ទូច ខេង ភេទស្រី អាយុ៦៥ឆ្នាំ កើតនៅក្នុងភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ ខេង រស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ខេង បាននិយាយរៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងកាត់នៅក្នុងជំនាន់ខ្មែរក្រហមថា៖ «កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី១២ របបសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតខ្លាំង ថែមទាំងជាក្មេងកំព្រា ទើបមិនអាចរៀនបានខ្ពង់ខ្ពស់ដូចក្មេងដទៃ។ ឪពុកម្ដាយខ្ញុំបានស្លាប់តាំងពីខ្ញុំនៅកុមារភាពមកម្ល៉េះ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំជាកូនទី៤ នៅក្នុងគ្រួសារ។ ដោយសារតែភាពកំព្រានេះហើយទើបខ្ញុំត្រូវរ៉ាប់រងធ្វើការងារជាច្រើន ដើម្បីរកប្រាក់កម្រៃមកផ្គត់ផ្គង់ការហូបចុកនៅក្នុងគ្រួសារ។
នៅក្នុងឆ្នាំ១៩៧២ ខ្ញុំបានចាកចេញពីភូមិ ដើម្បីបម្រើការជានីរសាររត់សំបុត្រនៅឃុំត្រពាំងក្រសាំង ក្នុងស្រុកបាទី។ ការងារប្រចាំថ្ងៃរបស់ខ្ញុំនៅពេលនោះ គឺត្រូវយកសំបុត្រទៅជូនប្រធានភូមិទាំងអស់ ដែលស្ថិតនៅក្នុងឃុំត្រពាំងក្រសាំង។ មេឃុំខ្ញុំឈ្មោះ ផេង គឺជាអ្នកនៅមើលការខុសត្រូវក្នុងឃុំទាំងមូល។ កាលណោះ ក្រុមនីរសាររត់សំបុត្រឃុំមានសមាជិកទាំងអស់ចំនួន៣នាក់ ដែលសុទ្ធតែជាស្រី។ ការងាររត់សំបុត្រនេះ គ្មានពេលឈប់សម្រាកពិតប្រាកដឡើយ។ នៅពេលមានសំបុត្រមកដល់ យើងត្រូវតែធ្វើកិច្ចការនោះភ្លាម ទោះបីជាពេលយប់ឬក៏ថ្ងៃ។ ក្រុមខ្ញុំទាំងបីនាក់ត្រូវតែយកទៅជូនប្រធានភូមិទាំងអស់ឱ្យទាន់ពេលវេលា។ ការធ្វើបែបនេះគឺជៀសវាងការខកខានឬយឺតយ៉ាវផ្នែកព័ត៌មាន ដែលមាននៅក្នុងសំបុត្រ ឬក៏មានការហៅប្រជុំអ្វីមួយ ដែលមេភូមិត្រូវតែទទួលដំណឹងឱ្យបានទាន់ពេលវេលា។
ខ្ញុំបានបម្រើការជានីរសារឃុំអស់រយៈពេល២ឆ្នាំ។ ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរទៅធ្វើនីរសារស្រុកវិញ។ នៅជំនាន់នោះ តាភឿងគឺជាចៅហ្វាយស្រុកបាទី។ នៅពេលដែលខ្ញុំប្ដូរមករត់សំបុត្រនៅស្រុក ខ្ញុំមានកង់សម្រាប់ធ្វើដំណើរ និងមានកាំភ្លើងមួយដើម ដើម្បីការពារខ្លួន។ ចំណែកឯការរត់សំបុត្រ ខ្ញុំត្រូវយកទៅប្រគល់ឱ្យតាមឃុំវិញ។ សំបុត្រភាគច្រើនត្រូវបែងចែកនៅពេលយប់។ ក្រុមនីរសាររត់សំបុត្រក៏បានបែងចែកគ្នាតាមទីតាំងឃុំ ដើម្បីធ្វើការ។ បើយើងធ្វើដំណើរទាំងអស់ៗគ្នាទៅគ្រប់ឃុំ សំបុត្រអាចនឹងមិនទាន់ពេល។ នីរសារទាំងអស់ត្រូវយកសំបុត្រទៅជូនមេឃុំឱ្យដល់ផ្ទះទាំងយប់ ប្រសិនបើមានមេឃុំណាមួយរូបមិនទទួលបានសំបុត្រ។ សាលាស្រុកនឹងបើកការប្រជុំ ដើម្បីណែនាំអំពីបញ្ហាដែលបង្កឱ្យមានការរាំងស្ទះ។ ខ្ញុំបានធ្វើការជានីរសារស្រុករហូតដល់ឆ្នាំ១៩៧៥។
បន្ទាប់ពីមានការជ្រើសរើសនារីៗ និងយុវជន ទៅខេត្តមណ្ឌលគិរី ខ្ញុំក៏ត្រូវបានចូលក្នុងអង្គភាព៩២០ដែរ។ ការធ្វើដំណើរទៅខេត្តមណ្ឌលគិរី មានការលំបាកខ្លាំង។ នៅជំនាន់នោះមិនទាន់មានផ្លូវធ្វើដំណើរស្រួលបួលនោះទេ។ កម្លាំងកងទ័ព រួមទាំងប្រជាជនបាននាំគ្នាយកឈើមកដាក់តម្រៀបនៅតាមផ្លូវដែលខូចៗ។ យើងធ្វើដំណើរម្ដងបន្តិចៗអស់រយៈពេល៦ខែ ទម្រាំតែធ្វើផ្លូវទៅដល់ខេត្តមណ្ឌលគិរី។
នៅឯខេត្តមណ្ឌលគិរី យុវជនយុវនារីទាំងអស់ត្រូវបានប្រើឱ្យធ្វើស្រែ និងប្រមូលផល។ ជំនាន់នោះ ប្រជាជនទាំងអស់បានចងខ្សែកាបឆ្លងទន្លេស្រែពក ដើម្បីជញ្ជូនសំណាបទៅស្ទូង ព្រោះមិនទាន់មានស្ពានឆ្លងនៅឡើយទេ។ ថ្ងៃមួយ កម្លាំងដែលបានទៅជញ្ជូនសំណាបតាមខ្សែកាប ក៏បានធ្លាក់ក្នុងទន្លេហូរទៅតាមទឹកស្លាប់អស់ចំនួន៣នាក់។ កំឡុងពេលខ្ញុំរស់នៅក្នុងអង្គភាព៩២០ ខ្ញុំមិនដែលទទួលបានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ រហូតទាល់តែខ្ញុំត្រូវបញ្ជូនទៅជួយធ្វើការនៅកង១០៥ ទើបខ្ញុំទទួលបានការហូបចុកគ្រប់គ្រាន់។ ការបញ្ជូនកម្លាំងកងទ័ព រួមទាំងយុវជនយុវនារីទៅកាន់ខេត្តមណ្ឌលគិរី គឺដោយសារតែតំបន់នោះសម្បូរបងប្អូនជនជាតិភាគតិច។ អង្គការមិនចង់ឱ្យមានការរើសអើងជាតិសាសន៍ ដោយបានបង្កើតឱ្យមានការរៀបការរវាងជនជាតិខ្មែរជាមួយជនជាតិព្នង ឬក៏ជនជាតិឡាវជាមួយព្នងជាដើម។ នៅក្នុងអង្គភាព១០៥ ខ្ញុំមានតួនាទីនេសាទ ដែលត្រូវរកត្រីផ្គត់ផ្គង់កងទ័ពសមរភូមិមុខ និងប្រជាជននៅធ្វើការតាមសហករណ៍។
រហូតដល់ឆ្នាំ១៩៧៩ វៀតណាមក៏បានវាយចូលមកដល់ទន្លេស្រែពក។ ខ្ញុំរួមទាំងប្រជាជនជាច្រើននាក់ទៀតបានរត់ភៀសខ្លួនចូលទៅរស់នៅក្នុងព្រៃ ជាមួយជនជាតិភាគតិចមួយរយៈធំ។ ក្នុងពេលរស់នៅក្នុងព្រៃ ខ្ញុំបានជួបទុក្ខលំបាកជាច្រើន។ ខ្ញុំមិនដែលបានបាយហូបឡើយ។ ខ្ញុំហូបតែមើមក្ដួច មើមដំឡូង ដើម្បីបំពេញក្រពះ។ ក្នុងពេលនោះ ប្រជាជនទាំងអស់ចាត់ទុកមើមក្ដួច និងដំឡូងថាជាបាយ។
រហូតដល់ឆ្នាំ១៩៨១ ខ្ញុំក៏បានធ្វើដំណើរមកកាន់ភ្នំដងរែក។ នៅពេលមកដល់ភ្នំដងរែកហើយ ប្រជាជនមួយចំនួនមិនចេះហូបបាយទេ ពីព្រោះធ្លាប់ហូបក្ដួច ដំឡូងនៅក្នុងព្រៃ។ យើងក៏ចាប់ផ្តើមទម្លាប់ហូបបាយវិញ។
នៅក្នុងឆ្នាំ១៩៨២ ខ្ញុំក៏បានរៀបការប្ដី ដែលធ្វើជាកងទ័ព។ ក្រោយពីខ្ញុំមានគ្រួសារ ខ្ញុំក៏បន្តរស់នៅលើភ្នំដងរែករហូតដល់មានការផ្សះផ្សារួបរួមគ្នានៅអន្លង់វែងក្នុងឆ្នាំ១៩៩៨ ទើបខ្ញុំចុះមករស់នៅក្នុងភូមិអូរជីក រហូតដល់បច្ចុប្បន្ន»។
អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



