ពិតជាមិនគួរឱ្យជឿ ដែលប្រទេសថៃហ៊ានធ្វើសង្រ្គាមឈ្លានពានជាលើកទី២ ទៅលើបូរណភាពទឹកដី ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពីព្រោះយើងទើបតែមានសន្តិភាពមកវិញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការមួយ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក។
នៅពេលដែលមានសង្គ្រាម ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរក្បែរសមរភូមិត្រូវបានខ្ទេចខ្ទាំភ្លាមៗ ហើយភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាជនក្លាយទៅជាតំបន់គ្រោះថ្នាក់។ ខណៈពេលដែលប្រជាជន កម្ពុជារាប់សែននាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះទៅរកតំបន់សុវត្ថិភាព កងទ័ពកម្ពុជាបានរត់ចូលទៅតំបន់សមរភូមិក្ដៅដើម្បីប្រយុទ្ធឈរជើងយ៉ាងរឹងមាំ ការពារបូរណភាពទឹកដីកម្ពុជា។ ក្នុងរយៈពេលនេះ ខ្ញុំនិងប្រជាជនដទៃទៀតដែលរស់នៅភូមិមួយក្បែរព្រំដែនកម្ពុជា-ឡាវ បានបន្តតាមដានស្ថានភាពសង្រ្គាម តាមប្រព័ន្ធផ្សព្វផ្សាយ និងស្ដាប់ឮសំឡេងផ្ទុះគ្រាប់បែកពីចម្ងាយ។ ខាងក្រោមនេះ គឺជាកំណត់ហេតុស្តីពីព្រឹត្តិការណ៍ទូទៅនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុងរយៈពេលសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើប្រទេសកម្ពុជា៖
ការប្រើយន្តហោះចម្បាំង F-16 វាយប្រហារលើកម្ពុជាសារជាថ្មី
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានអានការចុះផ្សាយអំពីយោធាថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ រហូតមកដល់ពេលនេះ យន្តហោះចម្បាំង F-16 បន្តទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោម លើដែនអធិបតេយ្យភាពកម្ពុជាដែលបណ្ដាលឱ្យមានប្រជាជនស្លូតត្រង់បាត់បង់ជីវិត និងបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរ សាលារៀន វត្តអារាម ផ្ទះ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ការទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោមយ៉ាងសន្ធឹករបស់យោធាថៃ បានរំឭកខ្ញុំអំពីសាច់រឿង និងការភ័យខ្លាចរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិអូរស្វាយ ពីការទម្លាក់គ្រាប់បែបនេះកាលពី៥០ឆ្នាំកន្លងទៅ។
ទន្លេមេគង្គគឺជាអ្នកនាំសារដ៏ស្ងៀមស្ងាត់អំពីសង្រ្គាម
ទោះបីក្នុងគ្រាមានសង្រ្គាម ខ្ញុំតែងតែអង្គុយមើលទេសភាពដ៏ស្រស់ត្រកាលនៃសុរិយាអស្ដង្គតលើផ្ទៃទឹកទន្លេមេគង្គនៅក្នុងភូមិខ្ញុំ ពីព្រោះពេលវេលានេះមិនមានទូកបើកបរលើផ្ទៃទឹកទន្លេ ហើយទឹកទនេ្លមេគង្គបានហូរយ៉ាងស្ងៀមស្ងាត់។ នៅក្នុងភាពស្ងៀមស្ងាត់នៃធម្មជាតិនេះ ទឹកទន្លេមេគង្គបាននាំយកនូវសំឡេងដ៏គួរឱ្យរន្ធត់មួយមកគឺសំឡេងផ្ទុះអាវុធពីចម្ងាយ និងសំឡេងប្រយុទ្ធគ្នាក្នុងសង្រ្គាមយ៉ាងក្តៅគគុកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សំឡេងផ្ទុះអាវុធខ្លាំងខ្លានៅក្នុងសមរភូមិនេះ មិនត្រឹមតែធ្វើឱ្យខ្ញុំនឹករឭកទៅដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងតែប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពាន ប៉ុន្តែថែមទាំងផ្ដល់សារដាស់តឿនដល់ប្រជាជនក្នុងភូមិខ្ញុំ និងសហគមន៍ផ្សេងទៀតនៅក្បែរទន្លេឱ្យដឹងពីគ្រោះថ្នាក់ដែលសង្រ្គាមអាចមកដល់ភូមិយើង។ ទន្លេមេគង្គគឺជាទីកន្លែងដែលបង្ហាញទេសភាពដ៏ស្រស់ស្អាតនាពេលសុរិយាអស្ដង្គតលើផ្ទៃទឹក និងជាអ្នកនាំសារដ៏ស្ងៀមស្ងាត់អំពីសង្រ្គាមដែលអាចឱ្យខ្ញុំនិងអ្នកភូមិផ្សេងទៀតអាចដឹងជាមុន អំពីគ្រោះថ្នាក់ដែលខិតជិតមកដល់។ ទន្លេមេគង្គក៏អាចជាការក្រើនរំឭកស្មារតីប្រុងប្រយ័ត្នដល់អ្នកភូមិដែលរស់នៅតាមមាត់ទឹកទន្លេឱ្យត្រៀមខ្លួនរួចរាល់ជាមុនថា៖ សង្គ្រាមមិនស្ថិតនៅទ្រឹងមួយកន្លែងនោះទេ គឺវានឹងហូរដូចទឹកទន្លេ រីករាលដាលពីទីកន្លែងមួយទៅទីកន្លែងមួយទៀត។
វីរកងទ័ពជួរមុខកម្ពុជា រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំទទួលបានដំណឹងពីពូ ពេជ្រ វៃ ដែលជាអ្នកបើកបរទូកចម្លងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែងថា កូនប្រុសរបស់គាត់ ឈ្មោះ លី ជាលិញ អាយុ២១ឆ្នាំ និងវីរកងទ័ពជួរមុខកម្ពុជាដែលរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យត្រូវបានបញ្ជូនទៅកាន់សមរភូមិមុខ ទិសត្រពាំងប្រាសាទ និងត្រៀមខ្លួនបន្តទៅកាន់គោលដៅប្រយុទ្ធការពារបូរណភាពទឹកដីក្នុងសមរភូមិដូចជា សមរភូមិភូមិជោគជ័យ សមរភូមិអូរបីជាន់ សមរភូមិបឹងត្រកួន និងសមរភូមិភូមិព្រៃចាន់។ ខណៈពេលដែលសមរភូមិមុខនៅតែបន្តក្ដៅ វីរកងទ័ពជួរមុខកម្ពុជា ជាលិញ និងមិត្តរួមអាវុធបានបង្ហាញ ឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធការពារទឹកដីកម្ពុជា។ ខ្ញុំសូមផ្ញើកម្លាំងចិត្តពីសមរភូមិក្រោយទៅកាន់វីរកងទ័ពជួរមុខកម្ពុជា។
ការពលីជីវិតរបស់វីរនគរបាលជួរមុខកម្ពុជា
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំនិងអ្នកភូមិអូរស្វាយ ទទួលបានដំណឹងដ៏រន្ធត់ថាពូ ឈន ឡងឌី វីរនគរបាលជួរមុខកម្ពុជានៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ បានពលីជីវិតនៅសមរភូមិមុខទិសមុំបី ខេត្តព្រះវិហារ។ អ្នកភូមិអូរស្វាយ និងខ្ញុំពិតជាសោយស្ដាយខ្លាំងណាស់ក្នុងការទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ប៉ុន្តែក៏មានមោទនភាពចំពោះវីរភាពនិងការលះបង់របស់គាត់ក្នុងនាមជាវីរនគរបាលជួរមុខកម្ពុជា។ ខ្ញុំសូមគោរពដឹងគុណនិងចងចាំអំពីវីរភាព និងការលះបង់ឈាមស្រស់ សាច់ស្រស់របស់គាត់ក្នុងការការពារបូរណភាព និងអធិបតេយ្យភាពកម្ពុជាយើង។
យោធាថៃបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលមកស៊ើបការណ៍ និងចារកម្ម នៅខេត្តស្ទឹងត្រែង
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបញ្ជូនយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចូលមកកាន់ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាដែនអធិបតេយ្យភាពកម្ពុជា។ បន្ទាប់ពីទទួលបានដំណឹងបែបនេះ ខ្ញុំនិងអ្នកភូមិផ្សេងទៀតបង្ហាញការព្រួយបារម្ភថាយោធាថៃអាចនឹងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម នៅភូមិសាស្រ្តនានាក្នុងស្រុក។ បន្ទាប់មកទៀត សមត្ថកិច្ច ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានរកឃើញ និងកំណត់អត្តសញ្ញាណភ្នាក់ងារចារកម្មរបស់យោធាថៃម្នាក់ដែលមានវត្ថុតាង ឯកសារក្រដាសព្រីនអំពីទីតាំងនានា ជាភាសាថៃច្រើនសន្លឹក។ ជនសង្ស័យនេះ បានធ្វើសកម្មភាពថតរូបនៅតាមទីតាំងយុទ្ធសាស្ត្រ និងទីតាំងសំខាន់ៗក្នុងក្រុងស្ទឹងត្រែង។ ដំណឹងដែលថាយោធាថៃបញ្ជូនយន្តហោះគ្មានមនុស្សបើកសម្រាប់ស៊ើបការណ៍ និងចារកម្ម មកកាន់ខេត្តស្ទឹងត្រែង បានបង្កើនការព្រួយបារម្ភបន្ថែមទៀតដល់អ្នកភូមិ។
ការរៀបចំសម្លៀកបំពាក់ សម្ភារ និងស្បៀងអាហារចាំបាច់ សម្រាប់ត្រៀមជម្លៀសក្នុងគ្រាអាសន្ន
ចន្លោះពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃ នៅតែបន្តមហិច្ឆតាឈ្លានពានប្រទេសកម្ពុជាហើយបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ទ្រង់ទ្រាយធំ និងមិនរើសគោលដៅរហូតដល់ភូមិសាស្រ្តក្នុងខេត្តសៀមរាប។ អ្នកភូមិបានរៀបចំវេចខ្ចប់សម្ភារ និងស្បៀងអាហារចាំបាច់ ដើម្បីត្រៀមលក្ខណៈក្នុងគ្រាអាសន្ន។ ចំណែកអ្នកភូមិអូរស្វាយមួយចំនួន ដែលមានសាច់ញាតិឬអ្នកស្គាល់គ្នារស់នៅប្រទេសឡាវ ត្រៀមរត់ភៀសខ្លួនចូលទៅកាន់ប្រទេសឡាវ ហើយប្រជាជនខ្លះទៀត ត្រៀមរត់ភៀសខ្លួនទៅតំបន់សុវត្ថិភាពតាមការណែនាំនិងរៀបចំរបស់អាជ្ញាធរ។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







