ខ្ញុំឈ្មោះ អ៊ុយ ប៊ុនម៉ាប់ ភេទប្រុស អាយុ៧៧ឆ្នាំ ស្រុកកំណើតនៅភូមិស្តុកអន្ទង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ អ៊ុយ ឡៃ (ស្លាប់នៅចន្លោះពីឆ្នាំ១៩៨៣-១៩៨៤) និងម្តាយឈ្មោះ ប៉ុល យ៉ុត (ស្លាប់សម័យ ប៉ុល ពត ដោយសារអត់បាយ)។ ខ្ញុំមានបងប្អូនប្រុសបង្កើតចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២។ ឪពុកម្តាយខ្ញុំបានលែងលះគ្នា។ ក្រោយមកឪពុកខ្ញុំបានយកប្រពន្ធមួយទៀត និងបានបង្កើតកូនចំនួន៥នាក់ មានឈ្មោះដូចជា៖ ក្រឿប, ធឿន, ថន, ហ៊ីង និង កាពី។
កាលពីកុមារភាពខ្ញុំរៀនសូត្របានបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះម្តាយចុងធ្វើបាប និងប្រើឱ្យធ្វើ ឃ្វាលគោ និងធ្វើស្រែច្រើនជាងរៀនសូត្រ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ចេញពីតំណែង ពេលនោះខ្ញុំរស់នៅជាមួយឪពុកនៅឡើយ មិនទាន់ចេញពីភូមិទេ។ នៅឆ្នាំ១៩៧៣ ខ្ញុំរៀបការជាមួយប្រពន្ធទីមួយឈ្មោះ ហម ផូង រស់នៅឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ខ្ញុំស្រឡាញ់គ្នាដោយចិត្តឯង អត់មានពិធីមង្គលការតាមព្រណៃណីទេ។ រយៈពេលរស់នៅជាមួយគ្នា គឺយើងមិនមានកូនឡើយ។
មុនពេលខ្មែរក្រហមចូលកាន់អំណាចនៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំរស់នៅប៉ោយប៉ែត។ បន្ទាប់មកខ្មែរក្រហមជម្លៀសទៅនៅភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិកូនដំរីមានប្រជាជនរាប់រយគ្រួសារដែលត្រូវខ្មែរក្រហមបង្ខំឱ្យបង្កបង្កើនផល។ ប្រជាជនដែលជម្លៀសមករស់នៅភូមិកូនដំរីទាំងអស់ត្រូវធ្វើស្រែ, បើកត្រាក់ទ័រ,លើកទំនប់, ច្រូតស្រូវ ជីកប្រឡាយ តាមបញ្ជារបស់ថ្នាក់លើ។ ឯប្រពន្ធខ្ញុំខ្មែរក្រហមចាត់តាំងឱ្យដកសំណាប និងស្ទូងស្រូវជាមួយប្រជាជនក្នុងភូមិ។ ចំពោះការហូបចុកនៅភូមិកូនដំរី មិនខ្វះខាតទេ ហើយសម្រាប់គ្រួសារខ្ញុំបានហូបឆ្អែត។ ខ្ញុំចេញទៅស្រែចាប់ពីម៉ោង៦ ដល់១១ ព្រឹក ទើបឡើងមកហូបបាយ។ ដល់ម៉ោង១ ថ្ងៃត្រង់ ទើបអង្គការចាត់ឱ្យចុះធ្វើការវិញ។
នៅខែសីហា ឆ្នាំ១៩៧៧ កងទ័ពភូមិភាគនិរតីចាប់ផ្តើមជម្លៀសខ្ញុំឱ្យទៅរស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីលត់ដំខ្លួន។ នៅទីនោះខ្ញុំមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ។ ប្រជាជនគ្មានកម្លាំងធ្វើការ ធ្វើឱ្យខ្មែរក្រហមចាប់យកទៅវាយសម្លាប់ចោល ដោយប្រើពាក្យ ទុកមិនចំណេញ នាំតែខាតបាយទឹក សម្លាប់ចោលប្រសើរជាងទុក។ ឃុំកកោះ គឺជាកន្លែងឃុំឃាំងប្រជាជន (មន្ទីរសន្តិសុខ) ហើយដល់ថ្ងៃកំណត់កម្មាភិបាលខ្មែរក្រហមយកប្រជាជនចេញពីមន្ទីរឃុំឃាំងទៅសម្លាប់។ ក្រុមខ្ញុំត្រូវខ្មែរក្រហមសម្លាប់ដោយចោទថា គឺជាកូនចិនឬយួន តាមតែអង្គការចោទប្រកាន់។ ខ្ញុំនៅឃុំកកោះ ស្រុកមោងឫស្សី រហូតដល់វៀតណាមចូលមករំដោះនៅដើមឆ្នាំ១៩៧៩។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកជាបន្តបន្ទាប់ និងប្រាប់ប្រជាជនខ្មែរឱ្យត្រឡប់ទៅភូមិកំណើតរៀងៗខ្លួនវិញ។ នៅពេលនោះកងទ័ពខ្មែរក្រហមបាននាំរត់ចូលព្រៃ។ ចំណែកខ្ញុំធ្វើដំណើរដោយថ្មើរជើងតាមផ្លូវជាតិត្រឡប់មកស្រុកកំណើតឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រស់នៅស្រុកកំណើតបានប្រហែលជា៦ខែ ដោយសារខ្វះខាតខ្លាំង ខ្ញុំសម្រេចចិត្តចាកចេញពីស្រុកកំណើតម្តងទៀត ដើម្បីបន្ដដំណើរទៅកាន់ជំរំជនភៀសខ្លួនណងចាន។ ប្រជាជនរាប់ពាន់គ្រួសារបានធ្វើដំណើរតាមផ្លូវសំដៅទៅជំរំជនភៀសខ្លួន យប់កន្លែងណានាំគ្នាគេងកន្លែងនោះ។ នៅតាមផ្លូវប្រជាជនឈប់ដាំបាយហូប គ្រួសារខ្លះមានអង្ករច្រើនគឺដាំបាយ ចំណែកគ្រួសារខ្លះខ្វះខាតអង្ករគឺដាំបបរ។
កាលពីដើមមិនមានផ្លូវទៅកាន់ជំរំណងចាន់ទេ ភាគច្រើនគឺជាព្រៃ។ យើងធ្វើដំណើរតាមភូមិកូនដំរីរួចឆ្លងទៅកាន់ជំរំណងចាន់។ ខ្ញុំធ្វើដំណើរតាមផ្លូវជួបជាមួយកងទ័ពវៀតណាម និងទាហានប៉ារ៉ា ប៉ុន្តែទាហានទាំងនោះមិនបានសួរនាំអ្វីឡើយ។ ខ្ញុំធ្វើដំណើរចេញពីភូមិកូនដំរីចាប់ពីព្រលឹមរហូតដល់ម៉ោង ២ រសៀលទើបទៅដល់ជំរំ។ នៅចុងឆ្នាំ១៩៧៩ ភ្លៀងធ្លាក់យ៉ាងច្រើន ហើយផ្លូវរទេះមានតែមួយខ្សែប៉ុណ្ណោះ និងនៅតាមផ្លូវមានដើមឈើធំៗដុះអមសងខាង។ ចំណែកផ្លូវខ្លះមិនអាចធ្វើដំណើរបានទេ។ នៅពេលនោះមានមនុស្សរាប់ពាន់នាក់ធ្វើដំណើរទៅកាន់ជំរំណងចាន់។ ទីតាំងនោះពីមុនគ្មានមនុស្សរស់នៅ ឡើយ បែរជាក្លាយទៅជាកន្លែងប្រជុំដោយជនភៀសខ្លួន។ ទីនោះមានតែព្រៃនិងគ្មានផ្លូវ បែរជាស្រឡះដោយសារមនុស្សច្រើនធ្វើដំណើរ។ ទាហានប៉ារ៉ា គឺជាអ្នកដឹកនាំប្រជាជនទៅកាន់ជំរំណងចាន់ដែលមានមនុស្សបានទៅដល់ និងស្នាក់នៅមុនខ្ញុំ។ ពេលនោះទាហានប៉ារ៉ាមានកាំភ្លើងតែពីរទៅបីដើមប៉ុណ្ណោះ ហើយក្រោយៗមកទើបមានកាំភ្លើងកាន់តែច្រើន ហើយមានយុទ្ធជនស្ម័គ្រចិត្តចូលប៉ារ៉ា។
កន្លែងស្នាក់នៅរបស់ខ្ញុំដំបូង គឺនៅជំរំណងចាន់ ដែលមានមនុស្សរាប់ម៉ឹននាក់ចាប់ពីឫស្សីស្រុករហូតជិតដល់ព្រំដែនកម្ពុជា-ថៃ។ ជំរំណងចាន់ មានចម្ងាយមួយគីឡូម៉ែត្រពីភូមិជនជាតិថៃ។ ព្រំដែនកម្ពុជា-ថៃ គឺជាកន្លែងដែលអង្គការបារាំងចាំបើកអង្ករជូនប្រជាជនខ្មែរដែលស្នាក់នៅជំរំណងចាន់។ រយៈពេលមួយសប្តាហ៍ ទើបរថយន្តមកបើកអង្ករឱ្យប្រជាជនម្តង។ ខ្ញុំមើលពីជំរំស្នាក់នៅឃើញផ្ទះប្រជាជនថៃ ហើយជំរំណងចាន់ស្ថិតនៅក្នុងទឹកដីខ្មែរទាំងអស់។ ប្រជាជនភៀសខ្លួនមកស្នាក់នៅជំរំណងចាន់ បានរយៈពេលពីរសប្តាហ៍ ទើបខាងអង្គការបារាំងចែកតង់កៅស៊ូសម្រាប់ប្រក់ធ្វើជាកន្លែងជ្រកភ្លៀង ឬជ្រកថ្ងៃ។ ប្រជាជនដែលមកដល់ភ្លាមៗត្រូវកាប់ឈើ កាប់ស្លឹកទ្រាំង ដើម្បីធ្វើជាកូនខ្ទមតូចៗសម្រាប់ស្នាក់នៅ។ ខ្ញុំ និងប្រពន្ធបានធ្វើខ្ទមនៅពេលយប់ដោយយើងនាំគ្នាកាត់ដើមព្រិច កាប់ឫស្សីយកមកក្រាលពីក្រោម ហើយខ្ញុំយកក្រណាត់ក្រាលពីលើសម្រាប់ដេក។ ប្រជាជនរស់នៅជំរំណងចាន់ ពេលដោះទុក្ខធំ (ជុះអាចម៍) ដោះទុក្ខតូច(ជុះនោម) នៅក្បែរៗជំរំ គឺក្លិនភាយនៅជុំវិញកន្លែងដេក និងកន្លែងហូបចុក។
ជំរំណងចាន់ គឺជាជំរំភៀសខ្លួនខ្មែរក្នុងទឹកដីខ្មែរ។ ខ្ញុំរស់នៅជំរំណងចាន់ និងមានជនជាតិបារាំងចែកអង្ករ ចែករបស់របរប្រើប្រាស់ឱ្យខ្ញុំ។ ថ្ងៃខ្លះបារាំងដឹកត្រីផ្លាធូចំនួនមួយកញ្ឆេ អ្នកខ្លះទៅមុនទទួលបានត្រី អ្នកខ្លះទៅក្រោយគឺមិនបានត្រីឡើយ។ ប្រជាជននៅជំរំណងចាន់រស់នៅពិបាក រីឯអាហារហូបចុកក៏ពិបាក។ ប្រជាជនខ្លះមានប្តីប្រពន្ធនៅជំរំណងចាន់ ដោយខ្លះយកប្តីទាហាន និងអ្នកខ្លះយកជនភៀសខ្លួនដូចគ្នា។ កាលពីដំបូងខ្ញុំរស់នៅជំរំណងចាន់ ភាគីថៃមិនទាន់ធ្វើទំនប់ទេ ប៉ុន្តែពេលខ្ញុំស្នាក់នៅបានរយៈពេល១ឆ្នាំ ទើបភាគីថៃឱ្យរថយន្តចូលមកធ្វើផ្លូវលំសម្រាប់ងាយស្រួលធ្វើដំណើរ និងជីកជាទំនប់។
នៅចុងឆ្នាំ១៩៨០ ភាគីថៃចូលមកធ្វើផ្លូវលំ និងធ្វើក្រវាត់ព្រំដែនកម្ពុជា-ថៃ ដោយភាគីថៃអ្នកធ្វើដោយខ្លួនឯង។ ភាគីថៃធ្វើក្រវាត់ព្រំដែនចាប់ពីអូរបីជាន់ ហើយកន្លែងទំនប់ កងទ័ពថៃបានធ្វើជាប៉ុស្តិ៍យាម។ កងទ័ពថៃមិនអនុញ្ញាតឱ្យជនភៀសខ្លួនខ្មែរចូលទៅកាន់ភូមិថៃទេ។ ថៃដាក់ទាហានតាមព្រំដែនមិនឱ្យខ្មែរចូលដល់ដីថៃជាដាច់ខាត។ នៅជំរំណងចាន់ មានស្រះទឹកមួយដែលជាស្រះទឹករបស់លោក ជា រិទ្ធីឈុត ហៅ ឈុត ប្រធានជំរំណងចាន់។ ស្រះទឹកនោះស្ថិតនៅក្នុងទឹកដីខ្មែរ មិនមែនជាដីថៃទេ។ មេទ័ពនៅជំរំណងចាន់ឈ្មោះ ឡាយ វីរៈ នៅកងពល១០៨ ហើយលោក បឹន ភារម្យ នៅវរសេនាតូច២១៤។ មួយឆ្នាំក្រោយមកថៃដេញជនភៀសខ្លួនខ្មែរចេញពីជំរំណងចាន់ ដើម្បីថៃធ្វើរបង បើជនភៀសខ្លួនខ្មែរស្នាក់នៅជំរំណងចាន់មិនព្រមចាកចេញទេ គឺថៃអត់ដឹកស្បៀង និងថ្នាំពេទ្យដែលបារាំងផ្តល់មកជនភៀសខ្លួនខ្មែរឡើយ។
ខ្ញុំនិយាយរឿងនេះ ខ្ញុំឈឺចិត្តខ្លាំងណាស់ ថៃពិតជាអាក្រក់ខ្លាំងណាស់ ស្បៀង និងថ្នាំពេទ្យទាំងអស់នោះជារបស់បារាំង។ ការអត់ឃ្លានបណ្តាលឱ្យប្រជាជនខ្មែរមួយចំនួនលួចចូលដីថៃ ដើម្បីទិញស្បៀង ដូចជាអង្ករ ទឹកត្រី និងអំបិលជាដើម។ ពេលទាហានថៃ ចាប់អ្នកចូលទៅក្នុងដីថៃបាន ត្រូវស្រាតសម្លៀកបំពាក់ទាំងអស់ និងឱ្យឈរនៅកន្លែងខ្សែក្រវាត់ព្រំដែនក្នុងដីថៃ។ បុរស ឬស្រី្ត ឱ្យតែចូលដីថៃហើយថៃចាប់បានត្រូវស្រាតទាំងអស់ នឹងយករំពាត់មកវាយ។ ត្រូវរងទារុណកម្ម ដូចជាស្រាតសម្លៀកបំពាក់ទាំងអស់ឱ្យហែលទឹកស្រែកដូចសត្វទា។ បន្ទាប់មកថៃចាប់ប្រដាប់ភេទអ្នកចូលដីខុសច្បាប់ បុរសចាប់ប្រដាប់ភេទស្រ្តី និងស្រី្តចាប់ប្រដាប់ភេទបុរស រួចដោះលែងឱ្យត្រឡប់មកជំរំណងចាន់វិញ។
ក្នុងរយៈពេលមួយសប្តាហ៍ បារាំងដឹកស្បៀង និងថ្នាំពេទ្យចូលមកជំរំណងចាន់ម្តង ដូចជាអង្ករ ត្រីខ នំ មួយផ្នែកទៀតថ្នាំពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកំពុងស្នាក់នៅក្នុងជំរំណងចាន់។ ពេទ្យចុះមកពិនិត្យសុខភាព និងព្យាបាលជំងឺរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក។ រថយន្តពេទ្យទាំងនោះបើកចេញពីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ សំដៅមកជំរំណងចាន់ គឺជាកន្លែងជនភៀសខ្លួនខ្មែររស់នៅ។ នៅវេលាម៉ោង៤ ទៅ៥ល្ងាចពេទ្យបារាំងទាំងនោះត្រឡប់ទៅស្រុកអារញ្ញ ខេត្តស្រះកែវវិញ។ បារាំងចិត្តល្អណាស់ គឺបារាំងបានបើកស្បៀងឱ្យជនភៀសខ្លួនខ្មែរហូបទាំងអស់គ្នា ទោះបីអ្នកខ្លះបានតិច ឬច្រើន ប៉ុន្តែបារាំងចែកឱ្យទាំង អស់។
នៅឆ្នាំ១៩៨២ ទាហានប៉ារ៉ាបានបាញ់ផ្លោងទៅកងកម្លាំងវៀតណាមមុន ធ្វើឱ្យកងទ័ពវៀតណាមវាយបករហូតដល់ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកងទ័ពវៀតណាមបើកការវាយប្រហារមកលើជំរំណងចាន់។
នៅឆ្នាំ១៩៨៣ ខ្ញុំចូលធ្វើទាហានប៉ារ៉ាជាមួយ ឡាយ វីរៈ។ ចំណែកប្រធានខ របស់ខ្ញុំឈ្មោះ មួន។ នៅឆ្នាំនោះដែរ ខ្ញុំបានរៀបការជាមួយប្រពន្ធក្រោយឈ្មោះ សេង ហាន សព្វថ្ងៃអាយុ៦៧ឆ្នាំ និងមានកូនចំនួន៧នាក់ ក្នុងនោះមានស្រី៣នាក់។ ចំណែកប្រពន្ធមុនរបស់ខ្ញុំបានត្រឡប់មកស្រុកកំណើត ហើយបានយកប្ដីថ្មីដែរ។
នៅឆ្នាំ១៩៨៤ ជំរំណងចាន់ត្រូវផ្លាស់ប្តូរទៅជំរំព្រៃចាន់រយៈពេល៥ខែ។ ទោះបីជំរំណងចាន់ប្តូរមកនៅព្រៃចាន់ក៏ដោយ ក៏នៅតែមានជនភៀសខ្លួនរស់នៅច្រើនប្រហែលជា២ទៅ៣ម៉ឺននាក់។ ជនភៀសខ្លួនប្រកបមុខរបរផ្សេងៗគ្នាក្នុងផ្សារតូចៗ គឺសម្រាប់លក់បន្លែ ផ្លែឈើ មានកន្លែងលក់សម្លៀកបំពាក់ប្រហែលពីរតូប និងគ្មានផ្សារធំទេ។
នៅឆ្នាំ១៩៨៥ ខ្ញុំប្រចាំការនៅមុខព្រួញភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅខណៈពេលនោះកងទ័ពវៀតណាមបានចូលមកវាយប្រហារកាន់តែខ្លាំង បណ្តាលឱ្យជនភៀសខ្លួននៅក្នុងជំរំព្រៃចាន់ត្រូវបង្ខំចិត្តចាកចេញ។ ខ្ញុំចាកចេញពីជំរំព្រៃចាន់ទៅឈរជើងនៅអូរបីជាន់ ជាប់ទំនប់ថៃ ប៉ុន្តែទំនប់ថៃជាទឹកដីខ្មែរ ដែលថៃបានគាស់កាយធ្វើជាខ្សែក្រវាត់ព្រំដែន ពេលខ្មែរកំពុងមានជម្លោះផ្ទៃក្នុង។ ខ្ញុំរស់នៅអូរបីជាន់រយៈពេល៦ខែ។ ក្រោយមកទៀតថ្នាក់លើចាត់តាំងបារាំងឱ្យជួលឡានថៃ ដឹកប្រជាជនទៅដាក់នៅជើងភ្នំដងរែក និងជំរំសាយធូរ។
ជំរំណងចាន់, ជំរំថ្មី, ជំរំអូរបុក, ជំរំណាំយឺន ដែលជាជំរំស្ថិតនៅជាប់គ្នាក្នុងដីខ្មែរ ជាប់ព្រំប្រទល់ប្រទេសថៃ។ នៅឆ្នាំ១៩៨៥ ជំរំណងចាន់លែងមានជនភៀសខ្លួនស្នាក់នៅ។ បារាំងបានដឹកប្រពន្ធកូនខ្ញុំ និងជនភៀសខ្លួនទាំងអស់ទៅស្នាក់នៅភ្នំដងរែកក្នុងជំរំសាយធូ។ បន្ទាប់ពីប្រជាជនខ្មែរចាកចេញពីជំរំ ភាគីថៃឱ្យប្រជាជនរបស់ខ្លួនចូលមកធ្វើស្រែ ជីកទំនប់លើទឹកដីខ្មែរ។ ទាហានខ្មែរ ប្រចាំការនៅព្រំដែនខ្មែរ-ថៃ បានចុះទៅហាមឃាត់ ប៉ុន្តែប្រជាជនថៃគិតថាទាំងនេះជាទឹកដីរបស់ថៃ ដូចរាល់ថ្ងៃនេះ នៅអូរបីជាន់ ថៃនៅតែគិតថាជាដីរបស់ខ្លួន ប៉ុន្តែជាក់ស្តែងជាទឹកដីខ្មែរ។
ខ្ញុំធ្លាប់ឃើញថៃគាស់បង្គោលព្រំដែនចំនួនពីរដងមកដាក់លើទឹកដីខ្មែរនៅជំរំណងចាន់។ ថៃចុះមកដេញប្រជាជនខ្មែរឱ្យចេញពីជំរំណងចាន់ ដើម្បីឱ្យរថយន្តជីកដាក់បង្គោល ប្រសិនបើជាជនភៀសខ្លួនខ្មែរមិនចាកចេញពីជំរំណងចាន់ ភាគីថៃមិនអនុញាតឱ្យរថយន្តបារាំងដឹកអង្ករចូលមកកាន់ជំរំខ្មែរស្នាក់នៅទេ។ ថៃបើករថយន្តដឹកបង្គោលមកបោះលើដីខ្មែរ ហើយភាគីថៃប្រាប់ទៅ ឡាយ វីរៈ, បឹន ភារម្យ និង ជា រិទ្ធីឈុត ដើម្បីផ្តល់ដំណឹងទៅប្រជាជនខ្មែរឱ្យចាកចេញពីជំរំណងចាន់។
បន្ទាប់មកប្រជាជនទាំងអស់ត្រូវបានចាកចេញពីជំរំណងចាន់ភ្លាមៗ ភាគីថៃចាប់ផ្តើមបោះបង្គោលនៅទីតាំងជំរំណងចាន់ មិនត្រឹមតែប៉ុណ្ណោះថៃបានរំកិលបង្គោលចូលដីខ្មែរបន្ថែមទៀត។ ខ្ញុំ, ជា រិទ្ធីឈុត, ឡាយ វីរៈ, និង បឹន ភារម្យ បានឃើញដោយផ្ទាល់ភ្នែក ប៉ុន្តែមិនអាចធ្វើអ្វីថៃបាន ព្រោះប្រទេសយើងកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម។ ចំណែកប្រជាជនរកតែអាហារហូបមិនគ្រប់។ នៅតាមជួរព្រំដែន ថៃតែងតែរំកិលបង្គោលព្រំដែនជានិច្ច។ ថៃបានកាយធ្វើជាទំនប់តាមព្រំប្រទល់ក្បែរៗភូមិ ចាប់ពីទិសខាងជើងនិងទិសខាងលិចរហូតដល់ជំរំណងចាន់។ ជំរំថ្មី បារាំងបានទៅចែកអង្ករដូចនៅជំរំណងចាន់ដែរ។ នៅជំរំថ្មី មានប្រាសាទរបស់ខ្មែរយើង ប៉ុន្តែខ្ញុំមិនចាំឈ្មោះប្រាសាទ។ ប្រាសាទនោះមានព្រះខ្មៅមួយព្រះអង្គ តែត្រូវបានចោរលួចបាត់។ ថៃយកដីខ្មែរតាមព្រំដែនស្ទើរគ្រប់កន្លែង កាលពីមុនប្រាសាទនៅក្នុងដីខ្មែរទាំងអស់។ ថៃបានយកប្រាសាទខ្មែរមួយនៅជំរំថ្មី ហើយប្រាសាទនោះបាក់បែកមួយចំហៀង។ ផ្ទៃប្រាសាទដែលថៃយកមានទំហំប្រហែល១៤ទៅ១៥ម៉ែត្របួនជ្រុង ហើយនៅក្នុងប្រាសាទមានព្រះអង្គខ្មៅមួយអង្គធំ ដែលប្រជាជនខ្មែររួមទាំងខ្ញុំតែងតែបោសសម្អាតដើម្បីថ្វាយបង្គំ។
បន្ទាប់ពីមេបញ្ជាការវរសេនាតូចលេខ៥៤១ ឈ្មោះ ឈូយ ម៉ារីន ស្លាប់នៅឆ្នាំ១៩៨៧ ខ្ញុំឈប់ធ្វើទាហាន។ នៅឆ្នាំ១៩៩០ ខ្ញុំបានធ្វើដំណើររយៈចំនួនបីខែត្រឡប់មកស្រុកកំណើតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងវិញ។ ប៉ុន្តែគួរឱ្យសោកស្តាយដីធ្លីខ្ញុំត្រូវប្រជាជនចាប់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់។ ខ្ញុំនាំប្រពន្ធ និងកូន៤នាក់ ធ្វើដំណើរមករស់នៅភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃ។
អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា