ទីតាំងនានានៅតាមតំបន់ព្រំដែនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលយោធាថៃកំពុងដណ្តើមកាន់កាប់ រួមទាំងទីតាំងទីសក្ការៈនៃវប្បធម៌ខ្មែរ និងប្រាសាទបុរាណ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីការមិនគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់របស់យោធាថៃ ជាមួយប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអាស៊ាន។ ប៉ុន្តែការកត់សម្គាល់ក្នុងអត្ថបទនេះមិនមែនផ្ដោតសំខាន់ទៅលើការរំលោភបំពានរបស់យោធាថៃនោះទេ។ ផ្ទុយទៅវិញការកត់សម្គាល់ពេលនេះ គឺផ្ដោតលើស្មារតីដ៏រឹងមាំនៃប្រជាជនកម្ពុជា ដែលផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដីដែលយោធាថៃកំពុងតែកាន់កាប់។
ស្មារតីប្រជាជនខ្មែរបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដី ហើយទឹកដីគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីប្រជាជាតិខ្មែរ។ ដូច្នេះរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងឈ្លានពាន កាន់កាប់ ឬបញ្ចូលទឹកដីរបស់ប្រជាជនខ្មែរធ្វើជាកម្មសិទ្ធិរបស់ខ្លួនមិនត្រឹមតែជាទង្វើដែលខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការខិតខំដោយឥតប្រយោជន៍។ យ៉ាងហោចណាស់នៅក្នុងប្រវត្តិសាស្ត្រ យោធាឬអាជ្ញាធរសៀមនាជំនាន់មុន បានព្យាយាមដណ្តើមកាន់កាប់ទឹកដីរបស់ប្រទេសកម្ពុជាចំនួនពីរដង ប៉ុន្តែយោធាឬអាជ្ញាធរសៀមនាជំនាន់នោះ បានបរាជ័យ។ មូលហេតុបរាជ័យរបស់យោធាឬអាជ្ញាធរសៀម គឺជាប្រធានបទសម្រាប់ពិភាក្សានៅពេលក្រោយ ប៉ុន្តែកុំឱ្យមានការភាន់ច្រឡំឱ្យសោះ។ ការព្យាយាមនាពេលបច្ចុប្បន្ន ដើម្បីដណ្តើមកាន់កាប់ កែប្រែ និងគ្រប់គ្រងតំបន់ទាំងនេះជាផ្នែកមួយនៃប្រទេសថៃគឺនឹងត្រូវជួបនូវវាសនាដូចគ្នា។
ការទស្សន៍ទាយជាមុននេះ មិនមែនផ្អែកលើសកម្មភាពណាមួយរបស់ប្រទេសកម្ពុជានោះទេ ប៉ុន្តែជាការទស្សន៍ទាយដោយផ្អែកលើជោគវាសនានៃទឹកដីទាំងនេះ។ ដោយសារទឹកដីទាំងនេះត្រូវបានគ្រប់គ្រងដោយប្រជាជនខ្មែរជាប្រវត្តិសាស្ត្រ ការគ្រប់គ្រងលើទឹកដីទាំងនេះត្រូវរំពឹងទុកថានឹងក្លាយជាផ្នែកមួយនៃប្រទេសកម្ពុជាជារៀងរហូត ហើយគ្មានសកម្មភាពអ្វីដែលប្រទេសថៃអាចធ្វើដើម្បីរារាំងអនាគតនេះបានឡើយ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្តាញសារព័ត៌មានកម្ពុជា



