ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្ហាញពីចេតនារបស់យោធាថៃដែលមិនអើពើនឹងច្បាប់មនុស្សធម៌អន្តរជាតិ ដែលរួមមានទាំងច្បាប់អន្តរជាតិសម្រាប់ការការពារជនស៊ីវិល និងការការពារបេតិភណ្ឌវប្បធម៌។
ជាងនេះទៅទៀត ការវាយប្រហារមកលើប្រាង្គប្រាសាទព្រះវិហារ គឺបានបង្ហាញអំពីការមិនគោរព និងភាពព្រងើយកន្តើយចំពោះសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ។ ប្រហែលជាអ្នកអាចចងចាំបានថា បន្ទាប់ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានទាមទារនូវឯករាជ្យភាពជូនជាតិមាតុភូមិ ព្រះអង្គបានទទួលនូវជ័យជម្នះតាមផ្លូវច្បាប់ ក្នុងការតស៊ូប្រឆាំងនឹងសកម្មភាពរបស់ថៃនៅតំបន់ប្រាសាទព្រះវិហារ ដែលរំលោភបំពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ព្រះរាជសកម្មភាពទាំងនេះ គឺមិនមែនជាព្រះរាជសកម្មភាពតូចតាចទេ ផ្ទុយទៅវិញ ព្រះរាជសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីជ័យជម្នះជាយុទ្ធសាស្ត្រ ដែលតាមបន្តលងបន្លាចថៃរហូតមកទល់សព្វថ្ងៃ ហើយព្រះរាជសកម្មភាពទាំងនេះមានចំណែកយ៉ាងសំខាន់ នឹងអាចជាហេតុផលមួយដែលយោធាថៃហាក់ដូចជាមានចេតនា និងគោលដៅក្នុងការវាយប្រហារតំបន់ប្រាសាទព្រះវិហារដោយប្រើប្រាស់កាំភ្លើងធំ, ដ្រូន (យន្តហោះគ្មានមនុស្សបើក) និងការទម្លាក់គ្រាប់បែកតាមអាកាសដោយប្រើប្រាស់យន្តហោះចម្បាំងប្រភេទF-16។
ជាចុងក្រោយ ការគាំទ្ររបស់រដ្ឋាភិបាលថៃចំពោះសកម្មភាពរបស់យោធាថៃ ដូចដែលបានពិពណ៌នាខាងលើ គឺបង្ហាញពីចេតនា និងការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការមិនគោរព និងមិនអើពើចំពោះកាតព្វកិច្ចដែលខ្លួនបានយល់ព្រមក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអាស៊ាន។ សរុបសេចក្តីមក ប្រទេសថៃបានប្រព្រឹត្តសកម្មភាពដែលរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុតជាច្រើនដង ហើយប្រទេសថៃត្រូវតែមានការទទួលខុសត្រូវចំពោះការប្រព្រឹត្តនូវសកម្មភាពទាំងនេះ ដើម្បីថែរក្សាសន្តិភាព និងធានាសន្តិសុខនៅក្នុងតំបន់ ទោះបីជាមិនមែនទទួលខុសត្រូវនៅថ្ងៃនេះក៏ដោយ ក៏ច្បាស់ណាស់ថានាពេលអនាគតដ៏ខ្លីខាងមុខ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្តាញសារព័ត៌មានកម្ពុជា



