អនុសេនីយ៍ឯក សំរិទ្ធ ព្រី អាយុ៥៨ឆ្នាំ គឺជាកងទ័ពជួរមុខកងពលតូចអន្តរាគមន៍លេខ៨ នៃកងយោធពលខេមរភូមិន្ទ បានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយទាហានថៃ នៅតំបន់ភ្នំទ្រព្យ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ អនុសេនីយ៍ឯក សំរិទ្ធ ព្រី មានឪពុកឈ្មោះសំរិទ្ធ ម៉ន (ស្លាប់) និងម្ដាយឈ្មោះ ងិន លួន អាយុ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ងិន លួន ត្រូវជាម្តាយមានប្រសាសន៍ថា «កូនរបស់ខ្ញុំឈ្មោះ សំរិទ្ធ ព្រី ចូលធ្វើកងទ័ពតាំងពីអាយុ១៥ឆ្នាំមកម៉េ្លះ។ ពេលចូលធ្វើកងទ័ពដំបូងមានអ្នកស្រឡាញ់រាប់អានកូនរបស់ខ្ញុំច្រើនណាស់ រីឯកូនរបស់ខ្ញុំមិនដែលធ្វើអ្វីផ្តេសផ្តាស់ទេ ហើយជាមនុស្សស្មោះត្រង់បំផុត»។
តុន គីមលាង ដែលត្រូវជាប្រពន្ធ អាយុ៣៧ឆ្នាំ (និងមានកូនស្រីចំនួន៣នាក់) បានរៀបរាប់ថា ប្តី របស់ខ្ញុំត្រឡប់មកលេងកូនបាន៤យប់ មុនពេលមានជម្លោះនៅតាមព្រំដែនថៃ-កម្ពុជា។ នៅពេលគាត់ ត្រឡប់ទៅវិញ គាត់សុំលុយពីខ្ញុំចំនួន២ម៉ឺនរៀល ហើយនិយាយមកកាន់ខ្ញុំថា «ម៉ែអាហ៊ាងអើយខ្ញុំឡើងទៅភ្នំទ្រព្យវិញហើយ»។ គាត់ធ្លាប់ទូរសព្ទផ្តែរផ្តាំមកខ្ញុំថា នឹកកូនចៅ ហើយមើលថែកូនចៅផង។ បន្ទាប់មកប្តីខ្ញុំទូរសព្ទមកខ្ញុំម្តងទៀតថា «ម៉ែអាហ៊ាងអើយថ្ងៃនេះបាញ់គ្នាហើយ ឮស្នូរបាញ់កាំភ្លើងហើយ»។ ចាប់តាំងពីពេលនោះមក តុន គីមលាង លែងបានទទួលដំណឹងពីប្តីទាល់តែសោះ។ គាត់បានទូរសព្ទទៅវិញ ប៉ុន្តែប្តី របស់គាត់មិនលើកទូរសព្ទ។ ក្រោយមកគាត់ទទួលដំណឹងថាប្តីរបស់គាត់បានស្លាប់ដោយសារគ្រាប់កំាភ្លើង និងគ្រាប់ផ្លោងរបស់កងទ័ពថៃបាញ់ ត្រូវចំជើង និងដៃ។
ព្រី ឡៃហ៊ាង ដែលត្រូវជាកូនស្រីច្បង បានរៀបរាប់ថា ប៉ាមិនដែលបាននៅមើលកូនៗ និងមិនដែលនៅជាមួយកូនៗ។ ពេលប៉ានៅរស់ ប៉ាធ្លាប់បានប្រាប់ថា នៅពេលចប់សង្រ្គាម ប៉ាត្រឡប់មកវិញហើយ។
សពអនុសេនីយ៍ឯក សំរិទ្ធ ព្រី ត្រូវបាននាំមកធ្វើបុណ្យនៅស្រុកកំណើត និងមានសាច់ញាតិ បងប្អូន មន្រ្តីរដ្ឋាភិបាល បានមកចូលរួមសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងសោកស្តាយក្រៃលែងចំពោះការបាត់បង់វីរកងទ័ព សំរិទ្ធ ព្រី។
អត្ថបទ ៖ យិន នាន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្តាញសង្គម




