នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចំនួន១៨នាក់ ក្នុងនោះមានស្រីចំនួន១៤នាក់ មកធ្វើទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សឱ្យលើកជាសំណួរ និងស្តាប់រឿងរ៉ាវយាយតា ព្រមទាំងឪពុកម្តាយរបស់ខ្លួនដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ មួយវិញទៀត គឺជំរុញឱ្យសិស្សានុសិស្សចេះថែរក្សាកេរដំណែលដូនតាដែលបានបន្សល់ទុក និងជួយទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យមានកើតឡើងវិញ ហើយនាំគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរុងរឿង។
ជាកិច្ចចាប់ផ្តើមបុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម វី ស៊ីថា ដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍រូបថត និងផ្ទាំងគំនូរពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០ ដែលតាំងបង្ហាញនៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ស៊ីថា បង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ស៊ីថា បានរៀបរាប់ថា កោះថ្ម គឺជាទីតាំងប្រវត្តិសាស្ត្រនៃដំណើរផ្សងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន។ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអតីតបញ្ជាការដ្ឋានកងវរសេនាធំ តំបន់២១ ដែលនៅពេលនោះសម្តេចតេជោ ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួនរូប គឺ នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមធ្វើដំណើរភៀសខ្លួនទៅវៀតណាមដើម្បីស្វែងរកការជួយឧបត្ថម្ភគាំទ្រក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បន្ទាប់មកលោក ឈុំ រ៉ា លើកឡើងពីការផ្ទុះអាវុធដាក់គ្នារវាងកងម្លាំងខ្មែរក្រហម និងកងកម្លាំងវៀតណាម នៅទន្លេចាមព្រំដែនកម្ពុជា និងវៀតណាម ដែលស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ នៅចន្លោះឆ្នាំ១៩៧៦-១៩៧៧ កងកម្លាំងចំនួនពីរក្រុមត្រូវបានបញ្ជូនមកពីស្រុកត្រមូង (បច្ចុប្បន្ន ស្រុកមេមត់) និងតំបន់២១ ដើម្បីការពារសន្តិសុខតាមព្រំដែនកម្ពុជានិងវៀតណាមនៅទន្លេចាម រហូតមានការផ្ទុះអាវុធដាក់គ្នា បណ្តាលឱ្យស្លាប់និងរបួសកងទ័ពទាំងសងខាង។ ចំណែកប្រជាជនរស់នៅជាប់ព្រំដែនត្រូវបានជម្លៀសចេញមករកទីតាំងសុវត្ថិភាព។
នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សក៏បានស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់រស់នៅតំបន់ទន្លេចាមព្រំដែនកម្ពុជា និងវៀតណាម ដូចខាងក្រោម៖
មេ ញ៉េ ភេទប្រុស អាយុ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបរាប់ថា ៖ នៅដើមឆ្នាំ១៩៧៦ អង្គការបញ្ជូនកងទ័ពស្រុកត្រមូង និងកងទ័ពតំបន់២១ ទៅពង្រាយកម្លាំងនៅតាម ព្រំដែនកម្ពុជា និងវៀតណាម ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព។ អំឡុងឆ្នាំ១៩៧៦ មានការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងវៀតណាម នៅតំបន់ទន្លេចាម ជាពិសេសឃុំជាំក្រវៀនដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម បង្កឱ្យមានមនុស្សស្លាប់និងរបួសទាំងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងវៀតណាម។ កងកម្លាំងខ្មែរប្រហមវាយចូលខាងកើតទន្លេចាមប្រមាណបីគីឡូម៉ែត្រ ហើយឈរជើងនៅទីនោះរហូតទ័ពមជ្ឈិមចូលមកដល់។ នៅឆ្នាំ១៩៧៧ កងទ័ពមជ្ឈិមចូលមកដល់ភូមិសាទុំ រកអ្នកពាក់ព័ន្ធនិងក្បត់អង្គការ រួមមាន មេភូមិ គណៈឃុំ គណៈស្រុក ឬអ្នកជាប់និន្នាការនយោបាយ និងអ្នកមានសមាជិកគ្រួសារជាអតីតទាហាន លន់ នល់។ ខ្ញុំ និងឈ្មោះ ម៉ាក្លឹក ត្រូវខ្មែរក្រហមចោទថាជាប់ខ្សែក្បត់ ហើយរកចាប់ខ្លួន។ ប៉ុន្តែខ្ញុំបានដឹងព័ត៌មានមុនក៏រត់គេចខ្លួនចេញពីភូមិសាទុំ និងបានហែកឯកសារទាក់ទងផែនការធ្វើកសិកម្មនៅក្នុងអង្គភាពដែលខ្ញុំធ្លាប់ធ្វើការចោល ដើម្បីកុំឱ្យខ្សែក្រហមស្រាវជ្រាវរកខ្ញុំឃើញ។
ឃ្លោក រស់ ភេទប្រុស អាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបរាប់ថា ៖ ពីដើមទន្លេចាមមានត្រីច្រើនណាស់។ ប្រជាជនរស់នៅក្នុងភូមិផ្សេងៗតែងតែមករកត្រីក្នុងទន្លេចាមដើម្បីយកទៅធ្វើម្ហូប។ ចំពោះការបែងចែកការគ្រប់គ្រងទន្លេចាមនេះ តាមខ្ញុំឮពីឪពុកម្ដាយខ្ញុំធ្លាប់បានប្រាប់ថា បាំរាំងបានបោះបង្គោលនៅកណ្ដាលទន្លេចាម ដោយម្ខាងខ្មែរជាអ្នកគ្រប់គ្រង និងម្ខាងទៀតវៀតណាមគ្រប់គ្រង ប៉ុន្តែប្រជាជនទាំងសងខាងអាចចេញចូលរកស៊ីបានធម្មតាពុំដែលមានបញ្ហាអ្វីឡើយ។ នៅរដូវប្រាំង ទន្លេចាមមិនសូវមានទឹកទេ ប៉ុន្តែខែវស្សាទឹកជន់ខ្លាំងណាស់ ហើយកម្លាំងទឹកហូរបណ្តាលឱ្យរលើងគុម្ពឫស្សីទាំងគុម្ព។ នៅពេលខ្មែរក្រហមចូលមកដល់ ខ្មែរក្រហមចាប់ផ្តើមប្រមូលប្រជាជនក្នុងភូមិសាទុំធ្វើស្រែប្រវាស់ដៃគ្នា។
ក្រោយមក ខ្មែរក្រហមចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិឯកជននៅតាមផ្ទះប្រជាជនទាំងអស់មកដាក់ឃ្លាំងរួម និងបែងចែកកម្លាំងប្រជាជនឱ្យធ្វើការងារតាមក្រុម។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ចូលទៅក្នុងកងភ្ជួរស្រែមានសមាជិក១០នាក់ និងមានប្រធានក្រុមឈ្មោះ យោង។ ប្រពន្ធខ្ញុំនៅក្នុងក្រុមធ្វើចម្ការ។ ចំណែកកូនស្រីខ្ញុំទាំង៣នាក់ យកទៅផ្ញើជាមួយកងយាយៗ ដែលខ្មែរក្រហមចាត់តាំងឱ្យមើលថែកុមារ។ នៅក្នុងភូមិសាទុំ ប្រជាជនបានហូបបាយក្នុងមួយថ្ងៃ២ពេល គឺពេលថ្ងៃ និងពេលល្ងាច។ ចុងភៅចែកបាយឱ្យខ្ញុំហូបជាមួយសម្លរម្ជូរត្រកួន និងសម្លប្រហើរ។ នៅសម័យនោះ ខ្មែរក្រហមចែកចានគោម និងស្លាបព្រាឱ្យកងចល័តមួយទុកតាមខ្លួន។ កុមារនៅក្នុងភូមិមិនបានរៀនសូត្រទេ ព្រោះខ្មែរក្រហមប្រើឱ្យធ្វើជីទុកដាក់ដំណាំ។
ចុងក្រោយនៃដំណើរទស្សនកិច្ច ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចាក់បញ្ចាំងភាពយន្តមានចំណងជើង «កុំស្មានបងភ្លេច» ជូនសិស្សានុសិស្សទស្សនា។ បន្ទាប់ពីទស្សនាខ្មែរភាពយន្តឯកសារនេះចប់ សិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំបាទឈ្មោះ ផុន ពេជ្រ គឺជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះថ្ម។ ខ្ញុំមានអារម្មណ៍ថា ត្រេកអរនិងរំភើប ដោយសារខ្ញុំបានមើលកុនឯកសារ។ ខ្ញុំចូលចិត្តមើលកុនឯកសារប្រវត្តិសាស្រ្ត។ ម៉្យាងទៀតខ្ញុំចាប់អារម្មណ៍ផ្ទាំងគំនូរជាច្រើនដាក់តាំងបង្ហាញក្នុងមជ្ឈមណ្ឌលកោះថ្ម។ ខ្ញុំមិនដឹងថាទីនេះមានការដាក់តាំងបង្ហាញរូបថតប្រវត្តិសាស្រ្តពីមុនមកទេ។
នាងខ្ញុំឈ្មោះ សាន សុភី គឺជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម។ ក្រោយពេលខ្ញុំបានទស្សនាភាពយន្តឯកសារ «កុំស្មានបងភ្លេច» រួច ខ្ញុំគិតថាភាពយន្តនេះមានការលាយបញ្ចូលគ្នារវាងតន្តី្រ និងប្រវត្តិសាស្ត្រ បង្កើតឱ្យមានការចាប់អារម្មណ៍ខ្លាំងសម្រាប់រូបខ្ញុំ។ ចំពោះផ្ទាំងគំនូរពិព័រណ៍ ខ្ញុំចាប់អារម្មណ៍ទៅលើចំណុចមួយដែលសម្ដេច ហ៊ុន សែន និងសមមិត្តទាំង៤រូបហូបបាយមួយឆ្នាំងលេខ១០អស់។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា













