សេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការពារជាតិថៃ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន ពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទុះអាវុធជុំទីបីរវាងកម្ពុជា និងថៃ គឺផ្អែកទៅលើការសន្មត និងការបកស្រាយជម្លោះដែលខុសឆ្គង ឬអាចនិយាយបានថា វាគឺជាចេតនាបង្កជាការភាន់ច្រឡំ។
ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើនបានអះអាងថា ជម្លោះណាមួយរវាងកម្ពុជានិងថៃ នាពេលអនាគតអាចនឹងមានទ្រង់ទ្រាយធំ ប៉ុន្តែតាមពិតទៅ ជម្លោះភាគច្រើនកន្លងមក គឺជាការឈ្លានពានដោយអាវុធយុទ្ធភ័ណ្ឌបង្កឡើងដោយយោធាថៃ ឬយ៉ាងហោចណាស់ក្នុងកម្រិតប្រតិបត្តិការយោធា ដែលឈានទៅដល់ការដាក់ពង្រាយកងទ័ពថៃចូលកាន់កាប់ទឹកដីកម្ពុជា ដែលគឺជាការរំលោភលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអាស៊ាន។ ការប៉ះទង្គិចគ្នា និងការចូលកាន់កាប់ជាច្រើនលើកច្រើនសាទាំងនេះ បានគួបផ្សំបញ្ចូលគ្នាទៅជាការរំលោភបំពាន និងការឈ្លានពានទឹកដីកម្ពុជាក្នុងកម្រិតយុទ្ធសាស្ត្រ ដែលមិនមែនជារឿងតូចតាចនោះទេ។ ទង្វើនេះគឺជាកត្តាជំរុញសំខាន់បំផុតតែមួយគត់ ដែលអាចនឹងញុះញង់ឱ្យមានសង្គ្រាមទ្រង់ទ្រាយធំរវាងកម្ពុជា និងថៃ។ កម្ពុជានៅតែអនុវត្តភាពស្របច្បាប់តាមលំអាននៃច្បាប់អន្តរជាតិ ដើម្បីការពារប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ទោះបីជាមានការលើកឡើងយ៉ាងណាក៏ដោយពីសំណាក់រដ្ឋាភិបាលថៃ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ភាពចាស់ទុំដ៏វិសេសវិសាល ក្នុងការព្យាយាមដោះស្រាយស្ថានការណ៍តានតឹងនេះដោយសន្តិវិធី។ ស្ថិតក្នុងកាលៈទេសៈនេះ ដោយមិនខ្វាយខ្វល់អំពីអ្វីទាំងអស់ដែលឧត្តមសេនីយ៍ឯករបស់ភាគីថៃលើកឡើង ភាគីកម្ពុជានៅតែឈរលើជំហរ ទប់ស្កាត់មិនឱ្យមានការរីករាលដាលនៃជម្លោះកាន់តែខ្លាំងក្លា និងគួរឱ្យកត់សម្គាល់បន្ថែមទៀត។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា



