នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ងួន ទិរិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានអញ្ជើញនាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ចូលរួមក្នុងសិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ នៅថ្នាក់ស្រុក ឆ្នាំ២០២៥ ស្ថិតនៅទីតាំងសាលប្រជុំសាលាស្រុកអន្លង់វែង។ ជាកិច្ចចាប់ផ្ដើមអង្គប្រជុំ ក្រុមការងារកសាងផែនការស្រុក បានបង្ហាញអំពីគោលបំណងនៃកិច្ចប្រជុំស្ដីពីដំណើរការសិក្ខាសិលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ នៅថ្នាក់ស្រុក ឆ្នាំ២០២៥ ដល់អង្គពិធីទាំងមូល។
ជាកិច្ចបន្ទាប់ លោក ងួន ទិរិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានថ្លែងស្វាគមន៍ការអញ្ជើញចូលរួមរបស់លោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ និងរដ្ឋបាលឃុំ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានា ដែលមានវត្តមាននៅក្នុងសាលប្រជុំ។ បន្តមកទៀត លោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ បានចាប់ផ្ដើមបើកកិច្ចប្រជុំដោយបានសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំស្រុក ឃុំ/សង្កាត់ និងបានបន្តកិច្ចការប្រជុំទៅកាន់តំណាងឃុំទាំងប្រាំក្នុងស្រុកអន្លង់វែង ចំពោះការធ្វើបទបង្ហាញគម្រោងផែនការឃុំ និងការសម្រេចបានរបស់ឃុំនី មួយៗកន្លងមក។
គោលបំណងនៃជំហានសិក្ខាសិលាលើកនេះ គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន និងសម្របសម្រួលនូវតម្រូវការអភិវឌ្ឍន៍ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍រដ្ឋបាលស្រុក មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់មានការសម្របសម្រួលគ្នា និងការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
លទ្ធផលរំពឹងទុក រដ្ឋបាលស្រុក រដ្ឋបាលឃុំ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានា បានយល់ដឹងអំពីទស្សនគោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាចឈានដល់មានការសម្របសម្រួលគ្នា ដើម្បីឱ្យមានការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋានប្រព្រឹត្តបានដោយភាពរលូន មានសង្គតិភាព និងមានប្រសិទ្ធភាព។
អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







