នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៨នាក់ ក្នុងនោះមានយុវតីចំនួន៤នាក់ បានធ្វើដំណើរមកកាន់ផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង ក្នុងគោលបំណងទស្សនាផ្ទាំងពិព័រណ៍ និងសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បន្ថែមពីលើការសិក្សានៅឯថ្នាក់រៀន។
ជាកិច្ចចាប់ផ្តើមលោក ឈុំ រ៉ា បុគ្គលិកប្រចាំការនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើការដឹកនាំសិស្សនុសិស្សទស្សនាផ្ទះសហគមន៍ភូមិក្តុលលើ ណែនាំពីអត្ថន័យនៃផ្ទាំងពិព័រណ៍ចំនួនបួនផ្ទាំងរួមមាន៖ ផ្ទាំងពិព័រណ៍ទី១) បង្ហាញពីចំណុចចាប់ផ្តើម ដែលសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូប បានចាកចេញពីកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីឆ្ពោះទៅរកការកសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្ទាំងពិព័រណ៍ទី២) បានបង្ហាញអំពីដំណើរការស្វែងរកសន្តិភាពរវាងភាគីខ្មែរ និងខ្មែរ។ ផ្ទាំងពិព័រណ៍ទី៣) សន្តិភាពដោយកម្រ គឺការអនុវត្តយុទ្ធសាស្ត្រគន្លឹះរបស់សម្តេច ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមដោយអនុវត្ត «នយោបាយឈ្នះ ឈ្នះ» ហើយនៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ដាក់ក្រុមខ្មែរក្រហមឱ្យនៅក្រៅច្បាប់ និងផ្ទាំងពិព័រណ៍ទី៤) បន្ទាប់ពីទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កងយោធពលខេមរភូមិន្ទបានបំពេញតួនាទីដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងអន្តរជាតិ។
បន្ទាប់មកលោក ឈុំ រ៉ា ដឹកនាំសិស្សានុសិស្សទៅទស្សនាផ្ទាំងពិព័រណ៍ធំៗចំនួនពីរទៀត ដែលតាំងបង្ហាញនៅបរិវេណខាងក្រៅនៃផ្ទះសហគមន៍ភូមិក្តុលលើ គឺ៖១) ខ្មែរក្រហមវាយឈ្នះលើរបប លន់ នល់ ហើយចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និង ២)ការធ្វើដំណើរវិលត្រឡប់របស់ប្រជាជនទៅកាន់កន្លែងកំណើត បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្តមកទៀតលោក ឈុំ រ៉ា ឱ្យសិស្សានុសិស្សធ្វើកិច្ចការពិភាក្សាជាក្រុមលើប្រធានបទ ចំនួនពីរគឺ ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ និងការបង្ខំឱ្យធ្វើការជាទម្ងន់។ ដោយមានការបែងចែកជាក្រុមដូចជា៖
ក្រុមទី១៖ មានសមាជិកក្រុមចំនួនបួននាក់គឺឈ្មោះ ថុន ស្រីធី, នឿន លីលី, ណិត ណែត និង ចិច ពេជ្រ ពិភាក្សាលើប្រធានបទ ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ។ ក្រោយការពិភាក្សាសមាជិកក្រុមបានលើកឡើងថា៖ កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា «អង្គការជាមាតាបិតារបស់កុមារាកុមារីនិងយុវជនយុវនារី។ បើម៉ែឪវាយកូន មានន័យថា មើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ»។ កម្មាភិបាលខ្មែរក្រហម បានឱ្យកុមារស៊ើបការណ៍ពីឪពុកម្តាយរបស់ខ្លួន ហើយជួនកាល កុមារទាំងនោះហ៊ានសម្លាប់ឪពុកម្តាយបង្កើតរបស់ខ្លួនទៀតផង ប្រសិនបើទទួលបានបញ្ជាពីអង្គការ។ ក្នុងរយៈកាលកន្លងផុតទៅ កុមាររាប់ម៉ឺននាក់បានជឿទៅលើអ្វីដែលអង្គការបានប្រាប់ ហើយគោរពតាមតែបញ្ជារបស់អង្គការ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនមានសាលារៀនជាផ្លូវការឡើយ។ កុមារត្រូវបានបញ្ជូនឱ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ គ្រូភាគច្រើន គឺជាកសិករក្រដែលអាចអាននឹងសរសេរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ទោះបីជាការអប់រំនៅតាមតំបន់មួយចំនួន មានការរីកចម្រើនក្នុងឆ្នាំ១៩៧៨ (កុមារទទួលបានការសិក្សាថ្នាក់បឋម ពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ) ក៏ដោយ នៅតែមិនទាន់មានសាលារៀនដែលមានដំណើរការពេញលេញសម្រាប់សិក្សាដែរ។ ខ្មែរក្រហមនិយាយថា «អង្គការគ្មានទេសញ្ញាបត្រ គឺមានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ» ហើយថា «ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍»។ ក្នុងអំឡុងពេលសង្គ្រាមជាមួយវៀតណាមក្នុងឆ្នាំ១៩៧៧-១៩៧៨ កងទ័ពខ្មែរក្រហមជាច្រើនបានស្លាប់ ឬរងរបួសជាទម្ងន់។ ហេតុនេះអង្គការបានបញ្ជូនកុមារឱ្យទៅសមរភូមិមុខ ដែលនៅទីនោះ កុមាររាប់ពាន់នាក់ត្រូវរងរបួស និងស្លាប់។ ក្មេងៗត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គហ្វឹកហ្វឺនមនោគមវិជ្ជា ដើម្បីអាចបម្រើក្នុងជួរកងទ័ព កងការពារ ឬនីរសារបាន។ ក្មេងៗក៏ត្រូវបានចាត់តាំងឱ្យធ្វើការងារដែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការងាររបស់កុមារ គឺដើររើសអាចម៍គោ កាត់ទន្ទ្រានខែត្រ ប្រមូលលាមកមនុស្សដើម្បីធ្វើជី និងជញ្ជូនអាវុធទៅសមរភូមិ ដែលនៅទីនោះកុមារជួនកាលទទួលរងរបួសឬក៏ត្រូវគ្រាប់កាំភ្លើងស្លាប់ក៏មាន។ ជាងនេះទៅទៀត កុមារាកុមារីទាំងនោះត្រូវបំបែកចេញពីឪពុកម្តាយ ហើយមិនដែលស្គាល់ភាពកក់ក្តៅក្នុងគ្រួសារឡើយ។
ក្រុមទី២៖ មានសមាជិកក្រុមចំនួនបួននាក់គឺឈ្មោះ, ញ៉ក់ សុខឡាន, ការ៉ា រចនា, នឿន ស៊ីណា និងភ័ក្ត្រ យ៉ូរ៉ា ពិភាក្សាលើប្រធានបទ ការបង្ខំឱ្យធ្វើការជាទម្ងន់។ ក្រោយការពិភាក្សាសមាជិកក្រុមបានលើកឡើងថា៖ ប្រជាជនគ្រប់រូបត្រូវអង្គការបង្ខំឱ្យធ្វើការជាទម្ងន់នៅក្នុងរបបកម្ពុជាប្រជា្រធិបតេយ្យ។ កុមារត្រូវប្រើឱ្យធ្វើការងារស្រាលៗ, មនុស្សចាស់ៗ ត្រូវទទួលតួនាទីមើលថែទាំកុមារតូចៗនិងសត្វពាហនៈ ព្រមទាំងត្បាញកញ្ច្រែង និងល្អីជាដើម។ ប្រជាជនដែលមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ (កុមារវ័យជំទង់) ត្រូវទទួលការងារធ្ងន់ៗ និងលំបាកព្រោះត្រូវធ្វើការតាំងពីព្រលឹមស្រាងៗ រហូតដល់ពាក់កណ្តាលយប់ទើបឈប់សម្រាក។ ប្រជាជនស្ទើរគ្រប់រូប ធ្វើការច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានពេលឈប់សម្រាកឬទទួលទានអាហារបានគ្រប់គ្រាន់។
ដំណើរទស្សនកិច្ចនៅថ្ងៃនេះធ្វើឱ្យសិស្សានុសិស្សមានចំណេះទាក់ទងនឹងរបបខ្មែរក្រហមកាន់តែច្រើន បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀន។
អត្ថបទ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា