កិច្ចសម្ភាសន៍រវាងគិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាស្តីអំពី «ការលុបបំបាត់រូបិយប័ណ្ណក្នុងរបបខ្មែរក្រហម» ៖
គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច?
ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព និងអំណាច ហើយមនោគមវិជ្ជាខ្មែរក្រហម មិនចង់ឱ្យមានវត្តមានរូបិយប័ណ្ណ ព្រោះថារូបបិយប័ណ្ណអាចបង្កជាហានិភ័យដល់យុទ្ធសាស្ត្ររបស់ខ្មែរក្រហមក្នុងការក្តោបក្តាប់អំណាច និងសេរីភាពទាំងស្រុងទៅលើសង្គមខ្មែរ។ ទោះបីជាក្នុងចំនួនតិចតួចបំផុតក្តី រូបិយប័ណ្ណអាចផ្តល់អំណាច និងសេរីភាពដល់បុគ្គលក្នុងការសម្រេចចិត្តដោយឯករាជ្យលើអ្វីមួយ ហើយកត្តានេះគឺជាអ្វីដែលខ្មែរក្រហមមិនអាចទទួលយកបាន។ ការលុបបំបាត់រូបិយប័ណ្ណគឺស្មើទៅនឹងការដកហូតអំណាចរបស់ប្រជាជនក្នុងការសម្រេចចិត្តថាតើត្រូវចាត់ចែងរូបិយប័ណ្ណនោះដោយរបៀបណា។
គិរីផូស៖ នៅក្នុងតថភាពជាក់ស្តែង តើសេដ្ឋកិច្ច “គ្មានរូបិយប័ណ្ណ” មានទិដ្ឋភាពយ៉ាងដូចម្តេចខ្លះចំពោះប្រជាជនខ្មែរសាមញ្ញ?
ឆាំង យុ៖ ក្នុងទ្រឹស្តី ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម រដ្ឋគឺមានសិទ្ធិផ្តាច់មុខលើទំនិញ សេវាកម្ម និងទ្រព្យសម្បត្តិទាំងអស់ ដូច្នេះសង្គមដែលគ្មានរូបិយប័ណ្ណមួយ ត្រូវបានកសាងឡើងដោយផ្អែកលើការដោះដូរធម្មតាទៅតាមទម្រង់នៃការបែងចែកធនធានដែលកំណត់ដោយរដ្ឋ និងការប្រើប្រាស់ភាពភ័យខ្លាចជាយន្តការក្នុងការអនុវត្តប្រព័ន្ធនេះ។
គិរីផូស៖ តើប្រជាជនអាចរស់រាន និងដោះដូរទំនិញដោយគ្មានរូបិយប័ណ្ណក្នុងអំឡុងពេលនោះយ៉ាងដូចម្តេច?
ឆាំង យុ៖ នៅពេលដែលរដ្ឋគ្រប់គ្រងលើអ្វីៗទាំងអស់ សូម្បីតែសកម្មភាពដ៏សាមញ្ញបំផុតដូចជាការទទួលបានអាហារសម្រាប់បរិភោគ ជម្រក និងពេលវេលាសម្រាកផ្ទាល់ខ្លួន គឺសុទ្ធសឹងតែជាធនធានដែលរដ្ឋអំណាចជាអ្នកសម្រេចថាត្រូវផ្តល់ឱ្យ ឬបដិសេធ ទៅតាមតែអំពើចិត្ត។ អ្វីៗគ្រប់យ៉ាងមានប្រភពចេញពីរដ្ឋ ព្រោះរដ្ឋជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ ឬយ៉ាងហោចណាស់ នេះគឺជាគោលបំណងរបស់អ្នកដឹកនាំរដ្ឋ។ អ្នកអាចទទួលបានអាហារមួយពេល ប្រសិនបើអ្នកខិតខំប្រឹងធ្វើការនៅថ្ងៃនោះ ឬអ្នកអាចទទួលបានការអនុញ្ញាតឱ្យចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ ប្រសិនបើអ្នកស្មោះត្រង់នឹងរបបនោះ។ ទាំងនេះគឺជាឧទាហរណ៍នៃការដែលប្រព័ន្ធនេះដំណើរការជាក់ស្តែង។
គិរីផូស៖ តើមានប្រព័ន្ធពាណិជ្ជកម្មក្រៅផ្លូវការ ឬជំនួញលួចលាក់ កើតមានដែរឬទេ បើទោះបីជាមានការហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណ?
ឆាំង យុ៖ រដ្ឋបានប៉ុនប៉ងគ្រប់គ្រងទៅលើគ្រប់ទម្រង់នៃអំណាច ដោយរួមទាំងសកម្មភាពសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក្តី វាគឺជារឿងលំបាកក្នុងការអនុវត្តឱ្យបានដាច់ខាត។ ជាក់ស្តែង រដ្ឋអំណាចផ្ទាល់ បានឆ្លៀតឱកាសប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីអនុវត្ត សិទ្ធិសម្រេចដោយអត្តនោម័តិ (ស្វ័យភាព) ចំពោះរឿងផ្ទាល់ខ្លួន ហើយក្នុងករណីខ្លះទៀត មានប្រព័ន្ធដោះដូរក្រៅផ្លូវការបានប្រព្រឹត្តទៅក្រោមហេតុផលនេះ។ ជាឧទាហរណ៍ យោធាបានដោះដូររបស់របរសាមញ្ញៗដែលខ្លួនទទួលបាន។ ប្រជាជនអាចនឹងធ្វើការងារ ឬផ្តល់សេវាកម្មជាក់លាក់ណាមួយ ដើម្បីដោះដូរជាមួយនឹងទំនិញជាក់លាក់ណាមួយ។ ខណៈពេលដែលខ្មែរក្រហមចង់គ្រប់គ្រងលើអ្វីៗទាំងអស់ ខ្មែរក្រហមបែរជាបង្កើតលក្ខខណ្ឌដែលធ្វើឱ្យស្វ័យភាព ក្លាយជារឿងលាក់កំបាំងទៅវិញ។
គិរីផូស៖ តើការលុបបំបាត់រូបិយប័ណ្ណ បង្កជាផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្ត ក្នុងរយៈពេលវែងយ៉ាងដូចម្តេចខ្លះ ចំពោះសង្គមកម្ពុជា?
ឆាំង យុ៖ ផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តរយៈពេលវែង គឺមានទំហំមហាសាល។ កម្ពុជាបានឆ្លងកាត់វិបត្តិអស់ជាច្រើនទសវត្សរ៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ហើយឥទ្ធិពលទាំងនោះ នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។ ជាឧទាហរណ៍ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានបង្កើតជាទម្លាប់ជាក់លាក់ចំពោះផ្នែកហិរញ្ញវត្ថុ និងផ្នែកសេដ្ឋកិច្ច ភាពភ័យខ្លាច និងទំនោរមួយចំនួន ដែលបានផ្ទេរបន្តទៅកាន់មនុស្សជំនាន់ក្រោយរបស់ខ្លួន។ ផលប៉ះពាល់បង្កឡើងដោយរបបខ្មែរក្រហម មានភាពស្មុគស្មាញ ព្រមទាំងបន្តជះឥទ្ធិពលដល់មនុស្សជាច្រើនជំនាន់។



