនៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀងទេ។ ខ្ញុំបានទៅរស់នៅ និងធ្វើការជាមួយប្រជាជនមូលដ្ឋានចាស់ នៅខេត្តកំពង់ចាម។ សំណាងល្អ ប្រជាជននៅទីនោះមានសណ្តានចិត្តល្អ និងតែងលួចលាក់ផ្តល់អង្ករឱ្យខ្ញុំ និងកូនៗហូប។ នៅពេលខ្ញុំនិងកូនៗឈឺក៏ប្រជាជននៅទីនោះលួចលាក់ឱ្យថ្នាំពេទ្យល្អៗមកខ្ញុំលេបដែរ។ ថ្ងៃមួយកម្មាភិបាលមូលដ្ឋានហៅខ្ញុំទៅសួរប្រវត្តិរូបក្រុមគ្រួសារ។ ខ្ញុំបានឆ្លើយប្រាប់កម្មាភិបាលនោះថា ខ្ញុំឈ្មោះ ប្រាក់ សាវឿង អាយុ២៦ឆ្នាំ មានកូនប្រុសចំនួនពីរនាក់ ចំណែកប្តីឈ្មោះ ម៉ៅ គិត រស់នៅឯស្រុកកំណើតនៅខេត្តស្វាយរៀង។ ខ្ញុំមិនហ៊ានឆ្លើយថា ប្តីរបស់ខ្ញុំធ្វើទាហានឡើយ ព្រោះខ្លាចកម្មាភិបាលខ្មែរក្រហមនោះយកខ្ញុំ និងកូនទៅសម្លាប់។ បន្ទាប់មក ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យទៅធ្វើការងារដកស្ទូង ច្រូតស្រូវ កិនអង្ករ អុំស្រូវ និងភ្ជួររាស់ដែលជាការងាររបស់ប្រុសៗនៅក្នុងភូមិ។ លើសពីនេះ ប្រធានកងខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកាប់ឆ្ការព្រៃធ្វើចម្ការ នៅក្នុងភូមិឆាំឆា ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំធ្វើការងារបានគ្រប់យ៉ាង និងហើយរួចរាល់តាមផែនការជានិច្ច រហូតដល់កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិសរសើរ និងលាន់មាត់ថាខ្ញុំពិតជាកូនអ្នកស្រែប្រាកដមែន គឺមិនមែនជាកូនអ្នកទីក្រុងរស់នៅសុខស្រួលឡើយ។

ខ្ញុំធ្វើការនៅស្រុកចំការលើ ខេត្តកំពង់ចាម រហូតដល់កងទ័ពវៀតណាមវាយចូលមករំដោះប្រទេសកម្ពុជា នៅដើមឆ្នាំ១៩៧៩។ អំឡុងពេលនោះ ប្រធានកងខ្មែរក្រហមឈ្មោះមិត្ត សុង បានហៅខ្ញុំទៅជួប និងនិយាយប្រាប់ខ្ញុំ «ឥឡូវបងផុតទុក្ខលំបាកហើយ សូមបងអញ្ជើញវិលត្រឡប់ទៅស្រុកកំណើតជួបជុំឪពុកម្តាយបងប្អូនសាច់ញាតិរបស់បងវិញចុះ»។ រីឯប្រជាជនមូលដ្ឋានបានចែកពោត សណ្តែកឱ្យខ្ញុំ រួចហើយបរទេះគោជូនខ្ញុំ និងកូនៗមកដល់ព្រែកក្តាម។ ខ្ញុំបានឆ្លងទន្លេ និងដើរតាមបណ្តោយផ្លូវជាតិលេខ៥មកឈប់នៅមុខវាំងក្នុងក្រុងភ្នំពេញ។ នៅពេលខ្ញុំកំពុងអង្គុយជាមួយកូនៗនៅមាត់ទន្លេ ស្រាប់តែមានក្បូនរបស់គ្រួសារប្រជាជនជម្លៀសមកពីខេត្តពោធិ៍សាត់ជិះកាត់ និងស្រែកហៅខ្ញុំឱ្យឡើងជិះក្បូនជាមួយរហូតមកដល់អ្នកលឿង។ បន្ទាប់មក ខ្ញុំបានសុំរថយន្តកងទ័ពវៀតណាមជិះបន្តរហូតដល់ស្រុកកំណើតនៅខេត្តស្វាយរៀង។ ដំបូងខ្ញុំខ្វះខាតខ្លាំងណាស់ និងមិនមានផ្ទះសម្បែងស្នាក់នៅឡើយ។ ខ្ញុំបានទៅសុំរដ្ឋអំណាចមូលដ្ឋានដើម្បីសង់ខ្ទមស្នាក់នៅជាមួយកូនបណ្តោះអាសន្ននៅភូមិចាស់ ដែលប្រជាជនបោះបង់ចោលព្រោះខ្លាចរអារខ្មោចតែងតែមកលងបន្លាច។ ខ្ញុំបានកាប់ឧស រួចហើយរែកតាមផ្លូវវត្តថ្នាញយកទៅលក់នៅផ្សារតាកៅ ប្រទេសវៀតណាម ដើម្បីយកលុយទិញអង្ករដាំបាយឱ្យកូនហូបបានរស់រហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖