កម្ពុជាត្រូវតែត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់

ការបោះឆ្នោតនៅប្រទេសថៃគឺជាការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ៖ ការបោះឆ្នោតនៅក្នុងប្រទេសថៃគឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពលទៅលើជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុន្តែវាអាចជារឿងឆោតល្ងង់ក្នុងការដែលលើកឡើងថាការបោះឆ្នោតនេះគឺជាកត្តាជំរុញ ឬជាកម្លាំងចលករតែមួយគត់នៃបញ្ហាជម្លោះព្រំដែននេះ។

ផ្ទុយទៅវិញ ជម្លោះព្រំដែនខ្មែរ-ថៃក៏មិនមែនជាកត្តាកំណត់តែម្យ៉ាងគត់ ចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ថៃនោះដែរ។ សរុបមក ជម្លោះព្រំដែនព្រំដែនខ្មែរ-ថៃគឺជាកត្តាជំរុញនិងជាផលវិបាកនៃការប្រទាញប្រទង់ផ្ទៃក្នុងរវាងបក្សសម្ព័ន្ធនយោបាយថៃ និងទស្សនវិស័យនានាចំពោះអនាគតនៃប្រទេសថៃ ហើយប្រទេសកម្ពុជាចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រឱ្យសព្វជ្រុងជ្រោយ—ដោយប្រើប្រាស់ភាពចាស់ទុំក្នុងការដឹកនាំ និងការរក្សាបានជំហរនឹងនរលើគ្រប់វិស័យនៃអភិបាលកិច្ច ចាប់តាំងពីវិស័យនយោបាយ និងការទូត រហូតដល់វិស័យសេដ្ឋកិច្ច យោធា និងសង្គម-វប្បធម៌។

ភាគីថៃចង់បង្ហាញថាជម្លោះព្រំដែនខ្មែរ-ថៃនេះគឺគ្រាន់តែជាវិវាទតូចតាចដែលបង្កឡើងដោយភាគីកម្ពុជា ដោយលើកយកឧទាហរណ៍ដូចជាបញ្ហាមីន ការប៉ះទង្គិចគ្នា និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលភាគីថៃយល់ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ យើងគួរតែគូសបញ្ជាក់ឱ្យច្បាស់ថា បច្ចុប្បន្នយោធាថៃកំពុងកាន់កាប់ទីតាំងចំនួន ១៤ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយទង្វើនេះគឺជាការរំលោភបំពានលើស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់។ ផ្អែកលើទស្សនយល់ឃើញស៊ីជម្រៅចំពោះជម្លោះព្រំដែនខ្មែរ-ថៃ គឺថាជម្លោះនេះកើតឡើងដោយសារតែការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ ដែលបានទាញយកផលប្រយោជន៍ពីភាពតានតឹងប្រវត្តិសាស្ត្រដ៏រ៉ាំរ៉ៃជាមួយកម្ពុជា ដើម្បីបង្កើតឱ្យមានឯកភាពជាតិគាំពារដោយរបៀបវារៈនយោបាយ ឬមនោគមវិជ្ជាមួយ។

ដូច្នេះ ការបោះឆ្នោតនៅប្រទេសថៃគឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងបញ្ហាប្រទាញប្រទង់នេះ ប៉ុន្តែជាអកុសល ការបោះឆ្នោតនេះនឹងមិនមែនជាទីបញ្ចប់នៃបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនោះទេ — វាគ្រាន់តែជាឱកាសថ្មីមួយដើម្បីចាប់ផ្តើមទំនាក់ទំនងឡើងវិញតែប៉ុណ្ណោះ។ សូមកុំយល់ច្រឡំ៖ វិវាទអន្តរជាតិនិងប្រវត្តិសាស្ត្រដែលអូសបន្លាយជាច្រើនជំនាន់ជុំវិញបញ្ហាព្រំដែនគឺមិនអាចដោះស្រាយបានតាមរយៈព្រឹត្តិការណ៍តែមួយ ដូចជាការបោះឆ្នោត ឬកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ កម្ពុជាត្រូវតែត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្តាញសារព័ត៌មានថៃ

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖