ការអះអាងរបស់ប្រធាននាយកដ្ឋានចារកម្មថៃពីការផ្ទុះឡើងអរិភាព ខណៈយោធាថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

ឧត្តមសេនីយ៍ឯក ធីរ៉ាណាន ណាន់ថាខ្វាង ប្រធាន នាយកដ្ឋានចារកម្មនៃកងយោធពលភូមិន្ទថៃ បានធ្វើសេចក្តីថ្លែងការណ៍ដែលបង្កជាការងឿងឆ្ងល់មួយ អំពីការដែលកងយោធាថៃគួរតែបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងជាថ្មីនូវអរិភាពពីសំណាក់កងទ័ពកម្ពុជា នៅរយៈពេលបួនទៅប្រាំខែខាងមុខ ក្រោយពីរដូវវស្សាបញ្ចប់។

សេចក្តីថ្លែងការណ៍របស់លោកបានបង្កជាការងឿងឆ្ងល់ជាខ្លាំង ពីព្រោះថា ក្នុងនាមជាប្រធានចារកម្មថៃ លោកដឹងច្បាស់ជាងនរណាទាំងអស់ថា បច្ចុប្បន្នកងកម្លាំងយោធាថៃកំពុងកាន់កាប់ និងក្តោបក្តាប់ខុសច្បាប់លើទីតាំងជាច្រើននៅក្នុងទឹកដីកម្ពុជាដោយចំហ។ លោកថែមទាំងដឹងទៀតថា ការកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃនេះ បានបង្កជាផលវិបាកយ៉ាងច្បាស់ក្រឡែត ដែលមិនត្រឹមតែបានបំផ្លិចបំផ្លាញលើមូលដ្ឋានទ័ពកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ទីប្រជាជនកម្ពុជាជាច្រើនគ្រួសារ​ដោយបង្ខំ និងបង្កជាការខូចខាតដល់ទ្រព្យសម្បត្តិឯកជន​របស់ពលរដ្ឋកម្ពុជា រួមទាំងប្រាសាទបុរាណនានា និងទីតាំងតំបន់បេតិកភណ្ឌពិភពលោកមួយកន្លែងក្នុងទឹកដីកម្ពុជាទៀតផង។ ទោះបីជាមានតថភាពជាក់ស្តែងច្បាស់ៗទាំងនេះក្តី លោកបែរជាលើកឡើងថា យោធាថៃ ដែលធ្វើសកម្មភាពការពារខ្លួន ត្រូវតែប្រុងប្រយ័ត្នចំពោះការឈ្លានពានបន្ថែមទៀតទៅវិញ។ នេះគឺជារឿងដ៏គួរឱ្យអស់សំណើចចំពោះរដ្ឋមួយ ដែលប្រកាសក្តែងៗជាសាធារណៈអំពីការព្រួយបារម្ភចំពោះការឈ្លានពាននាពេលអនាគត ខណៈពេលដែលខ្លួនកំពុងពង្រាយកម្លាំងយោធាកាន់កាប់លើទឹកដីនៃប្រទេសជិតខាងដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់។ កាលៈទេសៈនេះ គឺប្រៀបបានទៅនឹងជនពាល ដែលដើរបៀតបៀនគេ ហើយប្រកាសប្រាប់ពិភពលោកថា ខ្លួនត្រូវតែប្រយ័ត្នប្រយែង ដើម្បីទប់ស្កាត់ការការពារខ្លួនរបស់ជនរងគ្រោះដែលនឹងអាចកើតមានទៅវិញ។ ពិតណាស់ យើងកំពុងរស់នៅក្នុងសម័យកាលដែលពោរពេញដោយភាពចម្រូងចម្រាស់ នៅពេលជនពាលដែលបៀតបៀនគេបន្លំធ្វើជាជនរងគ្រោះ ហើយជនរងគ្រោះពិតប្រាកដ បែរជាត្រូវបង្ហាញនូវភាពចាស់ទុំ និងការអត់ធ្មត់ខ្ពស់ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីទៅវិញ។ វាគឺជាសំណាងរបស់ប្រទេសថៃ តំបន់ និងពិភពលោក ដែលកម្ពុជាមានផ្លូវចិត្តរឹងមាំ មានវិន័យ និងមានភាពចាស់ទុំ ក្នុងការខិតខំដោះស្រាយជម្លោះដោយអត់ធ្មត់តាមសន្តិវិធី និងនឹងនរ ជាជាងជ្រើសរើសការធ្វើប្រតិកម្មតបសមហេតុសមផល តាមរយៈការបង្កើនទម្ងន់ជម្លោះ និងការពង្រីកវិសាលភាពនៃសង្គ្រាមយោធា។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖