សុខ នាង៖ «៤០ឆ្នាំនៃជីវិតគ្រួសារខ្ញុំ ត្រូវបញ្ចប់ដោយសារអំបែងគ្រាប់ផ្លោង របស់ទាហានថៃ»

នៅក្រោមម្លប់ដើមឫស្សីនាទីធ្លាខាងក្រោយផ្ទះក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សុខ នាង ស្ត្រីវ័យ៥៨ឆ្នាំ បានអង្គុយជុំគ្នាជាមួយបងប្អូនក្នុងភូមិ និងរៀបរាប់ទាំងទឹកភ្នែក អំពីខ្សែជីវិតបានប្រែប្រួលពីមានក្តីសង្ឃឹមក្លាយជាការបាត់បង់ដ៏ធំធេង។ សុខ នាង បន្តថា «សម្រាប់ខ្ញុំ ជីវិតសព្វថ្ងៃហាក់នៅសល់ត្រឹមតែការចងចាំដ៏ឈឺចាប់ បន្ទាប់ពីប្តីរបស់ខ្ញុំឈ្មោះ ប៊ិន សាវ៉ាត់ អាយុ៦៦ឆ្នាំ និងជាបង្គោលគ្រួសារដ៏រឹងមាំ បានស្លាប់លោកដោយសារអំបែងគ្រាប់ផ្លោង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងមក។

ខ្ញុំ និងប្តីខ្ញុំបានស្គាល់ និងស្រឡាញ់គ្នារយៈពេល៤ឆ្នាំ ទើបយើងរៀបការនៅឆ្នាំ១៩៨៦។ ប្តីខ្ញុំ សាវ៉ាត់ ធ្លាប់ជាអតីតកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាឈរជើងនៅក្នុងស្រុកសំរោង ខេត្តសៀម​រាប-ឧត្តរមានជ័យ។ បន្ទាប់ពីរៀបការរួចប្តីខ្ញុំបានសម្រេចចិត្តបោះបង់អាជីពជាយោធា មកសាងជីវិតគ្រួសារជាកសិករ ប្រកបរបរដាំដំណាំ និងចិញ្ចឹមសត្វនៅផ្ទះ លក់ដើម្បីយកប្រាក់ចិញ្ចឹមកូនទាំង៤នាក់រហូតធំដឹងក្ដី។ ទោះបីជាជីវិតត្រូវឆ្លងកាត់ការលំបាក មានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ ក៏ក្ដីស្រឡាញ់ និងការយោគយល់គ្នា បានធ្វើឱ្យគ្រួសារខ្ញុំរស់នៅប្រកបដោយសុភមង្គល និងភាពកក់ក្ដៅ។

ខ្ញុំរស់នៅជាមួយប្ដីរយៈពេល៤០ឆ្នាំ ប្តីខ្ញុំស្រឡាញ់ខ្ញុំណាស់ ទោះបីក្រីក្រមិនមានអាហារហូបបរិបូរណ៍ ប៉ុន្តែយើងរស់នៅជិតគ្នា មិនដែលឃ្លាតគ្នាឡើយ។ ប្តីរបស់ខ្ញុំគឺជាមនុស្សល្អ មិនដែលធ្វើឱ្យប្រពន្ធកូនពិបាកចិត្តទេ»។

ព្រឹត្តិការណ៍រន្ធត់បានកើតឡើងនៅវេលាម៉ោងប្រហែល៣ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យគ្រួសារខ្ញុំប្រែប្រួលទាំងស្រុង ។ កាផ្ទុះអាវុធជាលើកទី២រវាងកម្ពុជា និងថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ធ្វើឱ្យ ខ្ញុំ និងចៅ រួមជាមួយប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោងភាគច្រើនបានភៀសខ្លួនទៅទីកន្លែងដែលមានសុវត្ថិភាពនៅក្នុងខេត្តសៀមរាប។ ចំណែកប្តីរបស់ខ្ញុំ និងកូនប្រុសពៅបានស្ម័គ្រចិត្តនៅចាំផ្ទះ ដើម្បីមើលថែទាំដំណាំ និងមាន់ទា ដែលជាប្រភពចំណូលតែមួយគត់។

នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ គឺមុនពេលកើតហេតុប្រហែលមួយម៉ោង ខ្ញុំបានទូរសព្ទសួរសុខទុក្ខប្តីដោយក្តីបារម្ភ ប៉ុន្តែប្តីខ្ញុំនៅតែឆ្លើយតបយ៉ាងកក់ក្តៅថា «មិនអីទេ ពួកគាត់សុវត្ថិភាពជាធម្មតា»។ ប៉ុន្តែជាអកុសល គ្រាន់តែដាក់ទូរសព្ទចុះភ្លាម ប្តីខ្ញុំបានក្រោកចេញពីអង្រឹងក្បែរទ្រុងមាន់ដើរទៅរកទឹកផឹកនៅក្រោមផ្ទះ ស្រាប់តែគ្រាប់កាំភ្លើងធំរបស់ទាហានថៃបានធ្លាក់នៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីផ្ទះរបស់ខ្ញុំ ហើយអំបែងគ្រាប់បានខ្ទាតមកត្រូវឆ្អឹងជំនីរប្តីខ្ញុំយ៉ាងដំណំ បណ្តាលឱ្យដេកដួលក្នុងថ្លុកឈាម។ ប្តីរបស់ខ្ញុំបានព្យាយាមលូនទាំងមានរបួសមកក្រោមផ្ទះដើម្បីស្រែកហៅអ្នកជិតខាងឱ្យជួយសង្រ្គោះ ប៉ុន្តែមិនមានអ្នកណាឮ និងឃើញភ្លាមៗទេ ព្រោះអ្នកជិតខាងភាគច្រើនបានចូលលាក់ខ្លួនក្នុងលេណដ្ឋានអស់ហើយ។

ប្រហែលមួយម៉ោងក្រោយមក កូនប្រុសរបស់ខ្ញុំដែលកំពុងរកត្រីនៅអូរឆ្ងាយពីផ្ទះ បានទទួលទូរសព្ទពីអ្នកជិតខាងឱ្យត្រឡប់មកវិញជាបន្ទាន់។ ពេលមកដល់ កូនប្រុសខ្ញុំស្លុតចិត្តជាខ្លាំងពេលឃើញឪពុកដេកដួលក្នុងថ្លុកឈាមនៅក្បែរអង្រឹង។ នៅវេលាម៉ោង ៤ រសៀលថ្ងៃដដែល កូនខ្ញុំបានដឹកឪពុកមកកាន់ទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ ក្នុងក្រុងសំរោង ដើម្បីឱ្យរថយន្តសង្គ្រោះបន្ទាន់ដឹកឪពុកបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ចំណែកខ្ញុំ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានពឹងពាក់បងប្អូនឱ្យជួយឌុបតាមម៉ូតូចេញពីវត្តបាតដៅ ក្នុងស្រុកចុងកាល់ សំដៅទៅមន្ទីរពេទ្យខេត្តសៀមរាបដែរ។ ខ្ញុំបានទៅដល់មន្ទីរពេទ្យនៅវេលាម៉ោង២រសៀល។ ប្តីរបស់ខ្ញុំមិនទាន់បានវះកាត់ទេ ព្រោះគ្រូពេទ្យរង់ចាំខ្ញុំមកដល់ដើម្បីផ្តិតមេដៃយល់ព្រមជាមុនសិន។ ស្ថានភាពរបួសប្តីរបស់ខ្ញុំធ្ងន់ធ្ងរណាស់ ដោយអំបែងគ្រាប់ទំហំប៉ុនពីរធ្នាប់ដៃ និងប្រវែងប្រហែល៥ ទៅ ៦សង់ទីម៉ែត្រ បានបុកដោតចូលមកដល់សួត និងថ្លើម ព្រមទាំងបាក់ឆ្អឹងជំនីរអស់ពីរកាំ។

ក្រោយការវះកាត់ និងសម្រាកព្យាបាលអស់រយៈពេល១៦ថ្ងៃ ប្តីខ្ញុំត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ។ ទោះបីជាបានមកដល់ផ្ទះ ប៉ុន្តែអាការៈប្តីរបស់ខ្ញុំមិនបានប្រសើរឡើយ គាត់តែងតែត្អូញត្អែរប្រាប់ខ្ញុំថា «ថប់ដង្ហើម និងឈឺចាប់ខ្លាំងណាស់»។ នៅពេលប្តីរបស់ខ្ញុំលេបថ្នាំក៏បានធូរស្រាលបន្តិច ប៉ុន្តែលុះអស់ជាតិថ្នាំ ភាពឈឺចាប់របស់គាត់មកវិញដដែល។ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយឃើញប្តីឈឺចុកចាប់ខ្លាំងពេក ខ្ញុំនិងកូនប្រុសក៏សម្រេចចិត្តដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យក្នុងក្រុងសំរោង។ នៅទីនោះគ្រូពេទ្យបានពិនិត្យឃើញថា សួតរបស់គាត់បានខូចខាតធ្ងន់ធ្ងរ និងមានខ្ទុះ ហើយបានណែនាំឱ្យខ្ញុំបញ្ជូនគាត់ទៅមន្ទីរពេទ្យខេត្តសៀមរាបជាបន្តទៀត។

ជាអកុសល មិនទាន់ទាំងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកសៀមរាបផង គឺនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ ប្តីខ្ញុំក៏បានផុតដង្ហើមស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ ជីវិតប្តីប្រពន្ធដែលធ្លាប់រួមសុខរួមទុក្ខនឹងគ្នារយៈពេល៤០ឆ្នាំ ក៏ត្រូវព្រាត់ប្រាសរហូត។ ខ្ញុំបានដឹកសពប្តីរបស់ខ្ញុំត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី និងបានដង្ហែសពទៅបូជានៅវត្តភ្នៀត ក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោងទាំងក្តីអាឡោះអាល័យបំផុត។

មុនពេលផុតដង្ហើម ប្តីរបស់ខ្ញុំបានដឹងខ្លួនថាគាត់ប្រហែលជាមិនអាចរស់ឡើយ ហើយបានពោលពាក្យមកកាន់ខ្ញុំជាលើកចុងក្រោយទាំងក្ដុកក្ដួលថា៖ «ប្រសិនបើមានជាតិក្រោយមែន សូមឱ្យយើងបានជួបគ្នា និងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធទៀត»។ ខ្ញុំក៏បានឆ្លើយតបប្តីខ្ញុំវិញថា ខ្ញុំក៏ប្រាថ្នាជួបគាត់គ្រប់ៗជាតិដែរ។

ខ្ញុំចង់បានយុត្តិធម៌សម្រាប់ប្តីខ្ញុំដែលជាប្រជាជនស្លូតត្រង់ត្រូវស្លាប់ទៅទាំងអយុត្តិធម៌ ចំពោះការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ទាហានថៃ។ សម្រាប់ខ្ញុំស្លាកស្នាម និងភាពឈឺចាប់ដែលបង្កឡើងដោយគ្រាប់កាំភ្លើងធំរបស់ទាហានថៃនឹងនៅដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំជានិច្ច។

ខ្ញុំមិនចង់ឱ្យមានសង្រ្គាមតទៀតទេ ព្រោះប្រជាជន និងក្មេងៗវេទនាណាស់ពេលភៀសខ្លួនម្តងៗ។ ខ្ញុំសូមឱ្យអង្គការនានាជួយដល់ជីវភាពរបស់ខ្ញុំដើម្បីឱ្យខ្ញុំអាចរស់បន្តទៀត។

ជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណអាជ្ញាធរខេត្តឧត្តរមានជ័យដែលបានជួយឧបត្ថម្ភ និងចូលបច្ច័យបុណ្យសពប្តីរបស់ខ្ញុំ។

អត្ថបទ ៖ កែវ សុភី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖