ងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស ៖ អតីតអ្នករស់នៅក្នុងជំរំណងចាន់

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានធ្វើដំណើរទៅខេត្តបាត់ដំបង និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់រស់នៅក្នុងជំរំណងចាន់ឈ្មោះងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស។ ប្រវត្តិរឿងរ៉ាវ ដែល ងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស ធ្លាប់បានរស់នៅជំរំណងចាន់មានដូចខាងក្រោម៖

ខ្ញុំឈ្មោះ ងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិចាហួយ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សព្វថ្ងៃរស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រពន្ធខ្ញុំឈ្មោះ សុខ វណ្ណនី អាយុ៥០ឆ្នាំ និងមានកូនចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់។ ឪពុកខ្ញុំមានឈ្មោះ ង៉ាំ ងួន (ស្លាប់) និងម្តាយឈ្មោះ សាត់ ម៉ិញ ស្លាប់តាំងពីមុនរបបខ្មែរក្រហម។ ខ្ញុំមានបងប្អូនបង្កើតចំនួន ២នាក់ (ប្រុសទាំងពីរ)។ បន្ទាប់មកឪពុកខ្ញុំមានប្រពន្ធទី២ និងមានកូនចំនួន៣នាក់ទៀត។

នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) ឪពុកខ្ញុំជាកងទ័ពខ្មែរក្រហមប្រចាំនៅក្រុងបាត់ដំបង និងបាននាំក្រុមគ្រួសារមករស់នៅក្នុងអង្គភាពកងទ័ពក្នុងបាស៊ីនទឹក (Basin) ក្រុងបាត់ដំបងទាំងអស់គ្នា។ នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល១០ឆ្នាំ បានរស់នៅជាមួយឪពុកដែលធ្វើចុងភៅនៅក្នុងអង្គភាពកងទ័ពលេខ១៨។ នៅឆ្នាំ១៩៧៧ អង្គភាពកងទ័ពរបស់ឪពុកខ្ញុំត្រូវបានថ្នាក់លើផ្លាស់ទៅត្រែង។ ចំណែកបងប្រុសខ្ញុំបានចូលបម្រើកងទ័ពខ្មែរក្រហមនៅក្នុងអង្គភាព១៨។ នៅឆ្នាំ១៩៧៨ ខ្ញុំមានជំងឺ ត្រូវបានឪពុកនាំមកព្យាបាលនៅមន្ទីរពេទ្យព-២ បន្ទាប់ពីបានជាសះស្បើយ ឪពុកបាននាំខ្ញុំទៅនៅក្នុងកងកុមារឈានមុខ ពីព្រោះប្រធានកងកុមារឈានមុខគឺជាក្លើរបស់គាត់។ ខ្ញុំបានរស់នៅក្នុងកងកុមារឈានមុខរហូតដល់កងទ័ពវៀតណាមចូលដល់ក្រុងបាត់ដំបងក្នុងខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំរត់មកជួបជុំជាមួយក្រុមគ្រួសារវិញ។

នៅអំឡុងខែមីនា ឬ ខែមេសា ឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំរួមមាន៖ រូបខ្ញុំ ឪពុក បងប្រុស ម្តាយចុង និងប្អូន៣នាក់ទៀតបានបរទេះគោតាមផ្លូវជាតិលេខ៥ឆ្ពោះទៅស្វាយស៊ីសូផុន និងបានសម្រាកនៅភូមិកងវ៉ាចំនួន១យប់ ក៏បន្តដំណើរទៅលិចបន្តទៀត។ ពេលជួបជាមួយកងទ័ពវៀតណាមនៅតាមផ្លូវ ឪពុកខ្ញុំតែងតែប្រាប់ថាទៅបើកអង្ករ។ បន្ទាប់ពីឆ្លងផុតពីកងទ័ពវៀតណាម ក្រុមគ្រួសារខ្ញុំ និងជនភៀសខ្លួនដទៃទៀតបានធ្វើដំណើរចូលដល់ខ្សែត្រៀមទី១របស់ទាហានប៉ារ៉ា។ ទាហានប៉ារ៉ាបានសួរឪពុកខ្ញុំថាទៅណា? ឪពុកខ្ញុំបានឆ្លើយថាទៅបើកអង្ករនៅជំរំណងចាន់។ ទាហានប៉ារ៉ាអនុញាតិឱ្យធ្វើដំណើរបន្តទៅទៀតចូលដល់ខ្សែត្រៀមទី២របស់ទាហានប៉ារ៉ា ទើបចូលដល់ជំរំណងចាន់ដែលស្ថិតនៅក្នុងទឹកដីខ្មែរ ទល់មុខភូមិណងចាន់របស់ថៃ។

នៅពេលនោះក្នុងជំរំណងចាន់មានមនុស្សជាង១០០គ្រួសារ ដែលភាគច្រើនជាគ្រួសារទាហានប៉ារ៉ា និងភាគតិចជាគ្រួសារជនភៀសខ្លួន។ គ្រួសារខ្ញុំបានសម្រេចចិត្តរស់នៅក្នុងជំរំណងចាន់។ គ្រួសារទាហានប៉ារ៉ា និងជនភៀសខ្លួនបានធ្វើជារោងផ្ទាល់ដីប្រក់តង់ព័ណ៌ខៀវសម្រាប់ស្នាក់នៅ។ នៅជំរំណងចាន់មានមនុស្សច្រើននៅពេលឡានដឹកអង្ករ ត្រីខកំប៉ុង និងប្រេងឆារបស់អង្គការសហប្រជាជាតិ ឬយើងហៅថាយូអិនប្រូ (UNBRO) មកចែកដល់ជនភៀសខ្លួនក្នុងមួយខែម្តង។ ជនភៀសខ្លួនដែលមកទួលយកស្បៀងពី យូអិនប្រូ នៅជំរំណងចាន់រួមមាន៖ គ្រួសារទាហានប៉ារ៉ា គ្រួសារជនភៀសខ្លួន និងប្រជាជនដែលធ្វើដំណើរមកចាំទទួលយកអង្ករហើយត្រឡប់ទៅភូមិស្រុករបស់គេវិញ។

នៅដើមរដូវរស្សាឆ្នាំ១៩៧៩ ថៃបានចាប់ផ្តើមលើកទំនប់ខ្ពស់ និងជីកប្រឡាយនៅតាមបណ្តោយព្រំដែនកម្ពុជាថៃចាប់ពីជំរំណងចាន់រហូតដល់ភ្នំឆ័ត្រ។ នៅលើខ្នងទំនប់នោះទាហានថៃដាក់ប៉ុស្តិ៍យាម និងដើរល្បាតនៅលើខ្នងទំនប់។ ចំណែកប្រឡាយជាប់នឹងទំនប់ប៉ែកខាងដីខ្មែរ មានទទឺងប្រហែល៣ម៉ែត្រ និងជម្រៅនៅកន្លែងខ្លះមានជម្រៅលិចក្បាល និងកន្លែងខ្លះទៀតមានជម្រៅត្រឹមកមនុស្សចាស់។ ថៃបានទុកតែផ្លូវសម្រាប់ យូអិនប្រូ បើកឡានដឹកអង្ករ និងស្បៀងពីទឹកដីថៃចូលមកក្នុងជំរំណងចាន់តែប៉ុណ្ណោះ។ បន្ទាប់ពីឡានចេញចូលផុត ទាហានថៃបានបិទរបងមិនឱ្យជនភៀសខ្លួនចូលទៅប្រទេសថៃដោយគ្មានការអនុញ្ញាតឡើយ។ ក្រៅពីទទួលអង្ករ និងស្បៀងពី យូអិនប្រូ គ្រួសារទាហានប៉ារ៉ា និងជនភៀសខ្លួនមួយចំនួនត្រូវសុំអនុញ្ញាតពីទាហានថៃ ដើម្បីចូលទៅផ្សារ ឬក្នុងភូមិណងចាន់របស់ថៃ ដើម្បីទិញស្បែកជើង សារ៉ុង ខោអាវ របស់របរ និងផ្លែឈើមួយចំនួនយកមកលក់ឱ្យអ្នករត់ពន្ធ ដែលមកចាំទិញរបស់របរទាំងនោះនៅជំរំណងចាន់។ បើតាមខ្ញុំនៅចងចាំអ្នកគ្រប់គ្រងនៅជំរំណងចាន់មានឈ្មោះ យាយក្តុំសក្កិ, ឡៃ វីរៈ, ស្តើង និង ភ្នំ។

នៅពេលនោះឪពុកខ្ញុំបានរកស៊ីកាប់គោយកសាច់លក់នៅជំរំណងចាន់។ នៅចុងឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំបានផ្លាស់ពីជំរំណងចាន់ទៅរកស៊ីកាប់គោយកសាច់លក់នៅជំរំគោកធ្យូង ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីជំរំណងចាន់។ មានថ្ងៃមួយទាហានថៃ បានចាប់រំលោភប្រពន្ធទាហានប៉ារ៉ានៅទឹកដីថៃ ហើយប្រពន្ធទាហានប៉ារ៉ានោះបានមកប្រាប់ប្តី ប្តីក៏យកកាំភ្លើងទៅបាញ់ទាហានថៃនោះរត់ចូលក្នុងបន្ទាយរបស់ខ្លួន រយៈពេលប្រហែលកន្លះម៉ោងក្រោយមកទាហានថៃបានបាញ់ផ្លោងចូលមកជំរំគោកធ្យូងខ្ទេចខ្ទីអស់។ ក្រុមគ្រួសារខ្ញុំបានរត់ត្រឡប់មករស់នៅជំរំណងចាន់វិញ។ នៅក្នុងឆ្នាំ១៩៨០ ក្រុមគ្រួសារខ្ញុំបានស័្មគ្រចិត្តឡើងឡានរបស់ យូអិនប្រូ ដែលដឹកយកទៅរស់នៅក្នុងជំរំខាវអ៊ីដាង។

ពេលរស់នៅក្នុងជំរំខាវអ៊ីដាវ ឪពុកខ្ញុំមានប្រពន្ធទី៣ និងបានរត់ចេញពីជំរំខាងអ៊ីដាងមករស់នៅជំរំរិទ្ធីសែនក្នុងទឹកដីខ្មែរវិញ។ នៅអំឡុងពេលនោះខ្ញុំ និងបងប្រុសតែងតែធ្វើដំណើរពីជំរំខាវអ៊ីដាងទៅលេង និងរស់នៅជាមួយឪពុកនៅជំរំរិទ្ធីសែនជាញឹកញាប់។ ចម្ងាយពីជំរំខាវអ៊ីដាងទៅជំរំរិទ្ធីសែនមានប្រមាណ២០គីឡូម៉ែត្រ។ នៅក្នុងជំរំរិទ្ធីសែនមានប្រាសាទមួយឈ្មោះ ប្រាសាទសេរី ឬប្រាសាទស្តុកកក់ធំ។

នៅឆ្នាំ១៩៨៣ ទាហានថៃបានឱ្យជនភៀសខ្លួនខ្មែរក្នុងជំរំរិទ្ធីសែនផ្លាស់ចេញពីតំបន់ប្រាសាទស្តុកកក់ធំ ចូលមកជ្រៅក្នុងទឹកដីខ្មែរបន្ថែមទៀត។ បន្ទាប់មកអាជ្ញាធរថៃបានលើទំនប់ព័ន្ធយកប្រាសាទស្តុកកក់ធំតែម្តង។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖