វត្តភ្នំចចក ស្ថិតនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាសសព្វថ្ងៃ គឺជាអតីតមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សជំនាន់ខ្មែរក្រហម។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់ឈ្មោះ ឯក ម៉ាន អាយុ៦៧ឆ្នាំ រស់នៅភូមិក្រាំងចំរើន និងសាក្សីជាអ្នកបម្រើការងារជាជាងម៉ាស៊ីនក្នុងរបបខ្មែរក្រហមម្នាក់ទៀតឈ្មោះ អ៊ួង លន់ អាយុ៦៦ឆ្នាំ រស់នៅភូមិច្រនៀងខ្ពស់ បានរៀបរាប់ដូចគ្នាថា ខ្មែរក្រហមបានប្រើប្រាស់បរិវេណដីស្ថិតនៅខាងកើតជាប់នឹងព្រះវិហារវត្តនេះ ធ្វើជាទីកន្លែងសម្លាប់មនុស្ស។ ចំណែកឯព្រះវិហារ និងចេតិយមួយនៃវត្តនេះ ត្រូវខ្មែរក្រហមប្រើប្រាស់ជាមន្ទីរឃុំឃាំងអ្នកទោសធ្ងន់ និងស្រាល ដែលចាប់យកមកពីក្នុងឃុំតាំងយ៉ាប និងពីស្រុកបាទី។ សាក្សីទាំងពីរ បានប្រាប់ទៀតថា អ្នកទោសភាគច្រើនគឺជាប្រជាជនជម្លៀស ហើយអ្នកទោសខ្លះទៀតគឺជាប្រជាជនមូលដ្ឋានដែលមានសាច់ញាតិបងប្អូនធ្លាប់ធ្វើការនៅក្នុងរបប លន់ នល់។ អ្នកទោសទាំងអស់ត្រូវបានដឹកតាមរទេះគោនៅពេលល្ងាច និងពេលយប់ស្ទើររាល់ថ្ងៃ ចូលមកកាន់មន្ទីរសន្តិសុខ ហើយមិនយូរប៉ុន្មានអ្នកទោសទាំងនោះត្រូវកងឈ្លបនាំយកទៅសម្លាប់នៅក្នុងរណ្តៅវែងៗ មានទំហំទទឹង២ម៉ែត្រ និងបណ្តាយជាង៥០ម៉ែត្រ ស្ថិតនៅភាគខាងកើតព្រះវិហារ។ បើតាម អ៊ួង លន់ ការសម្លាប់បានកើតមានឡើងច្រើនលើកច្រើនសារ ហើយរាល់ពេលសម្លាប់ម្តងៗ កងឈ្លបតែងតែចាក់មីក្រូបន្លឺឡើងយ៉ាងទ្រហឹងអឹងកង។ អ៊ួង លន់ បានបន្តថា គាត់បានស្តាប់ឮចម្រៀងបដិវត្តន៍បន្លឺឡើងតាមមីក្រូ ដែលចងភ្ជាប់នឹងដើមឈើស្ទើររាល់ថ្ងៃ ហើយនៅពេលដែលស្ងាត់សំឡេងចម្រៀង គាត់ឧស្សាហ៍ឮសំឡេងស្រែកចេញពីក្នុងចេតិយមួយស្ថិតនៅភាគខាងជើងព្រះវិហារ។ ឯក ម៉ាន បច្ចុប្បន្នគឺជាប្រជាការពារភូមិក្រាំងចំរើន ឃុំតាំងយ៉ាប បាននិយាយថា គាត់បានអង្គុយមើលការសម្លាប់មនុស្សចំនួន១០នាក់ដោយផ្ទាល់ភ្នែក បន្ទាប់ពីមេភូមិឈ្មោះ សឿន បាននាំគាត់ឱ្យមកកាន់មន្ទីរកងឈ្លប ដែលស្ថិតនៅជាប់នឹងមន្ទីរឃុំឃាំងកាលពីចុងឆ្នាំ១៩៧៧។ ម៉ាន បានបង្ហាញពីហេតុការណ៍សម្លាប់មនុស្សនេះថា មុនដំបូងកងឈ្លបបណ្តើរអ្នកទោសដែលមានចងស្លាបសេកចំនួនពីរនាក់ មកកាន់កន្លែងសួរចម្លើយដែលស្ថិតនៅជាប់នឹងរណ្តៅវែងៗទាំងពីរ។ បន្ទាប់មកអ្នកទោសទាំងពីរនាក់ត្រូវកងឈ្លបវាយកញ្ចឹងកនឹងដែកភ្លៅរទេះ។ មុននឹងកងឈ្លបទាំងពីរនាក់លើកសាកសពបោះចូលទៅក្នុងរណ្តៅ ពួកគេបានដោះសម្លៀកបំពាក់អ្នកទោសចេញ រួចយកកាំបិតមកអារក វះពោះ និងកាត់ប្រម៉ាត់របស់អ្នកទោសចេញពីរាងកាយ។ ម៉ាន បានបន្តថា គាត់ឃើញសកម្មភាពដូចៗគ្នានេះ ចំនួន៥ដង ក្នុងរយៈពេលប្រហែល១០នាទី។ ម៉ាន និយាយទៀតថា អ្នកសួរចម្លើយឈ្មោះ ធុល ដែលកំពុងអង្គុយលើប៉ៅអីសួរចម្លើយអ្នកទោស បានសម្លឹងមកគាត់ ខណៈដែលមេឃុំឈ្មោះ តាហុល បានដើរមកដល់ ហើយដេញគាត់ឱ្យចាកចេញពីបរិវេណវត្តត្រឡប់ទៅធ្វើការនៅក្នុងកងចល័តវិញ។
ក្រោយឆ្នាំ១៩៧៩ អ៊ួង លន់ បានមកកាន់បរិវេណវត្តម្តងទៀតជាមួយអ្នកភូមិជាច្រើននាក់។ គាត់បានដឹងកាន់តែច្បាស់ថែមទៀតចំពោះរឿងរ៉ាវដែលបានកើតឡើងកាលពីឆ្នាំ១៩៧៨។ អ្វីដែល អ៊ួង លន់ បានដឹង និងស្តាប់ឮកាលពីគាត់នៅធ្វើការជាជាងជួសជុលម៉ាស៊ីន បានធ្វើឱ្យគាត់នឹកឃើញឡើងវិញ និងប្រាកដក្នុងចិត្តថា ខ្មែរក្រហមពិតជាបានឃុំឃាំង និងសម្លាប់មនុស្សជាច្រើននាក់នៅក្នុងបរិវេណវត្តភ្នំចចកមែន។ លន់ បានរកឃើញខ្នោះចំនួន២០គូរ និងរបារដែក២ នៅក្នុងចេតិយមួយដែលគាត់ធ្លាប់បានគិត និងសន្និដ្ឋានថា គឺជាទីតាំងដែលសំឡេងស្រែករបស់អ្នកទោសបន្លឺឡើង។ លន់ ក៏បានឡើងទៅកាន់ព្រះវិហារដែលស្ថិតនៅលើដីទួលខ្ពស់ចំកណ្តាលបរិវេណវត្តភ្នំចចក និងបានឃើញខ្នោះជើងប្រហែល១០០គីឡូក្រាម និងដែកភ្លៅរទេះមួយចំនួនស្ថិតនៅក្នុងបល្ល័ង្កព្រះដ៏ធំមួយ ព្រមទាំងបានឃើញមានដែករនុកជាច្រើនទៀតនៅក្នុងបរិវេណព្រះវិហារ។ លន់ បានសន្មត់ថាខ្មែរក្រហមបានឃុំឃាំងអ្នកទោសជាច្រើននាក់នៅក្នុងព្រះវិហារ។ នៅខាងកើតព្រះវិហារ លន់ បានរកឃើញមានរណ្តៅសាកសពចំនួន២ មានទំហំទទឹងប្រហែល២ម៉ែត្រ និងបណ្តោយជាង៥០ម៉ែត្រលាតសន្ធឹងពីទិសខាងជើងទៅទិសខាងត្បូង។ លន់ បានប្រាប់ទៀតថា រណ្តៅទាំងពីរ ពុំត្រូវបានគាស់កកាយឡើយ ហើយសាកសពដែលត្រូវបានសម្លាប់ដាក់នៅក្នុងរណ្តៅទាំងពីរនេះ ដែល លន់ បានប៉ាន់ស្មានថាមានចំនួនពី ៥០០ ទៅ ៦០០នាក់ ក៏ពុំត្រូវបានរំខានដែរ។ សព្វថ្ងៃនេះ រណ្តៅទាំងពីរត្រូវគ្របពីលើដោយចេតិយជាច្រើនដង្ហែគ្នា និងខឿនបេតុងក្រាស់ៗដែលត្រូវបានសាងសង់ឡើងជាខឿនរបងព្រះវិហារ។ នៅចំចន្លោះកណ្តាលរណ្តៅទាំងពីរ គឺផ្លូវដើរមួយខ្សែធ្វើពីបេតុង ដែលតភ្ជាប់ពីខ្លោងទ្វារចូលវត្ត រហូតដល់ស្រះទឹកដ៏ស្រស់ស្អាតមួយ និងបន្តដល់សាលាឆាន់ចាស់មួយទៀតដែលជាអតីតរោងសិប្បកម្មរបស់ខ្មែរក្រហម។
ឯក ម៉ាន ថ្វីត្បិតតែគាត់រស់នៅជិតវត្តភ្នំចចក និងធ្លាប់បានចេញចូលវត្តនេះក៏ដោយ ក៏គាត់មិនដែលចូលទៅកាន់អតីតបរិវេណសម្លាប់មនុស្សនេះដែរ ក្រោយរបបខ្មែរក្រហមទទួលបរាជ័យនៅដើមឆ្នាំ១៩៧៩មក។ ម៉ាន បានប្រាប់ថា គាត់មិនចូលទៅកាន់ទីនោះដោយសារតែគាត់នៅមានការភ័យខ្លាចនៅឡើយ។ ទើបតែនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលគាត់បានមកកាន់ទីនោះ ដើម្បីចង្អុលបង្ហាញប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ពីទីកន្លែងសម្លាប់មនុស្ស ទីកន្លែងដែលគាត់អង្គុយមើលខ្មែរក្រហមសម្លាប់មនុស្ស និងពីទីតាំងរណ្តៅ។
គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយរាប់បញ្ចូលទាំងកិច្ចការស្រាវជ្រាវទីតាំងប្រល័យពូជសាសន៍នៅវត្តភ្នំចចកនាពេលថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញទីតាំងសម្លាប់មនុស្សចំនួន ៣៩១ ទីតាំង និងទីតាំងមន្ទីរសន្តិសុខខ្មែរក្រហមចំនួន ១៩៨ ទីតាំង។ ទីតាំងប្រល័យពូជសាសន៍ទី ៣៩១ នេះ ក៏ជាផ្នែកមួយនៃការចូលរួមយ៉ាងសកម្មក្នុងការបោសសម្អាតខ្មាំងរបស់អង្គការ ហើយអ្នកស្លាប់ទាំងជាង៥០០នាក់ ក៏ជាចំណែកមួយនៃតួលេខអ្នកស្លាប់ជាងពីរលាននាក់ដែរ។
ឯក ម៉ាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ឯក ម៉ាន អាយុ៦៧ឆ្នាំ គឺជាអតីតកងចល័តឃុំតាំងយ៉ាបក្នុងរបបខ្មែរក្រហម និងបច្ចុប្បន្នជាប្រជាការពារភូមិក្រាំងចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរៀបរាប់ហេតុការណ៍មើលឃើញផ្ទាល់ភ្នែក ពីការសម្លាប់មនុស្សចំនួន១០នាក់នៅក្នុងបរិវេណវត្តភ្នំចចក ភាគខាងកើតព្រះវិហារ កាលពីចុងឆ្នាំ១៩៧៧៖«កាលពីជំនាន់ខ្មែរក្រហម ខ្ញុំមានអាយុ១៧ឆ្នាំ។ ខ្ញុំភ្លេចឆ្នាំ តែខ្ទង់ប្រហែលជាពាក់កណ្តាលរបបខ្មែរក្រហម ខ្ញុំត្រូវកម្មាភិបាលចាត់តាំងឱ្យចេញពីភូមិកំណើតខ្ញុំនៅភូមិក្រាំងចំរើន ទៅធ្វើការនៅក្នុងកងចល័តភាគស្រុកអង្គរបុរី។ ខ្ញុំទៅធ្វើការមិនទាន់បានប៉ុន្មានខែផង ខ្ញុំទទួលដំណឹងថាឪពុកម្តាយខ្ញុំត្រូវអង្គការស្នើផ្លាស់ប្តូរទីលំនៅទៅភូមិក្រាំងអំពិល ក្នុងឃុំតាំងយ៉ាបដែរ។ ខ្ញុំឮដូច្នេះ ខ្ញុំបានលួចរត់មកតាមរកម្តាយឪពុកនៅក្រាំងអំពិល។ ដោយមូលហេតុខ្ញុំឈឺច្រើន និងអត់មានអីហូបក្នុងពេលដែលខ្ញុំធ្វើការនៅក្នុងកងចល័តភាគ ខ្ញុំសម្រេចចិត្តរត់ជាមួយបងៗមកកាន់ស្រុកកំណើតវិញ។ យើងបានរត់ចេញពីកងនៅវេលាម៉ោងប្រហែល៩យប់ ពេលដែលប្រធានកងនិងអ្នកផ្សេងទៀតដេកលក់អស់។ យើងបានកេះគ្នាស្ងាត់ៗ ហើយងើបចេញពីកន្លែងដេកម្តងម្នាក់ៗលួចចេញពីកង។ នៅតាមផ្លូវកាត់ព្រៃកាត់បឹង ខ្ញុំមិនមានអាហារហូបទេ ក្រៅពីផ្លែព្រីង។ ខ្ញុំក្អួតផង រាគផង មិនអាចធ្វើដំណើរបានលឿនរហ័សដូចបងៗឡើយ។ ខ្ញុំត្រូវដេកផ្លូវមួយយប់ ទម្រាំតែមកដល់ផ្ទះ។ ពេលខ្ញុំមកដល់ស្រុកកំណើត អ្នកភូមិបានប្រាប់ខ្ញុំថា ឪពុកម្តាយខ្ញុំត្រូវខ្មែរក្រហមបញ្ជូនទៅក្រាំងអំពិលហើយ។ ខ្ញុំឮដូច្នេះ ខ្ញុំបានតាមរកឪពុកម្តាយខ្ញុំដល់ភូមិក្រាំងអំពិលទៀត។ ប្រធានភូមិក្រាំងអំពិលឈ្មោះ តាសឿន បានឃាត់ខ្ញុំសួរនាំ និងឱ្យខ្ញុំហូបបបរមួយពេល។ ក្រោយពីហូបបបររួច តាសឿន បានប្រាប់ខ្ញុំថា៖ «ល្ងាចហើយ! អ្ហែងទៅភូមិអ្ហែងវិញក៏មិនទាន់ដែរ! ចាំអញនាំអ្ហែងទៅមន្ទីរកងឈ្លបដើម្បីសម្រាក ហើយស្អែកឡើងគេនឹងជូនអ្ហែងទៅអង្គភាពអ្ហែងវិញ»។ នៅប្រហែលម៉ោងជាង៤ល្ងាច តាសឿន បាននាំខ្ញុំមកកាន់កន្លែងកងឈ្លបនៅក្នុងបរិវេណវត្តភ្នំចចក។ តាសឿន កាន់កាំបិតផ្គាក់វែងមួយបណ្តើរខ្ញុំមកកាន់វត្តភ្នំចចក។ គ្រាន់តែចូលមកដល់ខ្លោងទ្វារវត្តភ្លាម ខ្ញុំមានអារម្មណ៍ប្លែក ព្រោះខ្ញុំសង្កេតឃើញមានកងឈ្លបនៅយាមតាមផ្លូវហូរហែ។ ដើរចូលវត្តបានបន្តិច ខ្ញុំឃើញក្រុមជាងម៉ាស៊ីនប៉ុន្មាននាក់កំពុងធ្វើម៉ាស៊ីននៅប៉ែកខាងលិចវត្ត ហើយខ្ញុំក៏បានឮសូរសំឡេងចម្រៀងបដិវត្តន៍តាមមីក្រូចេញពីព្រៃប៉ែកខាងកើតវត្ត។ ខ្ញុំស្ពាយសាក់កាដូ ដើរតាម តាសឿន រហូតមកដល់មន្ទីរកងឈ្លប។ កាលនោះ បរិវេណវត្តភ្នំចចកមានសុទ្ធតែព្រៃក្រាស់ៗ និងដើមឈើធំៗ។ តាសឿន បានចង្អុលប្រាប់ខ្ញុំឱ្យទៅអង្គុយនៅលើខឿនថ្មមួយក្បែរមន្ទីរ ហើយគាត់បានដើរចេញទៅវិញបាត់។ ខ្ញុំបានអង្គុយតាមការប្រាប់របស់ តាសឿន។ ខ្ញុំអង្គុយឱបសាក់កាដូរបស់ខ្ញុំនៅលើខឿនថ្ម និងក្រឡេកមើលឆ្វេងស្តាំ។ ខ្ញុំបានមើលឃើញសកម្មភាពកងឈ្លបសម្លាប់មនុស្សផ្ទាល់នឹងភ្នែក។ ខ្ញុំភ័យណាស់ និងតក់ស្លុតជាខ្លាំង ព្រោះខ្ញុំមិនដែលឃើញទិដ្ឋភាពនេះពីមុនមកទេ។ ខ្ញុំមិនហ៊ានរើខ្លួនឡើយ។ កម្មាភិបាលកងឈ្លបដែលទំនងជាមេគេ បានសម្លឹងមកខ្ញុំទាំងដែលគាត់កំពុងសួរចម្លើយអ្នកទោសមុនពេលសម្លាប់។ ខ្ញុំពុំហ៊ានសម្លឹងមើលមុខគាត់យូរទេ! ខ្ញុំបែរមុខចេញ និងលួចពិនិត្យមើលកងឈ្លបទាំងនោះក្រែងលោខ្ញុំធ្លាប់ស្គាល់។ ប៉ុន្តែខ្ញុំមិនបានស្គាល់នរណាម្នាក់ឡើយ។ ត្រឹមតែរយៈពេលប្រហែល១០នាទី ខ្ញុំបានមើលឃើញកងឈ្លបសម្លាប់អ្នកទោសចំនួន១០នាក់ ទម្លាក់ចូលក្នុងរណ្តៅ។ មុនដំបូងអ្នកទោសត្រូវចងស្លាបសេកជាមុនសិន។ បន្ទាប់មក កងឈ្លបបានទៅបណ្តើរអ្នកទោសពីរនាក់មកកាន់ទីតាំងសម្លាប់ដើម្បីសួរចម្លើយមុននឹងសម្លាប់។ អ្នកសួរចម្លើយឈ្មោះ តាធុល កំពុងអង្គុយនៅលើប៉ៅអ៊ីមួយស្ថិតនៅចន្លោះរណ្តៅវែងៗចំនួនពីរ។ នៅចម្ងាយប្រហែល២ម៉ែត្រពីអ្នកសួរចម្លើយ អ្នកទោសត្រូវលត់ជង្គង់ និងស្តាប់សំណួររបស់អ្នកសួរ។ ចំណែកអ្នកសម្លាប់ពីរនាក់ គឺឈរកាន់ភ្លៅរទេះនៅក្បែរអ្នកទោស។ ខ្ញុំស្តាប់ឮច្បាស់ណាស់! គេសួរតែមួយសំណួរទេគឺ «ហេតុអ្វីបានជាក្បត់អង្គការ?» អ្នកទោសមិនទាន់ឆ្លើយផង កងឈ្លបពីរនាក់នៅសងខាងអ្នកទោស ចាប់ផ្តើមវាយកញ្ចឹងកអ្នកទោសនឹងភ្លៅរទេះ។ ពេលអ្នកទោសដួលទៅលើដី កងឈ្លបទាំងពីរនាក់ចាប់ផ្តើមដោះខោអាវអ្នកទោសទុក ហើយយកកាំបិតមកអារក និងវះពោះអ្នកទោស រួចកាត់យកប្រម៉ាត់ចេញពីខ្លួន។ ខ្ញុំមើលឃើញប្រម៉ាត់មនុស្សច្រើនណាស់ចងភ្ជួរហាលនៅលើខ្សែដែលចងពីដើមឈើមួយទៅដើមឈើមួយទៀត។ បន្ទាប់ពីកាត់ប្រម៉ាត់រួច កងឈ្លបលើកសាកសពបោះចូលទៅក្នុងរណ្តៅដែលស្ថិតនៅសងខាងកន្លែងសម្លាប់។ រណ្តៅដែលខ្ញុំបានឃើញមានតែពីរប៉ុណ្ណោះ ប៉ុន្តែជារណ្តៅដែលវែងមានប្រវែងប្រហែលជាង៥០ម៉ែត្រ និងមានទទឹងខ្លីត្រឹមតែ២ម៉ែត្រ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ខ្ញុំបានឃើញហេតុការណ៍សម្លាប់មនុស្សចំនួន៥គូ ដោយធ្វើឡើងតាមលំនាំដូចៗគ្នាគឺ សួរចម្លើយ វាយនឹងភ្លៅរទេះ ដោះសម្លៀកបំពាក់ អារក វះពោះកាត់ប្រម៉ាត់ និងទម្លាក់សាកសពចូលទៅក្នុងរណ្តៅ។ នៅពេលនោះខ្ញុំហាក់ដូចជាទន់ដៃជើងអស់រលីង! ហើយនឹកគិតក្នុងចិត្តថា បន្តិចទៀតខ្ញុំនឹងត្រូវកងឈ្លបមកហៅយកទៅសម្លាប់ដូចអ្នកទោសមុនៗជាក់ជាមិនខាន។ ប៉ុន្តែបន្តិចក្រោយមក ខ្ញុំបានឮសូរសំឡេងស្រែកហៅពីចម្ងាយ។ តាហុល គឺជាប្រធានឃុំតាំងយ៉ាប ដែលធ្លាប់ស្គាល់គ្នាជាមួយនឹងឪពុកខ្ញុំ បានដើរចូលមករកខ្ញុំ និងបានស្រែកសួរខ្ញុំពីចម្ងាយថា៖ «អ្ហែងកូនរបស់ តាម៉ូ មែន?» ខ្ញុំឆ្លើយថា៖ «បាទ»។ គាត់ថា៖ «អ្ហែងនៅហ្នឹងអត់បានទេ! ទៅកងចល័តវិញទៅ!»។ គាត់ក៏មកដល់ក្បែរខ្ញុំ ហើយប្រាប់ឱ្យខ្ញុំចាកចេញពីបរិវេណវត្តភ្លាម។ គាត់បានផ្តាំខ្ញុំថា៖ «អ្ហែងត្រូវទៅធ្វើការនៅក្នុងកងចល័តឃុំយើងនេះហើយ មិនបាច់ទៅកងចល័តភាគវិញទេ»។ ខ្ញុំបានចាកចេញពីគាត់ទាំងនៅភិតភ័យនៅឡើយនៅវេលាម៉ោងជាង៥ល្ងាច។ ពេលដើរចេញក្រៅ ខ្ញុំឃើញឈ្លបដឹកមនុស្សមកបីបួនរទេះគោទៀត ចូលតាមច្រកខ្លោងទ្វារដែលខ្ញុំចូលជាមួយ តាសឿន ហើយឃើញបត់ចូលទៅកាន់រោងមួយ។ ខ្ញុំគិតថា អ្នកទោសទាំងនេះប្រាកដជាស្លាប់នៅយប់នេះមិនខាន។ ពេលដែលខ្ញុំដើរមកជិតដល់ខ្លោងទ្វារវត្ត ខ្ញុំបានក្រឡេកទៅមើលរោងដែលឈ្លបដឹកអ្នកទោសចូលនោះ។ ខ្ញុំឃើញកងឈ្លបកំពុងចាប់ចងស្លាបសេកអ្នកទោសនៅលើរទេះ។ ខ្ញុំបានដើរហួស និងចាកចេញពីខ្លោងទ្វារវត្ត ឆ្ពោះទៅកាន់កងចល័តឃុំតាមការណែនាំរបស់ តាហុល។ ចាប់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មក ថ្វីត្បិតតែខ្ញុំរស់នៅក្នុងឃុំនេះ មានផ្ទះនៅមិនឆ្ងាយពីវត្ត និងរាល់ពេលដែលខ្ញុំមកសុំសីល ឬមកធ្វើបុណ្យនៅក្នុងវត្តនេះក៏ដោយ ក៏ខ្ញុំមិនដែលដើរទៅដល់ទីកន្លែងដែលខ្ញុំអង្គុយមើលឈ្លបសម្លាប់មនុស្សកាលពីជំនាន់ខ្មែរក្រហមដែរ ព្រោះវានឹងធ្វើឱ្យខ្ញុំតក់ស្លុតដូចពេលឃើញជាក់ស្តែង។ ទើបតែពេលនេះ ដែលខ្ញុំបានមកដល់ទីនេះជាលើកដំបូង គឺក្នុងពេលដែលខ្ញុំជូនក្មួយៗមកពិនិត្យមើលកន្លែងសម្លាប់មនុស្សរបស់ខ្មែរក្រហម»។
អ៊ុង លន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
អ៊ុង លន់ អាយុ៦៦ឆ្នាំ គឺជាអតីតជាងម៉ាស៊ីនក្នុងរបបខ្មែរក្រហម និងបច្ចុប្បន្នជាកសិករ រស់នៅភូមិច្រនៀងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរៀបរាប់ពីហេតុការណ៍ដឹងឮរបស់គាត់ចំពោះការសម្លាប់មនុស្សនៅក្នុងបរិវេណវត្តភ្នំចចក ភាគខាងកើតព្រះវិហារ និងការពិនិត្យរណ្តៅសាកសពផ្ទាល់ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩៖ «ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៦ ខ្ញុំនៅជាកងចល័តឃុំតាំងយ៉ាប។ ចាប់ពីចុងឆ្នាំ១៩៧៦មក ខ្ញុំត្រូវអង្គការផ្លាស់ប្តូរឱ្យមករៀនខាងជួសជុលម៉ាស៊ីនគ្រប់ប្រភេទនៅក្នុងឃុំតាំងយ៉ាប ដដែល។ រហូតមកដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវអង្គការដកយកទៅឱ្យធ្វើការងារនៅក្នុងកងចល័តវិញ។ បន្ទាប់ពីខ្ញុំធ្វើជាកងចល័តបានប្រហែលបួនប្រាំខែ អង្គការបានហៅខ្ញុំឱ្យមកធ្វើជាជាងម៉ាស៊ីនវិញ។ នៅដើមឆ្នាំ១៩៧៨ ខ្ញុំត្រូវអង្គការផ្លាស់ប្តូរឱ្យមកធ្វើការជាជាងជួសជុលម៉ាស៊ីននៅក្នុងបរិវេណវត្តភ្នំចចកប៉ែកខាងលិច។ រោងចុងភៅ និងរោងសិប្បកម្ម ស្ថិតនៅជាប់គ្នានឹងកន្លែងជួសជុលម៉ាស៊ីន។ អ្នកដែលធ្វើការនៅក្នុងរោងជាង និងរោងចុងភៅ គឺអត់អាចមានសិទ្ធិដើររហេតរហូតបានទេ ជាពិសេសដើរចូលទៅកាន់កន្លែងឈ្លបសម្លាប់មនុស្ស។ តាំងពីថ្ងៃដែលខ្ញុំចូលធ្វើការនៅទីនោះ ខ្ញុំបានដឹងថា មានចេតិយមួយកន្លែង ត្រូវកងឈ្លបប្រើប្រាស់ជាកន្លែងឃុំឃាំងអ្នកទោសប្រភេទធ្ងន់។ ចេតិយនេះ ស្ថិតនៅដដែលរហូតដល់ពេលនេះ ហើយម្ចាស់ចេតិយនេះបានកប់សាកសពសាច់ញាតិរបស់ខ្លួននៅក្នុងនោះនាពេលបច្ចុប្បន្ន។ ចំណែកព្រះវិហារដែលស្ថិតនៅលើទួលខ្ពស់នោះ (គាត់ចង្អុលទៅព្រះវិហារ) គឺជាកន្លែងឃុំឃាំងអ្នកទោសស្រាល។ ជារៀងរាល់យប់ ខ្ញុំស្តាប់ឮសំឡេងស្រែកខ្លាំងៗរបស់អ្នកទោស។
ព្រឹត្តិការណ៍ដែលខ្ញុំបានឃើញជាក់ស្តែងវិញ គឺខ្ញុំតែងតែឃើញឈ្លបដឹកមនុស្សតាមរទេះគោស្ទើររាល់យប់ពេលដែលជាងម៉ាស៊ីន និងចុងភៅដេកលក់អស់។ នៅវេលាម៉ោង១ ឬម៉ោង២យប់រំលងអធ្រាត្រ នៅពេលដែលខ្ញុំងើបនោម ខ្ញុំឧស្សាហ៍ឃើញរទេះគោទទេបរចេញពីវត្តទៅវិញ។ អ្នកទោសអត់មានដឹកមកពេលថ្ងៃ ឬព្រឹកទេ។ ជួនកាល ខ្ញុំសង្កេតឃើញមានរទេះគោដឹកមនុស្សចូលនៅពេលព្រលប់ៗដែរ។ មុនដំបូង ខ្ញុំឆ្ងល់ដែរថា ហេតុអីបានជាមនុស្សមកតាមរទេះគោច្រើនម៉្លេះ ហើយរទេះទាំងនោះបរចេញទៅវិញទទេ។ ដល់ពេលខ្ញុំតាមដានទៅ ទើបខ្ញុំដឹងថាមនុស្សដែលឈ្លបដឹកមកតាមរទេះគោរាល់យប់ គឺឈ្លបយកមកឃុំឃាំង និងសម្លាប់នៅទីនេះ។ ខ្ញុំក៏ឧហ្សាហ៍ឃើញកងឈ្លបជិះកង់ដឹកខោអាវចេញពីបរិវេណខាងកើតវត្តយកទៅក្រៅវត្តដែរ ប៉ុន្តែមិនដឹងគេដឹកយកទៅណាទេ។
ជារៀងរាល់ពេលព្រឹក យើងមិនអាចស្តាប់អីឮទេ ព្រោះគេចាក់មីក្រូទ្រហឹងពេញហ្នឹង។ ខ្ញុំអត់ដឹងថាឈ្លបសម្លាប់មនុស្សពេលណាទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាមនុស្សដែលដឹកមកតាមរទេះទាំងអស់ប្រាកដជាស្លាប់នៅទីនេះទាំងអស់។ មានពេលខ្លះ ខ្ញុំឮសូរសំឡេងស្រែក «ម៉ែអ៊ើយជួយផងៗ» ចេញពីចេតិយមួយស្ថិតនៅប្រហែលជាង១០០ម៉ែត្រពីកន្លែងជាងធ្វើការ។ ប៉ុន្តែយើងអត់អាចមើលឃើញទេ ព្រោះព្រៃក្រាស់ណាស់មើលអ្វីមិនឃើញឡើយ។ នៅក្បែរកន្លែងជាងម៉ាស៊ីនធ្វើការ មានរោងសិប្បកម្មមួយ និងមានមន្ទីរពេទ្យមួយស្ថិតនៅក្បែរបរិវេណវត្ត ហើយនៅប៉ែកខាងកើតជាប់នឹងជាងម៉ាស៊ីន គឺមានរោងបាយមួយ។ ទាំងជាងម៉ាស៊ីន ទាំងអ្នកធ្វើការនៅអង្គភាពសិប្បកម្ម និងកម្មាភិបាលពេទ្យ គឺមកទទួលរបបបាយនៅក្នុងរោងបាយនេះទាំងអស់។ ចំណែកឯមន្ទីរកងឈ្លប គេមិនហូបបាយជាមួយយើងទេ។ ព្រះពុទ្ធបដិមានៅក្នុងព្រះវិហារ និងសាលាឆាន់ គឺត្រូវវ៉ៃចោលអស់ហើយ។
នៅក្រោយថ្ងៃរំដោះ ប្រជាជននាំគ្នាដើររកមើលមាសក្រែងលោមាននៅក្នុងកន្លែងឃុំឃាំង។ ខ្ញុំកាលនោះជាកងសេនាជនភូមិ។ ខ្ញុំក៏បានទៅជាមួយគេដែរ។ នៅក្នុងព្រះវិហារ យើងឃើញមាននៅសល់តែបល្ល័ង្កព្រះមួយដែលខ្មែរក្រហមអត់វាយចោល។ ខ្ញុំនិងប្រជាជនដែលនៅក្នុងព្រះវិហារ បាននាំគ្នាដើរទៅមើលក្នុងនោះ។ ខ្ញុំឃើញនៅក្នុងបល្ល័ង្កព្រះ មានខ្នោះច្រើនណាស់ និងមានភ្លៅរទេះខ្លះដែរនៅក្នុងនោះ។ បើតាមខ្ញុំប៉ាន់ស្មានជាគីឡូវិញ ខ្ញុំគិតថាដែកខ្នោះទាំងនោះមានទម្ងន់ប្រហែលជាង១០០គីឡូ។ ក្រៅពីនៅក្នុងបល្ល័ង្កព្រះ ខ្ញុំឃើញមានដែកថ្នាំងអំពៅវែងៗនៅពាសវាលពាសកាលក្នុងព្រះវិហារ។ ចំណែកនៅក្នុងចេតិយនោះវិញ ខ្ញុំឃើញមានខ្នោះ ដែកថ្នាំងអំពៅ និងគន្លឹះដែកសម្រាប់ស៊កដែកថ្នាំងអំពៅដាក់អ្នកទោសធ្ងន់ដែរ។ ខ្ញុំប៉ាន់ស្មានថា មានអ្នកទោសជាប់ឃុំឃាំងនៅទីនោះប្រហែល១០នាក់ ព្រោះខ្ញុំរាប់ខ្នោះទាំងនោះឃើញមាន២០គូរ ហើយអ្នកទាំងនោះប្រាកដជាស្លាប់នៅក្នុងរណ្តៅវែងៗនៅខាងកើតព្រះវិហារ។ មានប្រជាជនខ្លះរើសបានមាសបន្តិចបន្តួចដែរ។ បើតាមការប៉ាន់ស្មានរបស់ខ្ញុំចំពោះអ្នកស្លាប់វិញ ខ្ញុំគិតថាមានចំនួនពី៥០០ទៅ៦០០នាក់ ហើយសាកសពទាំងនោះ គឺអត់មាននរណាទៅជីកគាស់ដើម្បីរកមាសទេ ព្រោះថាសាកសពទាំងអស់គឺអត់មានខោអាវជាប់នឹងខ្លួនទេ។ រហូតមកដល់សព្វថ្ងៃនេះ រណ្តៅសាកសពវែងៗទាំងពីរនោះ គឺមិនមានអ្នកណាមកគាស់ទេ ប៉ុន្តែគណៈកម្មការវត្ត និងព្រះសង្ឃបានចាក់បេតុងធ្វើផ្លូវ ធ្វើខឿន និងធ្វើចេតិយថ្មីៗពីលើអស់ហើយ»។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







