នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន៧៥នាក់ មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ សាខាក្រុងកំពង់ចាម ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងគោលបំណងឈ្វេងយល់អំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាចំណុចចាប់ផ្តើមនៃការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងពិធីរំលឹកខួបលើកទី៤៣ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០/០៦/១៩៧៧ – ២០/០៦/២០២០)។ ការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម ស្ថិតក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំយុវជន និងកីឡា, ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានគោលបំណងដូចខាងក្រោម ៖
១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០។
២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលជាឱកាសមួយសម្រាប់យុវជននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួមរៀនសូត្រ។
៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យចែករំលែក និងបង្រៀនក្មេងៗជំនាន់ក្រោយពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។
៤) ប្រមែប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបនោះ។
បន្ទាប់មកលោក ឡុង ដានី បានដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថតចំនួន១៣៣ រូបគំនូរ និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្ម ទៅកាន់តំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ បន្ទាប់ពីសិស្សានុសិស្សទស្សនាពិព័រណ៍រូបភាព គំនូរ ផែនទី បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងស្តាប់លោក ឡុង ដានី ធ្វើបទបង្ហាញរួច ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តដំណើរទៅទស្សនានៅផ្ទះសហគមន៍ភូមិក្តុលលើ ឬមជ្ឈមណ្ឌលឯកសារកោះថ្ម-សាលាគរុភណ្ឌស្ទៀង។
លោក ឈុំ រ៉ា គឺជាបុគ្គលិកផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើ បានរៀបរាប់ថា ផ្ទះសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើនេះ ចាប់ផ្តើមជួសជុលនៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ ទីតាំងនេះ គឺជាអំណោយរបស់យាយ ម៉ែន ច្រាញ់ ដល់មជ្ឈមណ្ឌលឯកសារកោះថ្មធ្វើការជួលជុល និងរៀបចំដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជននៅក្នុងសហគមន៍ទាំងមូល។ ផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានរចនាឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា ដោយយកតាមលំនាំផ្ទះរបស់ជនជាតិដើមភាគតិចស្ទៀងសម័យបុរាណ។
ចុងក្រោយក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅទស្សនានៅតំបន់ប្រវត្តិយោធាតេជោ កោះថ្ម-អ៊ិច-១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សមេ្តចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។
ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្ស បន្ទាប់ពីបានចូលរួមដំណើរទស្សនកិច្ច៖
ខ្ញុំឈ្មោះ ជីន ចាន់និត ជាគ្រូបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យា នៃសាលាពន្លឺវិជ្ជាអន្តរជាតិ (PIS) សាខាក្រុងកំពង់ចាម។ សម្រាប់ខ្ញុំនេះជាលើកទីមួយដែលបានមកទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ពេលត្រឡប់ទៅវិញខ្ញុំនឹងបង្រៀនដល់សិស្សានុសិស្សនៅសាលារបស់ខ្ញុំបន្ថែមទៀត និង ផ្សព្វផ្សាយដល់សិស្សឯទៀតឱ្យមកទស្សនកិច្ចសិក្សាកាន់តែច្រើនជាងនេះ ពីកន្លែងកន្លែងប្រវត្តិសាស្រ្តតស៊ូ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកងកម្លាំងរំដោះប្រទេសចេញពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ ខ្ញុំអរគុណដល់ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកោះថ្ម និង បុគ្គលិកផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើ ដែលបានផ្តល់ព័ត៌មានជាច្រើនមកកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ខ្ញុំសង្ឃឹមថាលើកក្រោយខ្ញុំនឹងមកទស្សនកិច្ចសិក្សានៅទីនេះម្តងទៀត ជាមួយសិស្សានុសិស្ស និង ក្រុមគ្រួសារខ្ញុំ។ ជាចុងក្រោយសូមសំណូមពរដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ជួយផ្សព្វផ្សាយទីតាំងខាងលើឱ្យបានកាន់តែល្អប្រសើរ ពេលសិស្សានុសិស្សចង់ទៅកន្លែងជាក់ស្តែង រកឯកសារដែលកូនសិស្សត្រូវការ សូមឱ្យក្រុមការងារជួយទៅតាមលទ្ធភាពដែលអាចធ្វើបាន។
ខ្ញុំឈ្មោះ ហឿន ម៉ានី ជាសិស្សថ្នាក់ទី៨ នៃសាលាពន្លឺវិជ្ជាអន្តរជាតិ សាខាខេត្តកំពង់ចាម។ សម្រាប់ខ្ញុំនេះជាលើកទីមួយ ដែលចុះធ្វើដំណើរទស្សនកិច្ចសិក្សាផ្លូវឆ្ងាយ ដល់ទីតាំងមជ្ឈមណ្ឌលឯកសារកោះថ្ម ។ ទោះបីឆ្ងាយ តែមិនបានបង្កភាពពិបាកសម្រាប់ខ្ញុំទេ ប៉ុន្តែមានភាពសប្បាយដែលបានទទួលចំណេះដឹងថ្មីៗ តាមគ្រូឧទ្ទេសបង្ហាញណែនាំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ចំណេះដឹងពីរបបខ្មែរក្រហម វាពិតជាធំធេងណាស់ ព្រោះខ្ញុំមិនដឹងថាប្រទេសកម្ពុជាអាចរំដោះខ្លួនចេញពីរបប ប៉ុល ពត បានតាមរបៀបណា? ដល់ថ្ងៃនេះ បានខ្ញុំយល់ដឹងកាន់តែច្បាស់។ ចំណេះដឹងដែលខ្ញុំទទួលបានថ្ងៃនេះ ខ្ញុំយកទៅសិក្សា និងស្រាវជ្រាវបន្ថែម និង ប្រាប់ទៅមិត្តភក្តិដែលមិនបានមកទស្សនកិច្ចសិក្សាដូចខ្ញុំ។
ខ្ញុំឈ្មោះ គង់ សុបញ្ញាវត្តី ជាសិស្សថ្នាក់ទី៩ក នៃសាលាពន្លឺវិជ្ជាអន្តរជាតិ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ពីប្រវត្តិសាស្រ្តខ្មែរក្រហម ព្រមទាំងទទួលបានចំណេះដឹងជាច្រើន។ កន្លងមកខ្ញុំធ្លាប់បានសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមសៀវភៅបានបន្តិចបន្តួច។ ជាចុងក្រោយសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានយកចិត្តទុកដាក់លើក្រុមខ្ញុំ និងប្រាប់ពីព័ត៌មាន ទាក់ទងជាមួយប្រវត្តិសាស្ត្រខ្មែរក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម(១៩៧៥-១៩៧៩) ដើម្បីជាមូលដ្ឋានដល់រូបខ្ញុំសិក្សាបន្ថែមទៀត។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា